អង្គការ​ធាង​ត្នោត​ថា បឹង​ចំនួន ១៦ ត្រូវ​បាន​លុប​ទាំង​ស្រុង ហើយ​បឹង​ចំនួន ១០កំពុង​ចាក់​លុប​ខ្លះៗ នៅ​រាជធានី​ភ្នំពេញ

ដោយ សេក បណ្ឌិត
2020-01-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បឹងកក់
បឹងកក់
Photo: RFA

សមាគម​ធាងត្នោត​រក​ឃើញ​ថា បឹង​ធម្មជាតិ​នៅ​រាជធានី​ភ្នំពេញ ចំនួន១៦ ត្រូវ​បាន​លុប​ទាំង​ស្រុង​ ហើយ​បឹង​ចំនួន​ ១០ទៀត កំពុង​ចាក់​លុប​ខ្លះៗ។ ក្នុង​នោះ​មាន​បឹង​មួយ​ចំនួន​ ដែល​ការពារ​ដោយ​អនុក្រឹត្យ​ កំពុង​ប្រឈម​ការ​ចាក់​លុប​ដូច​គ្នា​ដែរ។ ការ​ចាក់​លុប​បឹង​ធម្មជាតិ​ទាំង​នេះ បាន​បង្ក​ផល​ប៉ះ​ពាល់​ផ្នែក​បរិស្ថាន​ធ្ងន់ធ្ងរ​ និង​បង្ហាញ​នូវ​ផល​អវិជ្ជមាន​ដ៏​អាក្រក់​ ដូចជា​ទឹក​ជំនន់​ ការ​បំពុល​បរិស្ថាន​ និង​ការ​ថយ​ចុះ​មច្ឆាជាតិ​ ជាពិសេស ​ប្រជាពលរដ្ឋ​ជា​ច្រើន​ពាន់​គ្រួសារ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ ឬ​ប្រឈម​ការ​គំរាមកំហែង​ពី​ការ​បណ្ដេញ​ចេញ​នៅ​ថ្ងៃ​ខាង​មុខ​ ខណៈ​ដែល​គម្រោង​អភិវឌ្ឍន៍​នៅ​បន្ត​គំរាម​កំហែង​លំនៅឋាន​ និង​ការងារ​របស់​ប្រជាពលរដ្ឋ។

របាយការណ៍ ២៥ទំព័រ​ របស់​សមាគម​ធាងត្នោត ដែល​ចេញ​ផ្សាយ​កាល​ពី​អំឡុង​ខែ​ធ្នូ ឆ្នាំ២០១៩ បាន​លាតត្រដាង​ពី​ផល​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ធ្ងន់ធ្ងរ​ បណ្ដាល​មក​ពី​ អភិវឌ្ឍន៍​ទីក្រុង​រណប​ និង​បុរី​ជា​ច្រើន​ បាន​ចាប់​ផ្ដើម​ចាក់​ដី​ខ្សាច់​លុប​បឹង​ធម្មជាតិ​ និង​តំបន់​ដី​សើម​ក្នុង​រាជធានី​ភ្នំពេញ​ ចាប់​តាំង​ពី​ឆ្នាំ២០០៣ រហូត​មក។ ទន្ទឹម​នឹង​នេះ​ បឹង​ធម្មជាតិ​ ប្រមាណ ៦០ភាគ​រយ​ និង​តំបន់​ដី​សើម ៤០ភាគ​រយ​ ត្រូវ​បាន​ចាក់​លុប។

របាយការណ៍​បន្ថែម​ថា​ បឹង​ធម្មជាតិ​ និង​តំបន់​ដី​សើម​នៅ​រាជធានី​ភ្នំពេញ ប្រឈម​នឹង​បាត់​ទាំង​ស្រុង​ ប្រសិនបើ​ស្ថានភាព​ដូច​បច្ចុប្បន្ន​នៅ​តែ​បន្ត​ ហើយ​ទីក្រុង​ភ្នំពេញ​ និង​តំបន់​ជុំវិញ​ នឹង​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយ​ទឹក​ជំនន់​ បាត់បង់​ត្រី​ បាត់បង់​អាង​ប្រព្រឹត្តិ​កម្ម​ទឹក​កង្វក់​បែប​ធម្មជាតិ​ និង​ប៉ះពាល់​ជីវភាព​ប្រជាពលរដ្ឋ​ នៅ​មូលដ្ឋាន​ជា​ដើម។

នាយក​ប្រតិបត្តិ​ នៃ​អង្គការ​សមាគម​ធាងត្នោត សឿង សារ៉ន ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៦ មករា​ថា​ ការ​លុប​បឹង​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​ បង្ក​ប៉ះពាល់​ជីវភាព​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ ដែល​រស់នៅ​ជុំវិញ​បឹង​ធម្មជាតិ​ ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ ជា​ពិសេស បណ្ដាល​ឱ្យ​កើត​មាន​ទឹក​ជំនន់​នៅ​ក្រុង​ភ្នំពេញ​ បើ​ទោះ​ជា​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​លូ​ទឹក​បែប​ណា​ក៏​ក្ដី​ ព្រោះ​បឹង​ធម្មជាតិ​មាន​តួនាទី​ច្រើន​ សម្រាប់​រំដោះ​ទឹក​ចេញ​ពី​ទីក្រុង។ លោក​ថា​ បឹង​មួយ​ចំនួន​ ដែល​កំពុង​លុប​ ដូច​ជា​បឹងទំពុន​ ឬ​បឹង​ជើង​ឯក​ ដែល​រដ្ឋាភិបាល​ធ្វើ​អនុប្បយោគ ឱ្យ​ក្លាយ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ ឬ​ទីក្រុង​រណប។ លោក​ជំរុញ​រដ្ឋាភិបាល​ថា គួរ​ចេញ​អនុក្រឹត្យ​ និង​ព្រះរាជ​ក្រឹត្យ​បន្ថែម​ទៀត​ ដើម្បី​ការពារ​បឹង​ធម្មជាតិ​ ដែល​នៅ​សល់​ នៅ​ក្រុង​ភ្នំពេញ​ឱ្យ​គង់វង្ស ដើម្បី​បង្កើត​ប្រព័ន្ធ​អេកូឡូស៊ី​ កាត់​បន្ថយ​កម្ដៅ​ ​នៅ​ទីក្រុង​ ទប់​ស្កាត់​បម្រែបម្រួល​អាកាសធាតុ​ និង​រំដោះ​ទឹក​ចេញ​ពី​ទីក្រុង​ជា​ដើម៖ «ប្រសិន​បើ​យើង​រក្សា បឹង​អាច​តួនាទី​យ៉ាង​សំខាន់ ទី១ រំដោះ​ទឹក ទី២ ជួយ​ឱ្យ​ទីក្រុង​ត្រជាក់​អ៊ីចឹង​ជា​ការ​ល្អ។ រដ្ឋាភិបាល​ពិចារណា​ចេញច្បាប់ និង​អនុក្រឹត្យ ដើម្បី​ការពារ​បឹង​ធំៗ ជាពិសេស​បឹង តា​មោក បឹង​ទំពុន ឬ​ក៏​បឹង​ជើង​ឯង»

ខ្លឹមសារ​របាយការណ៍​បន្ថែម​ថា ចាប់​តាំង​ពី​ឆ្នាំ១៩៩០ មក ក្នុង​ចំណោម​បឹង​ធម្មជាតិ​ចំនួន ២៦ នៅ​រាជធានី​ភ្នំពេញ​ មាន​បឹង​ចំនួន១៦ ត្រូវ​បាន​លុប​ទាំងស្រុង​ និង​មាន​បឹង​ធម្មជាតិ​ចំនួន​ ១០ទៀត​ ត្រូវ​បាន​លុប​ខ្លះៗ រួច​ហើយ។ ក្នុង​នោះ ពុំ​មាន​បឹង​ណា​មួយ​ ដែល​គ្មាន​ផល​ប៉ះ​ពាល់​នោះ​ទេ។ មូលហេតុ​នៃ​ការ​ចាប់​លុប​បឹង​ទាំង​នេះ​ បណ្ដាល​មក​ពី​ការ​សាងសង់​បុរី​ លំនៅឋាន​ និង​ទីក្រុង​រណប។

របាយការណ៍​បន្ថែម​ថា​ បឹង​កក់​មាន​ទំហំ​ ៩០ហិកតារ ត្រូវ​បាន​លុប​ទាំង​ស្រុង​នៅ​ឆ្នាំ២០១៣​ មាន​ពលរដ្ឋ​ជាង​ ៤ពាន់​គ្រួសារ​ (៤២៥៣​) ត្រូវ​បាន​បណ្ដេញ​ចេញ​ដោយ​បង្ខំ។ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ បាន​ចាប់​ផ្តើម​សាងសង់​លំនៅឋាន​ នៅ​អំឡុង​ឆ្នាំ១៩៩៣​ ហើយ​ពលរដ្ឋ​ទាំង​នោះ​ បាន​ប្រកប​មុខ​របប​ ដាំ​ដំណាំ​នៅ​លើ​ផ្ទៃ​ទឹក។ នៅ​ឆ្នាំ២០០៧ រដ្ឋាភិបាល​ បាន​ដាក់​តំបន់​បឹង​កក់​ ជួល​ឱ្យ​ក្រុមហ៊ុន​ ស៊ូ​កា​គូ​ ក្នុង​ទឹក​ប្រាក់ ៧៩លាន​ដុល្លារ ហើយ​ការ​ចាក់​ដី​ខ្សាច់​លុប​បឹង​នេះ​ ចាប់​ផ្តើម​ឡើង​ នៅ​ឆ្នាំ​ ២០០៨​ និង​ត្រូវ​បាន​លុប​ទាំង​ស្រុង​នៅ​ឆ្នាំ​ ២០១៣។

បន្ថែម​ពី​លើ​នេះ​ ការ​លុប​បឹង​កក់​ ធ្វើ​ឱ្យ​ខូចខាត​ និង​លិចលង់​ផ្ទះ​ពលរដ្ឋ​ជាច្រើន​ខ្នង​ និង​មាន​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ បាន​បង្ខំ​ចាកចេញ​ពី​តំបន់​នោះ​ ដោយ​ទទួល​សំណង​មិន​សមរម្យ អំពើ​ហិង្សា និង​ការ​គំរាម​កំហែង​ ត្រូវ​បាន​ប្រើប្រាស់​លើ​ពលរដ្ឋ​ ក្នុង​តំបន់​បឹង​កក់​ ដែល​តវ៉ា​ប្រឆាំង​ ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន។ នៅ​ឆ្នាំ២០១០ ពលរដ្ឋ​ប្រមាណ​ជាង ២០០គ្រួសារ ត្រូវ​បាន​បង្ខំ​ឱ្យ​ទទួល​សំណង​មាន​តម្លៃ​ទាប​ជាង​ទីផ្សារ។

ពលរដ្ឋ​បឹង​កក់​ម្នាក់​ ដែល​រង​ការ​បណ្ដេញ​ចេញ​ ដោយបង្ខំ​ គឺ​លោកស្រី ផាន់ ឈុនរ៉េត ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៦ មករា​ថា​ ការ​លុប​បឹង​កក់​ ធ្វើ​ឱ្យ​ពលរដ្ឋ​ជាង​ ៣ពាន់​គ្រួសារ​ រងទុក្ខ​វេទនា​ រួមមាន​ ការ​បណ្ដេញ​ចេញ​ដោយបង្ខំ​មិន​ផ្ដល់​សំណង​សមរម្យ​ ការ​ចាប់ខ្លួន​តំណាង​ពលរដ្ឋ​ ១១នាក់​ ដាក់​ពន្ធនាគារ​ និង​មាន​អំពើ​ហិង្សា​លើ​ពលរដ្ឋ​ ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ជា​ដើម។ លោកស្រី​ថា​ រហូត​មកទល់​ពេលនេះ​ មាន​ពលរដ្ឋ​ ៦០គ្រួ​សារ​នៅ​តែ​បន្ត​ក្រាញ​ននៀល​ ទាមទារ​សំណង​ពី​អាជ្ញាធរ​ និង​ក្រុមហ៊ុន។ រី​ឯ​ក្រុមហ៊ុន​ និង​អាជ្ញាធរ​នៅ​តែ​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​ ក្នុង​ការ​ដោះ​ស្រាយ​ករណី​នេះ​ដល់​ពួក​គេ​នៅ​ឡើយ​ទេ​ ជា​ច្រើន​ឆ្នាំ​មក​ហើយ។ លោកស្រី​បន្ថែម​ថា​ ដី​នៅ​តំបន់​បឹង​កក់​បច្ចុប្បន្ន បាន​ក្លាយ​ជា​ផ្ទះល្វែង វីឡា​ច្រើន​ស្អេកស្កះ តាម​តម្លៃ​រាប់​សែន​ដុល្លារ​ក្នុង​ល្វែង៖ «វា​អយុត្តិធម៌​សម្រាប់​ពលរដ្ឋ ដែល​រស់​នៅ​តំបន់​ដី​ណា ដែល​មាន​តម្លៃ គឺ​គាត់​ថា ដី​ដែល​យើង​រស់​នៅ​មិន​ស្រប​ច្បាប់ តែ​ចំពោះ​គាត់​យក​ទៅ​លក់​បាន គឺ​អយុត្តិធម៌​ខ្លាំង​សម្រាប់​ពលរដ្ឋ​ក្តី​ក្រ។ សម្រាប់​ក្រុម​គ្រួសារ​បក្ខ​ពួក​គាត់ មាន​លុយ​មាន​អំណាច គឺ​គាត់​ធ្វើ​អី​សម​ស្រប។ អ៊ីចឹង យុត្តិធម៌​សម្រាប់​ពលរដ្ឋ​គ្មាន​ទេ សម្រាប់​តែ​អ្នក​មាន​លុយ​តែ​ប៉ុណ្ណឹង»

អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក​ ផៃ​ ស៊ី​ផាន​ មានប្រសាសន៍​ថា​ បឹង​ណា​ដែល​មានប្រយោជន៍​សម្រាប់​បរិស្ថាន​ អាជ្ញាធរ​នឹង​រក្សាទុក​ និង​មាន​បឹង​ខ្លះ​សម្រាប់​អភិវឌ្ឍន៍​ក្នុង​ទីក្រុង។ លោក​ថា​ ស្ថាប័ន​ជំនាញ​ មាន​គោលការណ៍​ច្បាស់លាស់​ថា​ បឹង​ប៉ុន្មាន​ដែល​ត្រូវ​លុប​ និង​មាន​បឹង​ប៉ុន្មាន​ត្រូវ​រក្សាទុក​សម្រាប់​អភិរក្ស ដែល​មាន​ក្រសួង​ធនធាន​ទឹក​ និង​ក្រសួងបរិស្ថាន​ ជា​អ្នក​ធ្វើ​កិច្ចការ​ងារ​នេះ។ លោក​ថា បឹង​កប់​ស្រូវ​ ដែល​មាន​ទំហំ​ធំជាង​គេ​នៅ​រាជធានី​ភ្នំពេញ​ មាន​ផ្នែក​ខ្លះ​រក្សាទុក​សម្រាប់​សំអាត​ទឹក​ស្អុយ​ និង​មាន​ផ្នែក​ខ្លះ​ អភិរក្ស​ធ្វើ​ជា​តំបន់​ទេសចរ​ធម្មជាតិ​ក្នុង​ផ្ទៃ​បឹង។ លោក​បដិសេធ​មិន​អធិប្បាយ​លម្អិត​ថា​ មាន​បឹង​ណា​ខ្លះ​ដែល​ត្រូវ​អភិរក្ស​ និង​បឹង​ណា​ខ្លះ​ត្រូវ​អភិវឌ្ឍ​នោះ​ទេ​ ដោយ​បង្វែរ​សំណួរ​នេះ​ ទៅ​ក្រសួងបរិស្ថាន​ និង​ក្រសួង​ធនធាន​ទឹក៖ «ពី​ព្រោះ​គេ​មាន​មាន​ផែនការ​របស់​គេ បឹង​ណា​ដែល​មាន​សារៈ​ប្រយោជន៍​សម្រាប់​ពាក់ព័ន្ធ​ហ្នឹង Environment បរិស្ថាន​គេ​ទុក ហើយ​គេ​ចាត់​កន្លែង​ខ្លះ​សម្រាប់​ការ​អភិវឌ្ឍ។ អា​ហ្នឹង​គេ​ថា អភិរក្ស​ប្រកប​ដោយ​ការ​អភិវឌ្ឍន៍  អភិវឌ្ឍន៍​ប្រកប​ដោយ​ការ​អភិរក្ស។ អ្វី​ដែល​ជា​គោល​ការណ៍ ពាក់ព័ន្ធ​នៅ​ធនធាន​ទឹក និង​ក្រសួង​បរិស្ថាន សួរ​គេ​ខាង​ហ្នឹង​គេ​ច្បាស់​ជាង»

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ លោក​ នេត្រ​ ភត្ត្រា​ និង​អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក​ លោក​ ចាន់​ យុត្ថា​ ដើម្បី​សុំ​ការ​អធិប្បាយ​បន្ថែម​រឿង​នេះ​ តែ​ទូរស័ព្ទ​ហៅ​ចូល​ គ្មាន​អ្នកទទួល​នៅ​ថ្ងៃ​ទី៦ មករា។

ក្រុម​យុវជន​រស់នៅ​រាជធានី​ភ្នំពេញ​ លោក​ សាន់​ ម៉ា​ឡា​ អំពាវនាវ​ថា រដ្ឋាភិបាល​ត្រូវ​មាន​យន្តការ​ច្បាស់លាស់​ អភិរក្ស​បឹង​ដែល​នៅ​សល់​ចុង​ក្រោយ​ឱ្យ​គង់វង្ស​ និង​កែច្នៃ​ជា​តំបន់​ឧទ្យាន​ជាតិ​ បម្រើ​ឱ្យ​វិស័យ​ទេសចរ​ក្នុង​ទីក្រុង​ ដើម្បី​ប្រយោជន៍​រួម​របស់​ពលរដ្ឋ​ រក្សា​បរិស្ថាន​ស្អាត​ និង​រក​ចំណូល​ចូល​សេដ្ឋកិច្ច​ជាតិ​ជាដើម៖ «ក្នុង​នាម​ខ្ញុំ​ជា​យុវជន ជា​ពលរដ្ឋ ខ្ញុំ​គិត​ថា ពលរដ្ឋ​ផ្សេងៗ ទៀត ក៏​គិត​ដូច​គ្នា​ទេ យើង​ចង់​ឱ្យ​រដ្ឋាភិបាល​ហ្នឹង​ធ្វើ​ការ​ពង្រីក​ក្រុង ហើយ​អភិវឌ្ឍន៍​ដី​គោក ដែល​យើង​មានស្រាប់ នៅ​ជាយៗ ភ្នំពេញ​សិន សម្រាប់​បឹង​ហ្នឹង​គួរ​កែច្នៃ​វា ឱ្យ​ទៅ​ជា​ឧទ្យាន​សម្រាប់​ឱ្យ​ពលរដ្ឋ​នៅ​ទីក្រុង​ហ្នឹង​គាត់​សម្រាក លំហែ​កម្សាន្ត យើង​ធ្វើ​លំហាត់​ប្រាណ ឬ​ក៏​យើង​កែច្នៃ​ធ្វើ​ម៉េច? បើ​យើង​អាច​រក​ចំណូល​បាន​ពី​វា ពី​ព្រោះ​ប្រទេស​អភិវឌ្ឍន៍​ភាគ​ច្រើន​ឃើញ​គេ​ធ្វើ​អីចឹង»

ប្រធាន​ក្រុម​យុវជន​ការពារ​សង្គម​ និង​បរិស្ថាន​ លោក​ ជុំ​ ហួត​ ចង់​ឃើញ​រដ្ឋាភិបាល​មាន​គម្រោង​ច្បាស់លាស់​ រក្សា​ទុក​បឹង​ណា​ដែល​អភិរក្ស​ និង​បឹង​ណា​ដែល​ត្រូវ​លុប​ ត្រូវ​បង្ហាញ​ជា​សាធារណៈ​ ព្រោះ​ពួក​គាត់​មាន​មន្ទិល​ថា​ បឹង​ធម្មជាតិ​ដែល​លុប​កន្លង​ទៅ​ តើ​ប្រយោជន៍​បាន​ទៅ​បុគ្គល​ណា​ខ្លះ​ និង​មាន​ចំណូល​ចូល​រដ្ឋ​ចំនួន​ប៉ុន្មាន​? ហើយ​មាន​ពលរដ្ឋ​ប៉ុន្មាន​គ្រួសារ​ដែល​ទទួល​បាន​សំណង​សមរម្យ​ ពី​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ។ លោក​សង្កេតឃើញ​ថា​ បឹង​ធម្មជាតិ​មួយ​ចំនួន​ ដូចជា​បឹង​ទំពុន​ និង​បឹង​កប់​ស្រូវ​ជា​ដើម​ កំពុង​ទទួល​រង​ការ​ចាក់​លុប​ ធ្វើ​អាជីវកម្ម​ និង​លំនៅឋាន​នៅ​ផ្នែក​ខ្លះ​ ពី​សំណាក់​បុគ្គល​មាន​អំណាច​ អាជ្ញាធរ​គ្មាន​យន្ត​ច្បាស់លាស់​ទប់​ស្កាត់​នៅ​ឡើយ​ទេ៖ «ប្រសិន​ជា​រដ្ឋាភិបាល​នៅ​តែ​សម្រេច​ចិត្ត​បន្ត​លុប​បឹង​ទៀត វា​ពិត​ជា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ពួក​គាត់​ខ្លាំង​មែនទែន ហើយ​ធ្វើ​ឱ្យ​ពួក​គាត់​ធ្លាក់​ក្នុង ជីវភាព​ក្រីក្រ ដោយ​សារ​ពួក​គាត់​មិន​អាច​បឹង​អាស្រ័យ​លើ​ដែល​មាន​ក្នុង​បឹង ដែល​គាត់​រស់​នៅ​ជា​ប្រចាំ។ ម្យ៉ាង​ទៀត ពលរដ្ឋ​រស់​នៅ​ជុំវិញ​បឹង​នៅ​រាជធានី​ភ្នំពេញ​ហ្នឹង គឺ​គាត់​ប្រឈម​ខ្លាំង​មែនទែន ព្រោះ​គាត់​ត្រូវ​ប្រឈម​ការ​បណ្ដេញ​ចេញ​ទាំង​បង្ខំ»

របាយការណ៍​បន្ថែម​ថា​ បឹង​តា​មោក​ ឬ​បឹង​កប់​ស្រូវ​ មាន​ទំហំ​ ជាង​ ៣ពាន់​ ២រយ​គ្រួសារ​ (៣២៣៩​) មាន​ប្រជាជន​រស់នៅ​ជុំវិញ​បឹង​ចំនួន​ ៣១៩គ្រួសារ។ បឹង​នេះ​ មាន​ទំហំ​ធំជាង​គេ​ក្នុង​រាជធានី​ភ្នំពេញ​ អាច​ការពារ​ទឹក​ជំនន់​ អាងស្តុកទឹក​ស្អាត​លក្ខណៈ​ធម្មជាតិ​ ធនធាន​ត្រី​ និង​បក្សី​ជា​ដើម។ បឹង​នេះ​ត្រូវ​គេ​ប្រើប្រាស់​ ដើម្បី​ស្រោចស្រព​ស្រូវ​ និង​ការ​នេសាទ​ត្រី​ជាច្រើន​ឆ្នាំ​មក​ហើយ។

កាលពី​ថ្ងៃ​ទី៣​ ខែ​កុម្ភៈ ឆ្នាំ២០១៦ រដ្ឋាភិបាល​បាន​ចេញ​ អនុក្រឹត្យ​លេខ​ ២០​ ដាក់​បឹង​កប់​ស្រូវ​ ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ គ្រប​ដណ្ដប់​លើ​ផ្ទៃ​ទឹក​ជាង​ ៣ពាន់​ ២រយ​ហិកតារ។

នាយក​ប្រតិបត្តិ​ នៃ​អង្គការ​សមាគម​ធាងត្នោត សឿង សារ៉ន បន្ថែម​ថា បឹង​តា​មោក​ និង​បឹង​ទំពុន​ឬ​បឹង​ជើងឯក មាន​តួនាទី​សំខាន់​ណាស់ ក្នុង​ការ​ជួយ​រំដោះ​ទឹក​ជំនន់​ ធ្វើ​ឱ្យ​ទីក្រុង​ភ្នំពេញ​ត្រជាក់​ និង​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ​ជា​ដើម។ លោក​ថា រដ្ឋាភិបាល​គួរ​តែ​ពិចារណា​ រក្សា​បឹង​នេះ​ អភិរក្ស​ជា​សម្បត្តិ​សាធារណៈ​ និង​កែច្នៃ​ឱ្យ​ទៅ​ជា​តំបន់​ទេសចរ​ធម្មជាតិ​បៃតង៖ «កុំ​ឱ្យ​លុប​បឹង​ទៀត រដ្ឋាភិបាល​គួរ​បង្កើត​នូវ​អនុក្រឹត្យ ឬ​ក៏​ច្បាប់ ការពារ​បឹង​ដែល​សេសសល់​ហ្នឹង​ទៅ ដើម្បី​ទប់​ស្កាត់ ឬ​ក៏​ការពារ​កុំ​ឱ្យ​លុប​បឹង​បន្ត។ អា​ហ្នឹង​ជា​ចំណុច​ចម្បង ដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើ ព្រោះ​យើង​ក្រឡេក​មើល ទៅ​ប្រទេស​ដទៃ​ទៀត បឹង​គេ​រក្សា​ក្នុង​ទីក្រុង ដើម្បីទី១ ជួយ​បង្កើន​ប្រព័ន្ធ​អេកូឡូស៊ី (Ecology) ហ្នឹង។ ទី២ កាត់​បន្ថយ​កម្ដៅ​ក្នុង​ទីក្រុង ហើយ​ឥឡូវ​ហ្នឹង បញ្ហា​បម្រែបម្រួល​អាកាសធាតុ​វា​ច្រើន»

សមាគម​ធាងត្នោត​ ចាត់​ទុក​បឹង​ធម្មជាតិ​ថា មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​ធ្វើ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ ហូរ​ចេញ​ពី​រាជធានី​ភ្នំពេញ​ និង​ការពារ​ទឹកជំនន់​នៅ​រាជធានី​ភ្នំពេញ​ទៀត​ផង​ ។ ការ​បាត់បង់​ផ្នែក​ខ្លះ​នៃ​បឹង​ទំពុន​ ឬ​បឹង​ជើងឯក នឹង​ធ្វើ​ឱ្យ​ទឹក​កខ្វក់​ ចំនួន​ ២,៥​ ទៅ​ ៣លាន​ម៉ែត្រ​គូប​ ដែល​ត្រូវ​រក​កន្លែង​ផ្សេង​ ដើម្បី​ប្រព្រឹត្តិ​កម្ម​ទឹក​ ដែល​អាច​បណ្ដាល​ឱ្យ​លិច​ផ្នែក​ខ្លះ​នៃ​ក្រុង​ភ្នំពេញ​ ភាគ​ខាង​ក្រោម​ និង​ក្រុង​តាខ្មៅ។ លើស​ពី​នេះ​ទៀត ការ​ចាក់​ដីខ្សាច់​លុប​បឹង​បច្ចុប្បន្ន កំពុង​មាន​សកម្មភាព​បន្ត​ក្នុង​តំបន់​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល