សហគមន៍​ព្រៃ​ព្រះ​រកា ​ខេត្ត​ព្រះវិហារ​ជាង ១ពាន់​នាក់​គ្រោង​ប្ដឹង​មន្ត្រី​បរិស្ថាន​ម្នាក់​ទៅ​តុលាការ​ ករណី​កាង​បទល្មើស​ព្រៃឈើ

ដោយ ជាតិ ចំណាន
2020-05-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក អឿន អុក មន្ត្រី​បរិស្ថាន កាន់​កាំភ្លើង​កាង​គោយន្ត​ដឹក​ឈើ ចេញ​ពី​ព្រៃ​ព្រះ​រកា ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី២០ ខែ​ឧសភា ឆ្នាំ២០២០។
លោក អឿន អុក មន្ត្រី​បរិស្ថាន កាន់​កាំភ្លើង​កាង​គោយន្ត​ដឹក​ឈើ ចេញ​ពី​ព្រៃ​ព្រះ​រកា ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី២០ ខែ​ឧសភា ឆ្នាំ២០២០។
រូប៖ សហគមន៍

បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា ​ខេត្ត​ព្រះវិហារ​ជាង ១ពាន់​នាក់ គ្រោង​ប្រមូល​ស្នាម​មេដៃ ​ប្ដឹង​មន្ត្រី​ឧទ្យានុរក្ស ​នៃ​ក្រសួង​បរិស្ថាន​ម្នាក់​លោក ​អឿន អុក ​ទៅ​តុលាការ​ ពី​បទ​យក​តួនាទី​កាង​បទល្មើស​ព្រៃឈើ​។ ​ចំណែក​នាយ​រង​ប៉ុស្តិ៍​នគរបាល​ឃុំ​ពោធិ៍ ​ទទួល​ស្គាល់​ថា ​មន្ត្រី​បរិស្ថាន​រូប​នេះ ​កាង​បទល្មើស​ព្រៃឈើ​ពិត​មែន​។

បណ្តាញ​សហគមន៍​ការពារ​ព្រៃ​ព្រះរកា ​រស់នៅ​ឃុំពោធិ៍ ​ស្រុក​ត្បែង​មាន​ជ័យ​ និង​មន្ត្រី​នគរបាល​មួយ​ចំនួន ​ក្នុង​ខេត្ត​ព្រះវិហារ ​ខកចិត្ត​នឹង​មន្ត្រី​បរិស្ថាន​ម្នាក់​ឈ្មោះ  ​អឿន អុក​ ថា​មិន​បាន​ការពារ​ធនធាន​ធម្មជាតិ​ដែល​រដ្ឋ​ផ្តល់​សិទ្ធិ​ឱ្យ​នោះ​ទេ ​ផ្ទុយ​ទៅ​វិញ​បែរ​ជា​យក​អំណាច​ កាង​បទល្មើស​ព្រៃឈើ​បំពាន​ច្បាប់។

តំណាង​សហគមន៍​ការពារ​ព្រៃ​ព្រះរកា ​លោក​ បា ផល ​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២១ ឧសភា​ថា ​សមាជិក​បណ្តាញ​សង្គម​ការពារ​ព្រៃ​ព្រះ​រកា​ជាង ​១ពាន់​នាក់ ​កំពុង​ពិភាក្សា​គ្នា​ត្រៀម ​ប្តឹង​មន្ត្រី​បរិស្ថាន​រូបនេះ​ ទៅ​តុលាការ​ នៅ​ពេល​ឆាប់ៗ ​នេះ។​  លោក​ថា ​មន្ត្រី​បរិស្ថាន​រូប​នេះ ​តែង​តែ​កាង​បទ​ល្មើស​ព្រៃឈើ ​ដែល​ដឹក​ចេញ​ពី​ព្រៃ​ព្រះរកា​៖ «កើត​ឡើង​យូរ​ហើយ ​តែ​អត់​មាន​រូបភាព ​អត់​មាន​អី ​អត់​ហ៊ាន​និយាយ​រឿង​គេ ​អត់​ហ៊ាន​ប៉ះពាល់​គេ​។ ​មាន​រូបភាព​ជាក់ស្តែង​ម៉ូតូ​មួយ​ សុទ្ធ​តែ​អីវ៉ាន់​ចេញ​ពី​ល្បាត​ព្រៃ ​ល្បាត​ព្រៃ​លាក់​ម៉ូតូ ​នៅ​ចាំ​គោយន្ត​ ដើម្បី​កាង​គោយន្ត​ចេញ​មក​»

កាល​ពី​ថ្ងៃ​ទី២០ ​ខែ​ឧសភា ​នាយ​រង​ប៉ុស្តិ៍​នគរបាល ​ឃុំពោធិ៍ ​និង​សហគមន៍​ការពារ​ព្រៃ​ព្រះរកា​ បាន​ឃាត់​ចាប់​គោយន្ត​ ២​គ្រឿង ​ដឹកឈើ​បន្ទះ​ក្តារ​ជាង​ ១ម៉ែត្រ​គូប ​និង​ឈើ​មាន​មុខកាត់​ ៩ ​តឹក​ប្រវែង​ ៣ម៉ែត្រ ​ចំនួន ​៤​សន្លឹក ​ដែល​ក្រុម​ជនល្មើស ​ដឹក​ចេញ​ពី​ព្រៃ​ព្រះ​រកា​។ ​សហគមន៍​ថា ​សកម្មភាព​ឃាត់​ចាប់​នោះ ​មន្ត្រី​បរិស្ថាន​ លោក ​អឿន អុក ​ពាក់​ឯកសណ្ឋាន​ជា​មន្ត្រី​ឧទ្យានុរក្ស​ កាន់​កាំភ្លើង​អា​កា​មួយ​ដើម ​ឈរ​កាង​ការពារ​។​ រី​ឯ​នគរបាល ​និង​សហគមន៍​បាន​ថត​រូប ​ទុក​ជា​ភស្តុតាង​ ត្រៀម​បង្ហាញ​តុលាការ។

តំណាង​សហគមន៍​ព្រៃ​ព្រះរកា ​លោក​ បា ផល ​សង្កត់​ធ្ងន់​ថា ​ព្រៃ​ព្រះ​រកា​ ចាប់តាំង​ពី​គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន ​ដើម​ឈើ​ធំៗ ​បាត់បង់​ស្ទើរ​ទាំង​ស្រុង ​ហើយ​មន្ត្រី​បរិស្ថាន ​ដែល​ប្រចាំការ​ ឈរ​ជើង​ការពារ​ព្រៃ​នៅ​តំបន់​នោះ ​តែង​តែ​យក​តួនាទី​ជំរិត​ទាលុយ​ពី​ពលរដ្ឋ​កាប់​ឈើ​បន្តិច​បន្តួច​ និង​កាង​បទល្មើស​ព្រៃឈើ ​ឱ្យ​សាច់​ញត្តិ​បងប្អូន​របស់​ខ្លួន​៖ «តាំង​ពី​ដាក់​មន្ត្រី​បរិស្ថាន​មក​ ព្រៃឈើ​វា​រលាយ​អស់​ហើយ។​ នៅ​តែ​ដើម​តូចៗ ​រឿង​បរិស្ថាន​ហ្នឹង​ អា​ខ្លះ​វា​ចាប់​បញ្ជូន​ទៅ​ស្នាក់​កា​រទៅ ​អា​ខ្លះ​ អាខ្លះ​វា​យក​លុយ​កាក់​តិច​តាម​ព្រៃ ​អាខ្លះ​វា​ជំរិត​យក​លុយ​រាប់ពាន់​ក្នុង​ព្រៃ។ ជំរិត​យក​លុយ​ពី​ពលរដ្ឋ​តាម​ព្រៃ ​អាខ្លះ ​៥០ម៉ឺន​ ខ្លះ ​៤០ម៉ឺន ​មួយ​គោយន្ត»

នាយ​រង​ប៉ុស្តិ៍​នគរបាល​ឃុំពោធិ៍ ​លោក ​ពោធិ៍ គង់ ​ទទួល​ស្គាល់​ថា ​មន្ត្រី​បរិស្ថាន​រូប​នេះ ​បាន​កាង​បទល្មើស​ព្រៃឈើ ​ព្រោះ​លោក​បាន​ចាប់​គោយន្ត​ពីរ​គ្រឿង​ដឹក​ឈើ​ខុស​ច្បាប់​ នៅ​ពេល​ថ្មីៗ ​នេះ ​ដោយ​បញ្ជូន​ទៅ​ស្នាក់ការ​បរិស្ថាន ​ស្រុកឆែប ​ដើម្បី​អនុវត្ត​នីតិវិធី​។ ​លោក​បញ្ជាក់​ថា ​បុគ្គលម្នាក់​នេះ​បាន​យក​តួនាទី ​កាង​បទល្មើស​ព្រៃឈើ ​ធ្វើ​ឱ្យ ​បាត់​បង់​ឈើ​ធំៗ ​អស់​ជា​បន្ត​បន្ទាប់​ក្នុង​ព្រៃ​អភិរក្ស​៖ «គាត់​ថា ​បងប្អូន​កូន​ចៅ​គាត់​មិន ​អត់​ដែរ​ពាក់ព័ន្ធ​បទល្មើស​អី​ទេ​ គាត់​បដិសេធ​រហូត​។ ​ដល់​ពេល​លើក​ហ្នឹង​ខ្ញុំ​ធ្វើ​រឿង​ហ្នឹង​មួយ ​ដើម្បី​បញ្ជាក់​ការ​ពិត​ថា ​តើ​វត្ថុ​តាង​ប៉ុណ្ណឹង​បញ្ជាក់​ការ​ពិត​បាន​អត់ ​ដែល​ខ្ញុំ​ឃាត់​ហើយ​ ខ្ញុំ​ថត​? ​ ខ្ញុំ​មិន​និយាយ​មន្ត្រី​ជំនាញ​គេ​ទូទៅ​ទេ​ ខ្ញុំ​និយាយ​តែ​បុគ្គល​ម្នាក់​ហ្នឹង។ បុគ្គល​ម្នាក់​ហ្នឹង ​ដូចជា​ខ្លាំង​ណាស់​នៅ​ក្នុង​ឃុំ​ហ្នឹង»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង ​មន្ត្រី​ឧទ្យានុរក្ស​នៃ​ក្រសួង​បរិស្ថាន ​លោក ​អឿន អ៊ុក​ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ ​តែ​ទូរស័ព្ទ​របស់​លោក ​មិន​អាច​ទាក់ទង​បាន​នៅ​ថ្ងៃ​ទី​២១ ​ឧសភា​។

ចំណែក​នាយក​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា ​លោក ​យ៉ាន់ ប៊ុនសឿន ​និង​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ លោក​ នេត្រ ភត្រា ​ក៏​មិន​អាច​ទាក់ទង​បាន​ដែរ ​នៅ​ថ្ងៃ​ដដែល​នេះ ​ព្រោះ​ពួក​លោក​​មិន​ទទួល​ទូរស័ព្ទ។

​ នាយក​ប្រតិបត្តិ​អង្គការ​ពន្លក​ខ្មែរ ​លោក ​ប៉ឹង សោភ័ណ ​មាន​ប្រ​សាសន៍​ថា ​ពលរដ្ឋ​មាន​សិទ្ធិ​ប្តឹង​មន្ត្រី​ជំនាញ​ណា ​ដែល​ប្រព្រឹត្ត​ខុសច្បាប់ ​ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ ​និង​តុលាការ ​មាន​តួនាទី​ស៊ើប​អង្កេត​ និង​អនុវត្ត​ច្បាប់​។ ​លោកថា​ ប្រសិន​បើ​មន្ត្រី​បរិស្ថាន ​យក​តួនាទី​កាង​បទល្មើស​ព្រៃឈើ ​ជា​ទង្វើ​ល្មើស​ច្បាប់៖ «ករណី​នេះ ​ជា​ករណី​ដែល​ឃើញ​មើល​ទៅ​ ឃើញ​រូបភាព​ជា​ទ្រង់ទ្រាយ​ដូចជា​បើក​ជំហរ​ធំធេង​ពេក​។ ​ដល់​អ៊ីចឹង​ទៅ​វា​លេច​ធ្លាយ​ព័ត៌មាន​មាន​មន្ត្រី​ទៅ​ឃុបឃិត​ ទៅ​កាង​ដល់​ជន​ល្មើស​អ៊ីចឹង​ទៅ។​ រឿងនេះ ​វា​មិន​បាន​លាក់​ទុក​យូរ ​ហើយ​ធ្វើ​ឱ្យ​ព្រៃឈើ​យើង​ នៅ​ក្នុង​តំបន់​ព្រៃ​ព្រះ​រកា​បាត់បង់ ​ហិនហោច​រលាយ​អស់​មក​ដល់​ពេល​នេះ​ទេ ​បាទ»

សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា​បន្ថែម​ថា ​មុន​ឆ្នាំ២០១៦ នៅ​គ្រា​ដែល​ព្រៃ​ព្រះ​រកា​ គ្រប់គ្រង​ដោយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ​នៃ​ក្រសួងកសិកម្ម​ សហគមន៍ ​និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ​បាន​សហការ​គ្នា​យ៉ាង​ល្អ​ ការពារ​ព្រៃឈើ​មាន​ប្រសិទ្ធភាព។ ក៏​ប៉ុន្តែ​នៅ​គ្រា​ដែល​ព្រៃ​ព្រះ​រកា​គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន​ ចាប់​ពី​ឆ្នាំ២០១៦ រហូត​មក ​ក្រសួង​សាមី​មួយ​នេះ​បាន​រឹត​ត្បិត​សិទ្ធិ​ពលរដ្ឋ​ និង​យុវជន ​មិន​ឱ្យ​ចុះ​ល្បាត​ព្រៃ​ ទប់ស្កាត់​បទល្មើស​ព្រៃឈើ ​ក៏​ប៉ុន្តែ​បើ​ក្រុម​អ្នក​កាប់​ឈើ ​និង​ដឹកជញ្ជូន​ឈើ​នៅ​តែ​អាច​ចូល​ព្រៃ​អារឈើ​លក់​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល