ក្រុម​អ្នក​អភិរក្ស​​សាទរ​ចំពោះ​កំណើន​សត្វ​ផ្សោត​មេគង្គ ប៉ុន្តែ​បារម្ភ​ចំពោះ​កត្តា​គំរាមកំហែង​ធ្ងន់ធ្ងរ

ដោយ អាស៊ីសេរី
2019-10-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សត្វ​ផ្សោត​ឈ្មោល​មួយ​ក្បាល​ ទម្ងន់​ប្រមាណ​ ៩២​គីឡូក្រាម​ ប្រវែង ១៩៤​សង់ទីម៉ែត្រ ដែល​គេ​ប្រទះ​ឃើញ​ងាប់​នៅ​តំបន់​អន្លង់​កាំ​ពី​ក្នុង​ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី២៧ ខែ​មិថុនា ឆ្នាំ​២០១៨។
សត្វ​ផ្សោត​ឈ្មោល​មួយ​ក្បាល​ ទម្ងន់​ប្រមាណ​ ៩២​គីឡូក្រាម​ ប្រវែង ១៩៤​សង់ទីម៉ែត្រ ដែល​គេ​ប្រទះ​ឃើញ​ងាប់​នៅ​តំបន់​អន្លង់​កាំ​ពី​ក្នុង​ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី២៧ ខែ​មិថុនា ឆ្នាំ​២០១៨។
រូបថត​ពី​ហ្វេសប៊ុក អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ​ប្រចាំកម្ពុជា

ក្រុម​អ្នក​អភិរក្ស នៃ​អង្គការ WWF រួម​ជាមួយ​នឹង​រដ្ឋបាល​ខេត្ត​ក្រចេះ មន្ទីរ​ទេសចរណ៍​ខេត្ត​ក្រចេះ និង​រដ្ឋបាល​ជលផល បាន​សហការ​គ្នា​រៀបចំ​ប្រារព្ធ​ទិវា​សត្វ​ផ្សោត​ទន្លេ​មេគង្គ ឆ្នាំ​២០១៩ រយៈពេល​បី​ថ្ងៃ​គឺ​នៅ​ថ្ងៃ​ទី ២៥ ដល់​ថ្ងៃ​ទី​២៧ ខែ​តុលា នៅ​ទី​រួម​ខេត្ត​ក្រចេះ ។ ទិវា​នេះ​រៀបចំឡើង​ដើម្បី​ពង្រឹង​ការ​អភិរក្ស​សត្វ​ផ្សោត​ទន្លេ​មេគង្គ​។ ទិវា​នេះ​រៀបចំឡើង ក៏​ដើម្បី​អបអរ ទិវា​សត្វ​ផ្សោត​ពិភពលោក (World Dolphin Day) ដែល​តែងតែ​ប្រារព្ធ​នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា​។ ក្រុម​អ្នក​អភិរក្ស​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ថា ការ​អភិរក្ស​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ទទួល​បាន​ជោគជ័យ​។ ទោះ​បី​យ៉ាងណា​សត្វ​ផ្សោត​ទាំងនេះ​នៅតែ​ប្រឈម​នឹង​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ពី​ការ​នេសាទ​ខុសច្បាប់ និង​ការសាងសង់​ទំ​បន់​វ៉ា​រី​អគ្គិសនី។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ WWF ផ្សាយ​ថ្ងៃទី២៤ ខែ​តុលា ឱ្យ​ដឹង​ថា ក្រុម​អ្នក​អភិរក្ស​បាន​សង្កេតឃើញ​ចំនួន​សត្វ​ផ្សោត​មកទល់​បច្ចុប្បន្ន​បាន​កើន​ឡើង​ថ្មី​ចំនួន ២០​ក្បាល និង​មានតែ ៩​ក្បាល​តែប៉ុណ្ណោះ​ដែល​ស្លាប់​ទៅវិញ។ កំណត់ត្រា​កំណើន​ចំនួន​សត្វ​ផ្សោត​នៅ​ឆ្នាំ ២០១៥ បង្ហាញ​ថា​មាន​សត្វ​ផ្សោត​ចំនួន ៨០​ក្បាល​។ ចំនួន​នេះ​បាន​កើន​ឡើង​ពី ៨០​ក្បាល ទៅដល់ ៩២​ក្បាល នៅ​ក្នុង​ឆ្នាំ ២០១៧។

នាយក​ប្រតិបត្តិ​របស់​អង្គការ WWF លោក សេង ទៀក បាន​លើកឡើង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ការ​ធ្លាក់​ចុះ​នៃ​ចំនួន​សត្វ​ផ្សោត​កន្លង​មក​នេះ បាន​បញ្ចប់​ទៅ​ហើយ ប៉ុន្តែ រយៈពេល​ចុងក្រោយ​នេះ​គឺ​មានតែ​ការ​កើន​ឡើង​វិញ។

ទោះ​យ៉ាង​ណា ក្រុម​អ្នក​អភិរក្ស​សង្កេត​ឃើញ​ថា ចំនួន​សត្វ​ផ្សោត​ទន្លេ​មេគង្គ​បច្ចុប្បន្ន​មាន​ត្រឹម ៩២​ក្បាល នៅ​តែ​មាន​ចំនួន​តិចតួច​នៅឡើយ បើ​ប្រៀបធៀប​នឹង​កាលពី​ជាង​មួយ​រយ​ឆ្នាំមុន ដែល​ផ្សោត​ទន្លេ​មេគង្គ និង​ទឹកសាប ធ្លាប់​មាន​រហូតដល់​ទៅ​ជាង បី​ពាន់​ក្បាល​ឯណោះ។

អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ WWF ឱ្យ​ដឹង​ដែរ​ថា សត្វ​ផ្សោត​ទន្លេ​មេគង្គ​នៅតែ​រង​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត ដោយសារតែ​ការ​នេសាទ​ខុសច្បាប់​ដូចជា​ការ​ដាក់មង​ក្នុង​តំបន់​ការពារ និង​ការ​សង់​ទំនប់​វារីអគ្គិសនី​កាត់​ទន្លេ​មេគង្គ។

ក្រុម​អ្នក​អភិរក្ស​បាន​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​កត្តា​គំរាមកំហែង​ទាំងនេះ ថា​អាច​នឹង​ប៉ះពាល់​ដល់​ការរស់រាន​របស់​សត្វ​ផ្សោត និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​សហគមន៍​មូលដ្ឋាន នៅ​តំបន់​នោះ​ផង​ដែរ។

ឆ្លើយតប​នឹង​បញ្ហា​ទាំងនេះ ក្រុម​អ្នក​អភិរក្ស​របស់​អង្គការ WWF និង​ដៃគូ​អភិរក្ស​ប្រកាស​ថា នឹង​ខិតខំ​អភិរក្ស​ប្រភេទ​សត្វ​ផ្សោត​នេះ តាមរយៈ​ការងារ​ពង្រឹង​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង កាត់បន្ថយ និង​លុប​បំបាត់​ចោល​នូវ​ការ​នេសាទ​ខុសច្បាប់​នានា ក្នុង​តំបន់​ការពារ​សត្វ​ផ្សោត ព្រមទាំង​កម្មវិធី​ផ្ដល់​ជម្រើស​ជីវភាព​ជាច្រើន​ដល់​សហគមន៍​មូលដ្ឋាន។

ពួកគេ​ក៏​ចង់​ជំរុញ​ឱ្យ​មាន​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ ដូចជា​ជម្រើស​ថាមពល​ពន្លឺ​ព្រះអាទិត្យ និង​ថាមពល​ខ្យល់ ជំនួស​ឱ្យ​គម្រោង​ទំនប់​វារីអគ្គិសនី ដែល​បង្ក​ការ​គំរាមកំហែង​លើ​អាយុជីវិត​សត្វ​ផ្សោត​ទន្លេ​មេគង្គ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​សហគមន៍​មូលដ្ឋាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល