អ្នក​បរិស្ថាន​គាំទ្រ​រដ្ឋាភិបាល​ដែល​ងាក​ទៅ​ដោះស្រាយ​ទឹក​កខ្វក់​បង្ហូរ​ចូល​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ

ដោយ សន ចាន់រដ្ឋា
2019-08-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទឹក​កខ្វក់​ហូរ​ចេញ​ពី​សណ្ឋាគារ​ជាប់​ឆ្នេរ​អូរឈើទាល ក្នុង​ខេត្ត​ព្រះសីហនុ នៅ​ខែ​ធ្នូ ឆ្នាំ​២០១៨។
ទឹក​កខ្វក់​ហូរ​ចេញ​ពី​សណ្ឋាគារ​ជាប់​ឆ្នេរ​អូរឈើទាល ក្នុង​ខេត្ត​ព្រះសីហនុ នៅ​ខែ​ធ្នូ ឆ្នាំ​២០១៨។
Photo courtesy of CNRO

សកម្មជន​បរិស្ថាន​ស្វាគមន៍​គម្រោង​របស់​រដ្ឋាភិបាល ដែល​ងាក​ទៅ​ដោះស្រាយ​បញ្ហា​បង្ហូរទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ បន្ទាប់​ពី​សង្គម​ស៊ីវិល សកម្មជន​បរិស្ថាន និង​ពលរដ្ឋ​បាន​នាំគ្នា​រិះគន់​ជា​ហូរហែ​ថា ម្ចាស់​អាជីវកម្ម​ធំៗ ជាពិសេស​អគារ​អាជីវ​កម្ម ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​តែងតែ​បង្ហូរ​ទឹក​ស្អុយ និង​កាក​សំណល់ ចូល​ក្នុង​សមុទ្រ។

ស្ថាបនិក​អង្គការ​ចលនា​មាតា​ធម្មជាតិ​លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវីតសុន បាន​ថ្លែងប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ថា ការ​ងាក​ទៅ​ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ​នេះ គឺជា​រឿង​ល្អ​មួយ និង​បញ្ជាក់​ថា រដ្ឋាភិបាល​ទទួល​ស្គាល់​នូវ​បញ្ហា​ជាច្រើន​ដែល​កំពុងតែ​កើតមាន នៅ​ខេត្ត​ទេសចរណ៍​មួយ​នេះ​។ ទន្ទឹម​នឹង​ការ​ស្វាគមន៍​នេះ លោក អាឡិច ក៏បាន​លើក​ជា​ចម្ងល់​ថា តើ​ហេតុអ្វី​បានជា​រដ្ឋាភិបាល​បណ្ដោយ​ឱ្យ​បញ្ហា​ទឹក​កខ្វក់​ដែល​បណ្ដាល​មក​ពី​អាជីវកម្ម​ធំៗ​កើត​មាន ស្រប​ពេល​ដែល​រដ្ឋាភិបាល​មិន​ទាន់​មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់​សម្រាប់​កែច្នៃ​ទឹក​កខ្វក់​ទាំងនេះ៖ «មូលហេតុ​អ្វី​ដែល​នៅតែ​អនុញ្ញាត​ឱ្យ​មាន​ការ​សាងសង់​សណ្ឋាគារ កាស៊ីណូ អគារ​គ្រប់​ទីកន្លែង បើសិនជា​ទទួល​ស្គាល់​ថា មិន​ទាន់​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​គ្រប់គ្រង​កាកសំណល់ មួយទៀត​គឺ​ស្នើ​ឱ្យ​មានការ​សុំទោស​ជា​សាធារណៈ និង​ផ្អាក​រាល់​ការ​សាងសង់​ដរាបណា​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់​កាកសំណល់ មិនទាន់​សាងសង់​រួចរាល់»

លោក អាឡិច ចង់​ឃើញ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ឯក​រាជ្យ​មួយ ដើម្បី​ឃ្លាំមើល​នូវ​ចន្លោះប្រហោង​នៃ​ការអភិវឌ្ឍន៍ ដែល​កំពុង​កើត​មាននៅ​ខេត្ត​ព្រះសីហនុ​។

ការ​លើកឡើង​របស់​សកម្មជន​បរិស្ថាន​នេះ បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល នៅ​ថ្ងៃ​ទី២៣ ខែ​សីហា បាន​ថ្លែង​ថា ខេត្ត​ព្រះសីហនុ​ត្រូវការ​ស្ថានីយ​ចម្រោះ​ទឹក ៤​កន្លែង ទើប​អាច​ច្រោះ​ទឹក​កខ្វក់​បាន​ទាន់​ពេល​វេលា ស្រប​ពេល​ដែល​កំណើន​នៃ​អ្នក​វិនិយោគ​បាន​កើន​ឡើង​យ៉ាង​គំហុក ដែល​បញ្ហា​នេះ​បង្ក​ឱ្យ​ខេត្ត​ព្រះសីហនុ​ខ្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស​ប្រព័ន្ធ​ច្រោះ​ទឹក​កខ្វក់ មុន​ចូល​ទៅ​សមុទ្រ។

បញ្ហា​បង្ហូរទឹក​កខ្វក់​ចូល​សមុទ្រ​នេះ ក៏​ត្រូវ​បាន​សកម្មជន​បរិស្ថាន​នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ​រិះគន់​ថា បង្ក​ផល​ប៉ះពាល់​ខ្លាំង ដល់​សុខភាព​ពលរដ្ឋ និង​ភ្ញៀវ​ទេសចរ ដែល​ទៅ​កម្សាន្ត​នៅ​ខេត្ត​ទេសចរណ៍​មួយ​នេះ។

គម្រោង​បង្កើត​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់​នេះ រដ្ឋាភិបាល​ត្រូវ​ការ​ថវិកា​ប្រមាណ ១៧០​លាន​ដុល្លារ។

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បញ្ជាក់​ថា ក្រសួង​នឹង​ធ្វើ​ការសិក្សា​បន្ថែម​ទៀត​ទៅ​លើ​ផែនការមេ និង​គម្រោង​យក​ប្រាក់​ពី​ម្ចាស់​ផ្ទះសំណាក់ សណ្ឋាគារ និង​ពលរដ្ឋ ដែល​ប្រើប្រាស់​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ដើម្បី​យក​ទៅ​ជួសជុល សាងសង់ និង​ថែទាំ​អាង​ចម្រោះ​ទឹក​កខ្វក់។

សេចក្ដី​ព្រាង​នៃ​ផែនការមេ បង្ហាញ​ថា បរិមាណ​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ​នៅ​ឆ្នាំ ២០១៨ មាន​ជិត ២៦​ពាន់​ម៉ែត្រ​គួប​ក្នុង​មួយថ្ងៃ។ បរិមាណ​នេះ​នឹង​កើន​ឡើង​ដល់ ៤៧​ពាន់​ម៉ែត្រ​គួប​ក្នុង​មួយថ្ងៃ នៅ​ឆ្នាំ ២០២៣ និង​កើន​ដល់​ប្រមាណ ៦៤​ពាន់​ម៉ែត្រ​គួប​ក្នុង​មួយ​ថ្ងៃ នៅ​ឆ្នាំ​២០៣០។

ផែនការ​មេ​នេះ ក៏​បញ្ជាក់​ថា ខេត្ត​ព្រះសីហនុ​ត្រូវការ​ស្ថាន​នី​យ​ប្រព្រឹត្តិកម្ម ឬ​កែច្នៃ​ទឹក​កខ្វក់​ចំនួន ៤​កន្លែង ដែល​ប្រើប្រាស់​លូ​មេ​ប្រវែង ១៥៧​គីឡូម៉ែត្រ ដើម្បី​កុំ​ឱ្យ​ទឹក​កខ្វក់​ហូរ​ចូល​ទៅ​ក្នុង​សមុទ្រ។

ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី​មួយ នឹង​ត្រូវ​សាងសង់​នៅ​ក្នុង​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២១ គឺ​មាន​លទ្ធភាព​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ចំនួន បួន​ម៉ឺន​ម៉ែត្រ​គួប​ក្នុង​មួយថ្ងៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល