អ្នកព្រៃ​ព្រះរកា​បារម្ភ​បាត់បង់​ព្រៃព្រះរកា​ទាំងមូល ខណៈ​ក្រសួង​រឹតត្បិត​ពួកគេ​មិន​ឱ្យ​ចុះ​ល្បាត

ដោយ សុជីវី
2020-05-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បណ្ដាញ​សហគមន៍​ព្រៃ​ព្រះ​រកា ធ្វើ​ពិធី​បំបួស​ព្រៃ​ឈើ ក្នុង​ព្រៃ​ព្រះ​រកា នៅ​ចំណុច​អូរ​ថ្ម​ជញ្ជាំង ស្រុក​ឆែប​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី១០ និង​ថ្ងៃ​ទី១១ ខែ​មករា ឆ្នាំ២០២០ ដែល​មាន​អ្នក​ចូល​រួម​ចំនួន ១៣២នាក់។
បណ្ដាញ​សហគមន៍​ព្រៃ​ព្រះ​រកា ធ្វើ​ពិធី​បំបួស​ព្រៃ​ឈើ ក្នុង​ព្រៃ​ព្រះ​រកា នៅ​ចំណុច​អូរ​ថ្ម​ជញ្ជាំង ស្រុក​ឆែប​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី១០ និង​ថ្ងៃ​ទី១១ ខែ​មករា ឆ្នាំ២០២០ ដែល​មាន​អ្នក​ចូល​រួម​ចំនួន ១៣២នាក់។
រូប៖ សហគមន៍

ក្រុម​យុវជន  សហគមន៍​ការពារ​ព្រៃ​ព្រះរកា ​និង​ពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់​ព្រៃ​ព្រះរកា​ ខេត្តព្រះវិហារ ​បង្ហាញ​ក្តី​កង្វល់​ជា​ថ្មី​ទៀត  ពី​ការ​បាត់បង់​ទំហំ​ព្រៃ​ព្រះរកា​ទាំងមូល​ នៅ​ពេល​ដ៏ខ្លី​ខាងមុខ​ ដោយ​សារ​ក្រសួង​បរិស្ថាន ​បាន​ហាម​មិន​ឱ្យ​ពួកគេ​ចុះ​ល្បាត​ព្រៃ​ ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​។  ពួកគេ​ចាត់​ទុក​បញ្ហា​នេះ ​រាំង​ខ្ទប់​ការ​រួម​ចំណែក​ការពារ​ព្រៃឈើ​របស់​ពលរដ្ឋ​ និង​បើកដៃ​ឱ្យ​ជន​ល្មើស​​កាប់​ឈើ​តាម​ទំនើង​ចិត្ត​។

ក្រុម​ជនជាតិ​ដើម​ភាគ​តិច​កួយ  រាប់ពាន់​គ្រួសារ​រស់​នៅ​ជុំវិញ​តំបន់​ព្រៃ​ព្រះ​រកា​ និង​បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា ​រស់​នៅ​ឃុំ ​មរកត ​ស្រុក​ជាំ​ក្សាន្ត​ ខេត្ត​ព្រះវិហារ​ ត្អូញ​ត្អែរ​ថា  ពួក​គេ​ខកខាន​ចុះ​ល្បាត​ព្រៃ​ព្រះ​រកា​ជាង ១មួយ​ខែ​មក​ហើយ ដោយ​សារ​មន្ត្រី​ឧទ្យានុរក្ស​ របស់​ក្រសួង​បរិស្ថាន​រារាំង ​និង​តម្រូវ​ឱ្យ​សុំ​ច្បាប់ ​អនុញ្ញាត​ពី​មន្ទីរ​បរិស្ថាន ​និង​ក្រសួង​បរិស្ថាន​ជា​មុន​សិន។​ ពួកគេ​ចាត់​ទុក​បញ្ហា​នេះ ​ជា​ការ​រួម​ចំណែក​បំផ្លាញ​ព្រៃ​ព្រះ​រកា ដែល​នៅ​សល់​ចុង​ក្រោយ​ ព្រោះ​បទ​ល្មើស​ព្រៃឈើ ​នៅតែ​កើត​មាន​ច្រើន ​គ្មាន​ការអនុវត្ត​ច្បាប់។

បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា ​និង​ជា​ជន​ជាតិ​ដើម​ភាគ​តិច​កួយ ​រស់​នៅ​ភូមិ​របុញ ឃុំ​មរកត​ លោក កែវ ពេជ្រ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៧ ឧសភា​ថា អ្នកភូមិ​កំពុង​ដេក​ភ័យ​ ខ្លាច​ព្រៃ​ព្រះ​រកា​វិនាស​ហិនហោច ​ព្រោះ​ក្រសួង​បរិស្ថាន​កំពុង​រឹត​ត្បិត​សិទ្ធិ​ពលរដ្ឋ​មិន​ឱ្យ​ចុះ​ល្បាត​ព្រៃ​ ទប់ស្កាត់​បទល្មើស​ព្រៃឈើ ​ដែល​ជា​ហេតុ​នាំ​ឱ្យ​បទល្មើស​កើត​មាន​ច្រើន។ លោក​ថា ​នៅ​គ្រា​ដែល​ក្រសួង​ហាម​មិន​ឱ្យ​អ្នកភូមិ​ចុះ​ល្បាត​ព្រៃ ​សកម្មភាព​អារ​ឈើ​ធំៗ ​និង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​អភិរក្ស​មួយ​នេះ ​កំពុង​កើតមាន​ឥត​ឈប់​ឈរ៖ «គេ​អត់​ឱ្យ​យើង​ចូល​ដូច​មុន​ទេ ​គេ​ថា​ទាល់​តែ​យើង​ សុំ​ច្បាប់​ពី​ក្រសួង​ពី​លើ​មក​។ ​ពិបាក​ដែរ​ ពី​ព្រោះ​អី​យើង​វា​ ឆ្ងាយ ​ណា​មួយ​ធ្វើ​ដំណើរ​ទៅ​សុំ​គេ ​មិន​ដឹង​ថា ​គេ​ឱ្យ​អត់​​។​ អ្នក​ប្រព្រឹត្ត​បទល្មើស ​សុទ្ធ​តែ​មន្ត្រី​រាជការ​ថ្នាក់​ធំ ​ហើយ​សុទ្ធ​អ្នក​មាន​លុយ ​ជា​ឧកញ៉ា ​នៅ​ពី​ក្រោយ​ខ្នង។​ យើង​ធ្វើ​ត្រូវ​ តែ​គេ​កាឡៃ​ថា​យើង​ធ្វើ​ខុស​ បារម្ភ​ខ្លាច​បាត់​បង់​ព្រៃ​ទាំង​មូល​តែ​ម្ដង»

យុវជន​ម្នាក់ ​និង​ជា​អ្នក​សិក្សា​ច្បាប់ ​គឺ​លោក ​វ៉ន ចាន់ឡូត ​ឱ្យ​ដឹង​ថា ​រូប​លោក​ផ្ទាល់​ត្រូវ​បាន ​ប្រធាន​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះរកា ​លោក ​យ៉ាន់ ប៊ុនសឿន ​ហាម​មិន​ឱ្យ​ចុះ​ល្បាត​ព្រៃ​ព្រះ​រកា​រួម​ជាមួយ​ ប្រជា​សហគមន៍​ក្រឡាពាស ​កាល​ពី​ពេល​ថ្មីៗ​នេះ ​ដោយ​មន្ត្រី​លើក​ហេតុផល​ថា ​គ្មាន​ច្បាប់​អនុញ្ញាត។ លោក​ថា​ មន្ត្រី​បរិស្ថាន​រូប​នេះ ​បាន​គំរាម​អនុវត្ត​ច្បាប់ ​ប្រសិន​បើ​លោក​នៅតែ​មានៈ​ចូល​ល្បាត​ព្រៃ។ លោក​ចាត់​ទុក​បញ្ហា​នេះ ​បង្កើត​ជា​ឧបសគ្គ​ស្មុគស្មាញ ​រាំង​ខ្ទប់​ការ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ​ របស់​ពលរដ្ឋ ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ​និង​រំលោភ​លើ​សេចក្ដី​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ៖ «គាត់​តែងតែ​ចោទ​ថា ​យើង​ធ្វើ​ខុស​ច្បាប់​។ ខ្ញុំ​គិត​ថា ​ខុសច្បាប់​បែប​ម៉េច​បើ ​យើង​ចូលរួម​ក្នុង​ការ​ស្វែងរក​ការ​ពិត ​និង​បទល្មើស ​យើង​យក​មក​បង្ហាញ ​ដើម្បី​ធ្វើ​ម៉េច​ឱ្យ​ក្រសួង​មាន​សមត្ថកិច្ច​ហ្នឹង​ មាន​វិធានការ​ច្បាស់លាស់ ​មាន​វិធានការ​ច្បាស់លាស់ ​ទប់ស្កាត់ ​ឬ​ក៏​បញ្ឈប់​បទល្មើស ​ពីព្រោះ​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា​ហ្នឹង ​បទល្មើស​នៅតែ​មាន​ជា​ដដែលៗ»

អាស៊ី​បាន​ទាក់ទង​នាយក​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា លោក យ៉ាន់ ប៊ុនសឿន ដើម្បី​សុំ​ការ​បកស្រាយ​រឿង​នេះ ប៉ុន្តែ​លោក​និយាយ​ថា ទូរស័ព្ទ​ស្ដាប់​មិន​ឮ និង​ឈប់​ទទួល​ទូរស័ព្ទ។

រីឯ​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន ​លោក នេត្រ ភក្ត្រា  បញ្ជាក់​យ៉ាង​ខ្លី​ថា ​ការ​រារាំង​នេះ ​ជា​ការអនុវត្ត​ច្បាប់ ​ស្តីពី​តំបន់​ការពារ​ធម្មជាតិ​។ ​លោក​ថា ​ក្រសួង​បរិស្ថាន​បើក​ចំហ ​កិច្ច​ សហការ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល ​សមាគម ​និង​ក្រុម​ផ្សេងៗ​ដែល ​មានការ​ចុះបញ្ជី​ត្រឹម​ត្រូវ និង​មាន​កិច្ច​ព្រមព្រៀង​ការងារ​ជាមួយ​ក្រសួង​បរិស្ថាន។

ផ្ទុយ​ពី​ការ​អះអាង​នេះ ​នាយក​ប្រតិបត្តិ​អង្គការ​ពន្លក​ខ្មែរ​ លោក ប៉ឹក សោភ័ណ ​យល់​ថា ​ការ​ហាម​មិន​ឱ្យ​ពលរដ្ឋ ​និង​យុវជន​ចុះ​ល្បាត​ព្រៃ ​គឺជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ ក្នុង​ការ​ចូលរួម​ការពារ​ព្រៃឈើ ​និង​អាស្រ័យផល​អនុផល​ព្រៃឈើ​ជាដើម។ លោក​ថា ការ​រឹតត្បិត​នេះ ​ក៏​ជា​ការ​បើកដៃ​ឱ្យ​ជនល្មើស ​បំផ្លាញ​ព្រៃឈើ​កាន់​តែ​ខ្លាំង​ឡើង៖ «លោក​នាយក​រដ្ឋ​មន្ត្រី​កន្លង​ទៅ​ក៏​លោក​ធ្លាប់​បាន​អំពាវនាវ​ដែរ ​អ្នក ដែល​ចាប់​អារម្មណ៍​រឿង​ព្រៃឈើ ​ជាពិសេស​ពលរដ្ឋ​ ដែល​នៅ​ជុំវិញ​ព្រៃឈើ ​ចូល​រួម​ការពារ​ព្រៃឈើ​ទាំង​អស់​គ្នា ​ដើម្បី​ឱ្យ​ព្រៃឈើ ​បរិស្ថាន​ស្រុក​យើង ​មាន​និរន្តរភាព​ គង់វង្ស ​យូរ​អង្វែង។ ដូច្នេះ ​ប្រសិន​បើ​ក្រសួង​មាន​វិធានការ​បែប​នេះ វា​ផ្ទុយ​ពី​ការ​អំពាវនាវ​របស់​សម្ដេច​នាយក​រដ្ឋ​មន្ត្រី»

បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា ឱ្យ​ដឹង​ថា ព្រៃ​ព្រះ​រកា ​នៅ​ចំណុច​ជាំ​ផ្អាវ  ចំណុច​ជាំ​សែ  ចំណុច​ភ្នំ​រំចេក ​ចំណុច​ឫស្សី​ធំ ចំណុច​ផ្លូវ​ច្រក​ច្រប់​អា​ហែន និង​ចំណុច​ផ្លូវ​អូរ​កាច់ក​ គឺ​ជា​តំបន់​ដែល​សំបូរ​ដោយ​បទល្មើស​ព្រៃឈើ​រួមមាន ការ​ប្រើ​ម៉ាស៊ីន​អារ​ឈើ​ច្រៀក​ក្នុង​ព្រៃ​ រួច​ដឹក​ចេញ​ក្រៅ​តាម​គោយន្ត​ពេល​យប់ ​និង​ថ្ងៃ​។ ចំណែក​មន្ត្រី​ឧទ្យានុរក្ស​របស់​ក្រសួង​បរិស្ថាន ​រង​ការ​រិះគន់​ថា ​នៅ​តែ​ទទួល​ប្រយោជន៍​ ពី​ក្រុម​អ្នក​ដឹក​ឈើ ​និង​កាប់​ឈើ ​ជា​ថ្នូរ​មិន​អនុវត្ត​ច្បាប់​ បាន​ក្លាយ​ជា​ទម្លាប់​ដដែលៗ គ្មាន​យន្តការ​លុប​បំបាត់​។

នៅ​លើ​ក្រដាស ព្រៃ​ព្រះ​រកា​មាន​ទំហំ​ជាង ៩ម៉ឺន​ហិកតារ ស្ថិតនៅ​ចន្លោះ​ព្រំប្រទល់​ស្រុក​ចំនួន​៣ គឺ​ស្រុក​ត្បែងមានជ័យ ស្រុក​ជាំ​ក្សាន្ត និង​ស្រុក​ឆែប របស់​ខេត្ត​ព្រះវិហារ​។ សហគមន៍​មូលដ្ឋាន​អះអាង​ថា ទោះ​ជា​ពួកគេ​ផ្ដល់​ព័ត៌មាន ពី​សកម្មភាព​ដឹកជញ្ជូន​ឈើ និង​សកម្មភាព​អារ​ឈើ ចេញពី​ព្រៃ​ព្រះ​រកា ជាច្រើន​ករណី​មក​ហើយ​ក្ដី ក៏​មិន​ទាន់​មាន អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ស៊ើបអង្កេត និង ចាប់​ជន​ល្មើស​ណា​ម្នាក់ មក​ផ្ដន្ទាទោស​តាម​ច្បាប់​នៅ​ឡើយ​ទេ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល