តុលាការ​ខេត្ត​មណ្ឌលគិរី ​កោះហៅ​អ្នក​ការពារ​ព្រៃឈើ ៣សំណុំរឿង ដែល​អាជ្ញាធរ​ប្ដឹង

ដោយ ជាតិ ចំណាន
2020-05-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក គ្រើង តុលា អ្នក​ការពារ​ព្រៃឈើ ពេល​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ករណី​ទី១ ក្នុង​ចំណោម ៣ករណី នៅ​ព្រឹក​ថ្ងៃ​ទី២០ ខែ​ឧសភា ឆ្នាំ២០២០។
លោក គ្រើង តុលា អ្នក​ការពារ​ព្រៃឈើ ពេល​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ករណី​ទី១ ក្នុង​ចំណោម ៣ករណី នៅ​ព្រឹក​ថ្ងៃ​ទី២០ ខែ​ឧសភា ឆ្នាំ២០២០។
រូប៖ គេផ្ដល់ឱ្យ

ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ម្នាក់ ដែល​ហ៊ាន​លាត​ត្រដាង​ ពី​ភាព​អសកម្ម​របស់​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ​គឺ​លោក គ្រើង តុលា ​ត្រូវ​បាន​តុលាការ​ខេត្ត​នេះ ​ចេញ​ដីកា​កោះហៅ​ ៣ ​ករណី​ ផ្សេង​គ្នា​ ដោយ​ដើម​បណ្ដឹង គឺ​ជា​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី។

ជាតិ​ដើម​ភាគ​តិច​ព្នង​ រស់​នៅ​ឃុំ​ប៊ូស្រា ​ស្រុក​ពេជ្រាដា ​លោក ​គ្រើង តុលា ​ឱ្យ​ដឹង​ថា ​លោក​បាន​ចូលខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ​បាន​១​ករណី​ហើយ  នៅ​ព្រឹក​ថ្ងៃ​ទី២០ ខែ​ឧសភា។ ​ ភាគី​ដើម​បណ្តឹង ​គឺ​លោក ​ប៉ែត ភក្ត្រា​ ប្រធាន​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក ដែល​ប្ដឹង​លោក ក្រោយ​ពី​លោក​បាន​លាតត្រដាង​ពី​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​ជាច្រើន​កន្លែង និង​សកម្មភាព​កាប់​ទន្ទ្រានព្រៃ​អភិរក្ស​ជាង ១០០ហិកតារ ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​បរិស្ថាន​រូប​នេះ។

លោក គ្រើង តុលា ​អះអាង ​លោក​មាន​ភស្តុតាង​ សាក្សី ​និង​ទី​តាំង​ច្បាស់លាស់ ​បង្ហាញ​ប្រាប់​តំណាង​អយ្យការ  ​ទាក់ទិន​ករណី​ដែល​មន្ត្រី​នគរបាល​យុត្តិធម៌​រូប​នេះ ​មិន​អើពើ​បង្ក្រាប​បទល្មើស​ព្រៃឈើ ​និង​បណ្ដោយ​ឱ្យ​កើត​មាន​បទល្មើស​ឧក្រិដ្ឋ​ព្រៃឈើ ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​៖ «គោល​បំណង​របស់​ខ្ញុំ​សុំ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ក៏​ដូច​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ ​ឱ្យ​ចុះ​អន្តរាគមន៍​ ដើម្បី​ចុះ​កំណត់​ថា ​តើ​ព័ត៌មាន​ហ្នឹង​វា​ពិត ឬ​មិន​ពិត ចង់​ឱ្យ​គាត់​ចុះ​ទៅ​មើល​ផ្ទាល់​ ដើម្បី​ឱ្យ​មាន​ការ​ទប់​ស្កាត់។ រាល់​ថ្ងៃ​ខ្ញុំ​អត់​មាន​ភ័យ​ព្រួយ ​ព្រោះ​អ្នកមាន​ប៉ុណ្ណា? ​មាន​ឡាន​ជិះ​នៅ​តែ​ងាប់​ ដល់​ថ្ងៃ​ងាប់​នៅ​តែ​ងាប់»

តំណាង​អយ្យការ​អម​សាលា​ដំបូង ​ខេត្ត​មណ្ឌល​គិរី ​លោក ​ម៉ម វ៉ាន់ដា បាន​ចេញ​ដីកា​កោះហៅ​ លោក​ គ្រើង តុលា ​៣ ​សំណុំ​រឿង​មក​ហើយ ​គិត​ត្រឹម​ថ្ងៃ​ទី២០ ខែ​ឧសភា​នេះ​។ ​សំណុំ​រឿង​ទី១​ ពាក់ព័ន្ធ​ពាក្យ​បណ្ដឹង ​លោក ​ប៉ែត ភត្ត្រា ​ប្រធាន​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក ​ជា​ដើម​បណ្ដឹង។ សំណុំ​រឿង​ទី​២ ​ គឺ​អភិបាល​ស្រុក​អូររាំង លោក ​សៀក មុន្នី ​ជា​ដើម​បណ្តឹង ​ និង​សំណុំ​រឿង​ទី ​៣ ​លោក ​សម មុន្នី ​អតីត​មេឃុំ​ដាក់ដាំ​ជា​ដើម​បណ្ដឹង ​ដែល​ប្ដឹង​លោក ​គ្រើង​ តុលា ​ក្រោយ​ពី​លោក​ រិះគន់​ព្រៃ​អភិរក្ស​ជាង ​៣​ពាន់​ហិកតារ​ ត្រូវ​គេ​កាប់​បំផ្លាញ​រង្គាល ​ឋិត​ក្នុង​ឃុំ​ដាក់ដាំ​។ ​សំណុំ​រឿង​ទាំងនេះ​ ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ ​និង​ប្រមាថ ​អ្នក​រាជ​ការ​សាធារណៈ។

លោក​ គ្រើង តុលា ​អះអាង​ថា ​លោក​ត្រៀម​ខ្លួន​ជា​ស្រេច ​ឆ្លើយ​តទល់​ជាមួយ​អាជ្ញាធរ​ទាំងនេះ​ ហើយ​លោក​សង្ឃឹម​ថា ​តំណាង​អយ្យការ​នឹង​ផ្តល់​យុត្តិធម៌​ជូន​លោក​ដែល​ហ៊ាន​ចេញ​មុខ​ ការពារ​ធនធាន​ធម្មជាតិ ​ដែល​រង​ការ​បំផ្លិច​បំផ្លាញ​យ៉ាង​ខ្លាំងក្លា​។  ​លោក​ចាត់​ទុក ​ពាក្យ​បណ្ដឹង​ទាំង​នេះ ​ជា​ឆាក​ល្ខោន ​ដើម្បី​គំរាម​កំហែង​លោក ​និង​ពលរដ្ឋ​ផ្សេង​ទៀត​ មិន​ឱ្យ ​រិះគន់​ភាព​អសកម្ម​របស់​អាជ្ញាធរ​ និង​លាត​ត្រដាង​ពី​វិនាសកម្ម​ព្រៃឈើ៖ «ខ្ញុំ​គិត​ថា ​ខ្ញុំ​មាន​មូលដ្ឋាន​ក្នុង​ការ​តទល់​រឿង​ក្តី​ហើយ ​សម្រាប់​ខ្ញុំ ​អ៊ីចឹង​ខ្ញុំ​អត់​ភ័យ​ព្រួយ​ទេ ​តែ​អ្វី​ដែល​គាត់​ប្ដឹង​ហ្នឹង ​ជា​ឆាក​ល្ខោន​មួយ​ គំរាម​កំហែង​ដល់​សកម្មជន​ផ្សេងៗ»

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង ​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី​ លោក​ ម៉ម វ៉ាន់ដា ​ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ ​តែ​ទូរសព្ទ​ហៅ​ចូល​ច្រើន​ដង​ គ្មាន​អ្នក​ទទួល ​នៅ​ថ្ងៃ​ទី២០ ឧសភា។​

ចំណែក ​អ្នក​នាំ​ពាក្យ​តុលាការ​ខេត្ត​មណ្ឌលគិរី​ លោក ​មាស ប្រុស ​មាន​ប្រសាសន៍​ថា ​ តំណាង​អយ្យការ​នឹង​មិន​ឃុំ​ខ្លួន ​លោក ​គ្រើង តុលា ​នោះ​ទេ ​ប្រសិន​បើ ​លោក គ្រើង តុលា ​មិន​ប្រព្រឹត្ត​កំហុស។ លោក​ទទួល​ស្គាល់​ថា  ​សកម្មភាព​ភាព​របស់​លោក ​គ្រើង តុលា​ មិនមែន​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ​ទេ ​ គឺ​ការពារ​ផល​ប្រយោជន៍​ជាតិ​៖ «កោះ​ហៅ​គាត់ ​ឱ្យ​មក​បំភ្លឺ​សិន​ បាន​កោះ​ហៅ​ខាង​នោះ​ក្រោយ ​ឱ្យ​គាត់​មក​ឆ្លើយ ​ឱ្យ​ដឹង​សាច​រឿង​ឱ្យ​អស់ ​បាន​កោះ​ហៅ​ជន​ដែល​គាត់​ប្ដឹង។ បើ​គាត់​មិន​ខុស ​មាន​អី​ទេ ​គាត់​មាន​ទៅ​ការពារ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​គាត់​អី​ណា ​គាត់​ការពារ​ផល​ប្រយោជន៍​សម្បត្តិ​រួម​តើ»

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​ នៃ​សមាគម​អាដហុក​ (ADHOC)​ លោក​ ប៉ែន ប៊ុណ្ណារ៍​  មាន​ប្រសាសន៍​ថា ​សមាគម​អាដហុក ​បាន​បញ្ជូន​មេធាវី​ ២​រូប ​ជួយ​ការពារ​រឿង​ក្តី​ជូន​លោក ​គ្រើង តុលា ​ក្នុង​សំណុំ​រឿង​នីមួយៗ។  ​លោក​រំពឹង​ថា ​លោក​ គ្រើង តុលា ​នឹង​ទទួល​បាន​យុត្តិធម៌​  ប្រសិន​បើ​តុលាការ ​អនុវត្ត​ច្បាប់​ប្រកប​ដោយ ​វិជ្ជា​ជីវៈ ​និង​ក្រម​សីលធម៌​។ អ្នក​​ការពារ​សិទ្ធិមនុស្ស​រូប​នេះ​  សង្កេត​ឃើញ​ថា ​ ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី​ពិត​ជា​បាត់​បង់​ធំធេង​ពេក​ ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​៖ «អ្វី​ដែល​ប្ដឹង​ហ្នឹង ​គឺ​ការពារ​ព្រៃឈើ​ទាំងអស់។ អ្វី​ដែល​ជាក់ស្ដែង​ពិត​ប្រាកដ​ គឺ​បាត់​បង់​មែន​។ ​យើង​ប្ដឹង​រឿង​បាត់បង់​ហ្នឹង ​សូម​ទាមទារ​ឱ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ ពី​ព្រោះ​តាម​ផ្លូវ​ច្បាប់ ​កាល​ណា​បាត់​បង់​ព្រៃឈើ ​ត្រូវ​មាន​ស្ថាប័ន​ បុគ្គល​ធ្វើការ​ក្នុង​ស្ថាប័ន​ទទួល​ខុសត្រូវ​។ ​យើង​ប្ដឹង​បុគ្គល ​រដ្ឋ​ប្រគល់​តួនាទី ​ក្នុង​ការ​ទទួលខុស​ត្រូវ​បាត់បង់​ព្រៃឈើ​ហ្នឹង​ហើយ »

កាលពីដើម ឆ្នាំ២០២០  សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង (ពូនង) ៦នាក់ និង​មន្ត្រី​សង្គម​ស៊ីវិល​ម្នាក់ បាន​ប្តឹង​បរិហារ អភិបាល​ស្រុក​អូរ​រាំង លោក សៀក មុន្នី ទៅ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី ពី​បទ ​ចាប់​យក​ដី​ព្រៃ​អភិរក្ស​ប្រមាណ ៣០០​ហិកតារ មក​គ្រប់គ្រង​ជា​ទ្រព្យ​ឯកជន ​បំពាន​ច្បាប់  តែ​មក​ទល់​ពេល​នេះ សំណុំ​រឿង​នេះ មិន​ទាន់​ជឿន​លឿន​ទៅមុខ​នោះ​ទេ។ ចំណែក​អភិបាល​ស្រុក​រូប​នេះ បែរ​ជា​ប្ដឹង​បក​លោក គ្រើង តុលា វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល