សង្គម​ស៊ីវិល ​និង​ពលរដ្ឋ​ ស្នើ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ឱ្យ​​បង្ក្រាប​សិប្បកម្ម​ខុសច្បាប់ ​ដែល​កាប់​ឈើ​ចេញ​ពី​ព្រៃ​ឡង់

ដោយ អាស៊ីសេរី
2020-04-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រោង​សិប្បកម្ម​កែច្នៃ​ឈើ​មួយ​កន្លែង ឋិត​នៅ​ភូមិ​កំពង់​ប៉ាង ឃុំ​កាំងចាម ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ដែល​មន្ត្រី​អាដហុក អាជ្ញាធរ​ឃុំ ពលរដ្ឋ និង​ក្រុម​អ្នក​កាសែត​ក្នុង​ស្រុក ចុះ​ដល់​កន្លែង កាល​ពី​ថ្ងៃ​ទី១៩ ខែ​មេសា ឆ្នាំ២០២០។
រោង​សិប្បកម្ម​កែច្នៃ​ឈើ​មួយ​កន្លែង ឋិត​នៅ​ភូមិ​កំពង់​ប៉ាង ឃុំ​កាំងចាម ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ដែល​មន្ត្រី​អាដហុក អាជ្ញាធរ​ឃុំ ពលរដ្ឋ និង​ក្រុម​អ្នក​កាសែត​ក្នុង​ស្រុក ចុះ​ដល់​កន្លែង កាល​ពី​ថ្ងៃ​ទី១៩ ខែ​មេសា ឆ្នាំ២០២០។
រូប៖ អាដហុក

មន្ត្រី​សង្គម​ស៊ីវិល ​និង​ពលរដ្ឋ​នៅ​ខេត្ត​ស្ទឹងត្រែង​រិះគន់​​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​នេះ​ថា បាន​បណ្ដែត​បណ្ដោយ​ឱ្យ​មាន​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ខុស​ច្បាប់​ជា​ច្រើន​កន្លែង ​នៅ​ជាប់​តំបន់​ព្រៃ​ឡង់ ដែល​ពួកគេ​ចាត់ទុកថា ​ជា​ប្រភព​នៃ​វិនាសកម្ម​ព្រៃឈើ​។  ចំណែក​អាជ្ញាធរ​ទទួល​ស្គាល់​ថា ​មាន​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់ ​តែ​ធ្វើ​ឡើង​ដោយ​ការ​លួច​លាក់។

មន្ត្រី​សង្គម​ស៊ីវិល ​និង​ពលរដ្ឋ​រស់​នៅ​ភូមិ​កំពង់​ប៉ាង ​ឃុំ​កាំងចាម ​ស្រុក​ថាឡាបរិវ៉ាត់ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ​២១ ​មេសា​ថា​ អាជ្ញាធរ​ពាក់ព័ន្ធ​ ខេត្ត​ស្ទឹងត្រែង ​មាន​ចេតនា​លាក់បាំង​បទល្មើស​ព្រៃឈើ ដែល​កើតមាន​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ទេ​។ ​ពួកគេ​អះអាង​ថា ​អ្នកភូមិ​បាន​ផ្តល់​ដំណឹង​ឱ្យ​អាជ្ញាធរ​បង្ក្រាប​សិប្បកម្ម​កែច្នៃ​ឈើ​មួយ​កន្លែង ​នៅ​ជិត​ប៉ុស្តិ៍​នគរបាល​ឃុំ​កាំងចាម ​ក៏ប៉ុន្តែ​អាជ្ញាធរ​ជំនាញ​ មិន​អើពើ​បង្ក្រាប​នោះ​ទេ។

ពលរដ្ឋ​រស់នៅ​ឃុំ​កាំងចាម លោក ខេង ថូរ ឱ្យ​ដឹង​ថា នៅ​ឃុំ​កាំងចាម​មាន​សិប្បកម្ម​កែច្នៃ​ឈើ​យ៉ាង​ហោច​ណាស់ ​៣​កន្លែង ​បាន​ទទួល​ទិញ​ឈើ​ពី​ក្រុម​ជនល្មើស ​កាប់​ចេញ​ពី​តំបន់​ព្រៃ​ឡង់ ខណៈ​ភូមិសាស្ត្រ​តំបន់​នោះ​នៅ​ជាប់​ព្រៃ​ឡង់​។ ​លោក​សង្កេត​ឃើញ​ថា បច្ចុប្បន្ន​ពលរដ្ឋ​មួយ​ចំនួន​នៅ​មូលដ្ឋាន ​បាន​ចាប់​យក​របរ​កាប់​ឈើ​លក់​ និង​ដឹក​ជញ្ជូន​ឱ្យ​ម្ចាស់​សិប្បកម្ម​នៅ​តំបន់​នោះ៖ «កាល​ណា​​តែ​កើត​សិប្បកម្ម​ហើយ​ព្រៃឈើ​វា​មាន​តែ​វិនាស​កម្ម​ហ្នឹងឯង។ វា​មាន​តែ​បាត់បង់​ព្រៃឈើ​ហ្នឹងឯង។ ដឹក​តាម​មុខ​ផ្ទះ​រាល់ថ្ងៃ​។ មុខ​ ៣០ ៤០​ មុខ ៨០ មុខ ៩០ (សង្ទីម៉ែត្រ)។ គ្រាន់តែ​ព្រឹក​មិញ​ជិត ១០ម៉ូតូ​ហើយ។ ផ្លូវ​សម្រាប់​ដឹក​ឈើ​ ផ្លូវ​ខ្វាត់​ខ្វែង​ហ្មង​ មិនមែន​ផ្លូវ​អភិវឌ្ឍន៍​របស់​ឃុំ​សង្កាត់​ទេ»

បុរស​ដដែល​បន្ត​ថា រោង​សិប្បកម្ម​ទាំងនោះ ​បើ​មើល​ពី​ខាង​ក្រៅ ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​តូច​ ក៏ប៉ុន្តែ​បើ​នៅ​តែ​បណ្ដែត​បណ្ដោយ​ឱ្យ​ដំណើរការ​យូរៗ ទៅ នឹង​កាន់តែ​បង្ក​ការ​គំរាមកំហែង​ធំធេង​ ដល់​ព្រៃ​អភិរក្ស​។ ​លោក​សង្កត់​ធ្ងន់​ថា ​មន្ត្រី​បរិស្ថាន ​បាន​ហាម​សហគមន៍​ព្រៃ​ឡង់​មិន​ឱ្យ​ល្បាត​ព្រៃ ​ក៏ប៉ុន្តែ​ក្រុម​អ្នក​អារឈើ ​នៅតែ​អាច​ចូល​ព្រៃ​កាប់​ឈើ ​និង​ដឹក​ឈើ​ដោយ​ងាយ៖ «អស់​សង្គម​ក្នុង ការ​ការពារ​ព្រៃឈើ​ថ្នាក់លើ​គេ​មិន​ឱ្យ​យើង​ចូល​រញ៉េរញ៉ៃ​ទេ។ អ៊ីចឹង​ខ្ញុំ​គិត​ថា បើ​មិន​ឱ្យ​ពួក​ខ្ញុំ​ចូល​ការពារ​ធនធានធម្មជាតិ​ ហេតុ​អី​បាន​បើក​ដៃ​ឱ្យ​បទល្មើស​ចូល​អារ​ឈើ​ធ្វើ​អី។ ពួក​ខ្ញុំ​ឃើញ ច្បាស់លាស់​អ៊ីចឹង​មែន»

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ប្រធាន​មន្ទីរ​បរិស្ថាន ​ខេត្ត​ស្ទឹងត្រែង ​លោក ​អេង ភីរ៉ុង ​ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ ​តែ​លោក​ថា ទូរស័ព្ទ​ស្ដាប់​មិន​ឮ និង​ឈប់​ទទួល​ទូរស័ព្ទ ​នៅ​ថ្ងៃ​ទី២១ មេសា។

ចំណែក​សមាជិក​ក្រុមប្រឹក្សា​ឃុំ​កាំងចាម លោក ដន លួន ទទួល​ស្គាល់​ថា នៅ​ឃុំ​កាំងចាម​ មាន​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ខ្នាត​តូច ​៥​កន្លែង តែ​អាជីវកម្ម​ទាំង​នោះ ​ធ្វើឡើង​ដោយ​ការ​លួចលាក់។ លោក​ថា​នៅ​ពេល​ថ្មីៗ នេះ​ លោក​បាន​ចុះ​ទៅ​ពិនិត្យ​ទី​តាំង​សិប្បកម្ម​កែច្នៃ​ឈើ​មួយ​កន្លែង​ដែរ ហើយ​បាន​ប្រទះ​ឃើញ​ចម្រៀក​ឈើ​មុខ​កាត់​ធំៗ មួយ​ចំនួន ​ម៉ាស៊ីន​អារ​ឈើ ១គ្រឿង​ និង​កម្លាំង​កម្មករ​មួយ​ក្រុម ​ហើយ​លោក​បាន​ផ្ដល់​ដំណឹង​នេះ​ទៅ​​មន្ត្រី​ជំនាញ​រួចហើយ ​ក៏ប៉ុន្តែ​ការ​អនុវត្ត​ច្បាប់​ ជា​ភារកិច្ច​របស់​មន្ត្រី​ជំនាញ៖ «កាល​ខ្ញុំ​ទៅ​ថ្ងៃ​១៩​ មាន​ម៉ាស៊ីន​មានអី​នៅ​ច្រូងច្រាង​ មាន​ឈើ​មួយ​ចំនួន​មាន​កម្មករ​មាន​អី​គេ​។ មក​ដល់​ឥឡូវនេះ ថ្ងៃ​ទី១៩ មក ដល់​ថ្ងៃ​ទី ២០ជាង មិន​ដឹង​ថា គេ​ដំណើរ​ការ​ទៀត ​ខ្ញុំ​អត់​ដឹង​ដែរ»

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ខេត្ត​ស្ទឹងត្រែង ​លោក​ ប៊ី វ៉ាន់នី  កត់​សម្គាល់​ថា​ថ្មីៗ នេះ លោក​បាន​សហការ​ជាមួយ​ពលរដ្ឋ​ អាជ្ញាធរ​ឃុំ និង​ក្រុម​អ្នកកាសែត​ ចុះទៅ​ដល់​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ​មួយ​កន្លែង ​ក្នុង​​ឃុំ​កាំងចាម ​ប្រទះឃើញ​ ឈើ​មាន​មុខ​កាត់​ធំៗ ជាង ១០ដុំ ហើយ​បាន​ផ្ដល់​ព័ត៌មាន​នេះ ទៅ​មន្ត្រី​អាវុធហត្ថ ​មន្ត្រី​បរិស្ថាន ​និង​នគរបាល ​ឱ្យ​អនុវត្ត​ច្បាប់ ​ក៏ប៉ុន្តែ​មន្ត្រី​ទាំង​នោះ ​មិន​ចុះ​បង្ក្រាប​នោះ​ទេ​។ ​លោក​សង្ស័យ​ថា មូលហេតុ​ដែល​អាជ្ញាធរ​មិន​បង្ក្រាប​ដោយសារ​ អាជ្ញាធរ​ពាក់ព័ន្ធ​ខ្លះ​ បាន​ទទួល​សំណូក ​ពី​ម្ចាស់​សិប្បកម្ម៖ «ពេល​ពលរដ្ឋ​បាន​ប្ដឹង​រាយការណ៍​ទៅ​ហើយ​ហេតុ​អី​បាន​ជា​អាជ្ញាធរ​មិនព្រម​អនុវត្ត​ច្បាប់​។ អាជ្ញាធរ​មក​ មក​យក​លុយ​ពី​ម្ចាស់​សិប្បកម្ម​ហ្នឹង​មូលហេតុ​អី​ យើង​មិន​យល់​។ កាល​ណា​យើង​មិន​អនុវត្ត​ច្បាប់ បង្ហាញ​ថា យើង​ពាក់ព័ន្ធ​បទ​ល្មើស​ព្រៃឈើ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ថា អាជ្ញាធរ​​​មូលដ្ឋាន ​ចាប់​ពី​ថ្នាក់​ឃុំ​រហូត​ដល់​ថ្នាក់​ខេត្ត​ រួម​ទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្មាន​ឆន្ទៈ​​ការពារ​ព្រៃឈើ​ពិតប្រាកដ​​នោះ​ទេ។ លោក​ថា ពលរដ្ឋ​មួយ​ចំនួន​ បាន​ផ្ដល់​ព័ត៌មាន​ឱ្យ​អាជ្ញាធរ​បង្ក្រាប​បទល្មើស​ព្រៃឈើ តែ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ត្រឹមតែ​មិន​អើពើ​នោះ​ទេ ហើយ​​ថែម​ទាំង​គំរាម​កំហែង​លើ​អ្នក​រាយការណ៍​ទៀត​ផង៕

ដុំ​ឈើ​ក្នុង​រោង​សិប្បកម្ម​កែច្នៃ​ឈើ​មួយ​កន្លែង ឋិត​នៅ​ភូមិ​កំពង់​ប៉ាង ឃុំ​កាំងចាម ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ដែល​មន្ត្រី​អាដហុក អាជ្ញាធរ​ឃុំ ពលរដ្ឋ និង​ក្រុម​អ្នក​កាសែត​ក្នុង​ស្រុក ចុះ​ដល់​កន្លែង កាល​ពី​ថ្ងៃ​ទី១៩ ខែ​មេសា ឆ្នាំ២០២០។ រូប៖ អាដហុក (ADHOC)
ដុំ​ឈើ​ក្នុង​រោង​សិប្បកម្ម​កែច្នៃ​ឈើ​មួយ​កន្លែង ឋិត​នៅ​ភូមិ​កំពង់​ប៉ាង ឃុំ​កាំងចាម ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ដែល​មន្ត្រី​អាដហុក អាជ្ញាធរ​ឃុំ ពលរដ្ឋ និង​ក្រុម​អ្នក​កាសែត​ក្នុង​ស្រុក ចុះ​ដល់​កន្លែង កាល​ពី​ថ្ងៃ​ទី១៩ ខែ​មេសា ឆ្នាំ២០២០។ រូប៖ អាដហុក (ADHOC)

សិប្បកម្មឈើ​នៅ​ស្ទឹងត្រែង 041920

ម៉ាស៊ីន​កាត់​ច្រៀក​ឈើ​ក្នុង​រោង​សិប្បកម្ម​កែច្នៃ​ឈើ​មួយ​កន្លែង ឋិត​នៅ​ភូមិ​កំពង់​ប៉ាង ឃុំ​កាំងចាម ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ដែល​មន្ត្រី​អាដហុក អាជ្ញាធរ​ឃុំ ពលរដ្ឋ និង​ក្រុម​អ្នក​កាសែត​ក្នុង​ស្រុក ចុះ​ដល់​កន្លែង កាល​ពី​ថ្ងៃ​ទី១៩ ខែ​មេសា ឆ្នាំ២០២០។ រូប៖ អាដហុក (ADHOC)
ម៉ាស៊ីន​កាត់​ច្រៀក​ឈើ​ក្នុង​រោង​សិប្បកម្ម​កែច្នៃ​ឈើ​មួយ​កន្លែង ឋិត​នៅ​ភូមិ​កំពង់​ប៉ាង ឃុំ​កាំងចាម ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ដែល​មន្ត្រី​អាដហុក អាជ្ញាធរ​ឃុំ ពលរដ្ឋ និង​ក្រុម​អ្នក​កាសែត​ក្នុង​ស្រុក ចុះ​ដល់​កន្លែង កាល​ពី​ថ្ងៃ​ទី១៩ ខែ​មេសា ឆ្នាំ២០២០។ រូប៖ អាដហុក (ADHOC)


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល