ព្រះសង្ឃ និង​យុវជន​បង្ហោះ​វីដេអូ​នៅ​តែ​មាន​ទឹក​កខ្វក់​បង្ហូរ​ចូល​ទឹក​ស្ទឹង​សង្កែ

ដោយ ជីវិតា
2020-05-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទឹក​កខ្វក់​ដែលហូរ​ចូល​ទឹក​ស្ទឹង​សង្កែ ខេត្តបាត់ដំបង។ រូប៖ ពីវីឌីអូឃ្លិបរបស់ចលនាមាតាធម្មជាតិ
ទឹក​កខ្វក់​ដែលហូរ​ចូល​ទឹក​ស្ទឹង​សង្កែ ខេត្តបាត់ដំបង។ រូប៖ ពីវីឌីអូឃ្លិបរបស់ចលនាមាតាធម្មជាតិ
រូប៖ ពីវីឌីអូឃ្លិបរបស់ចលនាមាតាធម្មជាតិ

យុវជន​ស្ម័គ្រ​ចិត្ត​ស្រលាញ់​បរិស្ថាន​ និង​ព្រះសង្ឃ​នៃ​ចលនា​មាតា​ធម្មជាតិ​ឱ្យ​ដឹង​ថា​ ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ស្ទឹង​សង្កែ​ខេត្ត​បាត់ដំបង​ដោយ​មិន​បាន​ឆ្លងកាត់​ការ​ចម្រោះ​នៅ​តែ​កើត​មាន​ដដែល​។ សកម្មជន​បរិស្ថាន​ព្រួយ​បារម្ភ​ថា បញ្ហា​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​ក្នុង​ខេត្ត​​បាត់ដំបង​ដែល​ប្រើប្រាស់​ទឹក​ស្ទឹង​នេះ។

ក្ដី​​បារម្ភ​របស់​អ្នក​ស្រលាញ់​បរិស្ថាន​ទាំង​នេះ​ សម្ដែង​​ចេញ​តាម​វីដេអូ​​ឃ្លិប​មួយ​បង្ហោះ​លើ​ហ្វេសប៊ុក​បង្ហាញ​ឱ្យ​ឃើញ​នូវ​រូប​ភាព​បង្ហូរ​ទឹក​កខ្វក់​ចូល​ស្ទឹង​សង្កែ ​ខេត្ត​បាត់ដំបង​។ ​នេះ​ជា​វីដេអូ​ឃ្លិប​លើក​ទី២​ដែល​បង្ហាញ​ពី​ប្រភព​ទឹក​កខ្វក់​ហូរ​ចូល​ស្ទឹង​សង្កែ​មាន​ទីតាំង​នៅ​​ក្បែរ​មន្ទីរ​ពេទ្យ​ខេត្ត​បាត់​ដំបង៖ «ដូច​ក្នុង​វីដេអូ​មុន​យើង​បាន​ទឹក​លូ​នេះ​​ទៅ​ធ្វើ​ពិសោធន៍​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ដែល​លទ្ធផល​បង្ហាញ​ថា​នេះ​ជា​ទឹក​លូ​មាន​បាក់តេរី​​និង​មេរោគ​ជា​ច្រើន​ផង​ដែរ​ហើយ​អ្វី​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ផង​នោះ​ទឹក​នេះ​បាន​ហូរ​ទៅ​កាន់​ស្រែ​ចម្ការ​ដែល​ជា​កត្តា​ បង្ក​​ហានិភ័យ​ដល់​​ប្រជាកសិករ​នៅ​ទី​នោះ»

ព្រះសង្ឃ​នៃ​ចលនា​មាតា​ធម្មជាតិ​ព្រះតេជព្រះគុណ ពក សុខឺយ មាន​ថេរ​ដីកា​ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៣ ខែ​ឧសភា​ថា កាល​ពី​អាជ្ញាធរ​ខេត្ត​បាត់ដំបង​រៀប​ចំ​ធ្វើ​​បុណ្យ​ទន្លេ​កន្លង​ទៅ​គឺ​មាន​ការ​បិទ​កន្លែង​ហូរ​ទឹក​កខ្វក់​នេះ​ ប៉ុន្តែ​ក្រោយ​ពិធី​បុណ្យ​ចប់​វត្តមាន​ទឹក​កខ្វក់​នៅ​តែ​បង្ហូរ​ចូល​ទឹក​ស្ទឹង​សង្កែ​ដដែល​។ ព្រះ​តេជ​ព្រះ​គុណ​មាន​ដីកា​បន្ត​ថា​ អាជ្ញាធរ​ខេត្ត​ហាក់​គ្មាន​ចេតនា​ដោះ​ស្រាយ​បញ្ហា​នេះ​នោះ​ទេ៖ «ការ​ឆ្លើយ​ប្រការ​ដោះ​សារ​​របស់​អភិបាល​ខេត្ត​ត្មា​គិត​ឃើញ​ថា​​មិនមែន​ជា​ការ​បង្ហាញ​ការ​ទទួល​ខុស​ត្រូវ​របស់​អភិបាល​ខេត្ត​ទេ​​ប៉ុន្តែ​បើ​គាត់​ធ្វើ​រឿង​នេះ​បាន​​អាត្មា​គិត​ថា​ គាត់​ជា​វីរបុរស​ក្នុង​ខេត្ត​បាត់ដំបង»

យុវជន​​ស្ម័គ្រ​ស្រលាញ់​បរិស្ថាន​ លោក គីម យូ ដែល​ចូលរួម​ក្នុង​ការ​ធ្វើ​វីដេអូ​នេះ​សម្ដែង​ក្តី​ព្រួយ​បារម្ភ​ពី​បញ្ហា​សុខភាព​របស់​ពលរដ្ឋ​ដែល​ប្រើប្រាស់​ទឹក​ស្ទឹង​នេះ​ ។ លោក​បន្ត​ថា អាជ្ញាធរ​ខេត្ត​​គួរ​ចម្រោះ​ទឹក​កខ្វក់​នេះ​ជា​មុន​សិន​មុន​បង្ហូរ ចូល​ទឹក​ស្ទឹង​។ ​យុវជន​រូប​នេះ​ ស្នើ​ទៅ​អាជ្ញាធរ​ខេត្ត​និង​ស្ថាប័ន​ពាក់ព័ន្ធ​ទប់​ស្កាត់ ឬ​ដោះ​ស្រាយ​បញ្ហា​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព៖ «ចាត់​វិធានការ​ដើម្បី​ឈប់​បង្ហូរ​ទឹក​លូ​ហ្នឹង​ទំនង​ជា​ទឹក​បង្ហូរ​ចេញ​ពី​មន្ទីរ​ពេទ្យ​ដែល​វា​អាច​មេរោគ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​គាត់​ប្រើប្រាស់​ទឹក​ជា​ប្រចាំ​មិន​ត្រឹម​តែ​ប៉ះពាល់​ប្រជាពលរដ្ឋ​ផ្ទាល់​តែ​ប៉ុន្តែ​ប៉ះពាល់​ជីវៈ​ក្នុង​ស្ទឹង​ទៀត»

 

អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​អភិបាល​ខេត្ត​បាត់ដំបង លោក ងួន រតនៈ​ នៅ​ថ្ងៃ​ទី១៣ ខែ​ឧសភា​ដោយ​​ទូរស័ព្ទ​ចូល​ត្រូវ​បាន​ចុច​បិទ។ អាស៊ី​សេរី​ក៏​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង​ លោក​វេជ្ជបណ្ឌិត វឿង ប៊ុនរ៉ាត អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ លោក​ វេជ្ជបណ្ឌិត​ ស៊ូ​ សានិត និង​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ដែរ ប៉ុន្តែ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល​ នៅ​ថ្ងៃ​ទី១៣ ខែ​ឧសភា។

 

ទោះ​ជា​យ៉ាង​ណា​ក្តី ​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ លោក នេត ភក្ត្រា ធ្លាប់​អះអាង​ប្រាប់​អាស៊ី​សេរី​កាលពី​ខែ​មីនា​​​ថា ស្ថាប័ន​ពាក់ព័ន្ធ​រួមមាន អាជ្ញាធរ​ខេត្ត​និង​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​កំពុង​ពិនិត្យ​លើ​របាយការណ៍​ពី​ផល​ប៉ះពាល់​ដល់​បរិស្ថាន ហើយ​គម្រោង​ការសាងសង់​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ នឹង​ត្រូវ​អនុវត្ត​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។

 

យុវជន​ស្ម័គ្រចិត្ត​ស្រលាញ់​បរិស្ថាន​និង​ព្រះសង្ឃ​នៃ​ចលនា​មាតា​ធម្មជាតិ​ឲ្យ​ដឹង​ថា ពលរដ្ឋ​ដែល​រស់​នៅ​ជុំវិញ​ស្ទឹង​នេះ​ ក៏​ប្រើ​ប្រាស់​ទឹក​ស្ទឹង ដើម្បី​ស្រោចស្រព​បន្លែ ហើយ​បន្លែ​ទាំង​នោះ​ត្រូវ​ពលរដ្ឋ​យក​ទៅ​លក់​នៅ​ទីផ្សារ​ថែម​ទៀត​ផង៕

 

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល