អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ត្រៀម​ផាក​ពិន័យ​អ្នក​បោះ​ចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់

ដោយ ដែន អយុធ្យា
2015-06-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សំរាម និង​ទឹក​កខ្វក់ ដែល​ពលរដ្ឋ ឬ​ក្រុមហ៊ុន បោះចោល នៅ​តំបន់​ស្តុក​ទឹក​ស្អាត​តំបន់​ក្បាលឆាយ ស្ថិត​ក្នុង​សង្កាត់ ១ ខេត្ត​ព្រះសីហនុ ថ្ងៃ​ទី ២៧ វិច្ឆិកា ២០១៤។
សំរាម និង​ទឹក​កខ្វក់ ដែល​ពលរដ្ឋ ឬ​ក្រុមហ៊ុន បោះចោល នៅ​តំបន់​ស្តុក​ទឹក​ស្អាត​តំបន់​ក្បាលឆាយ ស្ថិត​ក្នុង​សង្កាត់ ១ ខេត្ត​ព្រះសីហនុ ថ្ងៃ​ទី ២៧ វិច្ឆិកា ២០១៤។
RFA/Den Ayuthyea

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ព្រមាន​ចាត់​វិធានការ​ទៅ​លើ​ប្រជាពលរដ្ឋ​ទាំងឡាយ​ណា​ដែល​ចោល​សំរាម​គ្មាន​របៀប​រៀបរយ​នៅ​តាម​ទី​សាធារណៈ នាំ​ឲ្យ​បាត់បង់​សោភណភាព​ខេត្ត​ទេសចរណ៍​មួយ​នេះ។ ស្រប​ពេល​គ្នា​នេះ ប្រជាពលរដ្ឋ​រស់នៅ​តាម​សង្កាត់​មួយ​ចំនួន​នា​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ ក៏​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​ស៊ីនទ្រី (CINTRI) ត្រូវ​ប្រមូល​សំរាម​ឲ្យ​បាន​ទៀងទាត់។

វិធានការ​ផាក​ពិន័យ អាច​នឹង​ត្រូវ​គេ​អនុវត្ត​ទៅ​លើ​ប្រជាពលរដ្ឋ ឬ​ប្រតិបត្តិករ​ទេសចរ​ទាំងឡាយ​ណា ដែល​នៅ​តែ​មិន​អនុវត្ត​តាម​ការ​ណែនាំ ហើយ​នៅ​បន្ត​បោះ​ចោល​សំរាម​គ្មាន​របៀប​រៀបរយ នាំ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ ឬ​កំណើន​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ខេត្ត​នេះ។

លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា សព្វថ្ងៃ​នេះ​មាន​ប្រជាពលរដ្ឋ និង​អាជីវករ​មួយ​ចំនួន នៅ​មិន​ទាន់​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ ក្នុង​ការ​ទុក​ដាក់​សំរាម ឬ​កាក​សំណល់​រឹង​រាវ​ឲ្យ​បាន​ល្អ​ទេ។ លោក​ថា កាក​សំណល់​សំរាម​ត្រូវ​បាន​គេ​យក​ទៅ​បោះ​ចោល​ក្នុង​លូ ឬ​ប្រឡាយ​បង្ហូរ​ទឹក នាំ​ឲ្យ​ស្ទះ​លូ នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​មក​ម្តងៗ។ លោក​បន្ត​ថា បញ្ហា​ទុក​ដាក់​កាក​សំណល់ ឬ​សំរាម​នៅ​តែ​ជា​បញ្ហា​ចោទ​សម្រាប់​ខេត្ត​ទេសចរណ៍​ជាប់​មាត់​សមុទ្រ​មួយ​នេះ ហើយ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​ប្រតិបត្តិករ​ទេសចរ​ទាំងអស់ ឲ្យ​ចូលរួម​សម្អាត​បរិស្ថាន​ឲ្យ​បាន​ទាំងអស់​គ្នា៖ «ខាង​កាក​សំណល់​រឹង​រាវ ឬ​សំរាម​នេះ ខ្ញុំ​បាន​និយាយ​ញឹកញាប់​ហើយ ហើយ​អ្នក​ដែល​បោះ​ចោល​សំរាម​នេះ គឺ​នៅ​បន្ត​យក​សំរាម​មក​បោះ​ចោល​នៅ​ទី​សាធារណៈ​មាន​ចំនួន​ច្រើន​នៅ​ឡើយ។ បញ្ហា​នេះ ត្រូវ​តែ​ពិនិត្យ​ឡើង​វិញ ចំពោះ​ច្បាប់​ផាក​ពិន័យ​ចំពោះ​អ្នក​ចោល​សំរាម​អនាធិបតេយ្យ ដើម្បី​ឈាន​ដល់​ទប់ស្កាត់​សកម្មភាព​គ្មាន​សណ្ដាប់ធ្នាប់​នៃ​អ្នក​ចោល​សំរាម​នៅ​ខេត្ត​ទេសចរណ៍​មួយ​នេះ​ឲ្យ​បាន​នា​ថ្ងៃ​ខាង​មុខ»

ទាក់ទិន​បញ្ហា​នេះ​ដែរ លោក ជិន សារិន អភិបាល​ក្រុង​ព្រះសីហនុ បាន​ព្រមាន​ផាក​ពិន័យ​ទៅ​លើ​ប្រជាពលរដ្ឋ​ទាំងឡាយ​ណា ដែល​បោះ​ចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់​នៅ​តាម​ទី​សាធារណៈ​ឲ្យ​បាន​ធ្ងន់ធ្ងរ។ លោក​ព្រមាន​ដូច្នេះ ធ្វើ​ឡើង​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​សាធារណៈ រៀបចំ​ដោយ​សាលា​ក្រុង​ព្រះសីហនុ លើ​ប្រធានបទ​ទាក់ទង​ការ​ទុក​ដាក់​កាក​សំណល់​សំរាម កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា នា​ទីតាំង​វេទិកា ៧​មករា ចំ​កណ្ដាល​បេះដូង​ខេត្ត​ទេសចរណ៍​មួយ​នេះ។ ទន្ទឹម​គ្នា​នេះ លោក​ក៏​បាន​ប្រកាស​ផ្តល់​រង្វាន់​ទៅ​លើ​ជន​ណា ដែល​ចាប់​បាន ឬ​ថត​រូប​អ្នក​បោះ​ចោល​សំរាម​នៅ​តាម​ទី​សាធារណៈ​គ្មាន​សណ្ដាប់ធ្នាប់ ដូចជា​បោះ​ចូល​អូរ ឬ​លូ​បង្ហូរ​ទឹក ជាដើម៖ «បើ​សិន​ជា​បង​ប្អូន​ណា​ឃើញ ឬ​ចាប់​បាន​អ្នក​ជិះ​ម៉ូតូ ឬ​រថយន្ត បើក​យក​សំរាម​មក​បោះ​ចោល​ទោះ​យប់ ឬ​ថ្ងៃ​ក៏ដោយ ឲ្យ​តែ​យក​មក​បោះ​ចោល​នៅ​តាម​ចិញ្ចើម​ថ្នល់ ជាពិសេស​លូ​បង្ហូរ​ទឹក បើ​សិន​ជា​មាន​បង​ប្អូន​ណា​ថត​បាន ឬ​រាយការណ៍​ឈាន​ដល់​ចាប់​បាន​មនុស្ស​ដែល​បោះ​ចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់​ចូល​ក្នុង​អូរ ឬ​លូ​នាំ​ឲ្យ​ស្ទះ​នៅ​ក្រុង​ព្រះសីហនុ អាជ្ញាធរ​នឹង​ផ្តល់​ជូន​រង្វាន់​លើក​ទឹក​ចិត្ត។ អូរ ឬ​លូ​បង្ហូរ​ទឹក​នៅ​ម្តុំ​អូរសំអាត មាន​សំរាម​កក​ស្ទះ​រហូត​ដល់ ៣០​តោន ដែល​ប្រជាពលរដ្ឋ​យក​មក​បោះ​ចោល​ក្នុង​អូរ​នាំ​ឲ្យ​ស្ទះ​ទឹក រហូត​ដល់​អាជ្ញាធរ​ប្រើ​គ្រឿងចក្រ​កាយ​ចេញ​ពេល​ថ្មីៗ​នេះ»

សារ​ព្រមាន​ដាក់​ទោស​ទណ្ឌ ឬ​ផាក​ពិន័យ​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​បោះ​ចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់​នៅ​តាម​ទី​សាធារណៈ​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ពេល​នេះ ព្រោះ​សង្កេត​ឃើញ​ថា បច្ចុប្បន្ន​នេះ​នៅ​តាម​មូលដ្ឋាន​មួយ​ចំនួន​មាន​សង្កាត់​លេខ១ សង្កាត់​លេខ៣ និង​សង្កាត់​លេខ៤ ជាដើម សំរាម​ត្រូវ​បាន​គេ​បោះ​ចោល​ពាសវាលពាសកាល។

ផ្ដើម​ពី​បញ្ហា​នេះ លោក ជិន សារិន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ដែល​មិន​ទាន់​បាន​ទុក​ដាក់​កាក​សំណល់​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ឡើយ ត្រូវ​ចូលរួម​សម្អាត​អនាម័យ​នៅ​តាម​មុខ​ផ្ទះ​របស់​ខ្លួន​ឲ្យ​បាន​ទាំងអស់​គ្នា។ លោក​ថា ពលរដ្ឋ​ទាំងអស់​ត្រូវ​រួម​គ្នា​សម្អាត​ទីក្រុង​ទេសចរណ៍​មួយ​នេះ​ឲ្យ​មាន​សោភណភាព​ល្អ ដើម្បី​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​នេះ​បាន​កាន់​តែ​ច្រើន​នា​ថ្ងៃ​អនាគត៖ «សំណល់​រឹង ឬ​រាវ ត្រូវ​តែ​មាន​នៅ​ក្នុង​ខ្លួន​មនុស្ស​ម្នាក់ៗ ប៉ុន្តែ​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​ត្រូវ​រិះ​គិត​ថា តើ​ត្រូវ​ទុក​ដាក់​កាក​សំណល់​រឹង​រាវ​ទាំងអស់​ហ្នឹង​យ៉ាង​ដូចម្តេច? ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន ឬ​កុំ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ប្រមូល​សំរាម ជាដើម»

តាម​ការ​សង្កេត​ជាក់ស្តែង នៅ​តាម​មូលដ្ឋាន​ភាគ​ច្រើន​នា​ខេត្ត​ព្រះសីហនុ កាក​សំណល់​សំរាម​ត្រូវ​បាន​គេ​យក​ទៅ​បោះ​ចោល​អនាធិបតេយ្យ ឬ​បោះ​ចោល​ចូល​ទៅ​ក្នុង​អូរ ឬ​លូ​បង្ហូរ​ជាដើម ដែល​បណ្ដាល​ឲ្យ​ស្ទះ​លូ​បង្ហូរ​ទឹក និង​មាន​ក្លិន​ស្អុយ​អសោច។

ទីតាំង​ដែល​គេ​បោះ​ចោល​សំរាម ឬ​កាក​សំណល់​គ្មាន​សណ្ដាប់ធ្នាប់ និង​មាន​ក្លិន​ស្អុយ​មាន​ដូចជា នៅ​សង្កាត់​លេខ១ ក្នុង​តំបន់​ទំនប់រលក នៅ​ម្តុំ​រោងចក្រ​ញូវស្តារ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៤ នៅ​ម្តុំ​អូរ​សម្អាត ស្ថិត​ក្នុង​សង្កាត់​លេខ៣ និង​ម្តុំ​ផ្សារ​លើ​ស្ថិត​ក្នុង​សង្កាត់​លេខ៤ ជាដើម។

បញ្ហា​ចោល​សំរាម​នៅ​តាម​ទី​សាធារណៈ លោក ឈិត សុផាត ចៅ​សង្កាត់​លេខ១ បាន​លើក​ឡើង​ក្នុង​វេទិកា​សាធារណៈ ឬ​ផ្សព្វផ្សាយ​នៅ​ចំពោះ​មុខ​មហាជន ដោយ​បាន​ស្ដី​បន្ទោស​ចំពោះ​កំហុស​ឆ្គង​នេះ​ទៅ​លើ​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ីនទ្រី ដែល​ប្រមូល​សំរាម​មិន​បាន​ទៀងទាត់។

ចៅ​សង្កាត់​រូប​នេះ​ទទួល​ស្គាល់​ថា សំរាម​ពិត​ជា​ត្រូវ​ប្រជាពលរដ្ឋ​យក​ទៅ​បោះ​ចោល និង​មាន​ក្លិន​ស្អុយ​នៅ​តំបន់​ទំនប់រលក និង​នៅ​ម្តុំ​ក្រុមហ៊ុន​ញូវស្តារ ជាយ​ក្រុង​ព្រះសីហនុ ហើយ​មិន​មាន​រថយន្ត​ក្រុមហ៊ុន​ស៊ីនទ្រី មក​ប្រមូល​ទៀងទាត់​ពិត​មែន៖ «ចំពោះ​ថវិកា ខ្ញុំ​នឹង​ស្នើ​ដល់​ប្រធាន​ភូមិ​ទាំងអស់​នៅ​ក្នុង​មូលដ្ឋាន​ខ្ញុំ សហការ​ជាមួយ​ក្រុមហ៊ុន ហើយ​ពលរដ្ឋ​ដែល​យក​សំរាម​ទៅ​បោះ​ចោល ហើយ​មិន​បង់​លុយ​ជូន​ក្រុមហ៊ុន ខ្ញុំ​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន និង​តម្រូវ​ឲ្យ​ពលរដ្ឋ​ដែល​មិន​ទាន់​ភ្ញាក់​រលឹក​បង់​លុយ​ជូន​ក្រុមហ៊ុន បង់​លុយ​ជូន​ក្រុមហ៊ុន​ឲ្យ​បាន​ទៀងទាត់»

បញ្ហា​នេះ លោក​ស្នើ​ដល់​តំណាង​ក្រុមហ៊ុន​ស៊ីនទ្រី ត្រូវ​បញ្ជូន​រថយន្ត​ដឹក​សំរាម​របស់​ខ្លួន​មក​ប្រមូល​សំរាម ដែល​ប្រជាពលរដ្ឋ​វេច​ខ្ចប់​គរ​ទុក​នៅ​តាម​ចិញ្ចើម​ថ្នល់​ឲ្យ​បាន​ទាន់​ពេលវេលា ព្រោះ​ថា បើ​មាន​ការ​យឺតយ៉ាវ ឬ​ទុក​សំរាម​ចោល​ពី ២ ទៅ ៣​ថ្ងៃ នាំ​ឲ្យ​ឆ្កែ​ហែក​កាក​សំណល់​ទាំង​នោះ ឬ​មាន​ក្លិន​ស្អុយ​ជាដើម។

យ៉ាង​ណា លោក ឈិត សុផាត ចៅ​សង្កាត់​លេខ១ បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បន្ត​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​វេច​ខ្ចប់​សំរាម​ឲ្យ​មាន​អនាម័យ និង​មិន​ត្រូវ​យក​សំណល់​ដែល​មាន​នៅ​តាម​ផ្ទះ​របស់​ខ្លួន​យក​ទៅ​បោះ​ចោល​ពាសវាលពាសកាល​ទៀត​ទេ។

ឆ្លើយ​តប​បញ្ហា​នេះ លោក អឿ ឃុនស្រេង ប្រធាន​សាខា​ក្រុមហ៊ុន​ស៊ីនទ្រី ប្រចាំ​ខេត្ត​ព្រះសីហនុ ដែល​បាន​ចូលរួម​ក្នុង​វេទិកា​ផ្សព្វផ្សាយ​សាធារណៈ រៀបចំ​ដោយ​សាលា​ក្រុង​ព្រះសីហនុ បាន​ទទួល​ស្គាល់​ថា ក្រុមហ៊ុន​ខ្លួន​ពិត​ជា​ប្រមូល​សំរាម​មិន​បាន​ទៀងទាត់​ពិត​មែន ប៉ុន្តែ​លោក​បញ្ជាក់​មូលហេតុ​ដែល​ក្រុមហ៊ុន​ស៊ីនទ្រី មិន​បាន​ទៅ​ប្រមូល​យក​សំរាម​ឲ្យ​បាន​រាល់​ថ្ងៃ​នៅ​តាម​សង្កាត់​មួយ​ចំនួន មាន​សង្កាត់​លេខ១ ឬ​សង្កាត់​លេខ៣ ជាដើម ដោយសារ​ភូមិ ឬ​តំបន់​ខ្លះ​ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​រាប់​រយ​គ្រួសារ ពួក​គាត់​បង់​លុយ​ថ្លៃ​សេវា​ដឹក​ជញ្ជូន​សំរាម​ជូន​ក្រុមហ៊ុន​នេះ​មិន​ដល់ ២០​គ្រួសារ​ផង​ទេ។ លោក​ថា មូលហេតុ​ដែល​ក្រុមហ៊ុន​ស៊ីនទ្រី ប្រមូល​សំរាម​មិន​បាន​ទៀងទាត់ គឺ​បណ្ដាល​មក​ពី​ប្រជាពលរដ្ឋ​មិន​បង់​តម្លៃ​សេវា​ដឹក​ជញ្ជូន​សំរាម​ជូន​ក្រុមហ៊ុន​ទេ ឬ​ក៏​បង់​ជូន​ដែរ ប៉ុន្តែ​មាន​ចំនួន​តិចតួច នាំ​ឲ្យ​ក្រុមហ៊ុន​គ្មាន​ថវិកា​ចាក់​សាំង​រថយន្ត និង​ចំណាយ​ទៅ​លើ​កម្មករ ជាដើម៖ «តាម​ទិន្នន័យ​មាន​ប្រជាពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ​នៅ​តំបន់​ទំនប់​រលក ប៉ុន្តែ​ចំពោះ​ការ​បង់​ប្រាក់​ជូន​ក្រុមហ៊ុន​ស៊ីនទ្រី ដើម្បី​ប្រមូល​សំរាម​មាន​តែ​ចំនួន​ជាង ១០០​គ្រួសារ​តែ​ប៉ុណ្ណោះ​ជា​រៀង​រាល់​ខែ។ ដើម​ឡើយ ក្រុមហ៊ុន​នេះ​បាន​ព្យាយាម​ដាក់​រថយន្ត​តូចៗ ពង្រាយ​យក​សំរាម​នៅ​គ្រប់​ច្រកល្ហក​នៅ​តំបន់​ទំនប់​រលក ប៉ុន្តែ​នៅ​ពេល​ក្រុមហ៊ុន​ទៅ​ប្រមូល​សំរាម គឺ​ប្រមូល​មិន​បាន ប្រជាពលរដ្ឋ​មិន​បង់​ជូន​ទេ»

បញ្ហា​នេះ លោក អឿ ឃុនស្រេង ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​មាន​ចៅ​សង្កាត់ ពិសេស លោក ជិន សារិន អភិបាល​ក្រុង​ព្រះសីហនុ ជាដើម ត្រូវ​ជួយ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​បង់​ថ្លៃ​ប្រមូល​សំរាម​ឲ្យ​បាន​គ្រប់​ក្រុម​គ្រួសារ ដើម្បី​ឲ្យ​ក្រុមហ៊ុន​ខ្លួន​មាន​ថវិកា​ចំណាយ​ទៅ​លើ​កម្មករ​ចុះ​ប្រមូល​សំរាម តាម​មូលដ្ឋាន​នានា​ឲ្យ​បាន​ទៀងទាត់។

តំណាង​ក្រុមហ៊ុន​ស៊ីនទ្រី ថ្លែង​ថា ដរាប​ណា​ប្រជាពលរដ្ឋ​មិន​ភ្ញាក់​រលឹក​បង់​ថ្លៃ​សេវា​ប្រមូល​សំរាម​ឲ្យ​បាន​ទាំងអស់​គ្នា​ទេ គឺ​ក្រុមហ៊ុន​ស៊ីនទ្រី មិន​អាច​បញ្ជូន​រថយន្ត​ចុះ​តាម​គោលដៅ​ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន ប៉ុន្តែ​មិន​ព្រម​បង់​ថ្លៃ​សេវា​ប្រមូល​សំរាម​នោះ​ទេ។

ត្រង់​ចំណុច​នេះ លោក ជិន សារិន អភិបាល​ក្រុង​ព្រះសីហនុ បាន​បង្កើត​ឲ្យ​មាន​បុគ្គលិក​សម្រាប់​សម្អាត​បរិស្ថាន​នៅ​តាម​សង្កាត់​នានា ដើម្បី​សម្អាត​អនាម័យ ឬ​សម្អាត​បរិស្ថាន​នៅ​តាម​មូលដ្ឋាន​នេះ​ឲ្យ​បាន​ជា​ប្រចាំ។ លោក​ថា ភាព​កខ្វក់​នៃ​បរិស្ថាន ឬ​អនាម័យ​ឆ្នេរ​មិន​ស្អាត នាំ​ឲ្យ​ប៉ះពាល់​ដល់​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ដែល​ចង់​ចូល​មក​ទស្សនា​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ។

បញ្ហា​នេះ​ដែរ លោក ប៊ួន ណារិទ្ធ មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​អាជ្ញាធរ​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​វេទិកា​សាធារណៈ បាន​គាំទ្រ​សកម្មភាព​បង្កើត​ឲ្យ​មាន​បុគ្គលិក​នៅ​តាម​សង្កាត់​ទាំង ៥ នា​ខេត្ត​ព្រះសីហនុ ដើម្បី​រង់ចាំ​ថែ​រក្សា​អនាម័យ។ លោក ប៊ួន ណារិទ្ធ បញ្ជាក់​ថា សារ​ព្រមាន​ដាក់​ទោស​ទណ្ឌ ឬ​ផាក​ពិន័យ​ទៅ​លើ​ប្រជាពលរដ្ឋ​បោះ​ចោល​សំរាម​អនាធិបតេយ្យ ទំនង​ជា​អាច​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ថែ​រក្សា​អនាម័យ ឬ​បរិស្ថាន​នៅ​ក្នុង​មូលដ្ឋាន៖ «ចំណុច​ល្អ​មួយ​ទៀត គឺ​លោក ជិន សារិន អភិបាល​ក្រុង​ព្រះសីហនុ លោក​មាន​ផែនការ​ជ្រើសរើស​ឲ្យ​មាន​កម្មករ​សម្អាត​ទីក្រុង​នៅ​គ្រប់​សង្កាត់ និង​បាន​ផ្តល់​ប្រាក់​លើក​ទឹក​ចិត្ត​ជូន​ដល់​កម្មករ​សម្អាត​អនាម័យ​នៅ​តាម​ទី​សាធារណៈ​ទាំង​នោះ​ថែម​ទៀត។ ម្យ៉ាង​ទៀត លោក ជិន សារិន ក៏​មាន​ផែនការ​ផាក​ពិន័យ និង​តាម​ឃ្លាំ​មើល​រាល់​អ្នក​ដែល​យក​សំរាម ឬ​កាក​សំណល់​ផ្សេងៗ​យក​ទៅ​បោះ​ចោល​តាម​ទី​ផ្លូវ​សាធារណៈ ហើយ​ចំណុច​នេះ​ខ្ញុំ​គិត​ថា នឹង​ធ្វើ​ឲ្យ​ខេត្ត​ទេសចរណ៍​មួយ​នេះ​អាច​មាន​សោភណភាព​ល្អ»

សារ​ព្រមាន​របស់​អាជ្ញាធរ​ខេត្ត​ទេសចរណ៍​មួយ​នេះ ធ្វើ​ឡើង​ស្រប​គ្នា​នឹង​មាន​មតិ​របស់​សាធារណជន​មួយ​ចំនួន​រិះគន់​ថា មាន​ប្រជាពលរដ្ឋ ពិសេស​ប្រតិបត្តិករ​ទេសចរ​ភាគ​ច្រើន មាន​ដូចជា​ម្ចាស់​កាស៊ីណូ សណ្ឋាគារ ផ្ទះ​សំណាក់ សំណង់​បឹង​កាឡូ ភោជនីយដ្ឋាន និង​ហាង​ផឹក​ស៊ី​រាំ​ច្រៀង ដែល​មាន​ទីតាំង​នៅ​តាម​ឆ្នេរ​សមុទ្រ មាន​ឆ្នេរ​អូរឈើទាល ឆ្នេរ​អូរត្រេះ ឆ្នេរ​កាំសាប ឆ្នេរ​សុខា ឆ្នេរ​លំហែកាយ ឬ​ឆ្នេរ​កំពេញ ជាដើម ហើយ​ម្ចាស់​ទីតាំង​ទាំង​នេះ​មិន​បាន​ទុក​ដាក់​កាក​សំណល់​រឹង​រាវ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ។

ត្រង់​ចំណុច​នេះ លោក សុខ សុខុម ប្រធាន​អង្គការ​ស៊ីអ៊ិនរ៉ូ (CNRO) ប្រចាំ​ខេត្ត​ព្រះសីហនុ ក៏​បាន​រិះគន់​ប្រតិបត្តិករ​ទេសចរ​មួយ​ចំនួន​ក្នុង​ខេត្ត​នេះ ដែល​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​មិន​បាន​ចូលរួម​សហការ​សម្អាត​អនាម័យ​ជាមួយ​អាជ្ញាធរ​ខេត្ត​ឲ្យ​បាន​ត្រឹមត្រូវ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ក៏​បាន​សាទរ​វិធានការ​ផាក​ពិន័យ​ទៅ​លើ​ប្រតិបត្តិករ​ទេសចរ ឬ​ប្រជាពលរដ្ឋ​ទាំងឡាយ​ណា​ដែល​បោះ​ចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់​នៅ​តាម​ទី​សាធារណៈ នាំ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ដែល​ចូល​មក​ទស្សនា​ខេត្ត​នេះ។

បញ្ហា​នេះ​ដែរ លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​និយាយ​ថា សព្វថ្ងៃ​នេះ​មាន​ប្រតិបត្តិករ​ទេសចរ ក្រុម​អាជីវករ និង​ប្រជាពលរដ្ឋ​ភាគ​ច្រើន​នៅ​មិន​ទាន់​ចូលរួម​សម្អាត​អនាម័យ​បរិស្ថាន​នៅ​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ទេ។ លោក​ថា ភាព​គ្មាន​អនាម័យ​នៅ​តាម​ទី​សាធារណៈ ឬ​តំបន់​ឆ្នេរ នាំ​ឲ្យ​ប៉ះពាល់​ដល់​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​ការ​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ។

ស្ថិតិ​ទេសចរណ៍ ៣​ខែ​ដើម​ឆ្នាំ​២០១៥ របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បង្ហាញ​ថា ខេត្ត​នេះ​មាន​ភ្ញៀវ​ទេសចរ​សរុប ៥៣៣.៨៣០​នាក់ បាន​មក​ទស្សនា​ខេត្ត​នេះ។ ចំនួន​នេះ​កើន​ជិត ២០​ភាគរយ (១៩,៩៥) បើ​ប្រៀបធៀប ៣​ខែ​ដើម​ឆ្នាំ​២០១៤។ ក្នុង​នោះ ភ្ញៀវ​ទេសចរ​ជាតិ ៥០៦.៦០៩​នាក់ និង​ភ្ញៀវ​អន្តរជាតិ​មាន​ជាង ១២៧.២០០​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល