អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​រក​ឃើញ​ឈើ​ជាច្រើន​កំណាត់​ កាប់​ចេញពី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​

ដោយ អាស៊ីសេរី
2019-10-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមត្ថកិច្ច​ខេត្ត​កំពង់​ស្ពឺ​ប្រមូល​ឈើ​ប្រភេទ សុក្រំ និង​តាសេក កាប់​ពី​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់ យក​ទៅ​រក្សា​ទុក​នៅ​ទីស្នាក់ការ​រដ្ឋបាល​ព្រៃ​ឈើ ស្រុក​ឱរ៉ាល់ នៅ​រសៀល​ថ្ងៃ​ទី១៤ ខែ​តុលា ឆ្នាំ២០១៩។
សមត្ថកិច្ច​ខេត្ត​កំពង់​ស្ពឺ​ប្រមូល​ឈើ​ប្រភេទ សុក្រំ និង​តាសេក កាប់​ពី​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់ យក​ទៅ​រក្សា​ទុក​នៅ​ទីស្នាក់ការ​រដ្ឋបាល​ព្រៃ​ឈើ ស្រុក​ឱរ៉ាល់ នៅ​រសៀល​ថ្ងៃ​ទី១៤ ខែ​តុលា ឆ្នាំ២០១៩។
រូប៖ លោក ជា ហ៊ាន

មន្ត្រី​ឧទ្យានុរក្ស​នៃ​ក្រសួងបរិស្ថាន​ និង​មន្ត្រី​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​បាន​រក​ឃើញ​ឈើ​ប្រភេទ​តា​សេក​ និង​សុក្រំ​ចំនួន ៥៧ដើម​ ឫ​ស្មើ​នឹង​ ១០ម៉ែត្រគូប​ ដែល​ជនសង្ស័យ​ដឹក​មក​លាក់​ទុក​ នៅ​ចំណុច​ស្ទឹង​អញ្ជា ក្នុង​ភូមិ​ជាំ​ ឃុំ​តា​សាល​ ស្រុក​ឱរ៉ាល់។ សមត្ថកិច្ច​បាន​ប្រមូល​ឈើ​ទាំង​នោះ​ទៅ​រក្សាទុក​នៅ ​ស្នាក់​ការ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ឱរ៉ាល់​ នៅ​រសៀល​ថ្ងៃ​ទី១៤​ តុលា។

ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ​ ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ​ និង​ការពារ​សិទ្ធិ​ពល​រដ្ឋ លោក​ ជា​ ហ៊ាន​ ប្រាប់​អាស៊ី​សេរី​ថា​ ឈើ​ដែល​សមត្ថកិច្ច​ឃាត់​ចាប់​នោះ​ ឋិត​នៅ​ក្បែរ​ចម្ការ​របស់​លោក​ ខន​ សុ​ខុន​ នាយក​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់​ ហើយ​មក​ទល់​ពេលនេះ​ សមត្ថកិច្ច​នៅ​មិន​ទាន់​វែក​មុខ​ ជន​សង្ស័យ​ឱ្យ​មក​ទទួល​ខុស​ត្រូវ​តាម​ច្បាប់​នៅ​ឡើយ​ទេ។ លោក​ជា​ ហ៊ាន​ សង្ស័យ​ថា​ បទល្មើស​ព្រៃឈើ​នៅតែ​កើតមាន​ ដោយសារ​មានការ​បើក​ដៃ​ និង​ឃុបឃិត​គ្នា​ពីសំណាក់​មន្ត្រី​ឧទ្យានុ​រក្ស​ដែល​ប្រចាំការ​នៅ​តំបន់​នោះ៖ «តាមពិត​បទល្មើស​ព្រៃឈើ​ អត់មាន​ការ​ថយ​ចុះ​ទេ​ នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​ដដែល​ ដោយសារតែ​ អត់​អនុវត្ត​ច្បាប់​លើ​មន្ត្រី​ពុក​រលួយ។ ប្រសិន​បើ​អនុវត្ត​ច្បាប់​ យក​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ ទៅ​លើ​បុគ្គល​អនុវត្ត​ច្បាប់​ គឺ​ថា​ បទ​ល្មើស​ថយ។ បង្ក្រាប​រាល់​ថ្ងៃ​នេះ​ អនុវត្ត​តែ​ជន​ប្រព្រឹត្ត​បទ​ល្មើស​ព្រៃ​ឈើ​ រី​ឯ​មន្ត្រី​ពុក​រលួយ​អត់​អនុវត្ត​ គឺ​បទ​ល្មើស​អត់​ថយ​ទេ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ រក​ឃើញ​ថា​ សកម្មភាព​កាប់​ផ្ដួល​ឈើ​ធំៗ​ និង​ដឹក​ជញ្ជូន​ឈើ​ចេញ​ ពី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ ដែល​ឋិតនៅ​ចន្លោះ​ខេត្ត​កោះកុង​ ពោធិ៍សាត់​ និង​ខេត្ត​កំពង់ស្ពឺ​ នៅ​តែ​កើត​មាន ដោយ​លួច​លាក់។ លោក​យល់​ថា មន្ត្រី​បរិស្ថាន​ដែល​ឈរជើង​តាម​គោលដៅ​នី​មួយៗ នៅតែ​គ្មាន​ឆន្ទៈ​អនុវត្ត​ច្បាប់ព្រៃ​ឈើ​ និង​ការពារ​ធនធាន​ធម្មជាតិ ដែល​នៅ​សេសសល់​​​ចុងក្រោយ​ឱ្យ​ច្បាស់លាស់​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល