ក្រុម​យុវជន​មាតា​ធម្មជាតិ​ផ្អាក​ធ្វើ​យាត្រា​មួយថ្ងៃ​ដើម្បី​សម្រាក និង​គិត​ពី​យុទ្ធសាស្ត្រ​ថ្មី

ដោយ មួង ណារ៉េត
2019-10-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះសង្ឃ និង​ក្រុម​យុវជន​​អង្គការ​មាតា​ធម្មជាតិ ពេល​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​តាម​ផ្លូវ ​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ​ កាល​ពី​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ២០១៩ ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​រុះរើ​សំណង់​កាស៊ីណូ​ខុស​ច្បាប់​នៅ​កោះ​រ៉ុង​សន្លឹម។
ព្រះសង្ឃ និង​ក្រុម​យុវជន​​អង្គការ​មាតា​ធម្មជាតិ ពេល​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​តាម​ផ្លូវ ​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ​ កាល​ពី​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ២០១៩ ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​រុះរើ​សំណង់​កាស៊ីណូ​ខុស​ច្បាប់​នៅ​កោះ​រ៉ុង​សន្លឹម។
រូប៖ អង្គការ​មាតា​ធម្មជាតិ

ក្រុម​យុវជន​មាតា​ធម្មជាតិ និង​ព្រះសង្ឃ ផ្អាក​ធ្វើ​យាត្រា​មួយថ្ងៃ​នៅ​ថ្ងៃ​ទី​១៧ តុលា នេះ ដើម្បី​សម្រាក​យក​កម្លាំង និង​រៀបចំ​យុទ្ធសាស្ត្រ​ថ្មី​នៃ​យុទ្ធនា​ការ​ដើរ​យាត្រា​សម្រាប់​ថ្ងៃ​បន្តបន្ទាប់​ទៀត។

ក្រុម​យុវជន​មាតា​ធម្មជាតិ ៥​នាក់ និង​ព្រះសង្ឃ​២ អង្គ បាន​ចាប់ផ្តើម​ធ្វើ​យាត្រា​ពី​ភ្នំពេញ កាលពី​ថ្ងៃទី​១៥ តុលា និង​មាន​គោលដៅ​ទៅដល់​ក្រុងព្រះសីហនុ ដោយ​ប្រើ​រយៈពេល ៩​ថ្ងៃ។ គោលបំណង​នៃ​ការ​ធ្វើ​យាត្រា​លើ​ចម្ងាយ​ផ្លូវ​ជាង​២០០ គីឡូម៉ែត្រ​នេះ គឺ​ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ចុះ​រុះរើ​សំណង់​កាស៊ីណូ​ចិន​យីហោ ជីន​ទីង (Jingding) ដែល​ត្រូវ​បាន​សាងសង់​រំលោភ​លើ​ដី​ឆ្នេរសមុទ្រ​កោះរ៉ុង​សន្លឹម​ដោយ​ខុសច្បាប់​។

ទោះបីជា​ស្ថិត​ក្រោម​ក្រសែភ្នែក​តាមដាន​ពី​អាជ្ញាធរ​មូលដ្ឋាន​ក្តី ក៏​យុទ្ធនាការ​ថ្ងៃ​ទី​មួយ​ធ្វើ​បាន​ដោយ​រលូន ពោល​គឺ​ក្រុម​យុវជន និង​ព្រះសង្ឃ ធ្វើ​យាត្រា​បាន​ជាង ២០​គីឡូម៉ែត្រ​។ ដោយឡែក នៅ​ថ្ងៃ​ទី​ពីរ គឺ​ថ្ងៃ​ទី​១៦ តុលា ម្សិលមិញ ក្រុម​យុវជន និង​ព្រះសង្ឃ ធ្វើ​យាត្រា​បាន​ជាង​២០ គីឡូម៉ែត្រ​ទៀត ក៏ប៉ុន្តែ​ត្រូវ​ជួបប្រទះ​បញ្ហា​មួយ គឺ​អាជ្ញាធរ​មូលដ្ឋាន​បាន​ដាក់​សម្ពាធ​ចៅអធិការ​វត្ត និង​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ទី​រួម​ខេត្ត​កំពង់ស្ពឺ មិន​ឱ្យ​ផ្ដល់​កន្លែង​ស្នាក់នៅ​ដល់​ក្រុម​យុវជន និង​ព្រះសង្ឃ ដែល​ធ្វើ​យាត្រា​នោះ​ឡើយ​។ ក្រុម​យុវជន និង​ព្រះសង្ឃ​ក៏បាន​ត្រឡប់​​​មក​ស្នាក់​នៅផ្ទះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំងវែង ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ទី​ដែល​ពួកគាត់​បាន​ស្នាក់នៅ​កាលពី​យប់​ថ្ងៃ​ទី​មួយ​វិញ។

សមាជិក​ក្រុម​ធ្វើ​យាត្រា លោក ហ៊ុន វណ្ណៈ អះអាង​ថា ពួក​លោក​មិន​បោះបង់​ការ​ធ្វើ​យាត្រា​នេះ​ទេ បើទោះបី​ជា​រង​សម្ពាធ និង​ការប៉ុនប៉ង​យាយី​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​បែប​ណា​ក្តី​។ លោក​បញ្ជាក់​ថា ពួក​លោក​នឹង​ចាប់ផ្ដើម​ធ្វើ​យាត្រា​ឡើងវិញ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ តុលា ដោយ​ចេញពី​ចំណុច​ក្បែរ​ទី​រួម​ខេត្ត​កំពង់ស្ពឺ ទី​ដែល​លោក​បាន​ទៅដល់​កាលពី​ពេល​ធ្វើ​យាត្រា​ថ្ងៃ​ទី​ពីរ។ លោក​សង្កត់ធ្ងន់​ថា បញ្ហា​កន្លែង​ស្នាក់នៅ​មិនមែន​ជា​ឧបសគ្គ​រារាំង​យុទ្ធនាការ​ធ្វើ​យាត្រា​នេះ​ឡើយ ហើយ​ពួក​លោក​នឹង​ទៅ​ឱ្យ​ដល់​គោលដៅ​តាម​ការ​គ្រោង​ទុក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល