មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី​កំណត់​មុខ​សញ្ញា​អ្នក​ភូមិ ៩នាក់ ប្ដឹង​ទៅ​តុលាការ ពី​បទ​ដុត​បំផ្លាញ​ទីស្នាក់ការ​មន្ត្រី​បរិស្ថាន

ដោយ ហេង រស្មី
2020-05-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្លាក​សញ្ញា​សាលាដំបូង និង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​រតនគិរី។
ស្លាក​សញ្ញា​សាលាដំបូង និង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​រតនគិរី។
Photo from Facebook

មន្ទីរបរិស្ថាន​ខេត្ត​រតនគិរី បាន​កំណត់​មុខ​សញ្ញា​អ្នក​ភូមិ​ចំនួន ៩នាក់ និង​បញ្ជូន​ឈ្មោះ​ពួក​គាត់​ទាំង​នោះ ទៅ​តុលាការ​រួច​ហើយ កាល​ពី​ថ្ងៃទី១២ ខែឧសភា បន្ទាប់​ពី​ពលរដ្ឋ​ទាំង​នោះ បាន​ដឹក​នាំ​ក្រុម​ពលរដ្ឋ​ជិត ១០០នាក់ ទៅ​ដុត​កម្ទេច​ទីស្នាក់ការ​មន្ត្រី​ឧទ្យានុរក្ស ២ខ្នង ឋិត​ក្នុង​តំបន់​របៀង​អភិរក្ស​ជីវចម្រុះ ក្នុង​ស្រុក​តាវែង ខេត្ត​រតនគិរី។ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​បរិស្ថាន​ចាត់​ទុក​ទង្វើ​នេះ ជា​មេ​ខ្លោង​ញុះញង់​បំផ្លាញ​សម្បត្តិ​របស់​រដ្ឋ​ដោយ​ខុស​ច្បាប់។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​បរិស្ថាន ព្រមាន​ថា នឹង​មិន​អត់​ឱន​ចំពោះ​មេ​ខ្លោង បំផ្លាញ​សម្បត្តិ​របស់​រដ្ឋ និង​ប្រឆាំង​នឹង​ការ​អនុវត្ត​ច្បាប់ ត្រូវ​តែ​ទទួល​ខុស​ត្រូវ ចំពោះ​មុខ​ច្បាប់។ ការ​លើក​ឡើង​នេះ ក្រោយ​ពី​ក្រុម​ពលរដ្ឋ​ជិត ១០០នាក់ (៧៥) កាល​ពី​ថ្ងៃ​ទី១០ ឧសភា បាន​ធ្វើ​ដំណើរ​តាម​ម៉ូតូ ៤០គ្រឿង លើកគ្នា​ទៅ​ដុត​បំផ្លាញ​ទីស្នាក់ការ​ប៉ុស្តិ៍​ឧទ្យានុរក្ស​ចំនួន ២ខ្នង ដែល​សង់​នៅ​ជាប់​ដែន​ឧទ្យាន​ជាតិ​វរៈជ័យ ក្នុង​ឃុំ​តាវែង​លើ ស្រុក​តាវែង ខេត្ត​រតនគិរី។

អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភត្ត្រា ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១៣ ឧសភា​ថា មូលហេតុ ដែល​ក្រុម​ពលរដ្ឋ​ដុត​កម្ទេច​ទីស្នាក់ការ​មន្ត្រី​ឧទ្យានុរក្ស​នេះ ដោយ​សារ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច អនុវត្ត​ច្បាប់​ លើ​សកម្មភាព​កាប់​រាន​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ និង​បាន​ដក​ហូត រណា​យន្ត​ចំនួន ២គ្រឿង រុះរើ​រោង​ចម្ការ ៤កន្លែង កាល​ពី​ពេល​ថ្មីៗ នេះ បណ្ដាល​ឱ្យ​ក្រុម​ពលរដ្ឋ​ទាំង​នោះ​មិន​សប្បាយ​ចិត្ត។ លោក​ថា ទីស្នាក់ការ​ដែល​ក្រុម​ពលរដ្ឋ​ដុត​បំផ្លាញ​នោះ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ទើប​សាងសង់​រួច​មួយ​ខ្នង និង​មួយ​ខ្នង​ទៀត ជា​ទីស្នាក់ការ​ចាស់។

លោក​បន្ថែម​ថា ដី​ព្រៃ​ជា​ច្រើន​ហិកតារ ដែល​ក្រុម​ពលរដ្ឋ​ទាំង​នោះ​ទន្ទ្រាន​កាន់កាប់​ដោយ​ខុស​ច្បាប់ នឹង​ត្រូវ​ដក​ហូត​ជា​សម្បត្តិ​រដ្ឋ​ទាំង​អស់ និង​គ្មាន​ជន​ណា​ម្នាក់​មាន​សិទ្ធិ​កាន់កាប់​ដីធ្លី ទិញ ឬ​លក់​ដូរ ក្នុង​តំបន់​ការពារ​ធម្មជាតិ​បាន​ឡើយ។

ប៉ុន្តែ​ជន​ជាតិ​ដើម​ភាគ​តិច​ព្រៅ ​រស់​នៅ​ស្រុក​តាវែង ​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ​ប្រាប់​អាស៊ី​សេរី​ថា ​ក្រុម​ជនជាតិ​ជាតិ​ដើម​ភាគ​តិច​ភាគ​ច្រើន ​ក្នុង​ស្រុក​តាវែង ​ខឹង​សម្បារ​ នឹង​ក្រសួងបរិស្ថាន​ ដែល​បាន​កាត់​ឆ្វៀល​ដី​ព្រៃ​សហគមន៍ ​និង​ដី​ព្រៃ​ប្រើប្រាស់​សមូហភាព​របស់​ជនជាតិ​ដើម​ភាគ​តិច​អស់​មួយ​ផ្នែក​ធំ ​ហើយ​បច្ចុប្បន្ន ​អ្នកភូមិ​នៅ​សល់​ដី​ព្រៃ​តិចតួច​ប៉ុណ្ណោះ ​សម្រាប់​ធ្វើ​ចម្ការ​វិល​ជុំ ​និង​អាស្រ័យ​បែប​ប្រពៃណី។​ ទោះ​យ៉ាង​ណា ​លោក​មិន​បញ្ជាក់​លម្អិត​ថា ​ក្រសួង​បរិស្ថាន​បាន​កាត់​ឆ្វៀល​ដី ​ព្រៃ​សហគមន៍ ​និង​ដី​ព្រៃ​ពលរដ្ឋ​ប្រើប្រាស់​សមូហភាព ​ចំនួន​ប៉ុន្មាន​ហិកតារ​នោះ​ទេ​។  លោក​ថា ​ក្រសួង​បរិស្ថាន​មិន​បាន​ទទួល​យក​ក្តី​កង្វល់​របស់​ពលរដ្ឋ​ទៅ​ដោះស្រាយ​នោះ​ទេ ​ធ្វើ​ឱ្យ​ក្រុម​ពលរដ្ឋ​ ខឹង​សម្បារ ​នឹង​ក្រសួង​សាមី​មួយ​នេះ៖ «នៅ​ឃុំ​តាវែង​ក្រោម ប៉ុន្មាន​ភូមិ គេ​កាត់​ទាំង​អស់។ ខ្ញុំ​គិត​ថា អត់​យល់​ព្រម​ទេ វិនិយោគ​អ្វី​ក៏​ដោយ ប៉ុន្តែ​សហការ​ជាមួយ​សហគមន៍ ផ្ដល់​ព័ត៌មាន​ឱ្យ​សហគមន៍ គេ​អត់​មាន​ថា សហគមន៍​យល់​ព្រម​កាត់​ដី​ត្រឹម​ណា ត្រឹម​ណា​ទេ? គេចុច GPS ខ្លួន​គេ​ហ្មង។ ពលរដ្ឋ​ពិបាក​បញ្ហា​ទី១ ការ​រក​ស៊ី​អាស្រ័យ និង​ទី២ ធ្វើ​ចម្ការ​វិល​ជុំ។ កំពុង​ក្រៅ​ក្រហាយ»

មន្ត្រី​នាំ​ពាក្យ​សមាគម​អាដហុក ​(ADHOC)  លោក​ ស៊ឹង សែនករុណា ​មិន​គាំទ្រ​រាល់​ការ​ប្រើ​ហិង្សា​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​នោះ​ទេ​។ ​លោក​ថា ​សមាគម​អាដហុក​នឹង​តាមដាន​រឿង​នេះ ​ថា​តើ​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​ជំនាញ  ត្រឹមត្រូវ​តាមច្បាប់ ​ឬ​យ៉ាង​ណា? ​លោក​ថា​ ​ប្រសិន​បើ​ក្រុម​ពលរដ្ឋ​មិន​ពេញ​ចិត្ត ​ចំពោះ​ការ​អនុវត្ត​ច្បាប់​លើ​ពួកគាត់ ​ពី​សំណាក់​មន្ត្រី​ជំនាញ​ អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវតែ​មាន​វិធានការ​លើ ​មន្ត្រី​អនុវត្ត​ច្បាប់​វិញ​ដែរ៖ «សមាគម​អាដហុក​យើង យើង​នៅ​បន្ត​ឃ្លាំមើល ដំណោះ​ស្រាយ​បញ្ហា​ហ្នឹង។ តើ​ការ​ដោះ​ស្រាយ​ហ្នឹង​វា​អាច ធ្វើ​ឱ្យ​មាន​ការ​ដោះស្រាយ យុត្តិធម៌​ត្រឹមត្រូវ ឬ​ទេ? ហើយ​ប្រសិន​បើ ពលរដ្ឋ​មិន​ពេញ​ចិត្ត ឬ​ទទួល​រង​អយុត្តិធម៌​ណា​មួយ គួរ​តែ​ដាក់​បណ្ដឹង​រក​នីតិវិធី​តាម​ផ្លូវ​ច្បាប់»

ទោះ​ជា​យ៉ាង​ណា ​ក្រសួង​បរិស្ថាន ​បាន​អំពាវ​នាវ​ឱ្យ​ពលរដ្ឋ ​ត្រូវ​បញ្ឈប់ ​ការ​ឈូស​ឆាយ ​ដុត​ ទន្ទ្រាន​ដី​ព្រៃ សង់​ខ្ទម ឬ​រោង ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ ​ដោយ​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​ រាល់​ការ​ទិញ​លក់​ដី​រដ្ឋ​ខុសច្បាប់​ក្នុង​ព្រៃ​អភិរក្ស ​ហើយ​ត្រូវ​រុះរើ​សំណង់​គ្រប់​ប្រភេទ​ដោយ​ខ្លួន​ឯង​រួច ​ប្រគល់​ជូន​ក្រសួង​បរិស្ថាន​គ្រប់គ្រង​វិញ ​បើ​ពុំ​នោះ​ទេ  នឹង​ប្រឈម​វិធានការ​ច្បាប់​។ ក្រសួង​បរិស្ថាន​បាន​បដិសេធ​រាល់​ឯកសារ​កាន់​កាប់​ដីធ្លី​ ដោយ​ខុសច្បាប់​គ្រប់​ប្រភេទ ​ដូចជា​ការ​ទន្ទ្រាន​កាន់កាប់ ​ការផ្ទេរ​ ការ​ទិញ​លក់​ដី ក្នុង​តំបន់​ការពារ​ធម្មជាតិ។ ប៉ុន្តែ​ក្រុម​ពលរដ្ឋ​អះអាង​ថា ​ការ​អនុវត្ត​ច្បាប់​របស់​ក្រសួង​បរិស្ថាន បាន​តែ​ចំពោះ​ពលរដ្ឋ​ក្រីក្រ​ គ្មាន​អំណាច តែ​ចំពោះ​អ្នក​មាន​អំណាច​ និង​អាជ្ញាធរ​ខិលខូច​វិញ បាន​ឈូស​ឆាយ​ព្រៃ​អភិរក្ស ​រាប់​សិប​ហិកតារ ​ធ្វើ​ជា​កម្មសិទ្ធិ កម្រ​ឃើញ​ក្រសួង​អនុវត្ត​ច្បាប់​ណាស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល