មនុស្ស​ជាង​៣០​នាក់​ស្លាប់​ដោយសារ​ទឹក​ជំនន់

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឲ្យ​ដឹង​ថា មក​ទល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ទឹក​ជំនន់​នៅ​ទូទាំង​ប្រទេស​សម្លាប់​មនុស្ស​ជាង ៣០​នាក់ និង​បង្ខំ​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​ផ្សេង​ទៀត​ឲ្យ​ជម្លៀស​ចេញ​ពី​ផ្ទះសំបែង។
ដោយ វណ្ណ វិចារ
2013-09-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ធ្វើ​ដំណើរ​កាត់​ទឹក​ជំនន់ ក្នុង​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​២៧ កញ្ញា ឆ្នាំ​២០១៣។
ពលរដ្ឋ​ធ្វើ​ដំណើរ​កាត់​ទឹក​ជំនន់ ក្នុង​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​២៧ កញ្ញា ឆ្នាំ​២០១៣។
RFA/Mom Sophon

មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បញ្ជាក់​ថា ទឹក​ជំនន់​ទន្លេ​មេគង្គ​លើ​នៅ​ខេត្ត​ក្រចេះ ស្ទឹងត្រែង កំពង់ចាម ចាប់​ផ្ដើម​ស្រក​ក៏​ពិត​មែន ប៉ុន្តែ​តាម​ការ​ព្យាករ​កម្ពស់​ទឹក​អាច​នឹង​ហក់​ឡើង​វិញ បើ​សិន​ជា​មាន​ភ្លៀង​ធ្លាក់​ខ្លាំង។

មន្ត្រី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ពី​គ្រោះថ្នាក់​ដែល​បណ្តាល​មក​ពី​ការ​ធ្វេសប្រហែស​ពេល​មាន​ទឹក​ជន់​ឡើង។ របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បង្ហាញ​ថា ខេត្ត​ចំនួន ១២ រង​ផល​ប៉ះពាល់​ដោយសារ​គ្រោះ​ទឹក​ជំនន់ ដែល​បង្ក​ឲ្យ​ពលរដ្ឋ​ជាង ៧​ម៉ឺន​គ្រួសារ​ជួប​ការ​លំបាក។ ខេត្ត​ដែល​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​មាន​ខេត្ត​ព្រះវិហារ បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ កំពង់ចាម ក្រចេះ ស្ទឹងត្រែង ព្រៃវែង កណ្តាល ព្រះសីហនុ រតនគិរី និង​រាជធានី​ភ្នំពេញ។

អនុ​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​លោក​ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា មាន​ប្រសាសន៍​ថា លោក​មិន​មាន​ពេល​គ្រប់គ្រាន់​លម្អិត​ពី​រឿង​នេះ​បាន​ទេ ព្រោះ​លោក​ទើប​តែ​សុំ​ការ​អនុញ្ញាត​​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​និយាយ​ជាមួយ​អ្នក​កាសែត​បាន។

លោក​បន្ត​ដោយ​ខ្លី​ថា ទឹក​អាច​នឹង​ឡើង ដូច​នេះ​ពលរដ្ឋ​គួរ​ប្រុង​ប្រយ័ត្ន៖ «ទឹក​វា​ស្រក​ហើយ អត់​មាន​បញ្ហា​អី​ទេ គ្រាន់​វា​បុក​នៅ​ខេត្ត​កណ្ដាល រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រៃវែង យើង​កំពុង​មាន​វិធានការ​ដើម្បី​ដោះស្រាយ​បញ្ហា​ហ្នឹង​ណា»

របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បញ្ជាក់​ថា មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៩ កញ្ញា មាន​មនុស្ស​ស្លាប់​ដោយសារ​ទឹក​ជន់​ឡើង​ចំនួន ២៨​នាក់ ក្នុង​នោះ​ខេត្ត​កំពង់ចាម មាន​មនុស្ស​ស្លាប់​ច្រើន​ជាង​គេ គឺ ១៦​នាក់ និង​ខេត្ត​រតនគិរី ៤​នាក់ ព្រម​ទាំង​ខេត្ត​មួយ​ចំនួន​ទៀត។ ប៉ុន្តែ​នៅ​ខេត្ត​ព្រៃវែង នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ក្រុម​ប្រជាពលរដ្ឋ​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ពួកគាត់​បាន​ជួយ​សង្គ្រោះ​បុរស​ជន​បរទេស​ម្នាក់ ដែល​បាន​អណ្ដែត​ទៅ​ទើរ​លើ​មែក​ឈើ​ដោយសារ​បើក​ឡាន​ឆ្លង​កាត់​ទំនប់​ស្នេហ៍ ក្នុង​ឃុំ​ធាយ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង។

ក្រុម​ពលរដ្ឋ​ក៏​បាន​ជួយ​ស្រង់​សាកសព​ជន​បរទេស​ចំនួន ៤​នាក់ ក្នុង​នោះ​មាន​កុមារ ២​នាក់ និង​ស្ត្រី ២​នាក់ ដែល​បាន​ស្លាប់​ដោយសារ​លង់​ទឹក​ទំនប់។ បុរស​ជន​បរទេស​នោះ គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ឡើយ ដោយសារ​គាត់​មិន​ចេះ​និយាយ​ទាំង​ភាសា​បារាំង និង​អង់គ្លេស។ ក្រុម​ពលរដ្ឋ​ឲ្យ​ដឹង​ថា រថយន្ត​បើក​ចូល​ទឹក គឺ​មក​ពី​អ្នក​បើក​មិន​ដឹង​ថា ទឹក​នៅ​លើ​ផ្លូវ​ជាតិ​ពី​កំពង់​ស្នេហ៍ ទៅ​បាភ្នំ មាន​ជម្រៅ​ជ្រៅ និង​ហូរ​ខ្លាំង ហើយ​អាជ្ញាធរ​មូលដ្ឋាន​ក៏​មិន​បាន​ដាក់​សញ្ញា​ហាម​ឃាត់។ ប៉ុន្តែ​ក្រុម​អាជ្ញាធរ​ប្រាប់​ថា បញ្ហា​នេះ​មក​ពី​ទឹក​ឡើង​លឿន​ខ្លាំង​ពេក។

ទន្ទឹម​នឹង​នេះ របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បញ្ជាក់​ថា សាលារៀន​ដែល​រង​ផល​ប៉ះពាល់​មាន​ចំនួន​ជិត ៤០០​ខ្នង វត្តអារាម​ចំនួន​ជិត ៣០០​វត្ត និង​មន្ទីរពេទ្យ​ចំនួន ១៧ ត្រូវ​បាន​ផ្អាក​ដំណើរការ។ សន្ទូង​ដែល​បាន​ប៉ះពាល់​មាន​ចំនួន​ជិត ៩​ម៉ឺន​ហិកតារ ហើយ​ទឹក​ជំនន់​អូស​បន្លាយ សន្ទូង​ទាំង​នោះ​នឹង​ខូចខាត។ ទឹក​ឡើង​ក៏​ប៉ះពាល់​ដំណាំ​ផ្សេងៗ​ចំនួន​ជាង ៣​ពាន់​ហិកតារ។ ទឹក​ជំនន់​កាល​ពី​ឆ្នាំ​២០១២ បាន​សម្លាប់​មនុស្ស ១៤​នាក់។ កាល​ពី​ឆ្នាំ​២០១១ ទឹក​ឡើង​ក៏​បាន​សម្លាប់​មនុស្ស​អស់​ចំនួន ២៥០​នាក់​ដែរ នឹង​បណ្ដាល​ឲ្យ​ខាត​បង់​ថវិកា​ជាតិ​អស់​រាប់​លាន​ដុល្លារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
Share

អ្នក​អាន​អនាមិក

Where are these corrrupt officials when Cambodia struck by disaster?

Oct 01, 2013 03:16 AM

អ្នក​អាន​អនាមិក

Where are these corrupt officials when Cambodia struck by disaster?

Oct 01, 2013 03:15 AM

អ្នក​អាន​អនាមិក

សូមជូនយោបលដល់ភ្នាក់ងារជួយសង្គ្រោះ។ លក្ខណវិនិច្ឆ័យដើម្បីទទួលបានអំណោយសង្រ្គោះរបស់អស់លោកមិនត្រឹមត្រូវទេ។ ពេលទឹកលិចភូមិស្រុក គឺលេចទាំងអស់គ្នា ប៉ះពាល់សេដ្ឋកិច្ចដូចគ្នា។ ដូចនេះពេលចែកអំណោយត្រូវចែកទាំងអស់គ្នា។ លោកអាចវាស់ចិត្តមនុស្សរងគ្រោះបានពេលរាប់សន្លឹកឆ្នោត។

Oct 01, 2013 12:19 AM

អ្នក​អាន​អនាមិក

Is the government mobilizing? What is their plan? No plan?

If it doesn't benefit them pocket, they don't care.

Sep 30, 2013 07:46 PM

អ្នក​អាន​អនាមិក

រដ្ឋាភិបាលហ៊ុនសែនគ្មានផែនការច្បាស់លាស់ក្នុងការចាត់ចែងដោះស្រាយបញ្ហាទឹកជំនន់ឡើយ។ អ្វីដែលញឹមវ៉ាន់់ដា​មានគឺទិញមី ទឹកត្រី ទឹកស៊ីអ៊ីវ សំរាប់ចែកក្រោយពេលទឹក​លិចហើយ! ទង្វើនេះមិនមែនទប់ស្កាត់ទេប៉ុន្តែប្រជាភិថុត!

Sep 30, 2013 06:48 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល