សកម្មជន​ព្រៃ​ឡង់​ និង​សកម្មជន​បរិស្ថាន​រិះគន់​ ក្រសួង​កសិកម្មរឿង​គាំទ្រ​ក្រុមហ៊ុន​ស៊ី​ងបាយ​អូ​ថេ​ក កាប់​ឈើ​ធ្វើ​អាជីវកម្ម​

ដោយ ទីន ហ្សាការីយ៉ា
2019-08-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ឈើ​ទាល ជា​ប្រភេទ​ដើម​ឈើ​ផលិត​ជ័រ​ទឹក ក្នុង​បរិវេណ​ក្រុមហ៊ុន ស៊ីង បាយអូថេក ក្នុង​ឃុំ​បឹង​ចារ ស្រុក​សំបូរ ខេត្ត​ក្រចេះ កាល​ពី​ចុង​ខែ​កុម្ភៈ ឆ្នាំ២០១៩។
ឈើ​ទាល ជា​ប្រភេទ​ដើម​ឈើ​ផលិត​ជ័រ​ទឹក ក្នុង​បរិវេណ​ក្រុមហ៊ុន ស៊ីង បាយអូថេក ក្នុង​ឃុំ​បឹង​ចារ ស្រុក​សំបូរ ខេត្ត​ក្រចេះ កាល​ពី​ចុង​ខែ​កុម្ភៈ ឆ្នាំ២០១៩។
រូប៖ សកម្មជន​បរិស្ថាន

សហគមន៍​ព្រៃ​ឡង់​ និង​សកម្មជន​បរិស្ថានខកចិត្ត​នឹង​ក្រសួង​កសិកម្ម​ដែល​គាំទ្រ​ក្រុមហ៊ុនរកស៊ីឈើខុស​ច្បាប់។ ពួកគេ​អះអាង​ថា ពួក​គេ​​​តែង​អំពាវនាវ​ និង​ដាក់​ញត្តិ​ជាច្រើនលើក​ ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ ស៊ើបអង្កេត​ពី​ភាព​មិន​ប្រក្រតី​របស់ក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech Cambodia) ​ដែលធ្វើអាជីវកម្ម​ឈើ​ខុសច្បាប់​ក្នុង​តំបន់​ព្រៃ​ការពារ​ធម្មជាតិ​ជាយូរមកហើយ​ តែ​ពុំ​ឃើញ​មាន​ស្ថាប័ន​ណា​ចុះ​ដោះស្រាយ​នោះ​ទេ។ ផ្ទុយទៅវិញ​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ លោក​ វេង​ សា​ខុន​ បែរជា​ចេញមុខគាំទ្រ​ក្រុមហ៊ុន​នេះ​ទៅវិញ។

សកម្មជន​ព្រៃ​ឡង់​ និង​ សកម្មជន​បរិស្ថាន​ រិះគន់​ក្រសួង​កសិកម្ម​ថា មាន​ចេតនា​បណ្តោយ​ឲ្យ​ក្រុមហ៊ុន​ស៊ីង​បាយ​អូ​ថេ​ក ធ្វើអាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​ និង​កាប់​ដើម​ច្បោះ​ជ័រ​របស់​អ្នកស្រុក។ ពួកគេ​អះអាង​ថា​ កង្វល់​ជាច្រើន​ដែល​សហគមន៍​ស្រែក​តវ៉ា​ និង​ស្នើ​ដោះស្រាយ​ ពុំ​មាន​ស្ថាប័ន​ណាមួយ​ជួយ​អន្តរាគមន៍​នោះ​ទេ​ ផ្ទុយទៅវិញ​ក្រុមហ៊ុន​នៅបន្តសកម្មភាព​ កាប់​ដើមឈើ​ផលិត​ជ័រទឹក ​ និង​ឈើ​មូល​ធំៗ​ក្នុង​ព្រៃ​អភិរក្ស។

សកម្មជន​ព្រៃ​ឡង់​ ខេត្ត​ស្ទឹងត្រែង​ លោក​ យឹម​ សុ​ភ័ក្ត្រ​ ឲ្យដឹង​នៅ​ថ្ងៃ​ទី២៥​ សីហា​ថា​ ពលរដ្ឋ​ជាច្រើន​គ្រួសារ​ មានទម្លាប់​ដង​ជ័រទឹក​​លក់​ចិញ្ចឹមជីវិត​ កំពុង​ប្រឈម​បាត់បង់មុខ​របរទាំងស្រុង​នៅ​ពេល​​ដ៏​​ខ្លី​​ខាង​មុខ​។ លោក​អះអាង​ថា​ ក្រុមហ៊ុន​មិនបាន​អនុវត្ត​គម្រោង​ស្តារ​ព្រៃឈើ​ឡើងវិញ​ តាម​ផែនការ​របស់​ខ្លួន​នោះ​ទេ​ ផ្ទុយទៅវិញ​បែរជា​ ជួល​កម្មករកាប់​ដើម​ឈើ​ធំៗ​ ក្នុង​តំបន់ហាមឃាត់​បំពាន​ច្បាប់​ទៀត​ផង៖ «ក្នុង​នាម​យើង​ជា​ពលរដ្ឋ យើង​បាន​ជូន​ដំណឹង រាយការណ៍​ច្រើន​ដង​ហើយ ដោយ​ពុំ​មាន​ការ​ឆ្លើយ​តប ខាង​ក្រសួង (ក្រសួង​កសិកម្ម និង​ក្រសួង​បរិស្ថាន) គេ​ចោទ​ប្រកាន់​ថា យើង​​អត់​មាន​កិច្ចសហការ តែ​យើង​បាន​ដាក់ញត្តិ ២ដង​ហើយ។ ជា​ជម្រើស​ចុង​ក្រោយ​របស់​សហគមន៍ យើង​ធ្វើ​ការ​ផ្សព្វផ្សាយ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ក្រសួង​កសិកម្ម​មាន​ផែនការ ត្រឹម​ត្រូវ​ដែរ ឬ​ទេ? ក្នុង​ការ​គ្រប់គ្រង ចំពោះ​ក្រុមហ៊ុន​ឲ្យ​អនុវត្ត​ត្រឹមត្រូវ តាម​ផែនការ​របស់​ខ្លួន ដោយ​ពុំ​មាន​ផល​ប៉ះ​ពាល់​ដល់​តំបន់​ព្រៃឡង់ និង​តំបន់​សហគមន៍ ដែល​ប្រមូលផល និង​អនុផល​ព្រៃ​ឈើ

សហគមន៍​ព្រៃ​ឡង់​រក​ឃើញថា​ ក្រុមហ៊ុន​បាន​កាប់​ឈើ​ធំៗ​ ធ្វើអាជីវកម្ម និង​ឈូសឆាយនៅ​តំបន់​គម្រប​ព្រៃ​ចំណី​មាត់​អូរ​ និង​ព្រៃស្រោង​ដែល​អ្នកភូមិធ្លាប់​​អាស្រ័យផល​ ជាពិសេស​ លួច​កាប់​ឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ឡង់​​ នៅ​ចំណុច​អូរ​គ្រាក់​ តំបន់​បុស្ស​ខ្នោ​ អូរ​ថ្ម​ និង​អូរ​ជៈ។

ពលរដ្ឋ​រស់នៅ​ជាប់​តំបន់​ព្រៃ​ឡង់​ ក្នុង​ឃុំ​កំពង់ចាម​ ស្រុក​សំបូរ​ ខេត្តក្រចេះ​ លោក​ ណៃ​ ណា​ក់​ ថ្លែង​ថា​ ក្រុមហ៊ុន​បាន​បញ្ជា​ឲ្យ​មេការ​ ដើរ​ញុះញង់​ពលរដ្ឋ​លក់​ដើម​ច្បោះ​ឲ្យ​ខ្លួន​ ​និង​គំរាម​កាប់​ផ្តួល​ដើម​​ឈើ​ទាំង​នោះ​ ប្រសិនបើ​ពលរដ្ឋ​មិនព្រម​លក់ឱ្យ​ពួក​គេ​ទេនោះ​។ លោក​ថា​ មកទល់​ពេលនេះ​ ដើម​ច្បោះ​របស់​អ្នកភូមិ​ កំពុង​ទទួលរង​ការ​លួច​កាប់​រំលំ​ អស់​ជាបន្តបន្ទាប់​ និង​មាន​អ្នកភូមិ​ខ្លះ​ បង្ខំចិត្ត​លក់​ឲ្យ​ក្រុមហ៊ុន​ ព្រោះ​ពួកគេ​មិន​អាច​ការពារ​ឈ្នះ​។ លោក​ថា​ មកទល់​ពេលនេះ​ នៅសល់​តែ​ពលរដ្ឋ​ ១០គ្រួសារ​ប៉ុណ្ណោះ​ ដែល​ក្រាញ់​ននៀល​ការពារ​ដើម​ច្បោះ​របស់​ខ្លួន​ និងដាក់​វេន​គ្នា​យាម​ជាប្រចាំ៖ «តាម​មើល​ទៅ​គេ​កាប់​នៅ​អូរ​ស្រឡក ប្រហែល​មិន​ក្រោម​រាប់​ពាន់​ដើម​ទេ ចូល​ម៉ឺន​ដើម​ហើយ​មើល​ទៅ ដើម​ច្បោះ​ពលរដ្ឋ​គាត់​ស្រាយ​ដើម​ច្បោះ​គាត់ ដែល​អាស្រ័យ​ផល​ច្រើន​ដែរព្រៃ​អាស្រ័យ​ផល​របស់​រដ្ឋ ព្រៃអាស្រ័យផលរបស់ពលរដ្ឋ ចុះពលរដ្ឋ​គាត់​មាន​សិទ្ធិ​ចូល​ក្នុង​ព្រៃ រក​ឧស និង​កាប់​ឈើ​តិចតួច​លក្ខណៈ​គ្រួសារ និង​រក​សត្វ​អណ្តើក ត្រគួត​អី គាត់​ដើរ​ចូល​ក៏​បាន​ដែរប៉ុន្តែ​ដល់​ឥឡូវ​ក្រុមហ៊ុន​គ្រប់គ្រង​លក្ខណៈ​បុគ្គល​យើង​ទៅ​ចូល​រក​អ៊ី​បាន អស់​ព្រៃ​ហើយ សត្វ​ក៏​មិន​នៅ ហើយ​ជីវ​ចម្រុះ​ក៏​អស់​ដែរ »

ពលរដ្ឋ​រស់នៅ​ជាប់​ព្រៃ​ឡង់​ ឃុំ​កាំងចាម​ ស្រុក​ថាឡាបរិវ៉ាត់​ ខេត្ត​ស្ទឹងត្រែង​ លោក​ ខេង​ ខូ​ ថ្លែង​ថា​ ក្រុមហ៊ុន​មាន​មហិច្ឆតា​ កាប់​ដើម​ច្បោះ​របស់​ពួក​គេ​អស់​ទាំង​ស្រុង​ ហើយ​នៅ​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ​ ក្រុមហ៊ុន​បាន​ផ្អាក​មួយ​រយៈ​ ដោយសារ​មាន​ភ្លៀង​ធ្លាក់​ច្រើន។ លោក​ថា​ អ្នក​ភូមិ​ជាង​ ៣០គ្រួសារ​ បាន​បាត់បង់​ដើម​ច្បោះ​ជ័រ​ជិត ១.០០០​ដើម (៨៩៥) ហើយ​កន្លង​ទៅ​ថ្មីៗ នេះ​ មាន​ដើម​ច្បោះ​ជ័រ​ជាច្រើន​ដើម​ទៀត​ ត្រូវ​បាន​គេ​កាប់​ផ្តួល​យក​ឈើ​ធ្វើ​អាជីវកម្ម៖ «ខ្ញុំ​ចុះ​ល្បាត រាប់​ដើម​ច្បោះ​ពលរដ្ឋ​រង​ផល​ប៉ះពាល់​បាន ៨៩៥​ដើម តែ​ក្រោយ​មក​ទៀត​មាន​ការ​កាប់ អស់​ជា​ច្រើន​មែនទែន ដោយសារ​សារ​បំផុស​បំផុល​ពលរដ្ឋ​រង​ផល​ប៉ះ​ពាល់​គាត់​ភ័យ​ខ្លាច​មិន​បាន​ដង​ជ័រ​ទៀត គាត់​លក់​ដើម​ច្បោះ​ឲ្យ​បទ​ល្មើស​មួយ​ចំនួន យោង​តាម​ការ​ឃោសនា​បោកប្រាស់ របស់​ពលរដ្ឋ​គាត់​ធ្វើ​ច្បោះ​ជ័រ​ទឹក​ហ្នឹង តែ​ឥឡូវ​ដល់​មាន​ភ្លៀង​គេ​ផ្អាក​សិន»

កាលពី​ខែ​មិថុនា​ ឆ្នាំ២០១២ ក្រសួង​កសិកម្ម​ បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ ស៊ីង​ បាយ​អូ​ថេ​ក (Think Biotech Cambodia) វិនិយោគ​ដំណាំ​ឧស្សាហកម្ម​ អាកា​ស្យា ឬ​ស្ថានីយ​ស្ដារ​ព្រៃ​ឈើ​ឡើង​វិញ​លើ​ផ្ទៃដី​ចំនួន​ជាង​ ៣ម៉ឺន​ ៤ពាន់​ហិកតារ (៣៤.០០៧) ឋិត​នៅ​ក្នុង​ស្រុក​សំបូរ​ ខេត្ត​ក្រចេះ និង​មួយ​ផ្នែក​ចូល​ដី​ស្រុក​សៀមបូក​ ខេត្ត​ស្ទឹងត្រែង។ ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន​ ស៊ីង ​បាយ​អូ​ថេ​ក បាន​ធ្វើការ​ផ្ទេរ​សិទ្ធ​បើក​រោងចក្រ​អារ​ឈើ​ទៅ​ឲ្យ​ក្រុមហ៊ុន​ អង្គរ​ប្លាយ​វូដ (Angkor Plywood) កាល​ពី​ចុង​ឆ្នាំ២០១៨។

អាស៊ី​សេរី​បាន​ទាក់ទង​ អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​ លោកស្រី​ វុឌ្ឍី​ ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​គ្មាន​អ្នក​លើក នៅ​ថ្ងៃ​ទី២៥ សីហា។

ចំណែក​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់​ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ លោក​ អេង​ ហ៊ី​ ប្រាប់​ថា​ គណៈកម្មការ​ជាតិ​មិន​បាន​ស៊ើប​អង្កេត​ក្រុមហ៊ុន​នេះ​ទេ​ ហើយ​លោក​ក៏​បង្វែរ​សំនួរ​ឲ្យ​សួរ​តំណាង​អយ្យការ​វិញ៖ «ព្រោះ​ការ​ស៊ើប​អង្កេត​ជា​រឿង​របស់​អយ្យការ គណៈកម្មការ​ជាតិ​អ្វី ដែល​បង្ក្រាប​បាន​ហ្នឹង​ផ្សាយ រឿង​ការ​ស៊ើប​អង្កេត គេ​មិន​ដែល​ប្រាប់​យើង​ទេ»

កាលពី​សប្តាហ៍​មុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ លោក​ វេង​ សា​ខុន​ បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា​ ក្រសួង​គាំទ្រ​ផែនការ​អភិវឌ្ឍ​ដាំដុះ​ឈើ​ ដើម្បី​កែច្នៃ​ធ្វើ​ជា​ក្តារ​កុង​ផ្លា​កេ​ និង​គ្រឿង​សង្ហារិម​របស់​ក្រុមហ៊ុន​ ស៊ីង​ បាយ​អូ​ថេ​ក។ លោក​បន្ថែម​ថា​ ការ​ប្រើ​ប្រាស់​ឈើ​កែច្នៃ​ ក្តារ​បន្ទះ​ ក្តារ​កុង​ផ្លា​កេ​ និង​គ្រឿង​សង្ហារិម​ក្នុង​ស្រុក​កើន​ឡើង​ខ្ពស់។

របប​លោក ហ៊ុន សែន បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​ជាង​ ៣ម៉ឺន​ហិកតារ (៣៤.០០០​ហិកតារ) ឲ្យ​ក្រុមហ៊ុន ស៊ីង បាយអូថេក កាល​ពី​ឆ្នាំ២០១១ កន្លង​ទៅ។

អគ្គនាយក​ក្រុមហ៊ុន ស៊ីង បាយអូថេក លោក​ លូ​ ឈូ​ឆាង (Lu Chu Change) ប្រាប់​កាសែត​ ហ្វ្រែស​ ញ៉ូវ (Fresh News) ថា មក​ទល់​ពេល​នេះ​ក្រុមហ៊ុន​ បាន​ឈូស​ឆាយ​ដី​ជាង ៩០០​ហិកតារ (៩៣០​ហិកតារ) និង​បាន​ដាំ​កូន​ឈើ​រួចរាល់​បាន​ចំនួន​ ៦០០​ហិកតារ ស្មើ​នឹង​កូន​ឈើ​ជាង​ ៧សែន​ដើម (៧៥០.០០០​ដើម) ជា​ប្រភេទ​ដើម​ប្រេង​ខ្យល់។ លោក​ថា​ ក្រុមហ៊ុន​កំពុង​ប្រឹងប្រែង​ដាំដុះ​លើ​ផ្ទៃដី​ដែល​នៅ​សេសសល់​ជាង ៣០០​ហិកតារ (៣៣០​ហិកតារ) ដោយ​ត្រូវ​ដាំ​កូនឈើ​ប្រមាណ​ជាង​ ៤ម៉ឺន​ដើម (៤១២.៥០០ដើម) ជា​ប្រភេទ​ដើម​ប្រេង​ខ្យល់​ឱ្យ​បាន​ចប់​សព្វគ្រប់​នៅ​អំឡុង​ខែ​កញ្ញា ឆ្នាំ២០១៩ ខាង​មុខ​នេះ។ ក្នុង​បទ​សម្ភាស​ជាមួយ​ទូរទស្សន៍ Al Jazzera កាល​ពី​ពេល​ថ្មីៗ នេះ ថៅកែ​ក្រុមហ៊ុន​​រូប​នេះ បដិសេធ​ថា ក្រុមហ៊ុន​របស់​លោក​មិន​បាន​កាប់​ឈើ ឬ​ប្រមូល​ទិញ​ឈើ​ពី​ព្រៃ​អភិរក្ស​ក្រៅ​តំបន់​ដែល​របប​ក្រុង​ភ្នំពេញ​បាន​អនុញ្ញាត​នោះ​ឡើយ។

ទោះជាយ៉ាងណា សហគមន៍​ព្រៃ​ឡង់​ថា​ ក្រសួង​កសិកម្ម​មិនបាន​កាត់​ឆ្វៀល​ផល​ប៉ះពាល់​ និង​កំណត់​ព្រំប្រទល់​ដី​ឲ្យ​ច្បាស់លាស់ ដើម្បី​បែងចែករវាង​ដី​សម្បទាន​សេដ្ឋកិច្ច​ ​និង​ដី​ព្រៃ​ស្រោង​ ព្រៃ​ចំណី​អូរ​ និង​ព្រៃ​ដែល​អ្នក​ភូមិ​អាស្រ័យ​ផល​នោះ​ទេ​។ បញ្ហា​នេះ​ផ្តល់​ឱកាស​ឲ្យ​ក្រុមហ៊ុន​ឈូស​ឆាយ​ព្រៃ​ក្នុង​តំបន់​ហាម​ឃាត់​ និង​កាប់​ឈើ​ខុស​ច្បាប់​ ផ្ទុយ​ពី​កិច្ចសន្យា​វិនិយោគ។ ពួក​គេ​រក​ឃើញថា​ ចាប់​តាំង​ពី​ឆ្នាំ២០១២​ មកទល់​ពេលនេះ​ ក្រុមហ៊ុន​មិនបាន​ដាំដំណាំ​អា​កា​ហ្សា​ និង​ប្រេងខ្យល់​ ជាដុំកំភួន​ឡើយ​ ហើយ​ក្នុង​ផ្ទៃដី​​ក្រុមហ៊ុន​វិនយោគ ភាគ​ច្រើន​គឺ​ធ្វើ​អាជីវកម្ម​ឈើ​ ដោយ​ឈូស​ឆាយ​ព្រៃ​ឲ្យ​ក្លា​ជា​វាល​ រួច​ទុក​ដី​ទំនេរ​ចោល​ មិន​ដាំ​ដុះ​ និង​មាន​ផ្នែក​ខ្លះ​ត្រូវ​ភ្លើង​ឆេះ។

សកម្មជន​បរិស្ថាន​ លោក​ ហេង​ ស្រស់​ យល់​ថា​ ប្រសិន​បើ​រដ្ឋាភិបាល​មិន​ចេញ​មុខ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ​ ទំហំ​ព្រៃ​ឡង់​ និង​ដើម​ឈើ​ផលិត​ជ័រ​ទឹក​ដែល​ជា​សម្បត្តិ​ជាតិ​ នឹង​រលាយ​ហិនហោច​ ដោយសារ​ក្រុមហ៊ុន​នេះ។ លោក​ថា​ ជំហរ​របស់​សហគមន៍​ចង់​ឲ្យ​ក្រុមហ៊ុន​នេះ​ ទទួល​ខុស​ត្រូវ​រាល់​ការ​បាត់​បង់​ ដើម​ច្បោះ​ជ័រ​ និង​ព្រៃឈើ​ ដែល​ធ្វើ​ឱ្យ​​ជីវភាព​រស់​នៅ​របស់​ពួក​គាត់​ធ្លាក់​ចុះ៖ «ក្រុមហ៊ុន ស៊ីង បាយអូថេក ជា​អ្នក​បំផ្លាញ​ព្រៃ​ឈើ បំផ្លាញ​មុខ​របប​ពលរដ្ឋ​នៅ​តំបន់​ព្រៃ​ឡង់ នៅ​ខេត្ត​ស្ទឹងត្រែង ខេត្ត​ក្រចេះ ព្រម​ទាំង​ខេត្ត​ព្រះវិហារគាត់​ចង់​ឲ្យ​ក្រុមហ៊ុន​ទាំង​អស់​ហ្នឹង​ចេញ​មុខ​ទទួល​ខុស​ត្រូវ និងបកស្រាយចំពោះការបាត់បង់​ជីវភាព និង​ជ័រ​ច្បោះ​របស់​គាត់​បន្សល់​ពី​ដូន​តា​របស់​គាត់»

ថ្មីៗ នេះ​ រដ្ឋាភិបាល​សម្រេច​លុប​ចោល​លិខិត​ដឹក​ជញ្ជូន​ និង​ប្រមូល​អនុផល​ព្រៃ​ឈើ​ចេញ​ពី​ដី​សម្បទាន​សេច​កិច្ច​ ឬហៅ​ថា អិល.ភី (LP) និង​លិខិតអនុញ្ញាត​ឲ្យ​ដឹក​ជញ្ជូន​ឈើ​ ឬ​ហៅ​ថា ភី.ស៊ី (PC) ដែល​ចុះ​ហត្ថលេខា​ដោយ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ។ សកម្មជន​បរិស្ថាន​ថា លិខិត​ទាំង​នេះ​ បើកឱកាស ឲ្យ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ ឃុបឃិត​ជាមួយ​ឈ្មួញ​ទុច្ចរិត​បំប្លែង​ឈើ​ខុស​ច្បាប់​ ឲ្យ​ទៅ​ជា​ឈើ​ស្រប​ច្បាប់​ ភូតភរ​ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។

ក្រុម​សហគមន៍​ព្រៃ​ឡង់​ ទទួ​ចឲ្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើសព្រៃ​ឈើ​ ចុះ​ត្រួត​ពិនិត្យ​ និង​ដក​ហូត​​អាជ្ញាប័ណ្ណ​របស់​​ក្រុមហ៊ុន​ ស៊ីង​ បាយ​អូ​ថេ​ក ព្រោះ​ពួក​គាត់​អះអាង​ថា ​ក្រុមហ៊ុន​នេះ​មិន​​បាន​គោរព​ច្បាប់ និង​កិច្ច​សន្យា​វិនិយោគ​នោះ​ឡើយ ជា​ពិសេស​ក្រុមហ៊ុន​បាន​បំផ្លាញ​ធនធាន​ធម្មជាតិ​ និង​សត្វ​ព្រៃ​ ប៉ះពាល់​ដល់​​ជីវភាព​ប្រជាជន​រាប់​ពាន់​គ្រួសារ​នៅ​ជាប់​តំបន់​ព្រៃ​ឡង់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល