មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​ គ្រោង​បង្កើត​កន្លែង​សម្បូរ​ថ្ម​​សសរ​ ជា​តំបន់​ទេសចរ​ធម្មជាតិ

ដោយ មាន ឫទ្ធិ
2020-01-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ថ្ម​​សសរ​​ធម្មជាតិ ដែល​ដុះ​នៅ​តំបន់​របៀង​អភិរក្ស​ជីវចម្រុះ​ ក្នុង​​​ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី។
ថ្ម​​សសរ​​ធម្មជាតិ ដែល​ដុះ​នៅ​តំបន់​របៀង​អភិរក្ស​ជីវចម្រុះ​ ក្នុង​​​ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី។
រូប៖ ហ្វេសប៊ុក​ក្រសួងបរិស្ថាន

មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​ ឱ្យ​ដឹង​ថា មន្ត្រី​ជំនាញ​នៃ​ក្រសួងបរិស្ថាន​ កំពុង​ចុះ​សិក្សា​ស្រាវជ្រាវ​ថ្ម​បុរាណ​ ដែល​ដុះ​នៅ​តំបន់​របៀង​អភិរក្ស​ជីវចម្រុះ​ ក្នុង​ ស្រុក​ពេជ្រាដា។ មន្ត្រី​ជំនាញ​ថា​ ក្រសួង​គ្រោង​នឹង​បង្កើត​តំបន់​នោះ​ ជា​តំបន់​អេកូ​ទេសចរ​ធម្មជាតិ ទាក់ទាញ​ភ្ញៀវ​ទេសចរ។

ប្រធានមន្ទីរ​បរិស្ថាន ខេត្ត​មណ្ឌលគិរី​ លោក កែវ សុភ័ក្ត្រ ថ្លែង​នៅ​ថ្ងៃ​ទី២០ មករា​ថា ក្រសួងបរិស្ថាន​ បាន​បញ្ជូន​នាយកដ្ឋាន​បេតិកភណ្ឌ​ទៅ​សិក្សា​រួចហើយ​ នៅ​តំបន់​ថ្ម​បុរាណ​ ដែល​ដុះ​នៅ​ចំណុច​អូរ​ស្រាល​ នៃ​ភូមិ​ឡាំ​ម៉េះ​ ឃុំ​ប៊ូស្រា​ ស្រុក​ពេជ្រាដា។ លោក​បញ្ជាក់​ថា​ ក្រសួងបរិស្ថាន​បានសម្រេច​ដាក់​តំបន់​នេះ​ ជា​កន្លែង​ការពារ​ធម្មជាតិ​ដ៏​តឹងរ៉ឹង​ជាមុន​សិន មុន​​ពេល​បង្កើត​ទៅជា​តំបន់​ទេសចរ​ធម្មជាតិ​ទៅ​ថ្ងៃ​មុខ៖ «ការ​បង្កើត​ជា​តំបន់​ពិសេស ឬ​តំបន់​អេកូ​ទេសចរណ៍ អនាគត​វា​ត្រូវ​បង្កើត ប៉ុន្តែ​ទន្ទឹម​នឹង​យើង​ដាក់​តំបន់​ហ្នឹង ជា​តំបន់​ការពារ​ឱ្យ​តឹងរ៉ឹង។ អ៊ីចឹង​ក្រសួង​បរិស្ថាន​កំពុង​ធ្វើ​រឿង​នេះ នឹង​ចុះ​សិក្សា​ម្តង​ទៅ​ពីរ​ដង​ទៀត តើ​មាន​ទំហំ​ប៉ុណ្ណា​ដែល​ត្រូវ​ការពារ​ហ្នឹង»

លោក​ កែវ​ សុភ័ក្ត្រ​ បន្ថែម​ថា ថ្ម​ធម្មជាតិ​ទាំងនោះ​ ជា​ថ្ម​ដែល​កើត​ចេញពី​កម្អែល​ភ្នំ​ភ្លើង​ មានឈ្មោះ​ថា​ ថ្ម​បាហ្សាល ឬ​ហៅ​ថា​ ថ្មភ្នំ​ ដែល​មាន​អាយុ​រាប់​លាន​ឆ្នាំ៖ «លក្ខណៈ​បាហ្សាល កើត​ចេញ​ពី​តំបន់​កម្អែល​ភ្នំ​ភ្លើង។ បើ​សិក្សា​ពី​ភ្នំ​ភ្លើង វា​មាន​អាយុ​ស្មើ ពួក​ប្រភេទ​សត្វ​សមុទ្រ ដែល​រក​ឃើញ​នៅ​ស្រែ​ពក​អ៊ីចឹង វា​មាន​អាយុ​ពី ៦០ ទៅ ៦៥លានឆ្នាំមុន»

កាល​ពី​ថ្ងៃ​ទី៣០ ខែ​ធ្នូ​ អ្នកភូមិ​មួយ​ក្រុម​ សហការ​ជាមួយ​នគរបាល​មូលដ្ឋាន​ បាន​ចុះ​ដល់​ទី​តាំង​ថ្ម​បុរាណ​ ប្រទះ​ឃើញ​ស្លាកស្នាម​ថ្ម​មួយ​ចំនួន​ ត្រូវ​បាន​ជនជាតិ​វៀតណាម ៣នាក់ មន្ត្រី​យោធា ៣នាក់​ និង​ពលរដ្ឋ​ខ្មែរ ៣នាក់​ទៀត​ បាន​ឃុបឃិត​គ្នា​គាស់កកាយ​យក​ថ្ម​ ដឹក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម។ ថ្ម​ធម្មជាតិ​ទាំងនោះ​ មានមុខ​កាត់​ចាប់ពី​ ៥តឹក​ ដល់​ ៦តឹក​ ប្រវែង​ ចាប់ពី​ ២ម៉ែត្រ​ដល់ ៤ម៉ែត្រ។

សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ ខេត្ត​មណ្ឌលគិរី​ លោក គ្រើង តុលា និយាយ​ថា​ ឈ្មួញ​ជនជាតិ​វៀតណាម​មាន​មហិច្ឆតា​ ចង់បាន​ថ្ម​ទាំងនេះ​ យក​ទៅ​កែច្នៃ​ធ្វើជា​វត្ថុបុរាណ​ មានតម្លៃ​រាប់ពាន់​ដុល្លារ​។ លោក​គាំទ្រ​ គម្រោង​បង្កើត​តំបន់​អេកូ​ទេសចរ​ធម្មជាតិ​ ដើម្បី​រក្សា​ថ្ម​ទាំងនោះ​ឱ្យ​គង់វង្ស​ ដែល​អ្នកស្រុក​មាន​ជំនឿ​ថា​ ជា​កន្លែង​ស័ក្ដិសិទ្ធិ​និង​ជា​វត្ថុបុរាណ​ធម្មជាតិ​ដ៏​មានតម្លៃ​។ ​លោក​ថា​ ផ្ទាំង​ថ្ម​ទាំងនេះ​ ជា​តំបន់​គោរព​បូជា​ របស់​ជនជាតិ​ដើម​ភាគតិច​ព្នង​ជាច្រើន​ជំនាន់​មក​ហើយ​ ដែល​ពួកគេ​តែងតែ​មក​បន់ស្រន់​សុំ​សេចក្ដី​សុខ​ និង​សុំ​ឱ្យ​ជា​សះ​ស្បើយ​ពី​ជំងឺ​ផ្សេង​ៗ ជា​ដើម៖ «គេ​ថា គេ​រក​ថ្ម​ហ្នឹង​ទី១ ថ្មី​ហ្នឹង​សាច់​ហាប់ ទី២ ថ្ម​ហ្នឹង​មាន​ជាតិ​រ៉ែ។ ១ហ្នឹង គេ​ហ៊ាន​ឱ្យ​តម្លៃ គ្រាន់​តែ​ឈ្នួល​គ្នា​គាត់ ៣នាក់​ម្នាក់ ១០០ដុល្លារ មាន​ន័យ​ថា ៣រយ​ដុល្លារ។ ឈ្នួល​គោយន្ត​ផ្សេង។ តម្លៃ​ទីផ្សារ​វៀតណាម ចាប់​ពី ២ពាន់​ដុល្លារ​ឡើង​ទៅ ក្នុង ១ដុំ​ហ្នឹង»

លោក​ គ្រើ​ង តុលា​ បន្ថែម​ថា ទីផ្សារ​វៀតណាម​ ហ៊ាន​ទិញ​ថ្ម​មួយ​ដុំ​ៗ នេះ​ មាន​តម្លៃ​ចាប់​ពី ២ពាន់​ដុល្លារ​ឡើង​ទៅ​ ដើម្បី​យក​លក់​ឱ្យ​ឈ្មួញ​ជន​ជាតិ​ចិន​ កែច្នៃ​ធ្វើ​ជា​គ្រឿង​សង្ហារិម​ និង​វត្ថុ​បុរាណ​ផ្សេង​ទៀត​ ទុក​តាំង​តាម​គេហដ្ឋាន និង​ភោជនីយដ្ឋាន ដែល​ពួក​គេ​ជឿ​ថា ជា​ថ្ម​នាំ​លាភ​សំណាង។ លោក​បន្ថែម​ថា អ្នក​ភូមិ​ជន​ជាតិ​ដើម​ភាគតិច​ព្នង​ រីករាយ ចំពោះ​យន្តការ​អភិរក្ស​ថ្ម​បុរាណ​ទាំង​នោះ និង​បង្កើត​តំបន់​ទេសចរ ប៉ុន្តែ​យ៉ាង​ណា​ពួកគេ​ជំទាស់​ដាច់​ខាត ប្រសិន​បើ​អាជ្ញាធរ​ លក់​ថ្ម​ទាំង​នោះ​ ឱ្យ​ទៅ​ជន​បរទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល