លោក អ៊ូច ឡេង ពាន​រង្វាន់​វីរជន​ការពារ​បរិស្ថាន​ពិភពលោក ឆ្នាំ២០១៦ ជា​នរណា?

ដោយ សេក បណ្ឌិត
2020-03-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក អ៊ូច ឡេង ដែល​ជា​ប្រធាន​ក្រុម​ការងារ​នៃ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា និង​ជា​ម្ចាស់​ពានរង្វាន់​វីរបុរស​ការពារ​បរិស្ថាន​ពិភពលោក (The Goldman Environmental Prize) ឆ្នាំ២០១៦ ពេល​តុលាការ​ខេត្ត​ក្រចេះ​ដោះលែង នៅ​ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ២០២០។
លោក អ៊ូច ឡេង ដែល​ជា​ប្រធាន​ក្រុម​ការងារ​នៃ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា និង​ជា​ម្ចាស់​ពានរង្វាន់​វីរបុរស​ការពារ​បរិស្ថាន​ពិភពលោក (The Goldman Environmental Prize) ឆ្នាំ២០១៦ ពេល​តុលាការ​ខេត្ត​ក្រចេះ​ដោះលែង នៅ​ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ២០២០។
រូប៖ សកម្មជន​បរិស្ថាន

ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សកម្ម​ជន​បរិស្ថាន​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង ចំពោះ​ចំណាត់​ការ​របស់​សន្តិសុខ​ក្រុមហ៊ុន និង​សមត្ថកិច្ច​ ដែល​ឃាត់​ខ្លួន​ក្រុម​របស់​លោក អ៊ូច ឡេង វីរជន​ការពារ​បរិស្ថាន​ពិភព​លោក។ ការ​ឃាត់​ខ្លួន​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា រដ្ឋាភិបាល​មិន​បាន​ឲ្យ​តម្លៃ​ទៅ​លើ​ពលរដ្ឋ​របស់​ខ្លួន ប៉ុន្តែ​ជន​បរទេស​បាន​ឲ្យ​តម្លៃ​ទៅ​លើ​ក្រុម​ការងារ​របស់​លោក អ៊ូច ឡេង រហូត​ផ្ដល់​ពាន​រង្វាន់​ជា​វីរជន​ការពារ​បរិស្ថាន​ពិភព​លោក នៅ​ឆ្នាំ២០១៦។

តើ​លោក អ៊ូច ឡេង មាន​ប្រវត្តិ​យ៉ាង​ណា និង​បាន​ធ្វើ​អ្វី​ខ្លះ​រហូត​ដល់​បាន​ទទួល​ពាន​រង្វាន់​វីរជន​ការពារ​បរិស្ថាន​ពិភព​លោក?

បុរស​ដែល​មាន​សម្បុរ​ខ្មៅ សក់​ក្រញាញ់ រាង​តូច​ល្អិត តែងតែ​ចេញ​មុខ​ការពារ​ព្រៃ​ឈើ​ជា​សម្បត្តិ​ធម្មជាតិ និង​ជា​កេរ្តិ៍​មរតក​ពី​ដូនតា​បន្សល់​ទុក​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​នោះ គឺ​លោក អ៊ូច ឡេង។ លោក​ជា​អ្នក​​និយាយ​ជា​សាធារណៈ​មិន​សំចៃ​មាត់ អំពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ដោយ​ឧកញ៉ា មន្ត្រី​មាន​អំណាច កង​កម្លាំង​ប្រដាប់​អាវុធ។

លោក អ៊ូច ឡេង ដែល​ជា​ប្រធាន​ក្រុមការងារ​នៃ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា ត្រូវ​បាន​ជ្រើស​រើស​ជា​ម្ចាស់​ពានរង្វាន់​វីរបុរស​ការពារ​បរិស្ថាន​ពិភពលោក ឆ្នាំ២០១៦ (The Goldman Environmental Prize) ដែល​ប្រគល់​ដោយ​មូលនិធិ​ពាន​រង្វាន់​មាស​នៃ​វីរជន​ការពារ​បរិស្ថាន​ពិភពលោក ឆ្នាំ២០១៦ នៅ​ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។ ប៉ុន្តែ លោក​ត្រូវ​បាន​កង​សន្តិសុខ​របស់​ក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech) ចាប់​ឃាត់​ខ្លួន ជាមួយ​និង​សកម្មជន​ការពារ​ព្រៃ​ឈើ ៣នាក់​ផ្សេង​ទៀត កាល​ពី​ព្រឹក​ថ្ងៃ​ទី១៣ ខែ​មីនា នៅ​ចំណុច​ដំបូក​ស ភូមិ​រមួល ឃុំ​បឹង​ចា ស្រុក​សំបូរ ខេត្ត​ក្រចេះ ខណៈ​លោក​ចុះ​ស៊ើប​អង្កេត​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់។

លោក អ៊ូច ឡេង និង​សហគមន៍​ព្រៃ​ឡង់ ៣នាក់ផ្សេងទៀត ត្រូវ​បាន​ព្រះរាជអាជ្ញា​រង អម​សាលា​ដំបូង​ខេត្ត​ក្រចេះ លោក ជា សុ័ភក្ត្រ បញ្ជូន​ខ្លួន​ពី​អធិការដ្ឋាន​នគរបាល​ស្រុក​សំបូរ ខេត្ត​ក្រចេះ មក​ធ្វើ​ការ​សាក​សួរ​បន្ថែម​ នៅ​សាលា​ដំបូង​ខេត្ត​ក្រចេះ តាម​ពាក្យ​បណ្ដឹង​របស់​ក្រុម​ហ៊ុន​ឯក​ជន​មួយ​ ដោយ​ពួក​គេ​ចោទ​ប្រកាន់​អ្នក​ទាំង​នោះ​ថា ចូល​ក្នុង​បរិវេណ​របស់​ក្រុម​ហ៊ុន​ដោយ​គ្មាន​ការ​អនុញ្ញាត។ សេចក្ដី​រាយការណ៍​នៅ​ក្នុង​ពេល​ចាប់​ឃាត់​ខ្លួន​ដោយ​បុគ្គលិក​ក្រុមហ៊ុន ស៊ីង បាយអូថិក (Think Biotech) បាន​សរសេរ​ថា លោក អ៊ូច ឡេង រួម​ទាំង​សមាជិក​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ខេត្ត​ក្រចេះ ៣នាក់​ទៀត បាន​រង​អំពើ​ហិង្សា​នៅ​ក្នុង​ក្រុមហ៊ុន​នោះ​ទៀត​ផង។

មុន​ពេល​ចុះ​ទៅ​ធ្វើ​ការ​ស៊ើប​អង្កេត​បទ​ល្មើស​ព្រៃ​ឈើ​មួយ​ថ្ងៃ លោក អ៊ូច ឡេង បាន​ឆ្លើយ​ឆ្លងជា​មួយ​អ្នក​យក​ព័ត៌មាន ប្រាប់​វិទ្យុ​អាស៊ី​សេរី តាម​បណ្ដាញ​សង្គម​អំពី​មូល​ហេតុ ដែល​លោក​ចុះ​ទៅ​ស្រាវ​ជ្រាវ​បទ​ល្មើស​ព្រៃ​នោះ​ថា ព្រៃ​ឈើ​មិន​មែន​ជា​របស់​លោក​តែ​ម្នាក់​ឯង​ទេ។ លោក​​ថា​ព្រៃ​ឈើ ក៏​ជា​សម្បត្តិ​ធម្មជាតិ​របស់​មនុស្ស​ទូទាំង​ពិភព​លោក​ផង​ដែរ។ ហេតុ​ដូច​នេះ​ហើយ បាន​ជា​រូប​លោក​ហ៊ាន​លះ​បង់​អាយុ​ជីវិត ដើម្បី​ការ​ពារ​ព្រៃ​ឈើ ដែល​ត្រូវ​បាន​កាប់​បំផ្លាញ ដោយ​ក្រុម​អ្នក​មាន​អំណាច ក្រុម​ឧកញ៉ា និង​មន្ត្រី​ជាន់​ខ្ពស់ ដោយ​មិន​មាន​នរណា​ជួយ​ទប់​ស្កាត់។

លោក​ អ៊ូច ឡេង បាន​ថ្លែង​ក្នុង​ពេល​កន្លង​មក​ថា​ ទឹក​ភ្នែក​របស់​សហគមន៍​រង​គ្រោះ ដែល​យំ​ស្រែក​ទាមទារ តវ៉ា ដោយសារ​បាត់​បង់​ដីធ្លី បាត់​បង់​ព្រៃ​ឈើ​ បាត់​បង់​មុខ​របរ និង​ធនធាន​ធម្មជាតិ​ដទៃ​ទៀត ដោយសារ​តែ​អំពើ​ពុក​រលួយ​នោះ បាន​ជំរុញ​ឲ្យ​រូប​លោក​ស្ម័គ្រ​ចិត្ត​ការពារ​ព្រៃ​ឈើ ដោយ​លះ​បង់​នូវ​កម្លាំង​កាយ​ចិត្ត ថវិកា ព្រម​ទាំង​អាយុជីវិត ដើម្បី​ស៊ើប​អង្កេត ប្រមូល​ភស្តុតាង​អំពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​អាជីវកម្ម​ព្រៃ​ឈើ​នៅ​កម្ពុជា។

 

កុមារា អ៊ូច ឡេង៖

ប្រសូត​ចេញ​ពី​គ្រួសារ​ក្រីក្រ ក្នុង​ខេត្ត​តា​កែវ នៅក្នុងឆ្នាំ១៩៨០​ គឺ​បន្ទាប់​ពី​របប​ខ្មែរ​ក្រហម​​ដួល រលំ​បាន​មួយ​ឆ្នាំ​នោះ ​លោក និង​គ្រួសារ បាន​ធ្វើ​ដំណើរ​មក​កាន់​ទីក្រុង​ភ្នំពេញ។ នៅ​ក្រុង​ភ្នំពេញ​ឪពុក​របស់​លោក​ ធ្វើ​ការ​ជា​អ្នក​រត់​រ៉ឺម៉ក និង​ម្ដាយ​ដើរ​សុំ​ទាន​គេ ដើម្បី​ចិញ្ចឹម​ជីវិត​គ្រួសារ។

កុមារា ឡេង រស់នៅ​ក្នុង​គ្រួសារដែល​មាន​បង​ប្អូន​ចំនួន ៦នាក់ ដោយ​ក្នុង​នោះ​មាន​ប្រុស ៣នាក់ ស្រី ៣នាក់។ ក្នុង​ជីវិត​កុមារ​ភាព កុមារា ឡេង បាន​រៀន​នៅ​សាលា​សាមគ្គី​ ដោយ​ជួយ​ធ្វើ​​កិច្ចការ​គ្រូ​នៅ​ក្នុង​ថ្នាក់​ ដើម្បី​ដោះ​ដូរ​ជាមួយ​នឹង​ការ​សិក្សា​របស់​គាត់ ហើយ​​បើ​ទោះ​ជា​ការ​តស៊ូ​រៀន ត្រូវ​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ កុមារា​រូប​នោះ​បាន​បញ្ចប់​ថ្នាក់​វិទ្យាល័យ នា​ឆ្នាំ១៩៩០ និង​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ច្បាប់ នា​ឆ្នាំ១៩៩៧។ លោក អ៊ូច ឡេង បាន​រៀប​អាពាហ៍ពិពាហ៍ នា​ឆ្នាំ១៩៩៩ ដែល​មាន​កូន ៣នាក់​ក្នុង​បន្ទុក​គ្រួសារ។

លោក​ អ៊ូច ឡេង ធ្លាប់​បម្រើ​ការងារ​នៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ពី​ឆ្នាំ១៩៩៦ ដល់​ឆ្នាំ២០០៥ និង​ធ្លាប់​ធ្វើការ​នៅ​អង្គការ​សិទ្ធិមនុស្ស​អាហុក​ (Adhoc) ពី​ឆ្នាំ២០០៥ ដល់​ឆ្នាំ២០១១។ បន្ទាប់​មក លោក​បម្រើ​ការ​ឲ្យ​អង្គការ​ម្ចាស់​ជំនួយ USAID បាន​រយៈ​ពេល ១ឆ្នាំ ក៏​ចាក​ចេញ​មក​ប្រឡូក​ក្នុង​ការងារ​ការពារ​ព្រៃ​ឈើ​រហូត​មក។

ការ​ប្រឈម​ក្នុង​ការងារ​ការពារ​ព្រៃ​ឈើដែល​លោក​​ស្រឡាញ់​ និង​បាន​ឃើញ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​ចំហ មិន​មាន​នរណា​ទប់​ស្កាត់​នៅ​ចំពោះ​មុខលោក ទើប​បណ្ដាល​ឲ្យ​លោក​សុខ​ចិត្ត​លះ​បង់​អាយុ​ជីវិត ចេញ​មុខ​ដឹក​នាំ​សហគមន៍​ការពារ​ព្រៃ​ឈើ។

លោក​ក៏​បាន​ដឹង​ខ្លួន​ឯង​យ៉ាង​ច្បាស់​ថា លោក​មិន​អាច​មាន​អាយុ​ជីវិត​រស់​នៅ​លើ​លោក​នេះ​បាន​យូរ​នោះ​ទេ ពី​ព្រោះ​អ្នក​ចេញ​មុខ​ការពារ​ព្រៃឈើ និង​ការពារ​បរិស្ថាន​នៅ​កម្ពុជា តែងតែ​ទទួល​រង​ការ​បាញ់​សម្លាប់ ចាប់​ចង ​គំរាម​កំហែង​អាយុ​ជីវិត ​ដោយ​មិន​អាច​ចៀស​ផុត។ បញ្ហា​នេះ ក៏​ដោយ​សារ​ក្រុមហ៊ុន​រក​ស៊ី​ឈើ មាន​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់ ឧកញ៉ា និង​​កង​កម្លាំង​ប្រដាប់​អាវុធ​ចាំ​ជួយ​ការពារ​ថែម។

លោក​ អ៊ូច ឡេង ​បាន​ឲ្យ​ដឹង​នា​ពេល​កន្លង​មក​ថា ទោះ​បី​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​យ៉ាង​ណា​ក៏​ដោយ ក៏​លោក​ខិតខំ​តស៊ូ ដើម្បី​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ ស៊ើប​អង្កេត ប្រមូល​ភស្តុតាង អំពី​វិនាសកម្ម​ព្រៃ​ឈើ ដើម្បី​បង្ហាញ​របាយការណ៍​អំពី​ភាព​ពិត​នៃ​អំពើ​ពុក​រលួយ និង​អាជីវកម្ម​ឈើ​ល្មើស​ច្បាប់ នៅ​ក្នុង​ប្រទេស​កម្ពុជា ឲ្យ​ពិភព​លោក និង​ជន​រួម​ជាតិ​ទាំង​ក្នុង ទាំង​ក្រៅ​ប្រទេស ដែល​ជា​ម្ចាស់​ធនធាន​ធម្ម​ជាតិ​ទាំង​អស់​បាន​ដឹង ដើម្បី​ក្រោក​ឈរ​ឡើង ជួយ​ទប់​ស្កាត់ និង​ការពារ​ព្រៃ​ឈើ​ដែល​នៅ​សេសសល់​បន្តិចបន្តួច សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។

ទាក់ទង​នឹង​ការពារ​ព្រៃ​ឈើ​នេះ​កន្លង​មក សកម្មជន​ការពារ​បរិស្ថាន​ដ៏​ល្បី លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ត្រូវ​បាន​គេ​បាញ់​សម្លាប់ នៅ​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ២០១២ នៅ​ត្រង់​ចំណុច​វាល​បី ឃុំ​ប៉ាក់ខ្លង ស្រុក​មណ្ឌល​សីម៉ា ខេត្ត​កោះ​កុង ខណៈ​លោក​ចុះ​ស៊ើបអង្កេត​បទល្មើស​ព្រៃ​នៅ​ទី​នោះ។

ការ​បារម្ភ​របស់​គ្រួសារ និង​ការងារ​ប្ដី ដែល​ប្រឈម​នឹង​គ្រោះថ្នាក់ ដើម្បី​ព្រៃ​ឈើ ភរិយា​របស់​លោក អ៊ូច ឡេង គឺ​អ្នកស្រី ចាន់ វន ឲ្យ​ដឹង​ថា ប្ដី​របស់​អ្នក​ស្រី ដែល​មាន​របួស​ជើង​ស្រាប់ផងនោះ​នៅ​ពេល​ដែល​ចុះ​ទៅ​អង្កេត​បទ​ល្មើស​ព្រៃ​ឈើ​ម្តងៗ គឺ​លោក​ពុំ​ដែល​ប្រាប់​អ្នកស្រី​ឲ្យ​បាន​ដឹង​អំពី​ដំណឹង​របស់​គាត់​ច្បាស់លាស់​ទេ។ អ្នកស្រី​តែងតែ​ដេក​​បន់ស្រន់​ឲ្យ​ប្ដី​អ្នកស្រី​បាន​សុខ​សប្បាយ​ក្នុង​ការងារ​របស់​គាត់ ពី​ព្រោះ​អ្នកស្រី​បាន​ដឹង​ច្បាស់​ថា ការងារ​របស់​ប្ដី​អ្នកស្រី​ប្រឈម​មុខ​ខ្លាំង ដោយ​សារ​តែ​គាត់​ធ្វើ​រឿង​ដែល​គេ​មិន​ចង់​ឲ្យ​សាធារណជន​ដឹង និង​ប្រឈម​ជាមួយ​អ្នក​មាន​អំណាច​នឹង​មាន​លុយ៖ «គាត់​អត់​មាន​បាន​និយាយ​អី​ផង។ គាត់​ទៅ​ធ្វើ​ការៗ គាត់​អត់​មាន​និយាយ​អី​ផង។ ប្រាប់ ប្រាប់​ថា បង​ខែ​ហ្នឹង​កុំ​អាល​ទៅ​អី ព្រោះ​ទើប​ដក​ដែក​ជើង​ចេញ​អ៊ីចឹង​ណ៎ា... នៅ​ឲ្យ​បាន​ជា​ជើង​សិន​ចាំ​ទៅ។ ចាស គាត់​ទើប​ដក​ដែក​ជើង​ចេញ​បាន​ជាង​មួយ​អាទិត្យ​ហ្នឹង ហើយ​ខ្ញុំ​ថា​កុំ​អាល​ទៅ​អី​ចាំ​ជា​ជើង​សិន​ចាំ​ទៅ។ ហើយ​ណា​មួយ​គាត់​ទើប​តែ​ដក​ដែក​ពី​ជើង​អ៊ីចឹង គាត់​លេប​ថ្នាំ​ផ្សះ​ច្រើន គាត់​ល្មមៗ គាត់​អាឡែកហ៊្សី ចេញ​ហើម​ដៃ ហើម​ជើង ហើម​មុខ​អ៊ីចឹង។ អ៊ីចឹង​ពេល​គាត់​ទៅ ខល​ប្រាប់​ខ្ញុំ​ថា គាត់​ហើម ចេញ​រមាស់ យក​ថ្នាំ​ទៅ​ឲ្យ​លេប»

មូលហេតុ​នៃ​ការ​ចាប់​ឃាត់​ខ្លួន៖

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក សឹង សែនករុណា ថ្លែង​ថា លោក អ៊ូច ឡេង និង​សកម្មជន​ការពារ​ព្រៃ​ឈើ​ខាង​លើ​នេះ ចង់​ធ្វើ​ការ​ស្វែង​រក​បទ​ល្មើស​ព្រៃ​ឈើ​តែ​ប៉ុណ្ណោះ។ នៅ​ក្នុង​ពេល​ចាប់​ខ្លួន​នោះ លោក អ៊ូច ឡេង មិន​បាន​នៅ​ក្នុង​បរិវេណ​ក្រុមហ៊ុន​ខាង​លើ​នេះ​ទេ គឺ​គាត់​​ស្ថិត​នៅ​ក្នុង​ផ្ទះ​ប្រជាពលរដ្ឋ៖ «យើង​ដឹង​ថា ពួក​គាត់​ដែល​ទៅ​ទីតាំង​តំបន់​ហ្នឹង គឺ​ទៅ​គោល​បំណង​របស់​ពួក​គាត់​គឺ​ប្រមូល​ព័ត៌មាន​ពាក់ព័ន្ធ​ទៅ​នឹង​បទ​ល្មើស​ការ​បំផ្លិចបំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​តំបន់​ហ្នឹង។ ហើយ​អ្នក​ណាៗ ក៏​គេ​ដឹង​ថា អ៊ូច ឡេង និង​សកម្មជន​ស្រឡាញ់​បរិស្ថាន​ការពារ​ព្រៃ​ប្រទេស​កម្ពុជា​យើង​ហ្នឹង គឺ​ជា​អ្នក ដែល​គាត់​​បាន​លះបង់​នៅ​ពេល​វេលា និង​ការ​ស្ម័គ្រ​ចិត្ត​របស់​ពួក​គាត់​ទៅ​ធ្វើ​កិច្ច​ការងារ​ហ្នឹង ដោយ​មាន​ភាព​ប្រថុយ​ប្រ​ថាន​​និង​ប្រឈម​នា​ពេល​កន្លង​មក​ហ្នឹង ហើយ​អ៊ីចឹង​រហូត​ទៅ​ដល់​លោក អ៊ូច ឡេង ទទួល​នូវ​ពាន​រង្វាន់ ដែល​ពិភពលោក​ទទួល​ស្គាល់​ថា គាត់​គឺ​ជា​មនុស្ស​ដែល​មាន​ការ​លះបង់​ខ្ពស់​ហើយ​ទទួល​បាន​នូវ​ពាន់​រង្វាន់​ដែល​មាន​ការ​ស្ងើច​សរសើរ​ចំពោះ​ការ​ខិតខំប្រឹង​ប្រែង​របស់​គាត់​ចំពោះ​ការ​ការពារ​ធនធានធម្មជាតិ​របស់​កម្ពុជា»

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ បន្ថែម​ថា ចំពោះ​មនុស្ស​ដែល​មាន​ទឹក​ចិត្ត​ស្រឡាញ់​នូវ​ធនធាន​ធម្មជាតិ​របស់​ប្រទេស​ជាតិ​ ហើយ​ហ៊ាន​លះ​បង់​ដើម្បី​ការពារ​បុព្វហេតុ​នោះ​ទៀត​ផង​នោះ បែរ​ជា​រដ្ឋាភិបាល​នៃ​ប្រទេស​ខ្លួន ចាត់​ការ​​បែប​នេះ​ទៅ​វិញ។ លោក​ទទូច​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ត្រូវ​រក​យុត្តិធម៌​ឱ្យ​ក្រុម​របស់​លោក អ៊ូច ឡេង ហើយ​ចាត់​វិធានការ​ទៅ​លើ​ជន​ដែល​កំពុង​បំផ្លិច​បំផ្លាញ​នូវ​ព្រៃ​ឈើ ដែល​ពួក​គាត់​បាន​ចុះ​ស៊ើប​អង្កេត៖ «យើង​មាន​ការ​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ក្នុង​ការ​ធ្វើ​ចំណាត់​ការ​ទៅ​លើ​ក្រុម​របស់​លោក អ៊ូច ឡេង ជា​ពិសេស យើង​ឃើញ​ថា សន្តិសុខ​រឺ ក្រុម​កម្មករ​របស់​ក្រុម​ហ៊ុន​ដែល​ប្រើ​ហិង្សាមក​លើ​ពួកគាត់ ​មិន​ត្រូវ​បាន​មាន​ការ​ចាត់​វិធានការណ៍ ពី​មន្ត្រី​មាន​សមត្ថកិច្ច​ឡើយ ដោយ​យក​ហេតុផល​ថា អ្នក​ទាំង​អស់​ហ្នឹង បាន​រត់​គេច​ខ្លួន​ អញ្ចឹង​សម្ដែង​ឲ្យ​ឃើញ​ថា​សមត្ថភាព នៃ​សមត្ថកិច្ច​ដែល​ធ្វើ​ការ​ចាប់​ខ្លួន​ វិធានការ​ណ៍​ហ្នឹង​ហាក់​មាន​ភាព​លំអៀង ទៅ​ខាង​ក្រុម​ហ៊ុន ដោយសារ​តែ​មិន​បាន​ចាត់​វិធានការ​ណ៍​ឲ្យ​បាន​ស្មើ​ភាព​គ្នា​ក្នុង​ការ​ រឿង​ទាំង​អស់​ហ្នឹង​ទេ ហើយ​យើង​យល់​ថា ក្នុង​ការ​បំពេញ​ការងារ​ក្រុម​របស់​លោក អ៊ូច ឡេង គឺ​បាន​ធ្វើ​កិច្ច​ការ​ងារ​ទៅ​តាម​អ្វី​ដែល​ជា​វិជ្ជាជីវៈ​របស់​ពួក​គាត់ ដើម្បី​បក​អាក្រាត​នូវ​បទ​ល្មើស​ព្រៃ​ឈើ​ដែល​កំពុង​រង​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​តំបន់​ហ្នឹង ហើយ​អ្វី​ដែល​គួរ​ខាង​អាជ្ញាធរ​មាន​សមត្ថកិច្ច​គួរ​តែ​មាន​កិច្ច​សហប្រតិបត្តិការ»

សកម្មជន​ការពារ​បរិស្ថាន​ដែល​ធ្វើ​ការ​ស្និទ្ធ​នឹង​លោក អ៊ូច ឡេង គឺ​លោក ហេង ស្រស់ ថ្លែង​ថា លោក អ៊ូច ឡេង មិន​បាន​គិត​ពី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ទាល់​តែ​សោះ។ គាត់​គិត​តែ​ពី​ការពារ​ធនធាន​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​នៅ​គង់វង្ស ហើយ​ចំពោះ​ការ​ចាប់​ខ្លួន​នេះ​ទៀត​សោត វា​មិន​មែន​ជា​រឿង​អី​ដល់​ថ្នាក់​បញ្ជូន​ទៅ​ដល់​តុលាការ​ទេ៖ «ក្នុង​នាម​យើង​ជា​សកម្មជន យើង​អំពាវ​ឲ្យ​គាត់ ដែល​តុលាការ​ធ្វើ​ការ​ដោះ​លែង ព្រោះ​ពួក​គាត់​ធ្វើ​ការ គឺ​សុទ្ធតែ​ការពារ​ផល​ប្រយោជន៍​សម្បត្តិ​ជាតិ​ទាំង​អស់ មិន​ដែល​គិត​ថា ការពារ​ហើយ​យក​មក​ប្រើប្រាស់​ផ្ទាល់​ខ្លួន»

លោក ហេង ស្រស់ លើក​ឡើង​ថា ក្នុង​នាម​លោក​ជា​សកម្មជន និង​ជា​យុវជន​ជំនាន់​ក្រោយ លោក​គិត​ថា អ្វី​ដែល​លោក អ៊ូច ឡេង បាន​ធ្វើ​នោះ​គឺ​ល្អ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​លោក​ចូល​ខ្លួន​ចូល​រួម​មក​ធ្វើ​ការពារ​ព្រៃ​ឈើ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល