ក្រុម​យុវជន​មាតា​ធម្មជាតិ និង​ព្រះសង្ឃ ធ្វើ​យាត្រា​បាន​ជាង ១០០គីឡូ​ម៉ែត្រ ក្នុង​ពេល ៦ថ្ងៃ

ដោយ អាស៊ីសេរី
2019-10-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ការ​ធ្វើ​យាត្រា​របស់​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ និង​ព្រះសង្ឃ ឆ្ពោះ​ទៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ទាមទារ​អាជ្ញាធរ​ឱ្យ​ចុះ​រុះរើ​សំណង់​កាស៊ីណូ​ចិន​យីហោ ជីនទីង (Jingding) ដែល​សាង​សង់​រំលោភ​លើ​ដី​ឆ្នេរ​សមុទ្រ​កោះ​រ៉ុង​សន្លឹម និង​ទីតាំង​សំណង់​ខុស​ច្បាប់​ដទៃ​ទៀត​នៅ​ក្នុង​ខេត្ត​នេះ។
ការ​ធ្វើ​យាត្រា​របស់​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ និង​ព្រះសង្ឃ ឆ្ពោះ​ទៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ទាមទារ​អាជ្ញាធរ​ឱ្យ​ចុះ​រុះរើ​សំណង់​កាស៊ីណូ​ចិន​យីហោ ជីនទីង (Jingding) ដែល​សាង​សង់​រំលោភ​លើ​ដី​ឆ្នេរ​សមុទ្រ​កោះ​រ៉ុង​សន្លឹម និង​ទីតាំង​សំណង់​ខុស​ច្បាប់​ដទៃ​ទៀត​នៅ​ក្នុង​ខេត្ត​នេះ។
រូប៖ វីឌីអូ Mother Nature Cambodia

ក្រុម​យុវជន​មាតា​ធម្មជាតិ និង​ព្រះសង្ឃ បន្ត​ធ្វើ​​យាត្រា​ឆ្ពោះ​ទៅ​ខេត្ត​ព្រះសីហនុ​ នៅ​ថ្ងៃ​ទី២២ តុលា នេះ បន្ទាប់​ពី​សម្រាក​យក​កម្លាំង កាល​ពី​ម្សិល​មិញ។ យុទ្ធនាការ​ថ្មើរ​ជើង​ថ្ងៃ​ទី៦ នេះ ក្រុម​យុវជន​មាតា​ធម្មជាតិ ដែល​មាន​គ្នា ៥នាក់ និង​ព្រះសង្ឃ ២អង្គ ធ្វើ​យាត្រា​បាន​ជាង ១០គីឡូ​ម៉ែត្រ ចេញ​ពី​ចំណុច​ផ្សារ​ត្រែង​ត្រយឹង នៃ​ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់ស្ពឺ និង​បាន​ទៅ​ដល់​ជិត​ជ្រោះ​ពេជ្រនិល​នៅ​ពេល​ល្ងាច។ ក្រុម​យុវជន និង​ព្រះសង្ឃ​បាន​ត្រឡប់​មក​ស្នាក់​នៅ​វត្ត​មួយ​កន្លែង​ក្នុង​ឃុំ​ត្រែង​ត្រយឹង​វិញ ដោយសារ​តំបន់​ដែល​ពួក​គាត់​បាន​ធ្វើ​យាត្រា​ទៅ​ដល់ មិន​មាន​វត្តអារាម​នៅ​ទីនោះ។

ក្រុម​យុវជន​មាតា​ធម្មជាតិ​ និង​ព្រះសង្ឃ​បាន​ធ្វើ​យាត្រា​ អស់​រយៈ​ពេល ៨ថ្ងៃ​មក​ហើយ គិត​ចាប់​ពី​ថ្ងៃ​ទី១៥ តុលា ក៏​ប៉ុន្តែ​ដោយសារ​ការ​ហេវហត់​អស់​កម្លាំង​ ក្រុម​យុវជន និង​ព្រះសង្ឃ​បាន​សម្រាក​រយៈ​ពេល​ពីរ​ថ្ងៃ កាល​ពី​​ថ្ងៃ​ទី១៧ និង​ទី២១ តុលា។ គិត​ត្រឹម​ពេល​នេះ ក្រុម​យុវជន និង​ព្រះសង្ឃ ធ្វើ​យាត្រា​បាន​ជាង ១០០គីឡូ​ម៉ែត្រ​ហើយ ពោល​គឺ​បាន​​ប្រមាណ​ពាក់​កណ្ដាល​នៃ​ចម្ងាយ​ផ្លូវ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ។

សមត្ថកិច្ច​មូលដ្ឋាន​នៅ​តែ​បន្ត​ឃ្លាំ​មើល​សកម្មភាព​របស់​ក្រុម​យុវជន​មាតា​ធម្មជាតិ និង​ព្រះសង្ឃ​ដដែល ក៏​ប៉ុន្តែ​មិន​បាន​រារាំង ឬ​ហាម​ឃាត់​អ្វី​នោះ​ទេ។

គោល​បំណង​នៃ​ការ​ធ្វើ​យាត្រា​លើ​ចម្ងាយ​ផ្លូវ​ជាង ២០០គីឡូ​ម៉ែត្រ​របស់​ក្រុម​យុវជន និង​ព្រះសង្ឃ​នេះ គឺ​ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ចុះ​រុះរើ​សំណង់​កាស៊ីណូ​ចិន​យីហោ ជីនទីង (Jingding) ដែល​សាង​សង់​រំលោភ​លើ​ដី​ឆ្នេរ​សមុទ្រ​កោះ​រ៉ុង​សន្លឹម និង​ទីតាំង​សំណង់​ខុស​ច្បាប់​ដទៃ​ទៀត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។ ជាមួយ​គ្នា​នេះ ក្រុម​យុវជន​មាតា​ធម្មជាតិ​ និង​ព្រះសង្ឃ ក៏​ចង់​ដាស់​ស្មារតី​ពលរដ្ឋ ជា​ពិសេស យុវជន​ខ្មែរ​ឱ្យ​ងាក​មក​ចាប់​អារម្មណ៍​ និង​ចូល​រួម​ថែរក្សា​ធន​ធាន​ធម្មជាតិ​ផង​ដែរ។

ក្រុម​យុវជន​មាតា​ធម្មជាតិ​ឱ្យ​ដឹង​ថា ពួក​គេ​អាច​នឹង​ប្រើ​ពេល​ជាង ១សប្តាហ៍​ទៀត ទើប​ទៅ​ដល់​ទី​រួម​ខេត្ត​ព្រះសីហនុ ក៏​ប៉ុន្តែ​ពួក​គេ​ប្ដេជ្ញា​ចិត្ត​ថា នឹង​ដើរ​ឱ្យ​ដល់​គោលដៅ ទោះ​ជា​ប្រឈម​នឹង​ការ​លំបាក​បែប​ណា​ក៏​ដោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល