ព្រះសង្ឃ និង​ក្រុម​យុវជន​មាតា​ធម្មជាតិ បន្ត​ដំណើរ​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ​ទាមទារ​ឱ្យ​អាជ្ញាធរ​រុះរើ​សំណង់​កាស៊ីណូ​ខុស​ច្បាប់​នៅ​កោះ​រ៉ុង​សន្លឹម

ដោយ ខែ សុណង
2019-10-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះសង្ឃ និង​ក្រុម​យុវជន​​អង្គការ​មាតា​ធម្មជាតិ ពេល​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​តាម​ផ្លូវ ​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ​ កាល​ពី​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ២០១៩ ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​រុះរើ​សំណង់​កាស៊ីណូ​ខុស​ច្បាប់​នៅ​កោះ​រ៉ុង​សន្លឹម។
ព្រះសង្ឃ និង​ក្រុម​យុវជន​​អង្គការ​មាតា​ធម្មជាតិ ពេល​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​តាម​ផ្លូវ ​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ​ កាល​ពី​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ២០១៩ ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​រុះរើ​សំណង់​កាស៊ីណូ​ខុស​ច្បាប់​នៅ​កោះ​រ៉ុង​សន្លឹម។
រូប៖ អង្គការ​មាតា​ធម្មជាតិ

ព្រះសង្ឃ និង​ក្រុម​យុវជន​នៅ​ថ្ងៃ​ពុធ​នេះ បាន​បន្ត​ដំណើរ​ថ្ងៃ​ទី២ នៃ​គម្រោង​ដើរ​ថ្មើរ​ជើង ៩ថ្ងៃ ​ពី​ភ្នំពេញ​​ទៅ​ខេត្ត​ព្រះសីហនុ ដើម្បី​​ទាម​​ទារ​​ឱ្យ​អាជ្ញាធរ​វាយ​កម្ទេច​សំណង់​កាស៊ីណូ​ចិន​​ខុសច្បាប់​​មួយ​កន្លែង​ នៅ​លើ​កោះ​រ៉ុង​សន្លឹម ដែល​អាជ្ញាធរ​សន្យា​វាយ​កម្ទេច។ ព្រះសង្ឃ និង​ក្រុម​យុវជន អះអាង​ថា អាជ្ញាធរ និង​សមត្ថកិច្ច​រាជធានី​បាន​បន្ត​តាម​ឃ្លាំ​មើល ចំពោះ​ការ​ដើរ​នេះ។

ព្រះសង្ឃ និង​ក្រុម​យុវជន ​ដើរ​ថ្មើរ​ជើង​ពី​ភ្នំពេញ​​ទៅ​ខេត្ត​ព្រះសីហនុ អះអាង​ថា អាជ្ញាធរ និង​សមត្ថកិច្ច​រាជធានី​បាន​តាម​ឃ្លាំមើល​ការ​ដើរ​នេះ ហាក់​ព្រួយ​បារម្ភ ខ្លាច​មាន​ការ​ជួបជុំ ឬ​ប្រមូល​ផ្ដុំ ដែល​ជា​ក្រុម​និន្នាការ​គណបក្ស​នយោបាយ​ណា​មួយ។

ព្រះភិក្ខុ កើត​ សារ៉ាយ ព្រះសង្ឃ​គង់​នៅ​វត្ត​ដំរី​ស ខេត្ត​បាត់​ដំបង ដែល​ចូលរួម​ក្នុង​យុទ្ធនាការ​ដើរ​យាត្រា​នេះ មាន​ថេរ​ដីកា​ថា ឆ្លង​តាម​បទ​ពិសោធន៍​នៃ​ការ​ដើរ​នៅ​ថ្ងៃ​ទី១៥ តុលា ពី​រាជធានី​ភ្នំពេញ​មក​ដល់​ទឹក​ដី​ខេត្ត​កណ្ដាល ព្រះអង្គ និង​យុវជន​មិន​ព្រួយ​បារម្ភ ចំពោះ​សកម្មភាព​តាម​ឃ្លាំមើល​ជា​ហូរហែ​ពី​សំណាក់​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​នោះ​ទេ។ ព្រះតេជព្រះគុណ​បន្ត​ថា ការ​មិន​ខ្លាច​នោះ ដោយសារ​តែ​ដំណើរ​នេះ គឺ​ជា​សារ​មួយ​រំលឹក​ឲ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់ វាយ​កម្ទេច​សំណង់​កាស៊ីណូ​ចិន​ខុស​ច្បាប់​យីហោ ជីនទីង (Jingding) ដែល​សាងសង់​រំលោភ​លើ​ដី​ឆ្នេរ​កោះ​រ៉ុង​សន្លឹម ដែល​អាជ្ញាធរ​បាន​អះអាង​កន្លង​មក ហើយ​មិន​ឃើញ​អនុវត្ត​តែ​ប៉ុណ្ណោះ៖ «ការ​ពិត​ទៅ​អ្វី​ដែល​អាត្មា​ចាប់​អារម្មណ៍​ខ្លាំង គឺ​ស្ថិត​នៅ​ក្នុង​ទឹក​ដី​ទីក្រុង ដែល​មាន​មន្ត្រី​អាជ្ញាធរ និង​ប៉ូលិស​គាត់ តាម​រហូត​មាន​មុខ​មាន​ក្រោយ មាន​ការ​ថត​នៅ​រូបភាព​ផ្សេងៗ ប៉ុន្តែ​មក​ដល់​កន្លែង​អាត្មា​សឹង គឺ​ផុត​ពី​ទឹក​ដី​ក្រុង​ភ្នំពេញ​ហើយ ចូល​ដល់​ទឹក​ដី​ខេត្ត​កណ្ដាល​ហើយ អត់​មាន​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ឬ​ប៉ូលិស​ណា តាម​ដាន​មក​ទៀត​ទេ។ ការ​មក​សឹង​នេះ គឺ​អត់​មាន​អី​ផង ប្រជាពលរដ្ឋ​មាន​តែ​សាទរ និង​គាំទ្រ​សកម្មភាព ធម្មយាត្រា ដើម្បី​ការពារ​ឆ្នេរ​សមុទ្ទ​របស់​យើង»

ក្រុម​យុវជន​មាតា​ធម្មជាតិ​ចាប់​ផ្ដើម​យុទ្ធនាការ​ដើរ​យាត្រា​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​​ព្រះសីហនុ​គ្រោង​ប្រើ​ពេល​៩ ថ្ងៃ ដែលបានចាប់ផ្ដើមពីថ្ងៃទី១៥ តុលា ដើម្បី​ទាម​ទារ​ឱ្យ​អាជ្ញាធរ​ចុះ​អនុវត្ត​ច្បាប់​លើ​មជ្ឈមណ្ឌល​កម្សាន្ត ជីនទីង (Jingding) ដោយ​វាយ​កម្ទេច​សំណង់​កាស៊ីណូ ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ឆ្នេរ​កោះ​រ៉ុង​សន្លឹម។

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បាន​ចុះ​បិទ​អាជីវកម្ម​មជ្ឈមណ្ឌល​កម្សាន្ត​ចិន​យីហោ​ ជីនទីង (Jingding) កាល​ពី​ចុង​ខែ​ឧសភា​កន្លង​ទៅ បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា ទីតាំង​កម្សាន្ត​នោះ​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ជា​ច្រើន​ចំណុច។ សកម្មភាព​ល្មើស​ច្បាប់​ទាំង​នោះ រួម​មាន ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ក្នុង​​សមុទ្រ​ដោយ​មិន​បាន​ឆ្លង​កាត់​ការ​ចម្រោះ ការ​សាងសង់​ទីតាំង​កាស៊ីណូ​រំលោភ​លើ​ដី​ឆ្នេរ​សមុទ្រ ​ការ​ដាក់​ម៉ាស៊ីន​ភ្លើង​នៅ​លើ​ផែ​ធ្វើ​ឱ្យ​មាន​ប្រេង​ហូរ​ចូល​សមុទ្រ​ប៉ះពាល់​ដល់​បរិស្ថាន និង​ការ​ចាក់​ធុងបាស​ខ្លាំង​បង្ក​ការ​រំខាន​ដល់​ពលរដ្ឋ​ និង​ភ្ញៀវ​ទេសចរ។

ក្រោយ​ចុះ​បិទ​អាជីវកម្ម​ អាជ្ញាធរ​ខេត្ត​បាន​បញ្ជាក់​ថា សំណង់​ខុស​ច្បាប់​របស់​មជ្ឈមណ្ឌល​ចិន​មួយ​កន្លែង​នោះ នឹង​ត្រូវ​រុះរើ​ចេញ ក៏ប៉ុន្តែ​ជាច្រើន​ខែ​មក​នេះ អាជ្ញាធរ​មិន​ទាន់​ចុះ​ធ្វើ​សកម្ម​ភាព​នៅឡើយ​។

សកម្មជន​មាតា​ធម្មជាតិ និង​ជា​អ្នក​ដឹក​នាំ​ដំណើរ​ក្បួន​យាត្រា កញ្ញា ឡុង គន្ធា អះអាង​ថា អ្វី​​ដែល​​ក្រុម​យុវជន​​​ធ្វើ​នេះ សុទ្ធតែ​អនុលោម​ទៅ​តាម​ច្បាប់។ កញ្ញា​​ថា ​សកម្មភាព​​នេះ គឺ​ដើម្បី​​តែ​ជួយ​ការពារ​បរិស្ថាន​ និង​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ប៉ុណ្ណោះ។

ការ​យាត្រា​ដោយ​ថ្មើរ​ជើង​នេះ មាន​យុវជន​មាតា​ធម្មជាតិ​ចំនួន​២ នាក់ និង​ព្រះសង្ឃ ៣អង្គ ដោយ​មិន​បាន​កាន់​បដា ឬ​ស្រែក​មេក្រូ​ឡើយ ប៉ុន្តែ​ពួក​គេ​បាន​ថត​វីឌីអូ Live ពី​សកម្មភាព នៃ​យុទ្ធនាការ​នេះ។ ក្រុម​ការងារ​នេះ​អះអាង​ថា ពួក​គាត់​រីករាយ ដែល​មាន​ប្រជា​ពលរដ្ឋ​នៅ​តាម​ដង​ផ្លូវ​សាទរ និង​គាំទ្រ​ការ​ដើរ​បែប​តស៊ូ​មតិ​នេះ ប៉ុន្តែ​ពួក​គាត់​មិន​បាន​ទទួល​អ្នក​ស្ម័គ្រ​ចិត្ត​ចង់​ចូលរួម​ដំណើរ​នេះ​ទេ ព្រោះ​ខ្លាច​ជា​បុគ្គល​បន្លំ​ឲ្យ​ក្រុម​ណា​មួយ ដែល​នឹង​នាំ​ឲ្យ​មាន​បញ្ហា​ដល់​សកម្មភាព​យុទ្ធនាការ​អហិង្សា​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល