ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី ស្នើ​អាជ្ញាធរ​ឱ្យ​ទប់ស្កាត់ការឈូសឆាយរំលោភភ្នំរ៉ាដាងទាំងមូល

ដោយ ទីន ហ្សាការីយ៉ា
2020-07-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ខេត្ត​មណ្ឌលគិរី តវ៉ា​ទាមទារ​អាជ្ញាធរ​ឱ្យ​បញ្ឈប់​ការ​ឈូស​ឆាយ​ព្រៃ​លើ​ខ្នង​ភ្នំ​រ៉ាដាង កាល​ពី​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ២០២០។
ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ខេត្ត​មណ្ឌលគិរី តវ៉ា​ទាមទារ​អាជ្ញាធរ​ឱ្យ​បញ្ឈប់​ការ​ឈូស​ឆាយ​ព្រៃ​លើ​ខ្នង​ភ្នំ​រ៉ាដាង កាល​ពី​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ២០២០។
រូប៖ សហគមន៍

​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​រាប់​រយ​គ្រួសារ​ រស់​នៅ​សង្កាត់​រមនា ​ក្រុង​សែនមនោរម្យ​ ខេត្តមណ្ឌលគិរី​រិះគន់​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​នេះ​ថា ​គ្មាន​ឆន្ទៈ​ការពារ​ដី​ព្រៃ​សាធារណៈ​របស់​រដ្ឋ​ ស្របតាម​បទបញ្ជា​របស់​រដ្ឋាភិបាល​នោះ​ទេ​។ ​ការរិះគន់​នេះ​ធ្វើឡើង ​ក្រោយ​ពីអ្នកមាន​អំណាច​ម្នាក់​ ដែល​ពួកគេ​មិន​ស្គាល់​អត្តសញ្ញាណ ​បាន​យក​គ្រឿង​ចក្រ​ឈូស​ឆាយ​ ទន្ទ្រាន​រំលោភ​យក​ដី​ភ្នំ​រ៉ា​ដាង​ទាំង​មូល ​ដើម្បី​កាន់​កាប់​ជា​សម្បត្តិ​បុគ្គល ​បង្ក​ឱ្យ​ប៉ះពាល់​ប្រភព​ទឹក​អូរ​ច្បា​ ដែល​អ្នក​ស្រុក​រាប់​ពាន់​គ្រួសារ ​អាស្រ័យផល​។

ក្រុម​ជន​ជាតិ​ដើម​ភាគ​តិចព្នង ​(ពូនង)​ រស់​នៅ​ភូមិ​ពូលូង ​សង្កាត់​រមនា ​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៦ ​កក្កដា​ថា ​ ភ្នំ​រ៉ាដាង ​ដែល​ជា​កន្លែង​អ្នកភូមិ​គោរព​បូជា​តាំង​ពី​បុរាណ​មក ​កំពុង​ទទួល​រង​ការ​ឈូស​ឆាយ​ ទន្ទ្រាន​ ​និង​កាន​កាប់​ជា​សម្បត្តិ​ឯកជន​បែប​អនាធិបតេយ្យ ​ក្លាយ​ជា​វាល​អស់​មួយ​ផ្នែក​ធំ​។ ​អ្នក​ភូមិ​ថា ​សកម្មភាព​ឈូសឆាយ​នោះ ​ក្រុម​ឈ្មួញ​បាន​ព្យាយាម​លាក់​ឈ្មោះ​មិន​ឱ្យ​ពលរដ្ឋ​ដឹង​ ថែមទាំង​ជួល​នគរបាល​មូលដ្ឋាន​ យាម​គ្រឿងចក្រ​ទាំងនោះ​ ​ដើម្បី​ហាម​មិន​ឱ្យ​ពលរដ្ឋ​ងើប​តវ៉ា​ និង​ទប់ស្កាត់​នោះទេ​។

តំណាង​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ​លោកស្រី ​រឿន ហែង ​ថ្លែង​ថា​ ឈ្មួញ​បាន​ប្រើ​គ្រឿង​ចក្រ​ឈូស​ឆាយ​​ឬ​អេស្កាវ៉ាទ័រ ១​គ្រឿង ឈូស​ឆាយ​ព្រៃ​ លើ​ខ្នង​ភ្នំរ៉ា​ដាង​អស់ ៦ហិកតារ​ហើយ​ ​រយៈ​ពេល​​ជាង ១​សប្តាហ៍​ចុង​​ក្រោយ​​នេះ បង្ក​ប៉ះពាល់​តំបន់​​ប្រពៃណី​វប្បធម៌​របស់​ពួកគាត់​។ ​លោក​ស្រី​ថា ​ទឹក​អូរ​ច្បា​ជា​ប្រភព​ទឹក​សំខាន់​ ហូរ ឆ្ពោះ​ទៅ​ស្រុក​កោះញែក ​នឹង​រីងស្ងួត ​ហើយ​ពលរដ្ឋ​រាប់ពាន់​គ្រួសារ​ នឹង​បាត់បង់​ទីកន្លែង​​អាស្រ័យ​ផល​តាំង​ពី​បុរាណ​មក​ ខណៈ​ឈ្មួញ​នៅតែ​បន្ត​សកម្មភាព​ឈូស​ឆាយ​៖ «ខ្ញុំ​រស់​នៅ​ទីនេះ ​ហើយ​កន្លែង​ហ្នឹង​ជា​ប្រភព​ទឹក​ដែល​ពលរដ្ឋ​ប្រើប្រាស់ ​មិន​ត្រឹមតែ​ខ្ញុំ​ទេ ​ពលរដ្ឋ​ទាំង​អស់​គ្នា​ ក៏​គាត់​ប្រើប្រាស់​ទឹក​ហ្នឹង​ដែល​មិន​ថា ​តែ​ខែ​ភ្លៀង ​ឬ​ខែ​ប្រាំង​ទេ។​ កាល​ណា​គាត់​ឈូស​ឆាយ​ហ្នឹង​ ទឹក​ហ្នឹង​វា​នឹង​រីង​ ចង់​និយាយ​ថា ​ភ្នំ ​និង​កន្លែង​ទឹក​ហ្នឹង​វា​ជា​ប្រភព​ទឹក​តែ​មួយ។​ ​សហគមន៍​ចង់​ទៅ​តវ៉ា​អត់​ឱ្យ​គាត់​ឈូស​ឆាយ ​ហើយ​គាត់​បាន​គំរាម​កំហែង​ថា បើ​ហ៊ាន​មក ​គេ​នឹង​ចាប់​ ពលរដ្ឋ​ក៏​គាត់​អត់​ហ៊ាន​ទៅ​ដែរ​​ ដោយ​សា​រតែ​គេ​ដាក់​ប៉ូលិស ​និង​ទាហាន​ឱ្យ​យាម​ឱ្យ​មើល​​»

ស្ត្រី​ដដែល​បន្ថែម​ថា ឈ្មួញ​បាន​យក​ពលរដ្ឋ​ជា​ខែល ​និង​ប្រើ​ល្បិច ​ឱ្យ​ពលរដ្ឋ​ជាង ​២០​គ្រួសារ​ ផ្ដិត​មេដៃ​លើ​ឯកសារ​មួយ​សន្លឹក​ដោយ​អះអាង​ថា ​ជា​អំណោយ​មនុស្សធម៌​សម្រាប់​ចែក​ជូន​ពលរដ្ឋ​ ក្នុង​មួយ​គ្រួសារ ​២០០​ដុល្លារ ​ស្មើៗ ​គ្នា​។ ​លោក​ស្រី​ថា  ក្រុម​ពលរដ្ឋ​បាន​ឯកភាព ​ទទួល​ប្រាក់​ទាំង​នោះ ​និង​ព្រម​ផ្ដិត​មេដៃ ​ហើយ​ឈ្មួញ​បាន​យក​ឯកសារ​ទាំងនោះ​  ក្លែង​ជា​លិខិត​ទិញ​លក់​ដី​នៅ​តំបន់​ភ្នំ​រ៉ាដាង​ទៅ​វិញ ​ធ្វើ​ឱ្យ​ពលរដ្ឋ​ខឹង​សម្បា​៖ «ពលរដ្ឋ​កំពុង​តែ​តវ៉ា​មិន​ចង់​ឱ្យ​គាត់​លក់​ទេ ​ហើយ​អត់​ចង់​ឱ្យ​មាន​ការ​ឈូស​ឆាយ ​និង​អត់​ចង់​ឱ្យ​លក់​ដូរ​អ៊ីចឹង​ណា។​ ដល់​ពេល​នេះ​ទៅ ​វា​យក​អាអ៊ីច​ មិន​ឈូស​ហ្មង។ គេ​អត់​រង់​ចាំ​ការ​ដោះស្រាយ​ពី​ពលរដ្ឋ​ផង​»

កាល​ពី​ចុង​ខែ​មិថុនា​កន្លង​ទៅ ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ជាង​ ២០នាក់ ​បាន​លើក​គ្នា​តវ៉ា​ នៅ​លើ​ភ្នំ​រ៉ាដាង ​ស្នើ​ឱ្យ​លោក ​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​អន្តរាគមន៍ ​ទប់ស្កាត់​ជន​ខិលខូច ​លក់​ និង​ឈូស​ឆាយ​ដី​ភ្នំ​រ៉ាដាង ​ដែល​ជា​ប្រភព​ទឹក​អូរច្បា ​និង​ជា​អណ្តូង​ទឹក​សមូហភាព​ ដែល​សហគមន៍​ប្រើប្រាស់​ប្រចាំថ្ងៃ​។ អ្នក​ភូមិ​ថា  ​ប្រភព​ទឹក​នេះ​ មិន​ចេះ​រីង​ស្ងួត​ទាំង​រដូវ​ប្រាំង ​និង​វស្សា​។

ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ខេត្ត​មណ្ឌលគិរី តវ៉ា​ទាមទារ​អាជ្ញាធរ​ឱ្យ​បញ្ឈប់​ការ​ឈូស​ឆាយ​ព្រៃ​លើ​ខ្នង​ភ្នំ​រ៉ាដាង កាល​ពី​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ២០២០។ រូប៖ សហគមន៍
ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ខេត្ត​មណ្ឌលគិរី តវ៉ា​ទាមទារ​អាជ្ញាធរ​ឱ្យ​បញ្ឈប់​ការ​ឈូស​ឆាយ​ព្រៃ​លើ​ខ្នង​ភ្នំ​រ៉ាដាង កាល​ពី​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ២០២០។ រូប៖ សហគមន៍

ក្រុម​ពលរដ្ឋ​ដែល​លើក​គ្នា​តវ៉ា​នោះ ​សោកស្តាយ ​ចំពោះ​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​នេះ ​ និង​ចង់​ឱ្យ​អាជ្ញាធរ​រក្សា​តំបន់​នោះ ​ជា​កន្លែង​អភិរក្ស​សុខ​ដុម​រមនា​របស់​អ្នក​ស្រុក​«សូម​មេត្តា​ជួយ​ដី​ហ្នឹង ​កុំ​ឱ្យ​ឈូស​ឆាយ ​ព្រោះ​ការ​ឈូស​ឆាយ​អស់​អាលីង​ហើយ​»

ចៅ​សង្កាត់​រមនា ​លោក ​ភី ងូក ​បដិសេធ​មិន​បំភ្លឺ​រឿង​នេះ​ទេ ​ដោយ​លោក​បាន​ចុច​ផ្តាច់​ទូរសព្ទ​ និង​ឈប់​ទទួល​ទូរសព្ទ​ នៅ​ថ្ងៃ​ទី៦ ​កក្តដា​។

ចំណែក​អ្នក​នាំ​ពាក្យ​សាលាខេត្ត​មណ្ឌលគិរី​ លោក ​សុក សេរ៉ា  ​ថ្លែងថា ​អាជ្ញាធរ​មូលដ្ឋាន​ នៅ​មិន​ទាន់​រាយការណ៍​ករណី​នេះ ​មក​អាជ្ញាធរ​ខេត្ត​នៅឡើយ​ទេ​មក​ទល់​ពេល​នេះ។​ លោកថា​ ការ​ឈូស​ឆាយ​ភ្នំ​នេះ ​ប្រសិន​បើ​រដ្ឋបាល​ខេត្ត​ដឹង ​នឹង​ចុះ​អន្តរាគមន៍​ចាត់​វិធានការ​ ព្រោះ​អភិបាលខេត្ត​បាន​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ យក​ចិត្ត​ទុកដាក់ ​ការពារ​ដី​ព្រៃ​សាធារណៈ​របស់​រដ្ឋ​ ស្របតាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល«អាជ្ញាធរ​ខេត្ត​មិនទាន់​បាន​ទទួល​ព័ត​មាន​ហ្នឹង​ទេ ​បើ​បាន​ទទួល​ពាក្យ​បណ្តឹង​ ពី​អាជ្ញាធរ​មក ​ឬ​ក៏​យ៉ាង​ម៉េច​ឃាត់ ​គេ​មិន​ស្តាប់​ម៉េច?​ ប៉ុន្តែ​ខ្លាចក្រែង​ឈូស​ឆាយ​នោះ ​មាន​ច្បាប់​ទម្លាប់ ​គ្រាន់តែ​មាន​ច្បាប់​ទម្លាប់​ ប៉ុន្តែ​និយាយ​រួម​ខេត្ត​អត់​ទាន់​ដឹង​ទេ ​បើ​ខេត្ត​ដឹង​ ខេត្ត​នឹង​ចាត់​វិធានការ ​ព្រោះ​ប៉ុន្មាន​ថ្ងៃនេះ​ អភិបាលខេត្ត​លោក​ដាក់​វិធានការ​ខ្លាំង​ណាស់ ​ធ្ងន់​ណាស់ ​សម្រាប់​អ្នក​ឈូស​ព្រៃ​រដ្ឋ ​គ្រប់គ្រង​ដី​រដ្ឋ​ខុសច្បាប់​ ទន្ទ្រាន​ដី​រដ្ឋ​មក​ធ្វើជា​កម្មសិទ្ធិ​គឺ​ខេត្ត​មាន​វិធាន​ការ​ក្តៅ​បំផុត»

សមាជិក​បណ្ដាញ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ​ខេត្ត​មណ្ឌលគិរី ​លោក ​គ្រើង តុលា ​ ចាត់​ទុក​ការ​ឈូស​ឆាយ​នេះ ​ជា​ទង្វើ​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ធ្ងន់ធ្ងរ​

និង​បំផ្លាញ​ទីកន្លែង​ជំនឿ​សាសនា​របស់​អ្នកភូមិ​។ ​លោកថា ​ព្រៃឈើ​ដែល​ដុះ​តាម​ជម្រាល​ភ្នំ ​ខ្នងភ្នំ​ និង​ចង្កោះ​ភ្នំ​មាន​សារៈ​សំខាន់​ណាស់ ​ជួយ​រក្សា​ប្រភព​ទឹក​អូរច្បា ​ហើយ​សិន​បើ​វា​បាត់បង់​ ​ទឹក​អូរធម្មជាតិ​មួយ​នេះ ​នឹង​រីងស្ងួត ​ប៉ះពាល់​ជីវភាព​ពលរដ្ឋ​រាប់ពាន់​គ្រួសារ​ ដែល​រស់នៅ​ខ្សែ​ទឹក​ខាង​ក្រោម​«និយាយ​ចំក្បាល​អូរ​ហ្មង​កន្លែង​ហ្នឹង​កាល​ណា​អស់​ព្រៃ​កន្លែង​ហ្នឹង​គឺ ​ទឹក​នឹង​រីង ​ព្រោះ​ទឹក​ហ្នឹង​ជា​កន្លែង​អូរ​ច្បា​ធំ​មែន​ទែន​ទឹក​ហ្នឹង ​ហើយ​ហូរ​ពី​ក្រុង​សែនមនោរម្យ​ រហូត​ដល់​កោះញែក ​ហើយ​ពលរដ្ឋ​ទូទាំង​ស្រុក​កោះញែក​គឺ ប្រើ​ទឹក​ហ្នឹង​ទាំងអស់​។ តំបន់​ហ្នឹង​គឺជា​តំបន់​ដែល​ពលរដ្ឋ​ ព្រៃ​តំណម​ រហូត​ដល់​បច្ចុប្បន្ន​គេ​គោរព​បូជា ​លើ​ភ្នំ​ហ្នឹង​ ពលរដ្ឋ​អត់​ហ៊ាន​ប៉ះពាល់​ទេ​ភ្នំ​ហ្នឹង​អ៊ីចឹង​»

សហគមន៍​ថា ​ភ្នំ​រ៉ាដាង​មាន​ទំហំ​ប្រមាណ ​២០​ហិកតារ ​ជា​តំបន់​ប្រើប្រាស់​សមូហភាព​ និង​ជា​ទី​តាំង​រក្សា​ប្រភព​ទឹក​អូរច្បា​យ៉ាង​សំខាន់ ​មាន​ទឹក​ផុស​ចេញ​ពី​ក្នុង​ដី​ ហើយ​ក៏​ជា​តំបន់​ដែល​អ្នក​ស្រុក​សែនព្រេន ​បែប​ជំនឿ​សាសនា​ជនជាតិ​ដើម​ភាគតិច​ជា​រៀង​រាល់​ឆ្នាំ។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ​(ADHOC) ​ខេត្ត​មណ្ឌលគិរី ​លោក ​អ៊ាង ម៉េងលី ​ ចាត់ទុក​ការ​ឈូស​ឆាយ​ភ្នំ​នេះ ​ជា​ទង្វើ​ល្មើស​ច្បាប់​។ ​លោកថា ​អាជ្ញាធរ​ខេត្ត​គួរតែ​ចាត់​វិធាន​ការ​ ស៊ើប​អង្កេត​ករណី​នេះ ​ឱ្យ​មាន​ប្រសិទ្ធភាព ​និង​ត្រូវ​អនុវត្ត​ច្បាប់​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន ​ឃុបឃិត​ជាមួយ​ឈ្មួញ​ រំលោភ​ដី​ព្រៃ​របស់​រដ្ឋ​ខុសច្បាប់​«អាជ្ញាធរ​ខេត្ត​ប្រសិន​បើ​ដឹង​ព័ត​មាន​ ពី​បញ្ហា​អស់​ហ្នឹង​ហើយ ​ត្រូវតែ​ចុះ​ទៅ​ស៊ើប​អង្កេត​ប្រមូល​ព័ត​មាន​ តើ​ដូច​អ្វី​ដែល​ពលរដ្ឋ​លើក​ឡើង​ដែល​ឬ​ទេ? ​​ប្រសិន​បើ​រក​ឃើញ​ថា​ វា​ជា​រូបភាព​មួយ ​រង​គ្រោះ​ពិត​ប្រាកដ​មែន​ ត្រូវតែ​ចាត់​វិធានការ​ទប់ស្កាត់​ករណី​ហ្នឹង​ជា​បន្ទាន់ ​ចៀសវាង​ការ​រំលោភ​បំពាន​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ ​ហើយ​ពលរដ្ឋ​កាន់តែ​រងគ្រោះ​ថែម​ទៀត​អ៊ីចឹង​»

កាល​ពី​ថ្ងៃ​ទី១៩ ​​ខែ​មិថុនារដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ ​លោក ​វេង សាខុន​ បាន​ចេញ​បញ្ជា​ជា​ថ្មី​ទៀត ​ឱ្យ​មន្ទីរ​ជំនាញ ​ចាត់​វិធាន​ការ​បង្ក្រាប ​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ​និង​ការ​កាប់​រាន​ ដុត ​និង​ឈូស​ឆាយ ​ដី​ព្រៃឈើ​គ្រប់​ប្រភេទ​។ ​លោក​ វេង សាខុន​ ស្នើ​ឱ្យ​អភិបាល​ខេត្ត​នីមួយៗ ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ព្រៃឈើ ទប់ស្កាត់​បទល្មើស​គ្រប់​រូបភាព ​បន្ទាប់​ពី​លោក​​ពិនិត្យ​ឃើញ​ថា ​ឈូស​​ឆាយ​​ដី​​ព្រៃ​​រដ្ឋ​ខុសច្បាប់ ​នៅ​បន្ត​កើត​មាន​ក្នុង​ខេត្ត​មួយ​ចំនួន​។ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា ​អភិបាល​ខេត្ត​នីមួយៗ ​មិន​អនុវត្ត​តាម​លិខិត​នេះ​ទេ​៕

ត្រាក់ទ័រ​ដែល​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ខេត្ត​មណ្ឌលគិរី អះអាង​ថា ជា​របស់​អ្នក​មាន​អំណាច មក​ឈូស​ឆាយ​ព្រៃ​លើ​ខ្នង​ភ្នំ​រ៉ាដាង កាល​ពី​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ២០២០។ រូប៖ សហគមន៍
ត្រាក់ទ័រ​ដែល​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ខេត្ត​មណ្ឌលគិរី អះអាង​ថា ជា​របស់​អ្នក​មាន​អំណាច មក​ឈូស​ឆាយ​ព្រៃ​លើ​ខ្នង​ភ្នំ​រ៉ាដាង កាល​ពី​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ២០២០។ រូប៖ សហគមន៍


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល