ពលរដ្ឋ​ និង​ព្រះសង្ឃ​ជា​ច្រើន​អង្គ​​ធ្វើ​បុណ្យ​សុំ​សេចក្ដី​សុខ​នៅ​ព្រៃ​សង្ឃ​រុក្ខាវ័ន ដើម្បី​ការពារ​ព្រៃ​ឱ្យ​បាន​គង់វង្ស

ដោយ សេក បណ្ឌិត
2020-02-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជាពលរដ្ឋ និង​ព្រះសង្ឃ នៅ​ព្រឹក​ថ្ងៃ​ទី២ កុម្ភៈ រួម​គ្នា​ធ្វើ​បុណ្យ​ព្រៃ​ឈើ ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​ ចូល​រួម​ការពារ​ព្រៃ​សហគមន៍​សង្ឃ​រុក្ខវន្ត នៅ​ខេត្ត​ឧត្ដរ​មាន​ជ័យ ឱ្យ​បាន​គង់វង្ស។
ប្រជាពលរដ្ឋ និង​ព្រះសង្ឃ នៅ​ព្រឹក​ថ្ងៃ​ទី២ កុម្ភៈ រួម​គ្នា​ធ្វើ​បុណ្យ​ព្រៃ​ឈើ ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​ ចូល​រួម​ការពារ​ព្រៃ​សហគមន៍​សង្ឃ​រុក្ខវន្ត នៅ​ខេត្ត​ឧត្ដរ​មាន​ជ័យ ឱ្យ​បាន​គង់វង្ស។
រូប៖ ពលរដ្ឋ

ប្រជាពលរដ្ឋ ប្រមាណ​៥០០​នាក់ និង​ព្រះសង្ឃ​ជាង ១០០អង្គ នៅ​ព្រឹក​ថ្ងៃ​ទី២ កុម្ភៈ បាន​រួម​គ្នា​ធ្វើ​បុណ្យ​ព្រៃឈើ ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​ ចូល​រួម​ការពារ​ព្រៃ​សហគមន៍​សង្ឃ​រុក្ខាវ័ន នៅ​ខេត្ត​ឧត្ដរ​មាន​ជ័យ ឱ្យ​បាន​គង់វង្ស។ ព្រះប្រធាន​ព្រៃ​សង្ឃ​រុក្ខវន្ត យល់​ថា ​ការ​ធ្វើ​បែប​នេះ​នឹង​ជួយ​ឱ្យ​ការ​ថែរក្សា​ព្រៃឈើ​បាន​គង់វង្ស។

ប្រធាន​សហគមន៍​ព្រៃ​សង្ឃ​រុក្ខាវ័ន ព្រះតេជព្រះគុណ ប៊ុន សាលួត មាន​ថេរ​ដីកា ក្រោយ​ពេល​ចប់​ពិធី​បុណ្យ​ថា ​ពិធី​នេះ​ ជា​ខួប​លើក​ទី​១៩​ហើយ​ ដែល​ព្រះអង្គ​បាន​រៀបចំ​ឡើង​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ អាជ្ញាធរ​ពាក់ព័ន្ធ អង្គការ​សង្គម​ស៊ីវិល​ និង​ព្រះសង្ឃ​បាន​យល់​ដឹង​ពី​សារប្រយោជន៍​របស់​ព្រៃឈើ និង​រួម​គ្នា​ការពារ​ព្រៃ​ឈើ​ឱ្យ​បាន​គង់វង្ស​ទៅ​ថ្ងៃមុខ​ទៀត​។ ព្រះអង្គ​បន្ថែម​ថា ចំណុច​សំខាន់​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​ពិធី​បុណ្យ​នេះ គឺ​ព្រៃឈើ​ជា​របស់​យើង​ទាំង​អស់​គ្នា​មិន​មែន​ជា​របស់​ព្រះសង្ឃ​ឬ​របស់​ជន​ណា​ម្នាក់​ឡើយ ហើយ​ត្រូវ​តែ​ការពារ​ឱ្យ​បាន​គង់វង្ស​ ដើម្បី​​រក្សាទុក​ជា​សម្បត្តិ​រួម​​របស់​ជាតិ​ឱ្យ​បាន​យូរ​អង្វែង​ទៅ​មុខ​ទៀត៖ «ចំរើន​ពរ​ដោយសារ​តែ​ព្រៃ​នៅ​កម្ពុជា​ ចាប់​ពី​ឆ្នាំ​២០០៨​ មក​ គឺ​ត្រូវ​បាន​កាប់​បំផ្លាញ​យ៉ាង​លឿន​បំផុត​។ អីចឹង​បាន​ថា ​ការ​រួម​ចំណែក​ថែរក្សា​​អភិរក្ខ​នេះ​ គឺ​ត្មា​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ ដោយសារ​​មិន​ចង់​ឱ្យ​បាត់បង់​លឿន​ ហើយ​មិន​ចង់​ឃើញ​ប្រជាជន​និង​កូន​ចៅ​ជំនាន់​ក្រោយ​ស្រក់​ទឹក​ភ្នែក​ដោយសារ​អត់​ព្រៃឈើ»

ប្រជាពលរដ្ឋ​ម្នាក់​នៅ​ក្រុង​សំរោង ដែល​បាន​ចូល​រួម​ធ្វើ​បុណ្យ លោក ម៉ា ប៊ុនធឿន ថ្លែង​ថា ព្រៃ​សហគមន៍​សង្ឃ​​រុក្ខាវ័ន​នេះ ​ផ្ដល់​ប្រយោជន៍​សំខាន់​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស អ្នក​រស់​នៅ​ខេត្ត​ឧត្ដរ​មាន​ជ័យ ដោយ​ពួក​គាត់​បាន​ប្រមូល​អនុផល​ព្រៃ​ឈើ ដូច​ជា​ការ​បោច​វល្លិ នេសាទ​ត្រី​ជា​លក្ខណៈ​គ្រួសារ ដើម្បី​រក​ប្រាក់​ដោះ​ស្រាយ​ជីវភាព​គ្រួសារ​ជា​ដើម។ លោក​បន្ថែម​ថា អ្នក​ចូល​រួម​ពេញ​ចិត្ត​នឹង​ការ​ធ្វើ​បុណ្យ​ថែ​រក្សា​ព្រៃ​នេះ ពី​ព្រោះ​ការ​ធ្វើ​បែប​នេះ​អាច​ជួយ​ឱ្យ​ព្រៃ​ឈើ​តំបន់​នោះ​​បាន​គង់វង្ស​ល្អ​ជាង​ព្រៃ​នៅ​តំបន់​ផ្សេង​ទៀត៖ «មិន​មាន​តែ​ព្រះអង្គ​ឯង​ទេ​ គឺ មាន​ព្រះសង្ឃ​ជា​ច្រើន​ បកស្រាយ​ជូន​ទាំង​អស់​ច្រើន​ដែរ​។ល្អ​ត្រង់​ថា​ វា​បាន​សល់​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​របស់​កម្ពុជា​បាន​ឃើញ​មាន​ព្រៃ​សល់​ មាន​ព្រៃ​ធំ​ច្រើន​ បាន​ជា​ខ្ញុំ​ខំប្រឹង​ទាំង​យប់​ទាំង​ថ្ងៃ​ជា​មួយ​ព្រះសង្ឃ»

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧត្ដរមានជ័យ​លោក ភួង លីណា ប្រាប់​អាស៊ី​សេរី​ថា ​ព្រៃ​សហគមន៍​សង្ឃ​​រុក្ខាវ័ន គឺ​ជា​ព្រៃឈើ​នៅ​សល់​ច្រើន​ជាង​ច្រើន​ជាងគេ​នៅ​ក្នុង​ខេត្ត​នេះ​ ដោយ​សារ​មាន​ព្រះសង្ឃ​ ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​សហការ​គ្នា​​ការពារ​​​បាន​ល្អ​ជាង​នៅ​តំបន់​ផ្សេង​ៗ​ ទៀត​។ លោក​បន្ត​ថា អាជ្ញាធរ​ពាក់ព័ន្ធ​យល់​ស្រប​ពី​គោល​បំណង​នៃ​ការ​ធ្វើ​បុណ្យ​នេះ ​ហើយ​តែង​ចូល​រួម​ជា​មួយ​សហគមន៍​ជា​ប្រចាំ​ ព្រោះ​ចង់​ផ្សព្វ​ផ្សាយ​ឱ្យ​ពិភពលោក​បាន​ដឹង​ទូលំទូលាយ​បន្ថែម​ទៀត ដើម្បី​រក្សា​ឱ្យ​ព្រៃ​ឈើ​ឱ្យ​នៅ​សភាព​ដើម​តាម​ធម្មជាតិ​ជា​រៀង​រហូត៖ «ខ្ញុំ​សំណូម​ព័រ​ដល់​អ្នក​ទាំង​ឡាយ​ណា​ដែល​ទៅ​ប្រព្រឹត្ត​បទល្មើស​នៅ​តំបន់​នោះ​ បញ្ឈប់​កាប់​​រុករាន​ដី​ព្រៃ​ និង​បរបាញ់​សត្វ​ និង​ការ​ចូល​ទៅ​អារ​ឈើ​។ទី​២​សុំ​ឱ្យ​ចូល​រួម​​ជា​សំឡេង ទោះ​បី​គាត់​មិន​បាន​ទៅ​អភិរក្ខ​មិន​បាន​ទៅ​ការពារ​ផ្ទាល់​ សូម​ឱ្យ​ជួយ​រុញ ហើយ​មួយ​ទៀត​ខ្ញុំ​គិត​ថា​វា​មាន​ភាព​ចាំ​បាច់​ណាស់​ការ​យល់​ដឹង​ របស់​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​គាត់​អត់​ទាន់​បាន​ទូលំទូលាយ​នោះ​ទេ​ អីចឹង​ សំណូមពរ​ជួយ​ផ្សព្វផ្សាយ​បន្ថែម»

ព្រៃ​សហគមន៍​សង្ឃ​រុក្ខវ័ន​ជា​តំបន់​ជម្រក​សត្វ​ព្រៃ​​ដ៏​សំខាន់​មួយ​​​ស្ថិត​នៅ​ក្នុង​ខេត្ត​ឧត្ដរមានជ័យ​ មាន​ផ្ទៃ​ដី​ជាង​៣ម៉ឺន ​(៣០,២៥៤)​ ហិកតារ​។​បច្ចុប្បន្ន​ព្រៃ​មួយ​នេះ​ មាន​ព្រះសង្ឃ​និង​ប្រជាពលរដ្ឋ​ប្រមាណ ​៣០អង្គ-​នាក់​ យាម​ការពារ​យ៉ាង​សកម្មជន​ ដោយ​មិន​មាន​ប្រាក់​ខែ​ ​ដោយសារ​ពួកគាត់​ស្រលាញ់​ព្រៃឈើ​ និង​ខ្លាច​​ជនខិលខូច​មួយ​ចំនួន​នាំ​គ្នា​ទៅ​កាប់​ទន្ទ្រានព្រៃ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ ហើយ​ធ្វើ​ឱ្យ​​​​ហិនហោច​ព្រៃ​ដូច​​នៅ​តំបន់​ផ្សេង​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល