ក្រុម​យុវជន​មាតាធម្មជាតិ​ និង​ព្រះសង្ឃបញ្ចប់​ធម្មយាត្រាដោយ​ទទូច​​ឱ្យ​អាជ្ញាធរ​រុះ​រើសំណង់ជីនទីង

ដោយ ថន ថារ៉ូ
2019-10-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​យុវជន​មាតាធម្ម​ជាតិ និង​ព្រះសង្ឃ​ បាន​​បញ្ចប់​ដំណើរ​ធម្មយាត្រា​​ចម្ងាយ​ផ្លូវ​ជាង ២០០គីឡូ​ម៉ែត្រ​ នៅ​​មុខ​សាលា​​ខេត្ត​ព្រះសីហនុ ​នៅ​រសៀល​​ថ្ងៃ​ទី៣១ ខែ​តុលា ឆ្នាំ២០១៩។
ក្រុម​យុវជន​មាតាធម្ម​ជាតិ និង​ព្រះសង្ឃ​ បាន​​បញ្ចប់​ដំណើរ​ធម្មយាត្រា​​ចម្ងាយ​ផ្លូវ​ជាង ២០០គីឡូ​ម៉ែត្រ​ នៅ​​មុខ​សាលា​​ខេត្ត​ព្រះសីហនុ ​នៅ​រសៀល​​ថ្ងៃ​ទី៣១ ខែ​តុលា ឆ្នាំ២០១៩។
រូប៖ ថុន រដ្ឋា យុវជន​​អង្គការ​មាតាធម្មជាតិ

ក្រុម​យុវជន​មាតា​ធម្មជាតិ និង​ព្រះសង្ឃ​បាន​បញ្ចប់​ដំណើរ​ធម្មយាត្រា​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ​ហើយ នៅ​ថ្ងៃទី៣១ តុលា នេះ បន្ទាប់​ពី​ចំណាយ​ពេល​ដើរ​​អស់ ១៧ថ្ងៃ​រួច​មក។ ក្រុម​អ្នកធ្វើ​ធម្មយាត្រា​ទទូច​ដល់​អាជ្ញាធរ​កំណត់​ថ្ងៃ​ចុះរុះ​រើ​សំណង់​កាស៊ីណូ​ជីនទីង​ ដែល​សាង​សង់​រំលោភ​ដីឆ្នេរ​កោះរ៉ុង​សន្លឹម​ឱ្យ​បាន​ឆាប់។

ក្រុម​យុវជន​មាតា​ធម្មជាតិ​ និង​ព្រះសង្ឃ​បាន​ទៅ​ដល់​​មុខ​សាលា​ខេត្ត​ព្រះសីហនុ​នៅ​ម៉ោង​ជាង ១ រសៀល និង​បាន​ផ្សាយ​ផ្ទាល់​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ (Facebook) អំពី​ជោគជ័យ​នៃ​ដំណើរ​ធម្មយាត្រា​នេះ។ ក្រុម​យុវជន និង​ព្រះសង្ឃរៀប​រាប់​ថា មុន​នឹង​មក​ដល់​គោល​ដៅ​នេះ ពួក​គាត់​បាន​ជួប​ប្រទះ​ឧបសគ្គ​ជាច្រើន ដូច​ជាការ​​តាម​ដាន​ពី​អាជ្ញាធរ​ ការ​លំបាក​ក្នុង​ការរក​កន្លែ​ស្នាក់​នៅ បញ្ហា​សុខភាព និង​សម្ពាធ​ពីគ្រួសារ​ជា​ដើម។

ទោះ​ជា​យ៉ាង​ណា ពួក​គាត់​បញ្ជាក់​ថា ដោយសារ​តែ​ការគាំទ្រ​ពី​ពលរដ្ឋ និង​ចង់​ដាស់​ស្មារតី​យុវជន​​ឱ្យ​ងាក​មក​ចាប់​អារម្មណ៍​រឿង​ការពារ​បរិស្ថាន​តំបន់​ឆ្នេរ ទើប​ពួក​គាត់​តស៊ូជម្នះ​ឧបសគ្គ​ទាំង​នេះ រហូត​ដល់​សម្រេច​ធម្មយាត្រា​លើ​ចម្ងាយ​ផ្លូវ​ជាង ២០០គីឡូ​ម៉ែត្រ​បាន​ដោយ​ជោគជ័យើង៖ «ភាព​ជូរ​ចត់​តាម​ផ្លូវ​ ទាំង​គំនាប​ពី​អាជ្ញាធរ ការពិបាក​នៅក្នុង​ការ​ស្នាក់​នៅ សុខភាព ការ​ពង​ជើងក្រោម​កម្តៅ​ថ្ងៃ​ហួតហែង យើង​ទទួល​រង​ច្រើន ហើយ​ជា​ពិសេស​ផ្នែក​អារម្មណ៍​។ ខ្ញុំ​ព្រះករុណា​អាត្មា​មាន​អារម្មណ៍​ថា ខ្លួន​ឯង​ដូច​ជា​រង​ការ​វាយ​ប្រហារ​ផ្លូវ​ចិត្ត​ច្រើន ​ប៉ុន្តែរហូត​មក​ដល់​ឥលូវ​នេះ​នៅ​តែ​អាច​បន្ត​ដំណើរជាមួយ​នឹង​ភាព​លំបាក​ហ្នឹង​បាន។ សូម​បង​ប្អូន​កុំ​មាន​ការ​ភ័យ​ខ្លាច ឱ្យ​តែ​អ្វីដែលយើង​ធ្វើ​វា​ត្រូវ​នឹង​ច្បាប់ ស្រប​ច្បាប់​ ហើយ​ដើម្បីការពារ​ធនធាន​ធម្មជាតិ​ ការពារ​បរិស្ថាន ការពារ​ទ្រព្យ​សម្បត្តិ​ជាតិ​របស់​យើង​ទាំងអស់​គ្នា។ អ៊ីចឹង​សូម​កុំ​មាន​ការ​ភ័យ​ខ្លាច ហើយ​ចាប់​​ផ្តើម​ចូល​រួមជាមួយ​ពួក​យើង​ ហើយ​ក៏​សូម​ផ្តាំ​ផ្ញើរ​ដល់​អាជ្ញាធរ​ ជាពិសេស​ អភិបាល​ខេត្ត (ព្រះសីហនុ) ឯកឧត្តម គួច​ ចំរើន សូម​ឱ្យ​មាន​ដំណោះស្រាយ​ឆាប់ៗ​ទៅលើ​រឿង​ហ្នឹង»

ក្រុមយុវជនមាតា​ធម្មជាតិ ៥នាក់ និង​ព្រះសង្ឃ ២អង្គ បាន​ធ្វើ​ធម្មយាត្រា​ចេញ​ពីភ្នំពេញ​កាល​ពី​ថ្ងៃ​ទី១៥ តុលា​ និង​បាន​ឈប់​សម្រាក ៣ថ្ងៃ ដោយសារ​ការ​ហេវហត់​អស់​កម្លាំង និង​ឈឺជើង។ អាជ្ញាធរ​មូលដ្ឋាន​បាន​តាម​ឃ្លាំមើល​ពួក​គាត់​តាំង​ពី​ភ្នំពេញ​រហូត​ដល់ក្រុង​ព្រះសីហនុ ហើយ​នៅ​កន្លែង​ខ្លះ​ ពួក​គាត់​មិន​អាច​សុំ​វត្ត​អារាម​ស្នាក់​នៅ​បាន​នោះទេ ដោយ​ចៅ​អធិការ​វត្ត​ប្រាប់​ថា ខាង​អាជ្ញាធរ​ថ្នាក់​លើ​​ហាមមិន​ឱ្យ​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​ពួក​គាត់។

ទោះជា​បែប​នេះ​ក្តី​ ក្រុម​យុវជន និង​ព្រះសង្ឃ​នៅ​តែ​បន្ត​ដំណើរ​ធម្មយាត្រា​ដោយ​គ្មាន​ការ​រួញរា ដើម្បី​ដាក់​សម្ពាធ​ឱ្យ​អាជ្ញាធរ​​​​ចុះ​វាយ​កម្ទេច​សំណង់​កាស៊ីណូ ជីនទីង (Jingding) និង​ទីតាំង​សំណង់​ខុស​ច្បាប់​ដទៃ​ទៀត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។

អ្នក​នាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ ថ្លែង​ថា ការ​ធ្វើ​ធម្មយាត្រា​នេះ គឺ​ជា​សិទ្ធិ​របស់​ក្រុម​យុវជន​ និង​ព្រះសង្ឃ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​កំពុង​ដោះ​ស្រាយ​បញ្ហា​នេះ​ហើយ។ លោក​បញ្ជាក់​ថា ខាង​ក្រុមហ៊ុន​កំពុង​ស្នើ​សុំ​គោល​ការណ៍​ទៅ​ស្ថាប័ន​ពាក់ព័ន្ធដើម្បី​សាង​សង់​អាគារ​ថ្មី​នៅ​​ទីតាំងផ្សេង​ទៀត។ លោក​បក​ស្រាយ​ថា មូល​ហេតុ​ដែល​មិន​​ទាន់​មាន​ការ​រុះ​​រើ​សំណង់​កាស៊ីណូ​​ជីនទីង គឺ​ដោយសារ​ម្ចាស់​ក្រុមហ៊ុន​បាន​ស្នើ​សុំ​​ពន្យារ​ពេល​រុះរើ ដើម្បី​ទុក​សម្ភារៈ​នៅ​ក្នុង​ទីតាំង​នោះ​ជា​បណ្តោះអាសន្ន​សិន ទម្រាំ​អាគារ​​នៅ​ទីតាំង​ថ្មី​​សាងសង់​រួច​រាល់ ទើប​ក្រុមហ៊ុន​រុះរើ​អាគារ​ចាស់​នោះ​ចោល​ដោយ​ខ្លួន​ឯង៖ «គេ​មិន​បដិសេធថា គេ​មិន​រុះ​រើទេ គ្រាន់តែ​គេ​សុំ​ពេល​វេលា​សាងសង់​អាគារ​ថ្មី និង​សុំ​គោល​ការណ៍​អនុញ្ញាត​ទៅលើ​ទីតាំង​ផ្សេង​ទៀត​ ហើយ​ខ្ញុំ​ក៏​មិន​ដឹង​ថា ត្រូវ​បក​ស្រាយឱ្យ​លើស​ពីអ្វី​ដែល​ជា​​ការងារ​របស់​សមត្ថកិច្ច​លោក​ធ្វើ​ការ​​កន្លងមក​ហ្នឹង​ទេ។ ចំណាត់​ការ​យ៉ាង​ណា​នោះ យើង​រង់​ចាំ​មើល​ការ​អនុវត្ត​កិច្ច​ការងារ​បន្ត​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច»

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បាន​ចុះ​បិទ​អាជីវកម្ម​មជ្ឈមណ្ឌល​កម្សាន្ត​ចិន​យីហោ​ ជីនទីង (Jingding) កាល​ពី​ចុង​ខែ​ឧសភា កន្លង​ទៅ បន្ទាប់​ពីរក​​ឃើញ​ថា ទីតាំង​កម្សាន្ត​នោះ​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ជា​ច្រើន​ចំណុច ដូច​ជា ​បង្ហូរ​ទឹក​កខ្វក់​ចូល​ក្នុង​​សមុទ្រ​ បង្ហូរ​ប្រេង​ម៉ាស៊ីន​ចូល​សមុទ្រ​ប៉ះពាល់​ដល់​បរិស្ថាន ចាក់​ធុង​បាស់​ខ្លាំង​រំខាន​ដល់​ពលរដ្ឋ និង​ភ្ញៀវ​ទេសចរ ជា​ពិសេស​ កាស៊ីណូ​ចិន​មួយ​នេះ​ត្រូវ​បាន​សាងសង់​រំលោភ​លើ​ដី​ឆ្នេរ​សមុទ្រ​កោះ​រ៉ុង​សន្លឹម។

មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​​មូលដ្ឋាននៃ​សមាគម អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ថ្លែង​ថា អាជ្ញាធរ​មិន​ត្រូវ​យោគ​យល់​​នោះ​ឡើយ នៅ​ពេល​រក​ឃើញ​ថា ក្រុមហ៊ុន​បាន​រំលោភ​ច្បាប់។ លោក​យល់​ថា ករណី​នេះ​ទំនង​ជា​មាន​អំពើ​ពុក​រលួយ ទើប​អាជ្ញាធរ​បណ្តោយ​ឱ្យ​ក្រុមហ៊ុន​រួច​ផុត​ពី​សំណាញ់​ច្បាប់​បែប​នេះ៖ «ច្បាប់​គេ​ចែង​ថាអ៊ីចឹង ថា​ខុស​ត្រូវ​តែ​វាយ​ ខុស​ត្រូវ​តែ​បញ្ឈប់។ យើង​សួរ​ថា​ហេតុអ្វី​បាន​ជា​ក្រុមហ៊ុន​អាច​ធ្វើ​បាន​តាំង​ពី​ចាប់​ផ្តើម​រហូត​ដល់​ធ្វើ​អាជីវកម្ម រហូត​ដល់​មាន​ការ​តវ៉ា ហើយ​បិទ បិទហើយ​រហូត​ដល់​ឱ្យ​មានការ​រុះ​រើ​ថា ចាំស្អីៗទៀត។ អ៊ីចឹង​វា​មាន​ផល​ប្រយោជន៍​ពី​ហ្នឹង​ហើយ ហើយ​ខ្ញុំ​ជឿថា ករណី​ធំៗ​ ច្រើនមក​ពី​មាន​សំណូក​ហើយ​ ទើប​បាន​ជា​ធ្វើ​ឱ្យ​ខុស​គ្នា​ក្នុង​ការ​អនុវត្ត​ច្បាប់​ កន្លែង​ខ្លះ​វាយ កន្លែង​ខ្លះ​ទុក​បន្តអ៊ីចឹង​ទៅ»

ក្រុម​យុវជន​មាតាធម្ម​ជាតិ និង​ព្រះសង្ឃ​បាន​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​ភ្នំពេញ​វិញ នៅ​ថ្ងៃ​ទី៣១ តុលា បន្ទាប់​ពី​បញ្ចប់​ដំណើរ​ធម្មយាត្រា​នេះ ក៏​ប៉ុន្តែ​ពួក​គាត់​អះអាង​ថា ​នឹង​ធ្វើ​សកម្មភាព​​​ទាមទារ​បន្ត​ទៅ​ទៀត ប្រសិន​បើ​អាជ្ញាធរ​មិន​ព្រម​ចុះ​រុះរើ​សំណង់​កាស៊ីណូ​ជីនទីង​ចោល​ទេ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល