អាជ្ញាធរ​ជាតិ​គ្រោង​ផ្ដល់​ថវិកា​ជួយ​សហគមន៍​នេសាទ​ ដើម្បី​អភិរក្ស​ជលផល​នៅ​ខេត្ត​ស្ទឹងត្រែង​

ដោយ ទីន ហ្សាការីយ៉ា
2019-09-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជា​នេសាទ​នៅ​ខែត្រ​ស្ទឹងត្រែង កំពុង​នេសាទ​ត្រី​នៅ​ទន្លេ​មេគង្គ ក្បែរ​ស្ពាន​មេគង្គ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៧។
ប្រជា​នេសាទ​នៅ​ខែត្រ​ស្ទឹងត្រែង កំពុង​នេសាទ​ត្រី​នៅ​ទន្លេ​មេគង្គ ក្បែរ​ស្ពាន​មេគង្គ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៧។
Photo: RFA

រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម​ គ្រោង​ផ្ដល់​ថវិកា​គាំទ្រ​ដល់​សកម្មភាព​អភិរក្ស​ធនធាន​ជលផល​ជូន​សហគមន៍​នេសាទ​ ក្នុង​ខេត្ត​ស្ទឹងត្រែង ១០០កន្លែង​ ដើម្បី​បង្កើន​សមត្ថភាព​គាំពារ​ជីវចម្រុះ​ក្នុង​អាងទន្លេ​មេគង្គ។ មន្ត្រី​ជាន់ខ្ពស់​រដ្ឋបាល​ជលផល​អះអាង​ថា​ រដ្ឋាភិបាល​នឹង​ផ្ដល់​ថវិកា ៤លាន​រៀល​ សម្រាប់​សហគមន៍​នេសាទ​នីមួយៗ ក្នុង​រយៈពេល ១ឆ្នាំ។

ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​សហគមន៍​នេសាទ​ នៃ​ក្រសួង​កសិកម្ម​ លោក​ លាង​ សុផាត​ ថ្លែង​បែបនេះ​ ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ខេត្ត​ទាក់ទិន​ផែនការ​គ្រប់គ្រង​កន្លែង​នេសាទ​របស់​សហគមន៍​ក្នុង​ខេត្ត​ស្ទឹងត្រែង​កាលពី​សប្ដាហ៍​មុន។ ក៏​ប៉ុន្តែ​​លោក​មិនបាន​បញ្ជាក់​លម្អិត​ថា​ តើ​ថវិកា​ទាំងនេះ​ នឹង​ផ្ដើម​អនុវត្ត​ពេលណា​នោះ​ទេ​ ដោយ​លោក​​គ្រាន់​​តែ​ប្រាប់​ថា ​ក្រសួងសេដ្ឋកិច្ច​បាន​ឯកភាព​លើ​កម្មវត្ថុ​នេះ​រួចហើយ​។ លោក​បញ្ជាក់​ថា​ ថវិកា​នេះ​ផ្ដោត​សំខាន់​លើ​ការ​គាំទ្រ​សហគមន៍​នេសាទ​ អភិរក្ស​មច្ឆាជាតិ៖ «ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឯកភាព​ហើយ ជួយ​សហគមន៍​ចំនួន ១០០​សហគមន៍។ មួយ​ឆ្នាំ ៤លាន បាន ១.០០០ពាន់​ដុល្លា គាត់​ថា បាន​ឯកភាព​ប្រជុំ​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប៉ុន្តែ​លុយ​ហ្នឹង​ធ្លាក់​លើ​រតនាគារ​ខេត្ត​ទេ។ ហ្នឹង​គ្រាន់​តែ​ជា​គោលការណ៍ តែ​ចាំ​មើល​ដំណើរ​ការ​ទៅ​មុខ​ទៀត»

ប្រធាន​អន្លង់​អភិរក្ស​បង្គោល​លេខ​ ៤១​ ទន្លេ​មេគង្គ​ នៃ​សង្កាត់​សាមគ្គី​ក្រុង​ស្ទឹងត្រែង លោក ផែង សុជាតិ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២៥ កញ្ញា​ថា បញ្ហា​ខ្វះ​ថវិកា​ទ្រទ្រង់​សកម្មភាព​ចុះ​ល្បាត​ គឺជា​ឧបសគ្គ​កើតមាន​ជាច្រើន​ឆ្នាំ​មក​ហើយ​ ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​សហគមន៍​ជួប​ការ​លំបាក​ ក្នុង​ការ​ចុះ​ល្បាត​ចាប់​ជន​ល្មើស។ លោក​គាំទ្រ​ ចំពោះ​ផែនការ​ផ្ដល់​ថវិកា​ជួយ​សហគមន៍​ ក៏​ប៉ុន្តែ​លោក​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ ត្រូវ​បង្កើន​កិច្ចសហការ​បន្ថែម​ទៀត ដើម្បី​បង្ក្រាប​បទ​ល្មើស​នេសាទ​ឱ្យ​គ្រប់​ជ្រុងជ្រោយ។ លោក​បន្ថែម​ថា កន្លងទៅ ​នៅ​ពេល​សហគមន៍​ប្រទះ​ឃើញ​ជនល្មើស​ ហើយ​រាយការណ៍​ប្រាប់​សមត្ថកិច្ច ទម្រាំ​មន្ត្រី​ចុះ​បង្ក្រាប​ដល់​ទី​តាំង​ ក្រុម​ជន​ល្មើស​បាន​គេចខ្លួន​បាត់៖ «ព្រួយ​បារម្ភ​ហ្នឹង​ហើយ អនាគត​ក្រែង​ទប់​ស្កាត់​មិន​បាន ហើយ​បទ​ល្មើស​ខ្លាច​វា​មិន​ថយ​ចុះ ព្រោះ​ថា ធនធាន​ជល​ផល​របស់​យើង​​អត់​សូវ​សំបូរ ដូច​ថា វា​អត់​កើន​ឡើង។ ឥឡូវ​គេ​ប្រើ​ឧបករណ៍​ទំនើបៗ ទាំង​ក្ដៅ និង​ត្រជាក់ វា​បូក​គ្នា។ សម្ភារៈ​ដូច​ជា​ទូក និង​កាណូត​ម៉ាស៊ីន​វា​សុទ្ធតែ​កម្លាំង​​ធំៗ ជាង​សមត្ថកិច្ច​យើង»

លោក​ ផែង​ សុ​ជាតិ​ បញ្ជាក់​ថា​ ក្រុម​ជនល្មើស​មាន​ឧបករណ៍​ឆក់​ក្ដៅ​ និង​ត្រជាក់​ទំនើប​ អាច​ចាប់​ត្រី​មេ​ពូជ​ ក្នុង​អន្លង់​អភិរក្ស​ជាច្រើន​គីឡូក្រាម​ ដែល​ជាហេតុ​នាំ​ឱ្យ​ធនធាន​ជលផល​ក្នុង​អាងទន្លេ​មេគង្គ​កាន់តែ​ថយ​ចុះ​។ លោក​ថា សហគមន៍​បាន​កំណត់​​មុខសញ្ញា​ក្រុម​ជនល្មើស​មួយ​ចំនួន​ ដែល​ឆក់​ត្រី​ខុសច្បាប់​ជា​មុខ​របរ ​ចិញ្ចឹម​ជីវិត​នោះ​ហើយ​ ហើយ​ សហគមន៍​គ្រោង​បញ្ជូន​ឈ្មោះ​ជនសង្ស័យ​ទាំង​នេះ​ឱ្យ​មន្ត្រី​ជំនាញ​អនុវត្ត​ច្បាប់។

ឆ្លើយតប​រឿង​នេះ​ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ ខេត្ត​ស្ទឹងត្រែង​ លោក​ ទំ​ នីរ៉ូ មានប្រសាសន៍​ថា​ មន្ត្រី​រដ្ឋបាល​ជលផល​នៅ​ខេត្ត​ស្ទឹងត្រែង​មាន​គ្នា​តែ​ ៩នាក់​ មិន​អាច​ទប់ទល់​បទ​ល្មើស​នេសាទ​ខុសច្បាប់​គ្រប់​ជ្រុងជ្រោយ​ទេ​ ហេតុនេះ​ទាមទារ​ឱ្យ​មានការ​ចូលរួម​ ពី​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​ ទើប​ការ​បង្ក្រាប​បទ​ល្មើស​នេសាទ​មានប្រសិទ្ធភាព។ លោក​ថា នៅ​ខេត្ត​ស្ទឹងត្រែង​មាន​សហគមន៍​នេសាទ​ ៥២កន្លែង​ និង​មាន​អន្លង់​អភិរក្ស​ជីវចម្រុះ ៦០កន្លែង​ ដែល​មន្ត្រី​ជលផល​បាន​ផ្ដួចផ្ដើម​គាំទ្រ​ឱ្យ​សហគមន៍​ចូលរួម​​អភិរក្ស​ជីវចម្រុះ​ឱ្យ​មាន​ប្រសិទ្ធភាព៖ « ការគ្រប់គ្រង​តែ​ផ្អែក​លើ​រដ្ឋបាល​ជលផល​តែ​មួយ​ស្ថាប័ន​មិន​អាច​គ្រប់គ្រង​បាន​សព្វ​គ្រប់​ជ្រុងជ្រោយ​ទេ។ មាន​តែ​ចូលរួម​ពី​តួអង្គ​ពាក់ព័ន្ធ​ទាំង​អស់ មិនថា អាជ្ញាធរ មិន​ថា កង​កម្លាំង​ប្រដាប់​អាវុធ មិន​ថា ស្ថាប័ន​ណា​ទេ​រួម​ទាំង​អ្នក​សារព័ត៌មាន ទាល់​តែ​ចូល​គ្នា​ជា​ធ្លុង​មួយ​ទប់​អាច​គ្រប់គ្រង​មាន​ប្រសិទ្ធភាព»

នាយក​ប្រតិបត្តិ​អង្គ​ការ​បណ្ដាញ​ការពារ​ទន្លេ​បី (3SPN Coordinator) លោក​ លាង​ ប៊ុនលាភ បារម្ភ​ថា​ ឧបករណ៍​ឆក់​ត្រជាក់​ ដែល​ក្រុម​ជនល្មើស​ប្រើប្រាស់​ មានលទ្ធភាព​ចាប់​ត្រី​មេ​ពូជ​ធំៗ​ ចម្ងាយ ៥០ម៉ែត្រ​បួន​ជ្រុង​ បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​មច្ឆាជាតិ​ និង​ជីវភាព​ប្រជាជន។ លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​ត្រូវ​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​ ហើយ​ សហគមន៍​មូលដ្ឋាន​ក៏​ត្រូវ​យកចិត្ត​ទុកដាក់​ពង្រឹង​ការអនុវត្ត​ច្បាប់​ និង​អនុវត្ត​លក្ខន្តិកៈ​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​ដែរ៖ «ការ​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់ អា​ឆក់​ត្រជាក់ គឺ​ជា​រឿង​មួយ​ដែល​លំបាក។ ក្បាល​ឆក់​ត្រជាក់​អាច​ហៅ​ត្រី ឲ្យ​ចូល​ក្បាល​ឆក់​ហ្នឹង​ចម្ងាយ ៥០ម៉ែត្រ​ហើយ​វា ដួស​យក​ទៅ​តែ​ម្ដង។ អា​ហ្នឹង​ហើយ ដែល​វា​បង្ក​ឲ្យ​វា​ហិនហោច​នោះ ហើយ​វិធី​ដែល​កន្លង​មក​ដែល​យើង​ធ្លាប់​អនុវត្ត យើង​មាន​លុយ​កញ្ចប់​លុយ​ចុះ​ទៅ​ល្បាត វា​ថយ​ពេល​ចុះ​ល្បាត។ ប៉ុន្តែ​ពេល​ចុះ​ល្បាត​បាន​តែ​មួយ​ខែ​ម្ដង ឬ​ពីរ​ដង ដោយ​ឡែក​សកម្មភាព​បទ​ល្មើស​វា​កើត​មាន​ជា​ប្រចាំ»

របាយការណ៍​រដ្ឋបាល​ជលផល​ខេត្ត​ស្ទឹងត្រែង​ បង្ហាញ​ថា អំឡុង​ឆ្នាំ២០១៩ មកទល់​ពេលនេះ​ មន្ត្រី​ជំនាញ​ចាប់​មង​ខុសច្បាប់​បាន​ចំនួន ៨ម៉ឺន​ម៉ែត្រ​ និង​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន ៨នាក់​ ទាក់ទិន​ករណី​ធ្វើសកម្មភាព​ឆក់​ និង​បោក​គ្រាប់បែក​ដើម្បី​ចាប់​ត្រី។ អាជ្ញាធរ​អះអាង​ថា​ ជនសង្ស័យ​ដែល​ប្រើ​ឧបករណ៍​ឆក់​ និង​បោក​​គ្រាប់បែក​ សមត្ថកិច្ច​នឹង​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​អនុវត្ត​ច្បាប់​ ក៏ប៉ុន្តែ​ចំពោះ​ពលរដ្ឋ​ប្រើ​ឧបករណ៍​មង​ មន្ត្រី​ជំនាញ​គ្រាន់តែ​អប់រំ​ និង​ធ្វើ​កិច្ច​សន្យា​ឱ្យ​បញ្ឈប់​សកម្មភាព​នោះ​ប៉ុណ្ណោះ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល