ទាហាន​ឡាវ​ចាប់​ពលរដ្ឋ​ខ្មែរ​១១​នាក់​ដែល​ចូល​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ទឹក​ដី​ឡាវ

ដោយ ម៉ែន សុធីរ
2015-06-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​ស្ទឹងត្រែង
ផែនទី​ខេត្ត​ស្ទឹងត្រែង
Photo: RFA

ពលរដ្ឋ​ខ្មែរ​រស់នៅ​ជាប់​ព្រំដែន​ឡាវ ខេត្ត​ស្ទឹងត្រែង អះអាង​ថា ទាហាន​ឡាវ ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ ១១​នាក់ រួម​ទាំង​គោយន្ត​ចំនួន ៤​គ្រឿង និង​សម្ភារៈ​មួយ​ចំនួន​ទៀត។ ការ​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ បាន​ចូល​ទៅ​ទឹក​ដី​ឡាវ ខេត្ត​ចំប៉ាសាក់ ទំនង​ជា​កាប់​ឈើ​ប្រណិត​ជាប់​ព្រំដែន​ខ្មែរ ឋិត​ក្នុង​តំបន់​ធ្មេញ​រណារ អូរ​ឃ្លោក ជាប់​ភូមិ​កាំភោគ ឃុំ​ព្រែកមាស ស្រុក​សៀមប៉ាង។ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា កត្តា​កង្វះ​ការ​អប់រំ​តាម​មូលដ្ឋាន​ទាក់ទិន​ការ​ឆ្លង​ដែន​ខុស​ច្បាប់ អាច​បង្ក​ជា​គុណ​វិបត្តិ​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ​នៅ​តំបន់​នោះ។

ប្រធាន​វីរៈ​ការពារ​ព្រំដែន​ខ្មែរ ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង ឲ្យ​ដឹង​ថា រហូត​មក​ដល់​ថ្ងៃ​ទី​២៩ មិថុនា ពួក​គេ​មិន​ទាន់​មាន​ដំណឹង​ស្ដីពី​ការ​សម្រប​សម្រួល​ដោះស្រាយ ទាក់ទិន​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ ១១​នាក់ ដោយ​ទាហាន​ប្រទេស​ឡាវ នៅ​ឡើយ​ទេ។

ការ​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ទាំង ១១​នាក់​នេះ ធ្វើ​ឡើង​ចំនួន​ពីរ​ដង គឺ​លើក​ទី​១ ចាប់​ពលរដ្ឋ​ខ្មែរ​បាន ៣​នាក់​ក្នុង​ចន្លោះ​បង្គោល​ព្រំដែន​លេខ​០៥៧ ដល់​បង្គោល​ព្រំដែន​លេខ​០៥៨ កាល​ពី​ថ្ងៃ​ទី​២៥ មិថុនា និង​លើក​ទី​២ ចាប់​បាន​ចំនួន ៨​នាក់​ក្នុង​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៦៣ ដល់​បង្គោល​ព្រំដែន​លេខ​៦៩ កាល​ពី​ថ្ងៃ​ទី​២៧ មិថុនា។ រហូត​មក​ទល់​ពេល​នេះ ពលរដ្ឋ​ទាំង ១១​នាក់​នោះ​គេ​យក​ឃុំ​ខ្លួន​នៅ​ទី​រួម​ខេត្ត​ចំប៉ាសាក់ ប្រទេស​ឡាវ។

ដោយឡែក​ពលរដ្ឋ​ខេត្ត​ស្ទឹងត្រែង ដែល​ទៅ​ធ្វើ​ការ​ជិត​ព្រំដែន​ឡាវ លោក យី មឿន រៀបរាប់​នៅ​ថ្ងៃ​ទី​២៩ មិថុនា ថា ក្រុម​ពលរដ្ឋ​ខ្មែរ​ចំនួន ១១​នាក់ មាន​ទីលំនៅ​ខេត្ត​ស្ទឹងត្រែង បាន​ធ្វើ​ដំណើរ​ដោយ​គោយន្ត​ចំនួន ៤​គ្រឿង និង​សម្ភារៈ​មួយ​ចំនួន ចូល​កាប់​ឈើ​ក្នុង​ព្រៃ​ក្នុង​ទឹក​ដី​ប្រទេស​ឡាវ កាល​ពី​ថ្ងៃ​ទី​២៤ មិថុនា។ លោក​ថា ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​សុទ្ធតែ​មាន​ថៅកែ​ចាំ​ទទួល​ទិញ​ឈើ​ប្រណិត​របស់​ពួក​គេ។ ទទឹង​នឹង​នេះ ទាហាន​ឡាវ មក​ពី​ខេត្ត​ចំប៉ាសាក់ ប្រមាណ ៦០​នាក់ ប្រើប្រាស់​រថយន្ត​ធំ​ចំនួន ២​គ្រឿង បាន​ដើរ​ល្បាត​ព្រៃ​នៅ​ទីតាំង​ដែល​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​កាប់​ឈើ។ បន្ទាប់​មក​ចាប់​ខ្លួន​ពលរដ្ឋ​ទាំង​នោះ និង​គោយន្ត រួម​ទាំង​សម្ភារៈ​មួយ​ចំនួន​ទៀត បញ្ជូន​ទៅ​ខេត្ត​ចំប៉ាសាក់ ប្រទេស​ឡាវ តែ​ម្តង។ លោក​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​នេះ​ពុំ​មាន​បង្ក​ឲ្យ​មាន​ការ​ផ្ទុះ​អាវុធ និង​អំពើ​ហិង្សា​ឡើយ៖ «ថៅកែ​ឡាវ ថៅកែ​ឈើ​គេ​រត់​ការ​ឲ្យ​យើង ចឹង​ហើយ​បាន​ខ្មែរ​ហ៊ាន​ចូល បើ​ទោះ​លួច​ឆៅ​តែ​ម្តង​មិន​ហ៊ាន​ទេ ទាហាន​ជុំវិញ​ព្រំដែន»

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​អះអាង​ថា មូលហេតុ​ដែល​ពលរដ្ឋ​ខ្មែរ​ចូល​កាប់​ឈើ​ក្នុង​ប្រទេស​ឡាវ ដោយសារ​តែ​ទឹក​ដី​ខ្មែរ​ពុំ​មាន​ឈើ​ប្រណិត​ទៀត​ទេ ឈើ​ប្រណិត​ស្ទើរ​ផុត​ពូជ​ទៅ​ហើយ​ក្នុង​ទឹក​ដី​ខ្មែរ ក៏ប៉ុន្តែ​មាន​នៅ​សេសសល់​តិចតួច​ក្នុង​តំបន់​អភិរក្ស​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ក្នុង​ស្រុក​សៀមប៉ាង ហើយ​ក៏​មាន​សេចក្តី​រាយការណ៍​ពី​ពលរដ្ឋ​មក​ថា មាន​ការ​កាប់​បំផ្លាញ​យក​ឈើ​ប្រណិត​ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ដោយ​ក្រុមហ៊ុន ទ្រី ភាព ជួល​កម្មករ​ពលរដ្ឋ​ខ្មែរ​ចូល​កាប់។

ទាក់ទិន​ករណី​នេះ ប្រធាន​វីរៈ​ការពារ​ព្រំដែន​លេខ​៧០១ លោក ស៊ុន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ មិថុនា ថា កន្លង​មក​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ធម្មតា ហើយ​ក៏​ធ្លាប់​មាន​ពលរដ្ឋ​ឡាវ ខ្លះ ចូល​មក​កាប់​ឈើ​ក្នុង​ទឹក​ដី​ខ្មែរ​ដែរ។ លោក​ថា បើ​អាជ្ញាធរ​ឡាវ ជូន​ដំណឹង​មក​អាជ្ញាធរ​ខ្មែរ ទាក់ទិន​ករណី​នេះ អាជ្ញាធរ​ខ្មែរ​នឹង​បញ្ជូន​មន្ត្រី​ទៅ​សម្រប​សម្រួល​ដើម្បី​ដោះស្រាយ៖ «គេ​មិន​មែន​ចាប់​ប្រជាជន​ខ្មែរ​យើង​ទេ ប្រជាជន​ឡាវ ក៏​គេ​ចាប់​ដែរ ទាហាន​ឡាវ គេ​មក​ពី​ខេត្ត តា​ចាប់​ចឹង​គេ​បញ្ជូន​ទៅ​ខេត្ត»

អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង និង​ជា​អភិបាល​រង​ខេត្ត លោក ដួង ពៅ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​មិន​ទាន់​ទទួល​ដំណឹង​នេះ​នៅ​ឡើយ​ទេ។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​នៅ​ពេល​ទទួល​ដំណឹង​ទាក់ទិន​ការ​ចាប់​ពលរដ្ឋ​ខ្មែរ អាជ្ញាធរ​ខេត្ត​នឹង​អន្តរាគមន៍​ភ្លាមៗ​ទៅ​អាជ្ញាធរ​ខេត្ត​ចំប៉ាសាក់ នៃ​ប្រទេស​ឡាវ ដើម្បី​សម្រប​សម្រួល​ដោះស្រាយ​ឲ្យ​ដោះ​លែង​វិញ៖ «គាត់​បញ្ជូន​ទៅ​ណា​យើង​ជួប​ជាមួយ​ស្រុក​ជាមួយ​ខេត្ត ទាំង​ទាហាន​ចាប់ យើង​បញ្ជូន​ទៅ​សម្រប​សម្រួល​អត់​អី​ទេ កន្លង​មក​យើង​ដោះ ដោះ​រហូត​ហ្នឹង»

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (adhoc) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល និយាយ​ថា ពលរដ្ឋ​ខ្មែរ​ដែល​ចូល​ក្នុង​ទឹក​ដី​ឡាវ កាប់​ឈើ ថា​ជា​ករណី​ខុស​ច្បាប់ ដោយសារ​ពលរដ្ឋ​ទាំង​នោះ​មិន​ទាន់​យល់​ច្បាស់​ពី​គុណ​វិបត្តិ​នៃ​ការ​ឆ្លង​ដែន​ខុស​ច្បាប់​នៅ​ឡើយ​ទេ។ តែ​ទោះ​យ៉ាង​ណា លោក​ថា អាជ្ញាធរ​មូលដ្ឋាន​នៅ​តំបន់​នោះ​គួរ​តែ​អប់រំ​ណែនាំ​ពលរដ្ឋ​ពី​ច្បាប់ និង​គុណ​វិបត្តិ​ទាក់ទិន​ការ​ឆ្លង​ដែន​ខុស​ច្បាប់ ក៏​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ដើម្បី​កាត់​បន្ថយ​ករណី​នេះ ព្រោះ​វា​អាច​ប្រឈម​ដល់​អាយុ​ជីវិត។ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត អន្តរាគមន៍​ទៅ​អាជ្ញាធរ​ខេត្ត​នៅ​ប្រទេស​ឡាវ ភ្លាមៗ​ទាក់ទិន​ករណី​នេះ ដើម្បី​ដោះ​លែង​ពលរដ្ឋ​ខ្មែរ​មក​វិញ៖ «អាជ្ញាធរ​ស្រុក​ក៏ដោយ ខេត្ត​ក៏ដោយ ត្រូវ​តែ​មាន​ការ​អប់រំ​ប្រជាពលរដ្ឋ​ទាំង​ហ្នឹង ដើម្បី​ឲ្យ​គាត់​យល់​ពី​ច្បាប់​ឆ្លង​ដែន ក្នុង​ការ​ទៅ​កាប់​ឈើ​ខុស​ច្បាប់​ទៅ​ក្នុង​ទឹក​ដី​គេ មាន​ផល​លំបាក​យ៉ាង​ម៉េច?»

មន្ត្រី​សង្គម​ស៊ីវិល​ឲ្យ​ដឹង​ថា កាល​ពី​ចុង​ឆ្នាំ​២០១៣ មាន​ករណី​ទាហាន​ឡាវ បាញ់​ពលរដ្ឋ​ខ្មែរ​របួស​ធ្ងន់ ព្រម​ទាំង​ចាប់​ដាក់​គុក ពេល​ពលរដ្ឋ​ខ្មែរ​ចូល​ព្រៃ​កាប់​ឈើ​ក្នុង​ទឹក​ដី​ឡាវ ចំនួន​ជាង ១០​នាក់ ក៏ប៉ុន្តែ​ពលរដ្ឋ​នៅ​តំបន់​នោះ​កត់​សម្គាល់​ថា ករណី​នេះ​មាន​ភាព​ស្ងប់ស្ងាត់​មួយ​រយៈ ទើប​តែ​លេច​ឮ​ករណី​ទាហាន​ឡាវ ចាប់​ពលរដ្ឋ​ខ្មែរ ១១​នាក់​នេះ​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល