ពលរដ្ឋ​ខេត្ត​ស្ទឹងត្រែង បារម្ភ​ទឹកជំនន់​រៀងរាល់​ឆ្នាំ ដោយសារ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ

ដោយ សុជីវី
2019-09-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​កំពុង​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព ក្នុង​ស្រុក​សៀមប៉ាង ដែល​រង​ផល​ប៉ះ​ពាល់​ពី​ទឹក​ជំនន់​ដោយសារ​ការ​បាក់​ទំនប់​វារីអគ្គិសនី សេពាន សេណាមណយ ស្ថិត​នៅ​ខេត្ត​អត្តពឺ ប្រទេស​ឡាវ។ ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ ២០១៨
អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​កំពុង​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព ក្នុង​ស្រុក​សៀមប៉ាង ដែល​រង​ផល​ប៉ះ​ពាល់​ពី​ទឹក​ជំនន់​ដោយសារ​ការ​បាក់​ទំនប់​វារីអគ្គិសនី សេពាន សេណាមណយ ស្ថិត​នៅ​ខេត្ត​អត្តពឺ ប្រទេស​ឡាវ។ ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ ២០១៨
រូបថត​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង

ពលរដ្ឋ​រស់​ក្រុង​ស្ទឹង​ត្រែង បារម្ភ​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​នានា ដោយសារ​គ្រោះ​ទឹក​ជំនន់ អាច​នឹង​កើត​មាន​ឡើង​ជា​រៀងរាល់​ឆ្នាំ។ ពួកគេ​បាន​ទម្លាក់​កំហុស​បាតុភាព​នេះ​ ទៅ​លើ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ ដែល​ពួក​គាត់​ចាត់​ទុក​ថា ជា​ផ្នែក​មួយ​ងាយ​នឹង​កើត​មាន​គ្រោះ​ទឹក​ជំនន់។

ការ​បារម្ភ​នេះ​ បន្ទាប់​ពី​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​ នៅ​រដូវ​វស្សា​ឆ្នាំ​នេះ​ ធ្វើ​ឱ្យ​ប៉ះពាល់​លំនៅឋាន​ពលរដ្ឋ​ទូទាំង​ខេត្ត​ស្ទឹងត្រែង​ជាង ៦០០ពាន់​គ្រួសារ​ ក្នុង​នោះ​មាន​ពលរដ្ឋ​យ៉ាង​ហោច​ណាស់​ជាង​ ១ពាន់​ ៤០០គ្រួសារ​ បាន​ជម្លៀស​ទៅ​កាន់​ទី​ទូល​សុវត្ថិភាព។

ពលរដ្ឋ​រស់នៅ​ក្រុង​ស្ទឹងត្រែង​ លោក​ ថាន​ ពៅ​ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៩ កញ្ញា​ថា ភូមិ​សាស្ត្រ​ក្នុង​ក្រុង​ស្ទឹងត្រែង​ ជា​តំបន់​ខ្ពង់រាប​ មាន​ពលរដ្ឋ​រាប់ពាន់​គ្រួសារ​បាន​មក​តាំង​ទីលំនៅ​ នៅ​តំបន់​ទំនាប ងាយ​នឹង​រងគ្រោះ​ដោយ​ទឹកជំនន់​ទន្លេ​មេគង្គ​ និង​ទឹកភ្លៀង​ ក៏​ប៉ុន្តែ​នៅ​គ្រា ដែល​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ បើក​បង្ហូរ​ទឹក​មួយ​កម្រិត​ទៀត​ គ្រោះ​មហន្តរាយ​នេះ​ នឹង​កើតមាន​កាន់តែ​ខ្លាំង​ឡើង។ លោក​ថា ទឹក​ជំនន់​ឆ្នាំនេះ​ កើត​មាន​ខុស​ធម្មតា​ និង​ស្រក​យឺតៗ ខុស​ប្លែក​កាល​ពី​មិន​ទាន់​មាន​ទំនប់​វារីអគ្គិសនី៖ «គ្រាន់​តែ​ពេល​មិន​ទាន់​ធ្វើ​ទំនប់​ហ្នឹង មិន​ទាន់​លិច​អ៊ីចឹង​ពេក​ទេ។ ពេល​ធ្វើ​ហើយ​អ៊ីចឹង លិច​ស្ទើរ​តែ​រាល់​ឆ្នាំ​ទៅ​វិញ នេះ​ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ មាន​ការ​ភិតភ័យ និង​ព្រួយ​បារម្ភ ជាមួយ​បញ្ហា​គ្រោះ​ទឹក​ជំនន់។ មាន​ការ​ព្រួយ​បារម្ភ​ជាមួយ​ទឹក ធ្វើ​ឲ្យ​ទឹក​ធ្វើ​ឲ្យ​ខាតបង់​គ្រប់​បែប​យ៉ាង ជា​មួយ​ការងារ​រក​ស៊ី ដាំ​ដំណាំ និង​គាត់​លក់​ដូរ​នៅ​ផ្សារ​ធ្វើ​ឲ្យ​គាត់​បាត់បង់​ពេល​វេលា»

រយៈពេល​ជាង ១សប្ដាហ៍​ចុងក្រោយ​នេះ​នៅ​ខេត្ត​ស្ទឹងត្រែង​ មាន​គ្រោះ​មហន្តរាយ​ ទឹកជំនន់​ទន្លេ​មេគង្គ​ បាន​ជន់​លិច​ស្រុក​/ក្រុង​ចំនួន៦ ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង ៦០០ពាន់​គ្រួសារ (.១៣៣) និង​ស្រូវវស្សា​អស់​ជិត ៤.០០០​ហិកតារ (.៩៦៥) និង​ពលរដ្ឋ​ជាង ១ពាន់ ៤០០គ្រួសារ (.៤៦៦) ភៀសខ្លួន​ទៅ​រក​កន្លែង​មាន​សុវត្ថិភាព​។ គ្រោះ​ទឹក​ជំនន់​នេះ ពុំ​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ពលរដ្ឋ​នោះ​ទេ។ រីឯ​អាជ្ញាធរ​ខេត្ត និង​គណៈកម្មការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ចុះ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ពលរដ្ឋ និង​ផ្ដល់​ជំនួយ​មនុស្សធម៌​ដល់​ពលរដ្ឋ​រង​គ្រោះ​មួយ​ចំនួន​ផង​ដែរ។

ឆ្លើយតប​រឿង​នេះ​ តំណាង​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ លោក​ អ៊ុំ​ រ៉េ​ត អះអាង​ថា ​ក្រុមហ៊ុន​បាន​បើក​បង្ហួរ​ទឹក​ចេញពី​ផ្ទៃ​អាង​លក្ខណៈ​ធម្មជាតិ​ មិន​ប៉ះពាល់​លើ​ពលរដ្ឋ​រស់នៅ​ខ្សែទឹក​ខាង​ក្រោម​នោះ​ទេ។ លោក​បញ្ជាក់​ថា​ បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​បង្ហូរទឹក​ជិត​ ៥ពាន់​ម៉ែត្រ​គូប​ ក្នុង​វិនាទី​ ​(.៨១១២​m3​/s)ដែល​ជា​លំហូរ​បែប​ធម្មជាតិ៖ «អត់​ទៀង​ទេ មួយ​ថ្ងៃ​បើក​បិទ​មិន​ដឹង​ប៉ុន្មាន​ដង​ទេ តាម​រយៈ​ខ្សែ​ទឹក​វា​អត់​ទៀង ខ្សែ​ទឹក​ខាង​លើ និង​ខាង​ក្រោម​វា​អត់​ទៀង​ទេ។ ខ្សែ​ទឹក​ខាង​លើ និង​ខាង​ក្រោម​វា​អត់​ទៀង​ទេ។ លំហូរ​នេះ​វា​ហូរ​ធម្មជាតិ»»

នាយក​ប្រតិបត្តិ​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី​ លោក លាង ប៊ុនលាភ (3SPN Coordinator) ពន្យល់​ថា ជំនន់​ទឹក​ទន្លេ​មេគង្គ បូករួម​ទាំង​ការ​បើក​បង្ហូរ​ទ្វារ​ទឹក​ទំនប់​វារីអគ្គិសនី​ផង​នោះ​ នឹង​ធ្វើ​ឱ្យ​ទឹកជន់​កាន់តែ​ខ្លាំង​ ប៉ះពាល់​ផ្ទះសម្បែង និង​សុខុមាលភាព​ពលរដ្ឋ។ លោក​ថា​ បាតុភាព​នេះ​ ជា​សញ្ញា​អវិជ្ជមាន​មួយ ពញ្ញាក់​ស្មារតី​រដ្ឋាភិបាល​ និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ឈប់​សាងសង់​ទំនប់​វារីអគ្គិសនី​ តាម​ដងទន្លេ​ទៀត​ និង​ត្រូវ​មាន​ជម្រើស​ផ្សេងៗ ដើម្បី​ផលិត​ថាមពល​រដ្ឋ​អគ្គិសនី៖ «រដ្ឋាភិបាល​ក្តី អ្នក​ពាក់ព័ន្ធ​ចូលរួម​ធ្វើ​គោល​នយោបាយ​ក្តី ជាពិសេស គោល​នយោបាយ​ខាង​អគ្គិសនី​ក្តី យើង​ទៅ​ប្រើ​លុយ​អស់​ជិត ១ពាន់​លាន​ហើយ បង្ក​ទុក​បង្ក​ភ័យ ដែល​យើង​មាន​ជា​រៀងរាល់​ឆ្នាំ។ ទុក​ភ័យ​នេះ​មិន​ប្រាកដ​ថា មាន​ឆ្នាំ​ហ្នឹង ឆ្នាំ​ក្រោយ​អត់​មាន​ទេ។ អ៊ីចឹង​វា​នៅ​តែ​បន្ត​ជា​រហូត ធ្វើ​ឲ្យ​មនុស្ស​ខ្លាច​រអា និង​ទន្លេ សូឡា​ហ្នឹង​វា​ជួយ​រំដោះ​វិបត្តិ​ថាមពល​អគ្គិសនី​បាន ដោយសារ​សូឡា​ឥឡូវ​គុណភាព​ខ្ពស់។ ជា​ឧទាហរណ៍ សូឡា​នៅ បាវិត ១០គីឡូវ៉ាត់ យើង​ប្រើ​ទុន​អស់​តែ ១២លាន​ទេ (១២លាន​ដុល្លារ) បើ​ប្រៀបធៀប​សេសាន ៧០០ ទៅ ៨០០រយ​លាន បាន​តែ ៤៥០ មេហ្គាវ៉ាត់ ឃើញ​ថា តម្លៃ​ខុស​គ្នា​ពីរ​ដង»

អ្នក​ជំនាញ​បរិស្ថាន​ពន្យល់​ថា ទំនប់​វា​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បាន​បើក​បង្ហូរ​ទ្វារ​ទឹក​បន្ថែម​ទៀត​ ចូល​ទន្លេ​សេកុង​ រួមផ្សំ​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​ខ្ពស់​ខុសធម្មតា​នឹង​ធ្វើ​ឱ្យ​រួម​ខេត្ត​ស្ទឹងត្រែង​ទាំងមូល​ក្លាយ​ជា​ផ្ទៃ​អាង ឬ​ទឹក​ជំនន់​ធ្ងន់ធ្ងរ។

សេចក្ដី​រាយការណ៍​ពី​ពលរដ្ឋ​ខេត្ត​ស្ទឹងត្រែង ឱ្យ​ដឹង​ទៀត​ថា ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​មិន​ត្រឹម​តែ​បង្ក​ប៉ះពាល់​ពលរដ្ឋ​រស់នៅ​ខ្សែទឹក​ខាង​ក្រោម​ទេ ពលរដ្ឋ​រស់​នៅ​ខ្សែ​ទឹក​ខាង​លើ​ ក្នុង​ឃុំ​តាឡាត​ ស្រុក​សេសាន​ ក៏​ធ្លាប់​ជួប​គ្រោះ​មហន្តរាយ​នេះ​ដែរ។ កាល​ពី​ឆ្នាំ២០១៨ ពលរដ្ឋ​ជាង ១ពាន់​គ្រួ​សរ​ រស់​នៅ​ឃុំ​តាឡាត​ជួប​គ្រោះ​ទឹក​ជំនន់​ធ្ងន់ធ្ងរ ៣លើក​ជាប់​គ្នា និង​មាន​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ខ្វះ​ខាត​ស្បៀង។ បាតុភាព​នេះ ពួក​គេ​គេ​អះអាង​ថា ក្រុមហ៊ុន​បាន​បិទ​ទ្វារ​ទឹក​ ធ្វើ​ឱ្យ​ទឹក​ចាល​ឡើង​លិច​ភូមិ​កំណើត​របស់​ពួក​គេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល