ពលរដ្ឋ​នៅ​បាត់ដំបង​បារម្ភ​ពី​អ្នកលក់​សត្វព្រៃ​បន្ត​កើតមាន​ដោយសារ​អាជ្ញាធរ​ពុករលួយ

ដោយ ថន ថារ៉ូ
2018-10-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សត្វ​ព្រៃ​ត្រូវ​បាន​គេ​ដាក់​លក់​នៅ​ក្នុង​ផ្សារ​ខែត្រ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៦។
សត្វ​ព្រៃ​ត្រូវ​បាន​គេ​ដាក់​លក់​នៅ​ក្នុង​ផ្សារ​ខែត្រ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៦។
Photo: RFA

ប្រជាពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង​អះអាង​ថា អាជីវកម្ម​លក់​សត្វព្រៃ​នៅ​តាម​ជាតិ​លេខ​៥ នៅ​ស្រុក​សង្កែ​បន្ត​កើតមាន​ជាថ្មី ដោយសារ​អាជ្ញាធរ​ប្រព្រឹត្ត​អំពើពុករលួយ ដើម្បី​ជា​ថ្នូរ​បើ​ដៃ​ឲ្យ​ពលរដ្ឋ​ទាក់​សត្វព្រៃ​យក​ទៅ​លក់​ឲ្យ​ឈ្មួញ។ អ្នកភូមិ​ព្រួយបារម្ភ​ថា អាជីវកម្ម​នេះ​នឹង​ធ្វើ​ឲ្យ​ហិនហោច​សត្វ​កម្រ​នៅ​ក្នុង​ព្រៃ​ក្នុង​ពេល​ឆាប់ៗ ប្រសិនបើ​អាជ្ញាធរ​នៅតែ​មិន​នាំគ្នា​ទប់ស្កាត់​ឲ្យ​បាន​តឹងរ៉ឹង​នោះ​ទេ។

ពលរដ្ឋ​នៅ​ឃុំ​អន្លង់​វិល​ស្រុក​សង្កែ​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៧​តុលា​ថា ក្រុម​អ្នក​រកស៊ី​លក់​សត្វព្រៃ​ប្រភេទ​សត្វ​ស្លាប​ដ៏​កម្រ ដូចជា​កុក មាន់ទឹក ស្រកៀខ្យង និង​សត្វ​ទុង​ជាដើម ត្រូវ​បាន​ឈ្មួញ​ដាក់​លក់​យ៉ាង​ព្រោងព្រាត​នៅ​តាម​ដង​ផ្លូវ​ជាត់​លេខ​៥ ក្នុងភូមិ​ទួល​ចារ​នៃ​ឃុំ​អន្លង់វិល ដោយ​គ្មាន​អាជ្ញាធរ​បង្ក្រាប​ណា​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ។

ពលរដ្ឋ​នៅ​ស្រុក​សង្កែ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​អះអាង​ទៀត​ថា សមត្ថកិច្ច​នៅ​មូលដ្ឋាន​មិន​អាច​បង្ក្រាប​ក្រុម​អ្នកលក់​សត្វព្រៃ​នេះ​បានទេ ព្រោះ​បាន​យក​លុយ​ពី​ក្រុម​ព្រាន​ដើម្បី​ជា​ថ្នូរ​បាន​ទាក់​សត្វ​នៅ​តាម​ព្រៃ​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​ជាប្រចាំ៖ «ខ្ញុំ​គិត​ថា តិច​ទៀត​អស់​សត្វព្រៃ​នោះ ហើយ​បញ្ហា​នេះ​ខ្ញុំ​មិន​បន្ទោស​អ្នកលក់​ទេ ខ្ញុំ​បន្ទោស​អ្នក​ចាប់​សត្វ។ ចំណែក​អាជ្ញាធរ​មិន​បង្ក្រាប​មិន​ជាប់​ទេ តាម​ដែល​ខ្ញុំ​ក្ដាប់​បាន ព្រោះ​បាន​យក​លុយ​ពី​គេ ទៅតាម​ការដែល​ចាប់​សត្វ​បាន​តិច ឬ​ច្រើន ដូចជា​ឲ្យ​៥​ម៉ឺន​រៀល​និង​៣​ម៉ឺន​រៀល​ក្នុង​យប់​មួយ​ជាដើម​។​ហើយ​អ្នកលក់​វិញ​គេ​លក់​ចាប់ពី​ម៉ោង​៧​ព្រឹក​រហូត​១២​យប់​ទើប​គេ​ឈប់​លក់»

អធិការ​នគរបាល​ស្រុក​សង្កែ​មិន​ទាន់​មាន​ប្រតិកម្ម​ជុំវិញ​ការចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​នៅឡើយ​ទេ ដោយ​លោក​ទទួល​ទូរស័ព្ទ​ហើយ​បាន​ចុច​ផ្ដាច់​ទៅវិញ។

ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​​១៨ តុលា អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ លោក ស៊ុន សុវណ្ណ បាន​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ រួមមាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បាត់ដំបង មន្ត្រី​រដ្ឋបាល​ស្រុក និង​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​សង្កែ ចុះ​ធ្វើការ​បង្ក្រាប​ការ​ធ្វើ​អាជីវកម្ម​សត្វ​ស្លាប​ដ៏​កម្រ​ដែល​បាន​ដាក់​លក់​នៅ​ភូមិ​ទួល​ចារ ឃុំ​អន្លង់​វិល​នោះ។ ការ​បង្ក្រាប​នេះ​ឃាត់ខ្លួន​អ្នក​ធ្វើ​អាជីវកម្ម​សត្វ​ស្លាប​បាន ៧​នាក់​ហើយ​ដកហូត​សត្វ​ស្លាប​ប្រភេទ​សត្វ​ដ៏​កម្រ​នេះ​បាន​ចំនួន ១០​ប្រភេទ​ដែល​បាន​សម្លាប់​ហើយ​បោច​រោម​រួចជាស្រេច សរុប​ជិត​៧០០​ក្បាល។

ប៉ុន្តែ ប្រជាពលរដ្ឋ​នៅ​ក្បែរ​តំបន់​លក់​សត្វព្រៃ​នោះ​លើកឡើង​ថា ការ​បង្ក្រាប​នេះ​គ្រាន់តែ​ធ្វើ​ឲ្យ​ល្អមើល ដើម្បី​កាត់បន្ថយ​ពី​ការរិះគន់​របស់​ពលរដ្ឋ​នៅ​តំបន់​នោះ​តែប៉ុណ្ណោះ ព្រោះ​ក្រោយ​ពី​ការ​បង្ក្រាប​អ្នក​ធ្វើ​អាជីវកម្ម​របរ​នេះ​ប្រហែល ១៥​តូប​នៅតែ​លួច​ដាក់​លក់​សត្វព្រៃ​ដដែល ដោយ​គ្រាន់​ប្ដូរ​ពី​ការ​ដាក់​តាំង​ដោយ​ចំហ មក​ដាក់​នៅ​ទី​កំបាំង​វិញ​ម្ដង ហើយ​នៅ​ពេល​មាន​ភ្ញៀវ​សួររក​សត្វព្រៃ​ទើប​អ្នកលក់​បញ្ចេញ​សត្វ​យក​មក​ខាងក្រៅ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (adhoc) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី លើកឡើង​ថា ការ​ជួញដូរ​សត្វព្រៃ​គឺជា​អំពើ​ខុសច្បាប់ ហើយ​អ្នក​ដែល​ធ្វើ​អាជីវកម្ម​របរ​នេះ​បាន​ដោយ​សារ​ការអនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​ធូររលុង ដែល​អាច​កើត​ចេញ​ពី​ការប្រព្រឹត្ត​អំពើពុករលួយ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ ឬ​ដោយសារ​សមត្ថកិច្ច​មិន​ខ្វល់ខ្វាយ​ចំពោះ​ការ​វិនាស​ហិនហោច​សត្វ​ព្រៃ ព្រោះ​បញ្ហា​នេះ​បាន​កើត​ឡើងជា​ច្រើន​ឆ្នាំ​ហើយ នៅ​តែ​មាន​អ្នក​ប្រកប​របរ​នេះ​ដដែល ហើយ​មិនតែប៉ុណ្ណោះ ថែមទាំង​មាន​ការ​លក់​សត្វព្រៃ​នៅ​តាម​ភោជនីយដ្ឋាន​ធំៗ​មួយ​ចំនួន​ក្នុង​ខេត្ត​បាត់ដំបង​ទៀត​ផង៖ «ខ្ញុំ​គិត​ថា​ការអនុវត្ត​ច្បាប់ យើង​មើល​ច្បាប់​យើង​ល្អ​ណាស់ ក៏ប៉ុន្តែ​ភាព​ចន្លោះ​ច្រើន​ជាងគេ​គឺ​ការអនុវត្ត​នេះឯង ដោយសារតែ​មិន​មាន​យន្តការ​ត្រួតពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់ ហើយ​មាន​វិធានការ​ទៅលើ​មន្ត្រី​អនុវត្ត​ច្បាប់ ព្រោះ​កន្លងមក​ច្រើនតែ​យោគយល់​ថា​មន្ត្រី​អនុវត្ត​ច្បាប់​គាត់​ធ្វើការ​ហត់​ហើយ​គាត់​លំបាក​ណាស់ ដូច្នេះ​បើ​គាត់​មាន​កំហុស​អី​មិន​មាន​អ្នកណា​ហ៊ាន​ធ្វើ​អ្វី​ទៅលើ​គាត់​ទេ នេះ​ជា​ចំណុចខ្សោយ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បញ្ជាក់​ថា ដើម្បី​កែប្រែ​ចំណុចខ្សោយ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព លុះត្រាតែ​មន្ត្រី​រដ្ឋអំណាច​ត្រូវ​ត្រួតពិនិត្យ​ទៅលើ​ការអនុវត្ត​ច្បាប់​របស់​មន្ត្រី​ថ្នាក់​ក្រោម ដោយ​យក​យោបល់​ការ​ត្អូញត្អែរ​របស់​ប្រជាពលរដ្ឋ​ធ្វើជា​ចំណុច​សំខាន់​ក្នុង​ការ​ដោះស្រាយ ហើយ​កែប្រែ​ចំណុច​ខ្វះខាត​នោះ​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ទំនុក​ចិត្ត​ឡើងវិញ ដើម្បី​កុំ​ឲ្យ​ពួកគាត់​ចោទ​សមត្ថកិច្ច​ថា​ការអនុវត្ត​ច្បាប់​គ្មាន​ប្រសិទ្ធភាព​ដោយសារ​ការប្រព្រឹត្ត​អំពើពុករលួយ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​អស់​ជំនឿ ដោយសារតែ​ពួកគាត់​គិត​ថា​នៅ​ពេល​ធ្វើ​ខុសច្បាប់​គឺ​បង់លុយ​ទៅ​រួច​ខ្លួន ដែល​ការ​ធ្វើ​ដូច្នេះ​នឹង​ធ្វើ​ឲ្យ​ការ​គោរព​ច្បាប់​ទៅ​ថ្ងៃ​អនាគត​ធ្លាក់​ដល់​កម្រិត​សូន្យ​ជា​ពុំ​ខាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល