ព្រះសង្ឃ​និង​យុវជន​ស្ម័គ្រចិត្ត​នៃ​ចលនា​មាតា​ធម្មជាតិ​បង្ហោះ​វីដេអូ​បង្ហាញ​ពី​ទឹក​កខ្វក់​ហូរ​ចូល​ស្ទឹង​សង្កែ

ដោយ ជាតិ ចំណាន
2020-03-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ទឹង​សង្កែ មុខ​ផ្សារ​ណាត់ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ​ថ្ងៃសម​អុំទូក ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៥។
ស្ទឹង​សង្កែ មុខ​ផ្សារ​ណាត់ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ​ថ្ងៃសម​អុំទូក ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៥។
RFA

ព្រះសង្ឃ និង​យុវជន​ស្ម័គ្រចិត្ត​នៃ​ចលនា​មាតា​ធម្មជាតិ​បង្ហោះ​វីដេអូ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បង្ហាញ ពី​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ស្ទឹង​សង្កែ​ខេត្ត​បាត់ដំបង​ដោយ​មិន​បាន​ឆ្លងកាត់​ការ​ចម្រោះ។ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​អះអាង​ថា បញ្ហា​ទឹក​កខ្វក់​នេះ​នឹង​ត្រូវ​បាន​ដោះស្រាយ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ។

ភ្ជាប់​ជាមួយ​វីដេអូ​រយៈពេល​ជាង ២​នាទី ព្រះសង្ឃ​និង​យុវជន​ស្ម័គ្រចិត្ត​នៃ​ចលនា​មាតា​ធម្មជាតិ រៀបរាប់​ថា ទឹក​កខ្វក់​ដែល​បង្ហូរ​ចូល​ទឹកស្ទឹង​សង្កែ ខេត្ត​បាត់ដំបង​នោះ អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​ពលរដ្ឋ ដែល​ប្រើប្រាស់​ជាប្រចាំ៖ «យោង​ទៅ​តាម​វិទ្យាស្ថាន​ប៉ាស្ទ័រ​ដែល​យើង​បាន​យក​សំណាក់​ទឹក​ទាំងនេះ​ទៅ​ពិសោធន៍​ទទួល​បាន​លទ្ធផល​ថា មាន​ផ្ទុក​សារធាតុ​ដ៏​គ្រោះ​បំផុត ដែល​សារធាតុ​នេះ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ប្រជាជន​ដែល​បរិភោគ​ត្រី​ក្នុង​ស្ទឹង​សង្កែ បង្ក​ការ​គំរាមកំហែង​ដល់​អ្នកប្រើប្រាស់​ទឹកស្ទឹង​ជាប្រចាំ​ជា​រួម​អ្នក​ចូលចិត្ត​ហែល​ទឹក ជា​ពិសេស​កុមារ»

ព្រះតេជព្រះគុណ ពក សុខឺយ ឱ្យ​អាស៊ីសេរី​ដឹង​ថា តាម​ការស្រាវជ្រាវ ពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​ស្ទឹង​នេះ បាន​ប្រើ​ប្រាស់​ទឹកស្ទឹង ដើម្បី​លាងចាន​ឆ្នាំង និង​ស្រោចស្រព​បន្លែ ប៉ុន្តែ​ពលរដ្ឋ​មិន​បាន​ផឹកទឹក​នេះ​ទេ។ ព្រះតេជព្រះគុណ​មាន​ថេរ​ដីកា​បន្ត​ថា តាម​ស្រាវជ្រាវ របស់​ក្រុម​យុវជន និង​ព្រះសង្ឃ​សង្ស័យ​ថា ទឹក​កខ្វក់​នេះ​មាន​ប្រភព​ពី​សណ្ឋាគារ ផ្ទះសំណាក់ និង​មន្ទីរពេទ្យ ជាដើម៖ «វា​ជិត​នឹង​មន្ទីរពេទ្យ​ផង អ៊ីចឹង​យើង​អាច​ថា​ទំនង​ជា​ចេញពី​មន្ទីរពេទ្យ​ហ្នឹង ក៏ប៉ុន្តែ​យើង​មិនបាន​ចោទ​ពិត​ជា​ហូរ​ចេញ​មន្ទីរពេទ្យ នេះ​ជា​ការ​សង្ស័យ»

តាមរយៈ​វីដេអូ​នេះ​ដែរ យុវជន​នៃ​ចលនា​មាតា​ធម្មជាតិ ទាមទារ​ឱ្យ​អភិបាលខេត្ត​បាត់ដំបង លោក ងួន រតនៈ ចេញមុខ​ឆ្លើយ​បំភ្លឺ​ករណី​នេះ​៖ «តាមរយៈ​វីដេអូ​នេះ​ក្នុង​នាម​ពួក​ខ្ញុំ​ពលរដ្ឋ​ចង់​ប្រើ​សិទ្ធិ​របស់​ពួក​ខ្ញុំ​ដែល​ចែង​ក្នុង​រដ្ឋ​មាត្រា​៣៥ នៃ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ដើម្បី​សួរ​ទៅ​កាន់​លោក​អភិបាលខេត្ត នូវ​សំណួរ​ដ៏​សាមញ្ញ​ថា តើ​លោក​នឹង​ចាត់វិធានការ​អ្វីខ្លះ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ»

អាស៊ីសេរី​បាន​ទូរស័ព្ទ​សុំ​ការ​បំភ្លឺ​ទៅ​អភិបាល​ខេត្ត​បាត់ដំបង លោក ងួន រតនៈ នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ប៉ុន្តែ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​គ្មាន​អ្នក​ទទួល។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត ភក្ត្រា ឱ្យ​អាស៊ីសេរី​ដឹង​ថា ការគ្រប់គ្រង​ទឹក​កខ្វក់​ក្នុង​ក្រុង​បាត់ដំបង គឺ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កំពុង​ពិនិត្យ​លើ​របាយការណ៍ ពី​ផល​ប៉ះពាល់​ដល់​បរិស្ថាន ហើយ​គម្រោង​នេះ នឹង​ត្រូវ​អនុវត្ត​នា​ពេល​ដ៏​ខ្លី​ខាងមុខ​។ លោក​បញ្ជាក់​ថា គម្រោង​នោះ គឺជា​ការសាងសង់​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ហើយ​លោក​រំពឹង​ថា បញ្ហា​ទឹក​កខ្វក់​នឹង​ត្រូវ​បាន​ដោះស្រាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល