តុលាការ​ខេត្ត​មណ្ឌលគិរី​កោះ​ហៅ​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​ម្នាក់​ទៀត ពាក់ព័ន្ធ​រឿង​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច

ដោយ មួង ណារ៉េត
2019-08-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ​ចាន់ ​សាវុឌ្ឍ រដ្ឋ​លេខាធិការ​​ក្រសួង​កសិកម្ម​ និង​ជា​ប្រធាន​លេខាធិការ​ដ្ឋាន​សម្បទាន​ដី​សេដ្ឋកិច្ច​​ ដែល​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី​ កោះ​អញ្ជើញ​ឱ្យ​​ទៅ​​បំភ្លឺ​នៅ​​តុលាការ នៅ​​ថ្ងៃ​​ទី១២ ខែ​​កញ្ញា ឆ្នាំ២០១៩ ពាក់ព័ន្ធ​​ភាព​មិន​ប្រក្រតី​នៃ​ការ​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​ជិត ​១ម៉ឺន​ហិកតារ។
លោក ​ចាន់ ​សាវុឌ្ឍ រដ្ឋ​លេខាធិការ​​ក្រសួង​កសិកម្ម​ និង​ជា​ប្រធាន​លេខាធិការ​ដ្ឋាន​សម្បទាន​ដី​សេដ្ឋកិច្ច​​ ដែល​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី​ កោះ​អញ្ជើញ​ឱ្យ​​ទៅ​​បំភ្លឺ​នៅ​​តុលាការ នៅ​​ថ្ងៃ​​ទី១២ ខែ​​កញ្ញា ឆ្នាំ២០១៩ ពាក់ព័ន្ធ​​ភាព​មិន​ប្រក្រតី​នៃ​ការ​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​ជិត ​១ម៉ឺន​ហិកតារ។
រូប៖ មន្ត្រី​ក្រសួង​កសិកម្ម​ផ្ដល់​ឱ្យ

សាលាដំបូង​ខេត្ត​មណ្ឌលគីរី ចេញ​លិខិត​អញ្ជើញ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​កសិកម្ម​ម្នាក់​ទៀត ទៅ បំភ្លឺ​នៅ​ថ្ងៃ​ទី១២ ខែ​កញ្ញា ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​នៃ​ការ​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​ជិត ​១ម៉ឺន​ហិកតារ (.៧៤១) ឲ្យ​ក្រុមហ៊ុន​វៀតណាម​វិនិយោគ​ក្នុង​ខេត្ត​នេះ។ រីឯ​មន្ត្រី​សង្គម​ស៊ីវិល មិន​សូវ​មាន ជំនឿ​ថា តុលាការ​នឹង​អនុវត្ត​ច្បាប់​តឹងរ៉ឹង​លើ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​នោះ​ទេ។

ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី​ លោក ​ហៀង ​សុភក្ដ្រ ​បាន​ចេញ​លិខិត​អញ្ជើញ​រដ្ឋ​លេខាធិការ​​ក្រសួង​កសិកម្ម​ និង​ជា​ប្រធាន​លេខាធិការ​ដ្ឋាន​សម្បទាន​ដី​សេដ្ឋកិច្ច​លោក ​ចាន់ ​សាវុឌ្ឍ ​ទៅ​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃ​ទី១២ ខែ​កញ្ញា​ខាង​មុខ​នេះ។

លិខិត​កោះ​អញ្ជើញ​ដែល​អាស៊ី​សេរី​ទទួល​បាន​នៅ​ថ្ងៃ​ទី៣០ ខែ​សីហា បង្ហាញ​ថា មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​កសិកម្ម​រូប​នេះ ត្រូវ​ឆ្លើយ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ការ​អនុញ្ញាត​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន ផេស៊ីហ្វិកហ្គេ្រន (Pacific Grand Joint-stock Company Limited) មាន​ទំហំ​ជិត១ម៉ឺន​ហិកតារ (.៧៤១) នៅ​ស្រុក​កោះ​ញ៉ែក ខេត្ត​មណ្ឌលគិរី។ អាជ្ញាធរ​បាន​បិទ​ក្រុមហ៊ុន​នេះ បន្ទាប់​ពី​រក​ឃើញ​ថា មាន​ការ​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃឈើ និង​មិន​បាន​អនុវត្ត​តាម​កិច្ច​សន្យា​ជាមួយ​រដ្ឋាភិបាល។

កាល​ពី​ថ្ងៃ​ទី៣១ ខែ​កក្កដា​កន្លងទៅ សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ក៏​បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​នាយក ក្រុមហ៊ុន ផេស៊ីហ្វិកហ្គេ្រន ជា​ជន​ជាតិ​វៀតណាម ឈ្មោះ ផាម កុក ឡុង (PHAM QUOC LONG) ភេទ​ប្រុស អាយុ ៦០ឆ្នាំ ចូល​ខ្លួន​បំភ្លឺ​ឲ្យ​បាន​មុន​ថ្ងៃ​ទី៣០ ខែ​សីហា​ដែរ ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​ផល អនុផល​ព្រៃឈើ ដោយ​គ្មាន​លិខិត​អនុញ្ញាត និង​បទ​ល្មើស​ព្រៃ​ឈើ​ដទៃ​ទៀត ប៉ុន្តែ​ជន​សង្ស័យ​រូប​នេះ​គេច​ខ្លួន​មិន​បាន​ចូល​បំភ្លឺ​នោះ​ទេ។

អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​មណ្ឌលគិរី លោក​ ម៉ន​ វ៉ាន់​ដា មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​បន្ថែម ទៅ​លើ​ដីកា​កោះហៅ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​កសិកម្ម​នោះ​ទេ ប៉ុន្តែ​លោក​ថា ចំពោះ​ករណី​នាយក​ក្រុមហ៊ុន ផេស៊ី ហ្វិក ហ្គ្រេន មិន​ចូល​បំភ្លឺ​តាម​ដីកា​បញ្ជា គឺ​តុលាការ​នឹង​អនុវត្ត​នីតិវិធី​បន្ត​ទៀត៖ «នីតិវិធី​បន្ត តុលាការ​នឹង​ចេញ​ទៀត​ហើយ តែ​មិន​អាច​ជម្រាប​បាន​ទេ»

អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​សម្បទាន​ដី​សេដ្ឋកិច្ច​លោក ចាន់ សាវុឌ្ឍ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី៣០ ខែ​សីហា។

កាល​ពី​ថ្ងៃ​ទី២១ ខែ​សីហា​ ព្រះរាជ​អាជ្ញា​ខេត្ត​មណ្ឌលគិរី ក៏​បាន​អញ្ជើញ​អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម​លោក ឡោ រស្មី ទៅ​បំភ្លឺ​នៅ​តុលាការ​ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​ដី​សម្បទាន​ឲ្យ​ក្រុមហ៊ុន ផេស៊ីហ្វិក ហ្គ្រេន នេះ​ដែរ ប៉ុន្តែ​ក្រោយ​ការ​សួរនាំ​ពេញ​មួយ​ព្រឹក​នោះ ព្រះរាជអាជ្ញា​បាន​អនុញ្ញាត​ឲ្យ​លោក​ត្រឡប់​ទៅ​ផ្ទះ​វិញ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ លើក​ឡើង​ថា តុលាការ​ខេត្ត មណ្ឌលគិរី កំពុង​អនុវត្ត​នីតិវិធី​ច្បាប់​ពី​មួយ​ដំណាក់កាល​ទៅ​មួយ​ដំណាក់​កាល ប៉ុន្តែ​ដំណាក់កាល​ខ្លះ អាច​ស្ងប់ស្ងាត់​បាត់​ទៅ​វិញ ប្រសិន​បើ​ថ្នាក់​ដឹក​នាំ​ស្ងប់ស្ងាត់​ដែរ។ លោក​កត់​សម្គាល់​ថា ​សំណុំ​រឿង​ធំៗ ដែល​ឈាន​ទៅ​ចាប់​ខ្លួន​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​មួយ​ចំនួន​កន្លង​មក លុះ​ត្រា​តែ​មាន​ការ​ចង្អុល បង្ហាញ ឬ​មាន​ភ្លើង​ខៀវ​ពី​នាយក​រដ្ឋមន្ត្រី៖ «បទ​ល្មើស​ព្រៃ​ឈើ​នៅ​កម្ពុជា​សព្វ​ថ្ងៃ​នេះ វា​មិន​មែន​បង្ក​ឡើង​ដោយ​មនុស្ស​ម្នាក់​ទេ ។ការ​បណ្ដែតបណ្ដោយ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្រោម ហេតុផល ឬ​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ វា​មាន​ទំនាក់ទំនង​ដ៏​ស្មុគស្មាញ​ ហើយ​វា​ក៏​ជា​ទម្រង់​នៃ​ការ​រំលោភ​អំណាច​ដែរ។ នៅ​ពេល​មាន​ទម្រង់​បែប​នេះ​នៅ​ពេល​ចាត់​វិធានការ​ទៅ​វា គឺ​ជា​ប្រភេទ​សម្ល​កំពឹស ម្ល៉ោះ​ហើយ​គេ​ត្រូវ​សើរើ​មើល​ជា​ប្រព័ន្ធ ហើយ​បើ​កាល​ណា​គេ​មើល​ជា​ប្រព័ន្ធ​គេ​ត្រូវ​ពិនិត្យ​មើល​ទៅ​លើ​អំណាច​របស់​តុលាការ​ថា តើ​តុលាការ​អាច​មាន​ឥទ្ធិពល​ប៉ុណ្ណា​ទៅ​លើ​ជន បង្ក ឬ​ក្រុម​អ្នក ដែល​មាន​អំណាច។ខ្ញុំ​ដូច​ជា​មិន​ទាន់​មាន​ជំនឿ​លើ​វិធានការ​នេះ​ទេ តែ​ចាំ​មើល​លទ្ធផល​សិន»

សកម្មជន​ការពារ​ព្រៃ​ឈើ​អះអាង​ថា ប្រសិន​បើ​គ្មាន​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ទេ គឺ​ក្រុមហ៊ុន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំង​អស់ មិន​ងាយ​ហ៊ាន​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុស​ច្បាប់​ជា​ច្រើន​ឆ្នាំ​នោះ​ទេ។

កាល​ពី​ពេល​ថ្មីៗ នេះ តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​ឧកញ៉ា​ចំនួន ២នាក់​ហើយ គឺ​លោក ស៊ឹង សំអុល និង​លោក គង់ ក្រឹង ដែល​ល្បី​ខាង​នាំ​ឈើ​ឆ្លងដែន​ខុសច្បាប់​ទៅ​លក់​ប្រទេស​វៀតណាម​។ ចំណែក

ឧកញ៉ា​ ៣​នាក់​ទៀត បាន​រត់​គេច​ខ្លួន មិន​ចូល​បំភ្លឺ​នៅ​តុលាការ​ពាក់ព័ន្ធ​បទល្មើស​ព្រៃ​ឈើ​នោះ​ទេ។ ក្នុង​នោះ​មាន ឧកញ៉ា ស្រ៊ុន ម៉េងលាង ជា​ម្ចាស់​ក្រុមហ៊ុន​ ម៉េង​លាង ឧកញ៉ា តុប វីដា ជា​ម្ចាស់​ក្រុមហ៊ុន ​វិជ្ជរី និង​ឧកញ៉ា វន់ ប៊ុនថៃ។ ក្រៅពី​ឧកញ៉ា​ទាំង​នេះ សាលាដំបូង​ខេត្ត​មណ្ឌលគិរី ក៏​បាន​​កោះ​ហៅ​មនុស្ស​ប្រមាណ ២០​នាក់​ផ្សេង​ទៀត ឱ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​អំឡុង​ចុងខែ​សីហា​ ក្នុង​នោះ​មាន​ទាំង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ ម្ចាស់​ក្រុមហ៊ុន នាយក​ក្រុមហ៊ុន អ្នក​ចាត់ចែង​ក្រុមហ៊ុន ហើយ​មាន​ជន​សង្ស័យ​មួយ​ចំនួន​គឺជា​ជន​ជាតិ​ចិន និង​ជន​ជាតិ​វៀតណាម​ផង​ដែរ។

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​មណ្ឌលគីរី លោក មាស ប្រុស ប្រាប់​អាស៊ី​សេរី​ថា លោក​មិន​ដឹង​ថា មាន​មនុស្ស​ប៉ុន្មាន​បាន​ចូល​បំភ្លឺ​នោះ​ទេ គ្រាន់​តែ​ដឹង​ថា ​អ្នក​ខ្លះ​សុំ​ពន្យារ​ពេល ដើម្បី​រក​មេធាវី ហើយ អ្នក​ខ្លះ​ទៀត​កំពុង​រត់​គេច​ខ្លួន។ ប៉ុន្តែ តុលាការ​នឹង​អនុវត្ត​តាម​នីតិវិធី​បន្ត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រ​ទាំងមូល