រដ្ឋាករ​ទឹក​ភ្នំពេញ​​អំពាវនាវ​ឱ្យ​ប្រើ​ទឹក​​​សំចៃ ខណៈ​អ្នក​ជាយ​ក្រុង​ប្រឈម​ខ្វះ​ទឹក​នៅ​រដូវ​ប្រាំង

ដោយ អាស៊ីសេរី
2020-03-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ជូន​ដំណឹងថា អ្នក​ដែល​​រស់​នៅ​ជាយ​​រាជធានី​ភ្នំពេញ អាចប្រឈម​កង្វះ​ទឹក​ស្អាត​ប្រើប្រាស់​ក្នុង​រដូវ​ប្រាំង​នេះ ដោយសារ​ តម្រូវ​ការ​ប្រើប្រាស់​ទឹក​ស្អាត​ សម្រាប់​រាជធានី​ភ្នំពេញ​ទាំង​មូល​ លើស​​ចំនួន​​ការ​​ផ្គត់ផ្គង់។

រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ឱ្យ​ដឹង​ក្នុង​សេចក្តី​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា បច្ចុប្បន្ន​ក្រុង​ភ្នំពេញ​មាន​រោងចក្រ​ផលិត​ទឹក​ស្អាត ​ចំនួន​៤​កន្លែង ផលិត​ទឹក​ស្អាត ​បាន​ជា​មធ្យម ​ប្រមាណ​​ប្រាំ​មួយ​​សែន ( ៦០០.០០០ម៣) ម៉ែត្រ​គីប ក្នុង​មួយ​ថ្ងៃ។ ឯ​តម្រូវ​ការ​ប្រើប្រាស់​ទឹក​ស្អាត​វិញ កើន​ឡើង​​ប្រមាណ​ ប្រាំពីរ​សែន​ (៧០០ ០០០ម៣) ម៉ែត្រ​គីប​ ក្នុង​មួយ​ថ្ងៃ ជា​ហេតុ​ធ្វើ​ឱ្យ​ខ្វះ​ទឹក​ស្អាត សម្រាប់​ចែក​ចាយ​ ពិសេស​គឺ​នៅ​តំបន់​ជាយ​ក្រុង​ភ្នំពេញ ក្នុង​ម៉ោង​ដែល​មាន​តម្រូវ​ការ​ទឹក​ប្រើ​ប្រាស់​ខ្លាំង។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អគ្គ​នាយក​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ លោក ស៊ីម ស៊ីថា បាន​ទេ នៅ​ថ្ងៃ​ទី​១២ មីនា។ ប៉ុន្តែ​ក្នុង​សេចក្ដីប្រកាស​បង្ហាញ​ថា ជា​ការ​ឆ្លើយ​តប​នឹង​បញ្ហា​កង្វះ​ទឹក​ស្អាត​ប្រើប្រាស់​នេះ រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ កំពុង​សាងសង់​រោងចក្រ​ផលិត​ទឹក​ស្អាត​មួយ​កន្លែង​​ថ្មី​ទៀត នៅ​សង្កាត់​បាក់ខែង ហើយ​រំពឹង​ថា រោងចក្រ​ថ្មី នឹង​​​អាច​ដំណើរ​ការ​ក្នុង​ឆ្នាំ​២០២៣ ហើយ​អាច​ផលិត​ទឹក​ស្អាត​បន្ថែម​ទៀត បាន​ជិត​បួន​សែន (៣៩០.០០០)​ម៉ែត្រ​គីប ក្នុង​​មួយ​ថ្ងៃ។

រី​ឯ​ដំណោះស្រាយ​ចំពោះ​បញ្ហា​កង្វះ​ទឹក​ស្អាត​​ប្រើប្រាស់​​ពេល​នេះ​ គឺរដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ អំពាវនាវ​ឱ្យ​ពលរដ្ឋ​រស់​នៅ​ក្នុង​រាជធានី​​ភ្នំពេញ និង​ទី​ក្រុង​តាខ្មៅ ជួយ​សន្សំ​សំចៃ​ទឹក​ស្អាត ក្នុង​ការ​ប្រើ​ប្រាស់ ដោយ​កុំ​ប្រើប្រាស់​ទឹក​ស្អាត បាញ់​​លាង​សម្អាត​ផ្ទះ កាត់​បន្ថយ​ការ​ស្រោចស្រព​សួន​ច្បារ និង​លាង​រថយន្ត ជាដើម ដើម្បី​​ទុក​ទឹក​ស្អាត ចែក​រំលែក​​ដល់​អតិថិជន​ នៅ​ជាយ​ក្រុង​ភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល