សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ​ ចាប់ និង​បិទ​សិប្បកម្ម​​កែច្នៃ​ឈើ​ខុស​ច្បាប់ ៥ទីតាំង នៅ​ជាប់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់

ដោយ អាស៊ីសេរី
2019-12-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កងរាជអាវុធហត្ថ និង​មន្ត្រី​បរិស្ថាន ខេត្ត​កំពង់ស្ពឺ​ឃាត់​ចាប់​ឈើ​ដឹក​ចេញ​ពី​ព្រៃ​អភិរក្ស កាល​ពី​ថ្ងៃ​ទី២៣ ខែ​ធ្នូ ឆ្នាំ២០១៩។
កងរាជអាវុធហត្ថ និង​មន្ត្រី​បរិស្ថាន ខេត្ត​កំពង់ស្ពឺ​ឃាត់​ចាប់​ឈើ​ដឹក​ចេញ​ពី​ព្រៃ​អភិរក្ស កាល​ពី​ថ្ងៃ​ទី២៣ ខែ​ធ្នូ ឆ្នាំ២០១៩។
រូប៖ សកម្មជន​ផ្ដល់​ឱ្យ

មន្ត្រី​អាវុធហត្ថ​ និង​មន្ត្រី​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​ បាន​ចុះ​ឆែកឆេររោង​សិប្បកម្ម​កែច្នៃ​ឈើ​ខុស​ច្បាប់​ចំនួន ៥ទីតាំង​ផ្សេងគ្នា​ និង​រឹបអូស​ឈើដុល​ ដែល​ដឹក​ចេញពី​ព្រៃ​អភិរក្ស​បាន​ជាច្រើន​ម៉ែត្រ​គូប។ មន្ត្រី​បរិស្ថាន​ ឱ្យ​ដឹង​ថា សមត្ថកិច្ច​នឹង​បញ្ជូន​សំណុំរឿង​នេះ​ទៅ​តុលាការ។

អនុប្រធាន​មន្ទីរ​បរិស្ថាន​ ខេត្ត​កំពង់ស្ពឺ​ លោក​ នៅ​ ណា​ក់​ ថ្លែងប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៥ ខែ​ធ្នូ​ថា ឆ្មាំ​អភិរក្ស​របស់ក្រ​សួង​បរិស្ថាន​ និង​មន្ត្រី​អាវុធ​ហត្ថ​​បាន​ចុះ​អនុវត្ត​ច្បាប់​លើ​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​ចំនួន​ ៥ទីតាំង​ផ្សេងគ្នា​ ឋិតនៅ​ភូមិ​ពោធិ៍​មាស​ ឃុំ​ត្រពាំង​ជោរ​ ស្រុក​ឱរ៉ាល់​ ខេត្ត​កំពង់ស្ពឺ​ កាល​​ពីថ្ងៃទី២៣ ធ្នូកន្លងទៅ។ លោក​ថា​ ឈើ​ទាំងនោះ​ត្រូវ​ជន​​ល្មើស​ដឹក​ចេញពី​ព្រៃ​អភិរក្ស​ ហើយ​សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ​ បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​។ លោក​​ថា​ សមត្ថកិច្ច​មិនទាន់​ឃាត់ខ្លួន​ជនសង្ស័យ​ណា​ម្នាក់​ មក​អនុវត្ត​ច្បាប់​នៅឡើយ​ទេ​ ព្រោះ​ម្ចាស់​សិប្បកម្ម​បាន​រត់គេច​ខ្លួន​បាត់ទៅហើយ​។ លោក​បដិសេធ​មិន​អធិប្បាយ​លម្អិត​ថា​ តើសមត្ថកិច្ច​រឹបអូស​ឈើ​បាន​ប៉ុន្មាន​ម៉ែត្រគូបនោះ​ទេ​ ដោយ​បញ្ជាក់ថា​មន្ត្រី​ជំនាញ​កំពុង​បូកសរុប​របាយការណ៍៖ «ប៉ុន្មាន​ថ្ងៃ​ហ្នឹង​កំពុង​ឃាត់​សិប្បកម្ម​ចំនួន ៥កន្លែង ប៉ុន្តែ​ពាក់ព័ន្ធ​របាយការណ៍​សរុប​ខ្ញុំ​មិន​ទាន់​បាន​នៅ​ឡើយ​ទេរៀបចំ​បញ្ជូន​សំណុំរឿង​មិន​ចាប់​មនុស្ស​ទេ ដោយសារ​ភាគ​ច្រើន​គេ​ធ្វើ​នៅ​លើ​គោលដៅ​ដី​ឡូត៍​របស់​គេអ៊ីចឹង​យើង​មិន​អា​ចាប់​ខ្លួន​គេ​ទេ គ្រាន់​តែ​ថា យើង​រៀបចំ​ឈ្មោះ ដែល​ពាក់ព័ន្ធ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ»

ពលរដ្ឋ​រស់​នៅ​ស្រុក​ឱរ៉ាល់ និង​មន្ត្រី​សង្គម​ស៊ីវិល​ ឱ្យ​ដឹង​ថា ក្នុង​មួយ​យប់ៗ មាន​គោយន្ត​ចូល​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់ និង​តំបន់​ឧទ្យាន​ជាតិជួរ​ភ្នំ​ក្រវាញ​កណ្តាល មិន​ក្រោម ៥០គ្រឿង​នោះ​ទេ។ ពួក​​គាត់​អះអាង​ថា​ ឈើ​មួយ​ចំនួនដឹក​ជញ្ជូន​តាម​ច្រក​ជាំ ក្នុង​ស្រុក​ថ្មបាំង​ ខេត្ត​កោះកុង​ ឋិត​ក្នុង​តំបន់​ឧទ្យា​ជាតិ​ជួរភ្នំ​ក្រវាញ​កណ្តា​ល ហើយ​ឈើ​ខ្លះ​ទៀត​ ដឹក​ចេញ​ពីដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ ក្នុង​ភូមិសាស្ត្រ​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​​ពោធិ៍សាត់។

ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុក​រលួយទប់​ស្កាត់បទ​ល្មើស​ធនធាន​ធម្មជាតិ​ និង​ការពារ​សិទ្ធិពល​រដ្ឋ​ លោក ជា ហ៊ាន ដែល​ចុះ​អង្កេត​រឿង​នេះ​ ថ្លែង​ថា​ បទ​ល្មើស​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់​ និង​តំបន់​ឧទ្យានជាតិ​ជួរភ្នំ​ក្រវាញ​កណ្ដា​ល នៅតែ​កើត​មាន​ឥត​ឈប់ឈរ​ ដោយសារ​មាន​ការ​បើក​ដៃ​ពី​សមត្ថកិច្ច​ និង​មន្ត្រី​បរិស្ថាន​។ លោក​ថា​ បើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​អនុវត្ត​ច្បាប់​ លើ​មន្ត្រី​ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នោះ​ទេ​ យន្តការ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ របស់​គណៈកម្មការ​ជាតិ​ គឺ​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ៖ »អស់​លោក​ពាក្យ​ឯក​សណ្ឋាន​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ ប្រសិន​ជា​មាន​ឆន្ទៈ​ការពារ​ព្រៃ អត់​យក​លុយ​ពី​បទ​ល្មើស​ព្រៃ​ឈើ​គឺ​ថា ព្រៃ​ឈើ​នឹង​បិទ​ជិត។ អនុវត្ត​មុន​គេ​គឺ មន្ត្រី​ហ្នឹង​តែ​ម្ដង បើ​មន្ត្រី​ពុក​រលួយ ចាប់​មន្ត្រី​ហ្នឹង​ទៅ​ផ្ដន្ទាទោស ពេល​នោះ​ហើយ​អាច​នឹង​កាត់​បន្ថយ។ តែ​បើ​ដូច​រាល់​ថ្ងៃ ថ្នាក់​ក្រោម​ចិញ្ចឹម​ថ្នាក់ ថ្នាក់​លើ​ចិញ្ចឹម​ថ្នាក់​ក្រោម បទ​ល្មើស​អត់​ថយ​ទេ មាន​តែ​កើន»

លោក ជា ហ៊ាន បន្ថែម​ថា មន្ត្រី​បរិស្ថាន​មួយ​ចំនួន​ បាន​យក​តួនាទី​ បើក​ទីតាំង​កែច្នៃ​ឈើ​ប្រណិតខុស​ច្បាប់ដោយ​ខ្លួន​ឯង ធ្វើ​ឱ្យ​ពលរដ្ឋ​អស់ជំនឿ​ចិត្ត។ លោក​​ថ្លែង​ទៀត​ថា អំពើ​ពុក​រលួយ​រឿង​បទ​ល្មើសព្រៃ​ឈើ​ បាន​ក្លាយជា​ទម្លាប់​ដដែលៗ ដែល​រដ្ឋាភិបាល​ហាក់​គ្មាន​យន្តការ​ច្បាស់លាស់​លុប​បំបាត់ទាល់​តែ​សោះ។ លោក​សង្កេត​ឃើញ​ថា​ គ្រាន់តែ​ច្រក​ស្រែ​កិន​ ច្រក​ជាំ​ និង​ច្រក​ អូរ​ត្រាវ​ មាន​គោយន្ត​ដឹកឈើ​មិន​ក្រោម​ ៥០គ្រឿង​ទេ​ ក្នុង​មួយ​យប់ៗ៖ «រាល់​ថ្ងៃ​នេះ​អត់​ស្ងាត់​ទេ គោយន្ត​ចូល​យ៉ាង​តិច​មួយ​ច្រក ច្រក​ជាំ អូរ​ត្រាវ និង​ច្រក​ស្រែ​កិន ៣ចំណុច​ហ្នឹង ក្នុង ១ថ្ងៃ​យ៉ាង​ហិច ៥០គោយន្ត​ដែរ»

តំបន់​ឧទ្យានជាតិ​ជួរ​ភ្នំ​ក្រវាញ​កណ្ដាល លាត​សន្ធឹង​ជាប់​ទឹក​ដីខេត្ត​ពោធិ៍សាត់ កំពង់ស្ពឺ និង​ខេត្ត​កោះកុង ជា​តំបន់​ការពារ​ដោយ​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ មាន​ផ្ទៃ​ដី​ជាង ៤សែន​ហិកតារ (៤០១.៣១៣)រី​ឯដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់​ ជា​តំបន់​ការពារ​ដោយ​ព្រះរាជ​ក្រឹត្យ​ កាលពី​ឆ្នាំ១៩៩៣ ដែល​មានផ្ទៃ​ដី​ជាង ២សែន ៥ម៉ឺន​ហិកតារ (២៥៣.៧៥០)