ក្រុម​អ្នក​ធ្វើ​ធម្មយាត្រា​គ្រោង​ប្រើ​ពេល ២ថ្ងៃ​ទៀត ដើម្បី​ទៅ​ដល់​ក្រុង​ព្រះសីហនុ

ដោយ អាស៊ីសេរី
2019-10-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះសង្ឃ និង​យុវជន​អង្គការ​មាតា​ធម្មជាតិ ធ្វើ​ដំណើរ​ថ្មើរ​ជើង​ចូល​ថ្ងៃ​ទី២ ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ ដើម្បី​ទាមទារ​អាជ្ញាធរ​ឱ្យ​រុះរើ​សំណង់​កាស៊ីណូ (Jingding) សង់​ខុស​ច្បាប់ នៅ​កោះ​រ៉ុង​សន្លឹម។
ព្រះសង្ឃ និង​យុវជន​អង្គការ​មាតា​ធម្មជាតិ ធ្វើ​ដំណើរ​ថ្មើរ​ជើង​ចូល​ថ្ងៃ​ទី២ ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ ដើម្បី​ទាមទារ​អាជ្ញាធរ​ឱ្យ​រុះរើ​សំណង់​កាស៊ីណូ (Jingding) សង់​ខុស​ច្បាប់ នៅ​កោះ​រ៉ុង​សន្លឹម។
រូប៖ អង្គការ​មាតា​ធម្មជាតិ ថ្ងៃ​ទី១៦ ខែ​តុលា ឆ្នាំ២០១៩

ក្រុម​យុវជន​មាតា​ធម្មជាតិ និង​ព្រះសង្ឃ គ្រោង​ប្រើ​ពេល ២ថ្ងៃ​ទៀត ដើម្បី​ធ្វើ​ធម្មយាត្រា​ទៅ​ដល់​ក្រុង​ព្រះសីហនុ ក្រោយ​ពី​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​អស់​ចំនួន ១២ថ្ងៃ​រួច​មក។

សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ លោក ថុន រដ្ឋា ប្រាប់​អាស៊ី​សេរី​ថា ពួក​លោក​ធ្វើ​ដំណើរ​បាន ១៩១​គីឡូម៉ែត្រ​ហើយ ពោល​គឺ​នៅសល់​តែ ៣៥គីឡូម៉ែត្រ​ទៀត​ទេ​នឹង​ទៅ​ដល់​គោល​ដៅ​ហើយ។ លោក​បញ្ជាក់​ថា បើ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ ពួក​លោក​នឹង​ទៅដល់​គោល​ដៅ​នៅ​ថ្ងៃទី៣០ តុលា ខាងមុខ ហើយ​នឹង​មាន​ការ​រៀប​ចំ​សន្និសីទ​កាសែត​អំពី​ជោគជ័យ​នៃ​ការ​ធ្វើ​ធម្ម​យាត្រា​នេះ ព្រម​ទាំង​ទាម​ទារ​ឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​លើ​សំណង់​កាស៊ីណូ​​ចិន​ខុស​ច្បាប់​នៅ​លើ​កោះ​រ៉ុង​សន្លឹម។

ក្រុម​យុវជន​មាតា​ធម្មជាតិ ៥នាក់​ និង​ព្រះសង្ឃ២ ជួន​កាល​ក៏​មាន ៥អង្គ បាន​ចាប់​ផ្ដើម​ធ្វើ​ធម្ម​យាត្រា​ពី​ភ្នំពេញ អស់​រយៈ​ពេល ១៥ថ្ងៃ​មក​ហើយ គិត​ចាប់​ពី​ថ្ងៃទី១៥ តុលា ក៏​ប៉ុន្តែ​ដោយសារ​ការ​ហេវហត់​អស់​កម្លាំង​ ក្រុម​យុវជន និង​ព្រះសង្ឃ​បាន​សម្រាក​រយៈ​ពេល​បី​ថ្ងៃ។

សមត្ថកិច្ច​មូលដ្ឋាន​តែង​តែ​ឃ្លាំមើល​សកម្មភាព​របស់​ក្រុម​យុវជន និង​ព្រះសង្ឃ​នៅ​គ្រប់​ទីកន្លែង​ដែល​ពួក​គាត់​បាន​ទៅ​ដល់ ប៉ុន្តែ​មិន​មាន​ការ​រារាំង ឬ​ហាម​ឃាត់​នោះ​ឡើយ។

ទោះ​ជា​យ៉ាង​ណា ព្រះតេជព្រះគុណ កើត សារ៉ាយ ដែល​និមន្ត​មក​ពី​វត្ត​ដំរី​ស​ក្នុង​ខេត្ត​បាត់​ដំបង មាន​ព្រះ​ថេរ​ដីកា​ថា ព្រះ​សង្ឃ​គង់​នៅ​វត្ត​ជាមួយ​គ្នា​បាន​ប្រាប់​ព្រះអង្គ​ថា មាន​សមត្ថកិច្ច​បាន​ចុះ​ទៅ​ថត​កុដិ​ដែល​ព្រះអង្គ​គង់​នៅ និង​សាកសួរ​ពី​សកម្មភាព​ព្រះអង្គ។ ក្រៅ​ពី​នេះ ព្រះអង្គ​បញ្ជាក់​ទៀត​ថា សមត្ថកិច្ច​ជា​ច្រើន​នាក់​បាន​ចុះ​ទៅ​ថត​គេហដ្ឋាន​របស់​ព្រះអង្គ​នៅ​ស្រុក​សូត្រ​និគម​ខេត្ត​សៀមរាប​ថែម​ទៀត ដែល​រឿង​នេះ​បាន​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ម្ដាយ​របស់​ព្រះអង្គ ដែល​មាន​វ័យ​ចាស់ និង​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ។

ទោះ​ជា​មាន​ការ​ប៉ុន​ប៉ង​រារាំង​បែប​នេះ​ក្តី ក៏​ព្រះអង្គ និង​យុវជន​ដទៃ​ទៀត ប្តេជ្ញា​ថា នឹង​ធ្វើ​ធម្មយាត្រា​ឱ្យ​ដល់​ក្រុង​ព្រះសីហនុ ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ចុះ​រុះរើ​សំណង់​កាស៊ីណូ​ចិន​យីហោ ជីនទីង (Jingding) ដែល​សាងសង់​រំលោភ​លើ​ដី​ឆ្នេរ​សមុទ្រ​កោះ​រ៉ុង​សន្លឹម និង​ទីតាំង​សំណង់​ខុស​ច្បាប់​ដទៃ​ទៀត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។ ក្រៅ​ពី​នេះ ព្រះអង្គ និង​ក្រុម​យុវជន​មាតា​ធម្មជាតិ ក៏​ចង់​ដាស់​ស្មារតី​ពលរដ្ឋ ជាពិសេស យុវជន​ខ្មែរ​ឱ្យ​ងាក​មក​ចាប់​អារម្មណ៍​ និង​ចូល​​រួម​ថែរក្សា​ធន​ធាន​ធម្មជាតិ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល