ក្រុម​យុវជន​មាតា​ធម្មជាតិ និង​ព្រះសង្ឃ​នឹង​បញ្ចប់​ធម្មយាត្រា​នៅ​ថ្ងៃ​ទី៣១ តុលា​ស្អែក​នេះ

ដោយ អាស៊ីសេរី
2019-10-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ដំណើរ​​ធម្មយាត្រា​របស់​ក្រុម​យុវជន​មាតាធម្មជាតិ ថ្ងៃ​ទី៣០ ខែ​តុលា ឆ្នាំ២០១៩។
ដំណើរ​​ធម្មយាត្រា​របស់​ក្រុម​យុវជន​មាតាធម្មជាតិ ថ្ងៃ​ទី៣០ ខែ​តុលា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក ថុន រដ្ឋា

ក្រុមយុវជន​មាតា​ធម្មជាតិ និង​ព្រះសង្ឃ នឹង​ទៅ​ដល់​ទីរួម​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី៣១ តុលា ស្អែក​នេះ បន្ទាប់​ពី​បាន​ចំណាយ​ពេល​ជាង ១០ថ្ងៃ ធ្វើ​ធម្មយាត្រា​ដោយ​ថ្មើរ​ជើង​លើ​ចម្ងាយ​ផ្លូវ​ជាង ២០០គីឡូ​ម៉ែត្រ។

លោក ថុន រដ្ឋា សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ ឱ្យ​អាស៊ី​សេរី​ដឹង​ថា ក្រុម​យុវជន និង​ព្រះ​សង្ឃ​បាន​ធ្វើ​ធម្មយាត្រា​ទៅ​ដល់​ឃុំ​រាម ស្រុក​ព្រៃ​នប់ ដែល​ស្ថិត​នៅ​ចម្ងាយ ១១គីឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្ត​ព្រះសីហនុ។ លោកបន្តថា ក្រុមយុវជនមាតាធម្មជាតិ និងព្រះសង្ឃ នឹង​បញ្ចប់​ធម្មយាត្រា​នៅ​មុខ​សាលា​ខេត្ត​ព្រះសីហនុ ដោយ​ការ​ផ្សាយ​ផ្ទាល់​លើ​ហ្វេសប៊ុក​អំពី​ឧបសគ្គ ដែល​ក្រុម​យុវជន និង​ព្រះសង្ឃ​បាន​ឆ្លង​កាត់​ពេល​ធ្វើ​ធម្មយាត្រា និង​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ចុះ​រុះ​រើ​សំណង់​កាស៊ីណូ​ជីនទីង (Jingding) នៅ​លើ​កោះ​រ៉ុង​សន្លឹម។

ធម្មយាត្រា​របស់​ក្រុម​យុវជន​មាតា​ធម្មជាតិ និង​ព្រះ​សង្ឃ​ជួប​ប្រទះ​ឧបសគ្គ​ជា​ហូរហែ ជា​ពិសេស ទាក់ទង​នឹង​កន្លែង​ស្នាក់​នៅ ដោយ​សារ​អាជ្ញាធរ​បាន​ដាក់​សម្ពាធ​វត្ត​អារាម​ជាច្រើន មិន​ឱ្យ​ទទួល​ក្រុម​យុវជន និង​ព្រះ​សង្ឃ​ស្នាក់​នៅ​ឡើយ។ ទោះ​ជា​យ៉ាង​ណា ក្រុម​យុវជន​មាតា​ធម្មជាតិ និង​ព្រះ​សង្ឃ នៅ​តែ​ប្តេជ្ញា​បន្ត​ដំណើរ​ឱ្យ​ដល់​គោលដៅ ដើម្បី​ដាក់​សម្ពាធ​អាជ្ញាធរ​ឱ្យ​ចុះ​វាយ​កម្ទេច​សំណង់​កាស៊ីណូ​ចិន​យីហោ ជីនទីង (Jingding) ដែល​សង់​រំលោភ​លើ​ដី​ឆ្នេរ​សមុទ្រ​កោះ​រ៉ុង​សន្លឹម និង​ទីតាំង​សំណង់​ខុស​ច្បាប់​ដទៃ​ទៀតនៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល