ក្រុម​យុវជន​គ្រោង​ធ្វើ​ក្បួន​យាត្រា​ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ​សុំ​ឱ្យ​អាជ្ញាធរ​វាយកម្ទេច​កាស៊ីណូ ជីន ទីង

ដោយ សន ចាន់រដ្ឋា
2019-10-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះសីហនុ ចុះ​បិទ​ទីតាំង​មជ្ឈមណ្ឌល​កម្សាន្ត​ចិន​យីហោ ជីនទីង (Jingding) នៅ​លើ​កោះរ៉ុង​សន្លឹម នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៩។
សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះសីហនុ ចុះ​បិទ​ទីតាំង​មជ្ឈមណ្ឌល​កម្សាន្ត​ចិន​យីហោ ជីនទីង (Jingding) នៅ​លើ​កោះរ៉ុង​សន្លឹម នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៩។
រូប​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ

ក្រុម​យុវជន​គ្រោង​រៀបចំ​ក្បួន​យាត្រា​ថ្មើរជើង​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​វាយកម្ទេច​សំណង់​កាស៊ីណូ​ចិន​ខុសច្បាប់​មួយ​កន្លែង នៅ​លើ​កោះរ៉ុងសន្លឹម។ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ថា នេះ​ជា​សិទ្ធិ​សេរីភាព​របស់​ក្រុម​យុវជន ប៉ុន្តែ​ត្រូវ​ធ្វើ​ឡើង​ស្របតាម​ច្បាប់។

សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ កញ្ញា ឡុង គន្ធា ឱ្យ​អាស៊ីសេរី​ដឹង​ថា ក្បួន​យាត្រា​ថ្មើរជើង​នេះ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​១៥ តុលា ហើយ​គ្រោង​ប្រើ​រយៈពេល ៩​ថ្ងៃ ដើម្បី​ទៅដល់​ទី​រួម​ខេត្ត​ព្រះសីហនុ​។ កញ្ញា​បញ្ជាក់​ថា យុទ្ធនាការ​នេះ គឺ​ដើម្បី​ពញ្ញាក់​ស្មារតី​ពលរដ្ឋ និង​យុវជន​ដទៃ​ទៀត ឱ្យ​ងាក​មក​ចាប់អារម្មណ៍​រឿង​កិច្ចការ​ពារ​បរិស្ថាន​តំបន់​ឆ្នេរ​សមុទ្រ​របស់​កម្ពុជា​។ ជាពិសេស ក្រុម​យុវជន​មានបំណង​ជំរុញ​ឱ្យ​អាជ្ញាធរ​ចុះ​រុះរើ​សំណង់​កាស៊ីណូ​ចិន​យីហោ ជីន ទីង (Jingding) ដែល​ត្រូវ​បាន​រក​ឃើញ​ថា សាងសង់​រំលោភ​ដី​ឆ្នេរ​កោះ​រ៉ុង​សន្លឹម៖ «ជា​គំរូ​មួយ​ឱ្យ​យុវជន និង​ប្រជាពលរដ្ឋ​គាត់​មើល​ឃើញ ហើយ​គាត់​ចាប់ផ្ដើម​នាំគ្នា​គិតគូរ​ឈឺឆ្អាល​រឿង​ឆ្នេរ​ដែល​ត្រូវ​បាន​គេ​រំលោភបំពាន​ហ្នឹង កុំ​ឱ្យ​ពួកគាត់​ចេះតែ​លង់លក់​ទៅ»

អាជ្ញាធរខេត្ត​ព្រះសីហនុ​បាន​ចុះ​បិទ​អាជីវកម្ម​មជ្ឈមណ្ឌល​កម្សាន្ត​ចិន​យីហោ ជីន ទីង កាល​ពី​ចុងខែ​ឧសភា​កន្លងទៅ បន្ទាប់ពី​ពិនិត្យ​ឃើញ​ថា ទីតាំង​កម្សាន្ត​នោះ​បាន​ប្រព្រឹត្ត​ខុសច្បាប់​ជាច្រើន​ចំណុច​។ សកម្មភាព​ល្មើសច្បាប់​ទាំងនោះ រួមមាន ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ក្នុង​សមុទ្រ​ដោយ​មិនបាន​ឆ្លងកាត់​ការ​ចម្រោះ ការសាងសង់​ទីតាំង​កាស៊ីណូ​រំលោភ​លើ​ដី​ឆ្នេរសមុទ្រ ការ​ដាក់​ម៉ាស៊ីនភ្លើង​នៅ​លើ​ផែ​ធ្វើ​ឱ្យ​មាន​ប្រេង​ហូរ​ចូល​សមុទ្រ​ប៉ះពាល់​ដល់​បរិស្ថាន និង​ការ​ចាក់​ធុងបាស​ខ្លាំង​បង្ក​ការ​រំខាន​ដល់​ពលរដ្ឋ និង​ភ្ញៀវ​ទេសចរ។

ក្រោយ​ចុះ​បិទ​អាជីវកម្ម អាជ្ញាធរ​ខេត្ត​បាន​បញ្ជាក់​ថា សំណង់​ខុសច្បាប់​របស់​មជ្ឈមណ្ឌល​ចិន​មួយ​កន្លែង​នោះ នឹង​ត្រូវ​រុះរើ​ចេញ ក៏ប៉ុន្តែ​ជាច្រើន​ខែ​មកនេះ អាជ្ញាធរ​មិនទាន់​ចុះ​ធ្វើ​សកម្មភាព​នៅឡើយ​ទេ។

ក្រុម​យុវជន​ចលនា​ធម្មជាតិ​បាន​រួម​គ្នា​ដាក់​ញត្តិ​ទៅ​សាលាខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​២៣ កញ្ញា កន្លងទៅ ដើម្បី​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ចុះ​រុះរើ​សំណង់​កាស៊ីណូ​នេះ​ទៅតាម​ការសន្យា​របស់​ខ្លួន។ ក្រុម​យុវជន​បារម្ភ​ថា សណ្ឋាគារ និង​កាស៊ីណូ ជីន ទីង អាច​នឹង​ត្រូវ​បើក​ឱ្យ​ដំណើរការ​វិញ ប្រសិនបើ​គ្មាន​ការ​វាយកម្ទេច​សំណង់​អាគារ​នេះ​ចោល​ទេ​នោះ។

នាយក​ស្ដីទី​ទីចាត់ការ​អន្តរ​វិស័យ​ខេត្ត​ព្រះសីហនុ លោក អ៊ី ភារិន ថ្លែង​ថា លោក​បាន​ទទួល​ភារកិច្ច​ចុះ​បិទ​អាជីវកម្ម​មជ្ឈមណ្ឌល​កម្សាន្ត​មួយ​នេះ កាល​ពី​ពេល​កន្លងទៅ ក៏ប៉ុន្តែ​មិនទាន់​ទទួល​បាន​លិខិត​បញ្ជា​ឱ្យ​រុះរើ​សំណង់​នៅឡើយ​ទេ។ លោក​បង្វែរ​សំណួរ​ទៅ​អភិបាលក្រុង​កោះរ៉ុង គឺ​លោក នួន ប៊ុនថុល វិញ៖ «ខ្ញុំ​ចុះទៅ​បិទ​ជាមួយ​អភិបាលរង​ទទួលបន្ទុក​មួយ​។ បិទ​នោះ​បិទ​បាន​ស្ថាពរ​ហើយ ហើយ​ការ​រុះរើ​នោះ អាហ្នឹង​វា​នីតិវិធី​ផ្សេងទៀត មិន​ដឹង​ថា ខាង​រដ្ឋបាល​ក្រុង​គេ​ចាត់ចែង​យ៉ាង​ដូចម្តេច ប៉ុន្តែ​សួរ​ទៅ​ខាង​ក្រុង​អាច​ដឹង​ហើយ ព្រោះ​គាត់​គ្រប់គ្រង​អាហ្នឹង​ផ្ទាល់»

អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​អភិបាលក្រុង​កោះរ៉ុង លោក នួន ប៊ុនថុល ជាច្រើន​ដង​នៅ​ថ្ងៃ​ទី​១០ តុលា ក៏ប៉ុន្តែ​ទូរស័ព្ទ​ចូល ពុំ​មាន​អ្នកទទួល។

ចំណែក អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ វិញ ថ្លែង​ថា លោក​នឹង​សាកសួរ​រឿង​នេះ​ទៅ​មន្ត្រី​ជំនាញ​ថ្នាក់​ខេត្ត។ ទាក់ទង​នឹង​គម្រោង​ដើរ​ក្បួន​យាត្រា​របស់​ក្រុម​យុវជន​វិញ លោក​ថា នេះ​ជា​សិទ្ធិ​សេរីភាព​របស់​ពួកគេ ប៉ុន្តែ​ត្រូវតែ​ធ្វើឡើង​ក្នុង​ក្របខ័ណ្ឌ​ច្បាប់៖ «គាត់​ចង់​ធ្វើ គាត់​ធ្វើ​ទៅ ប្រសិនបើ​គាត់​ធ្វើ​ក្រោម​ច្បាប់​។ នេះ​ជា​រឿង​របស់​ខាង​គាត់​ទេ កុំ​ឱ្យ​តែ​អ្វី​ដែល​យើង​ធ្វើ​ទៅ វា​អត់​ស្របច្បាប់​។ កាលណា​យើង​ធ្វើ​មិន​ស្របច្បាប់ វា​ជា​ការ​ទទួល​ខុសត្រូវ​របស់​យើង»

សកម្មជន​មាតា​ធម្មជាតិ និង​ជា​អ្នកដឹកនាំ​ដំណើរ​ក្បួន​យាត្រា កញ្ញា ឡុង គន្ធា អះអាង​ថា អ្វី​ដែល​ក្រុម​យុវជន​គ្រោង​ធ្វើ​នេះ សុទ្ធតែ​អនុលោម​ទៅតាម​ច្បាប់​។ កញ្ញា​សង្ឃឹមថា អាជ្ញាធរ​នឹង​មិន​រារាំង​ក្រុម​យុវជន​នោះ​ឡើយ ពីព្រោះ​សកម្មភាព​នេះ គឺ​ដើម្បី​តែ​ជួយ​ការពារ​បរិស្ថាន និង​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ប៉ុណ្ណោះ៖ «ពួកយើង​គ្រាន់តែ​ជា​យុវជន​ធម្មតា ហើយ​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ដើម្បី​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​លើ​រឿង​ការសាងសង់​កាស៊ីណូ​រំលោភ​ដី​ឆ្នេរ ដើម្បី​ការពារ​ឆ្នេរ​សាធារណៈ​របស់​រដ្ឋ​។ បើ​មានការ​រារាំង​ពី​អាជ្ញាធរ វា​មើល​ទៅ​ដូចជា​អាក្រក់​មើល​ពេក»

សកម្មជន​បរិស្ថាន​រូប​នេះ​ឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​១០ តុលា មាន​មនុស្ស​ចំនួន ៨​នាក់ បានសម្រេច​ចូលរួម​ក្នុង​ដំណើរ​ធម្ម​យាត្រា​នេះ ដោយ​ក្នុង​នោះ​មាន​ព្រះសង្ឃ ៥​អង្គ និង​យុវជន ៣​នាក់​។ កញ្ញា​ថ្លែង​ទៀត​ថា ក្រុម​យុវជន និង​ព្រះសង្ឃ​នឹង​មាន​កាន់​បដា​មួយ​ចំនួន ប៉ុន្តែ​នឹង​មិន​មានការ​ស្រែក​ទាម​ទារ​នៅ​តាម​ដង​ផ្លូវ​នោះ​ទេ​។ កញ្ញា​បញ្ជាក់​ថា ក្រុម​យុវជន​នឹង​សុំ​ផ្ទះ​ប្រជាពលរដ្ឋ ឬ​វត្ត​អារាម ដើម្បី​ស្នាក់នៅ​នៅ​អំឡុង​ពេល​ដើរ​ក្បួន​យាត្រា​។ កញ្ញា​អំពាវនាវ​ដល់​ពលរដ្ឋ ជាពិសេស​យុវជន ឱ្យ​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ និង​ចូលរួម​ជួយ​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល