ពលរដ្ឋ​ក្រុង​ស្ទឹងត្រែង​ស្នើ​អាជ្ញាធរ​ពន្លឿន​ជម្លៀស​ជនជាតិ​វៀតណាម​ចេញ​ពី​មាត់​ទន្លេ

ដោយ ម៉ែន សុធីរ
2017-06-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផ្ទះ​របស់​ពលរដ្ឋ​វៀតណាម នៅ​លើ​ផ្ទៃ​ទឹក​ក្នុង​ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៧។
ផ្ទះ​របស់​ពលរដ្ឋ​វៀតណាម នៅ​លើ​ផ្ទៃ​ទឹក​ក្នុង​ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៧។
RFA/Men Sothyr

ពលរដ្ឋ​រស់នៅ​ខ្សែ​ទឹក​ខាង​ក្រោម​នៃ​ទន្លេ​មេគង្គ ក្រុង​ស្ទឹងត្រែង ខែត្រ​ស្ទឹងត្រែង នៅ​តែ​ខ្វល់ខ្វាយ​ពី​ការ​បំពុល​បរិស្ថាន​ដោយ​ជនជាតិ​វៀតណាម ដែល​បន្ទោបង់ និង​ចោល​កាក​សំណល់​រឹង​រាវ​ចូល​ទន្លេ បង្ក​ការ​ប៉ះពាល់​គុណភាព​ទឹក​ទន្លេ និង​សុខភាព​សាធារណៈ។ ពលរដ្ឋ​អំពាវនាវ​ជា​ថ្មី​ទៀត​ឲ្យ​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ជម្លៀស​ជនជាតិ​វៀតណាម ចេញ​ពី​មាត់​ទន្លេ​ឲ្យ​បាន​ឆាប់ ដើម្បី​ធានា​សុវត្ថិភាព​បរិស្ថាន​ទន្លេ។

ពលរដ្ឋ​រស់នៅ​ខ្សែ​ទឹក​ខាង​ក្រោម​នៃ​ទន្លេ​មេគង្គ ក្នុង​ក្រុង​ស្ទឹងត្រែង នៅ​តែ​រង់ចាំ​វិធានការ​របស់​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ដែល​មាន​ផែនការ​ជម្លៀស​ពលរដ្ឋ​វៀតណាម ចេញ​ពី​មាត់​ទន្លេ​ច្រើន​ឆ្នាំ​មក​ហើយ ក៏ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ នៅ​ពុំ​ឃើញ​មាន​ពន្លឺ​លទ្ធផល​នៅ​ឡើយ។

ពលរដ្ឋ​រស់នៅ​សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង លោក សៀន ហុន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ មិថុនា ថា ភាព​យឺតយ៉ាវ​នៃ​ការ​ជម្លៀស​ពលរដ្ឋ​វៀតណាម ចេញ​ពី​មាត់​ទន្លេ និង​លើ​ផ្ទៃ​ទឹក​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ កំពុង​ក្លាយ​ជា​ក្តី​បារម្ភ​យ៉ាង​ខ្លាំង ខណៈ​អ្នក​ភូមិ​ភាគច្រើន​មាន​ទម្លាប់​ប្រើប្រាស់​ទឹក​ទន្លេ ដូចជា​ដាំ​ស្ល បោកគក់ និង​ស្រោច​ដំណាំ ជាដើម។ លោក​ថា ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​ពន្យារ​ពេល​មិន​ជម្លៀស​ពលរដ្ឋ​វៀតណាម ផល​ប៉ះពាល់​នឹង​កាន់​តែ​ច្រើន ទាំង​បរិស្ថាន សង្គម និង​សុខភាព​ពលរដ្ឋ ខណៈ​ជនជាតិ​វៀតណាម ខ្លះ​បាន​ធ្វើ​អាជីវកម្ម​ឈើ​ប្រណិត​នៅ​មាត់​ទន្លេ ចោល​កាក​សំណល់​ចូល​ទន្លេ៖ «ចង់​ឲ្យ​ភូមិ​ឃុំ​ជម្លៀស​កុំ​ឲ្យ​នៅ​តាម​ដង​ទន្លេ វា​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​អ្នក​នៅ​ខាង​ក្រោម​ទាំងអស់​គ្នា​ហ្នឹង»

ជនជាតិ​វៀតណាម ម្នាក់​ក្នុង​ចំណោម​ជនជាតិ​វៀតណាម ច្រើន​ទៀត គឺ​លោក ឡេ យ៉ាំងឡឹង និយាយ​ថា លោក​បាន​មក​តាំង​ទីលំនៅ​ទីនេះ​ជិត ២០​ឆ្នាំ​ហើយ ដោយ​ប្រកប​របរ​នេសាទ​ត្រី។ លោក​ថា អាជ្ញាធរ​ក្រុង​ធ្លាប់​បង្គាប់​ឲ្យ​រុះរើ​ចេញ​ពី​ទីនេះ​ដែរ ក៏ប៉ុន្តែ​លោក​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​នៅ​តំបន់​ណា​មាន​ទឹក​ភ្លើង និង​ផ្តល់​ប្រាក់​ថ្លៃ​រុះរើ​ផង។ លោក​ថា គ្រួសារ​លោក​មាន​ទម្លាប់​វេច​ខ្ចប់​ទុក​ដាក់​សំរាម​ត្រឹមត្រូវ មិន​ដែល​បន្ទោបង់ និង​បោះ​ចោល​កាក​សំណល់​ចូល​ទន្លេ​នោះ​ទេ៖ «នេសាទ​ដាក់​មង បណ្ដែត​មង​អី​តាម​ទន្លេ និង​យើង​យក​របស់​ដូចជា​ផ្ទះ​សម្បែង​ទៅ​ពេល​ជម្លៀស»

មន្ត្រី​សង្គម​ស៊ីវិល​រក​ឃើញ​ថា ពលរដ្ឋ​រស់នៅ​តាម​មាត់​ទន្លេ និង​ផ្ទៃ​ទឹក​ក្នុង​ក្រុង​ស្ទឹងត្រែង ផ្ដើម​កើត​មាន​ជា​បន្តបន្ទាប់​អំឡុង​ឆ្នាំ​១៩៩០ ហើយ​រហូត​ដល់​ឆ្នាំ​២០១៧ អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ហាក់​ដូចជា​គ្មាន​វិធានការ​គ្រប់គ្រាន់​ចាត់ចែង​បញ្ហា​នេះ ជាពិសេស​គោល​នយោបាយ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​នៅ​ខ្វះ​ចន្លោះ​ច្រើន។

អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង បដិសេធ​មិន​អធិប្បាយ​ករណី​នេះ​ទេ នៅ​ថ្ងៃ​ទី​១៤ មិថុនា ដោយ​លោក​ជំរុញ​ឲ្យ​អាស៊ីសេរី សួរ​អាជ្ញាធរ​ក្រុង​ស្ទឹងត្រែង វិញ ព្រោះ​អាជ្ញាធរ​ខែត្រ​បាន​សម្រេច​ឲ្យ​អាជ្ញាធរ​ក្រុង​ចាត់ចែង​ដោះស្រាយ​រឿង​នេះ៖ «ទាក់ទង​ទៅ​ក្រុង​ចុះ គាត់​ដឹង​ហើយ​ការងារ​ទាំងអស់​ហ្នឹង គឺ​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រុង»

ចំណែក​អភិបាល​ក្រុង​ស្ទឹងត្រែង លោក ប៊ុន ណារី បញ្ជាក់​នៅ​ថ្ងៃ​ទី​១៤ មិថុនា ថា អាជ្ញាធរ​ក្រុង​កំពុង​រង់ចាំ​គោលការណ៍​ដោះស្រាយ​បញ្ហា​នេះ​ពី​អាជ្ញាធរ​ខែត្រ ខណៈ​យន្តការ​ដោះស្រាយ​រឿង​នេះ​ជាប់​ពាក់ព័ន្ធ​ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច ហើយ​ផែនការ​រៀបចំ​ដី​សម្បទាន​សង្គមកិច្ច​ទៀតសោត ក៏​ពុំ​ទាន់​បែងចែក​ច្បាស់លាស់​នៅ​ឡើយ​ទេ៖ «ហើយ​យើង​ដោះស្រាយ​ហ្នឹង គោលការណ៍​ហ្នឹង​ត្រូវ​ឲ្យ​គាត់​ប៉ុន្មាន​អី​ប៉ុន្មាន​អ៊ីចឹង? បាទ! វា​មិន​ទាន់​ច្បាស់ បាន​ខ្ញុំ​និយាយ​ថា​ពុំ​ទាន់​មាន​គោលការណ៍​ច្បាស់»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល មើល​ឃើញ​ថា ភាព​យឺតយ៉ាវ​នៃ​ការ​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​មាត់​ទន្លេ និង​លើ​ផ្ទៃ​ទឹក គឺ​ជា​សញ្ញា​បង្ហាញ​ថា ការ​ចាត់ចែង​គោល​នយោបាយ​សាធារណៈ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ មាន​លក្ខណៈ​មិន​ច្បាស់លាស់។ លោក​ពន្យល់​ថា ការ​យក​សម្បត្តិ​ធម្មជាតិ​បម្រើ​ប្រយោជន៍​ឯកជន ឬ​មនុស្ស​មួយ​ក្រុម​ដោយ​មិន​បាន​គិតគូរ​បរិស្ថាន និង​សង្គម វា​នឹង​បង្ក​ការ​ប៉ះពាល់​ដល់​មនុស្ស​រាប់​លាន​នាក់​ដែល​កំពុង​អាស្រ័យ​ផល​ទឹក​ទន្លេ៖ «គាត់​នៅ​តែ​ចោល​សំរាម​ផ្ដេសផ្ដាស​តាម​មាត់​ទន្លេ។ បើ​និយាយ​ពី​ទឹក​មាន​ភាព​ខ្វះ​ចន្លោះ​ច្រើន​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​សម្អាត​ក្រុង​ហ្នឹង»

របាយការណ៍​របស់​អង្គការ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO FORUM) រក​ឃើញ​ថា ប្រជាជន​កម្ពុជា ជាង ៩​លាន​នាក់​ដែល​រស់នៅ​តាម​ដង​ទន្លេ អាស្រ័យ​ផល​ទឹក​ទន្លេ​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ។

តួលេខ​របស់​អាជ្ញាធរ​ក្រុង​ស្ទឹងត្រែង ឆ្នាំ​២០១៧ បង្ហាញ​ថា មាន​ពលរដ្ឋ​រស់នៅ​តាម​ច្រាំង​ទន្លេ និង​លើ​ផ្ទៃ​ទឹក​ក្នុង​ក្រុង​ស្ទឹងត្រែង ចំនួន​ជាង ៣០០​គ្រួសារ ក្នុង​នោះ​មាន​ពលរដ្ឋ​ខ្មែរ​ជាង ៤០​ភាគរយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល