ក្រុម​និស្សិត និង​ព្រះសង្ឃ​ចោទ​ប្រធាន​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា​ថា បើក​រថយន្ត​បម្រុង​បុក​ពួក​គាត់

ដោយ អាស៊ីសេរី
2020-05-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រថយន្ត​នាយ​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា លោក យ៉ាន់ ប៊ុនសឿន ពីរ​បាំង​កន្លះ ដែល​ក្រុម​យុវជន​ចោទ​ថា បម្រុង​បុក​គំរាម​ពួក​គេ ដែល​បម្រុង​ចូល​ព្រៃ​ព្រះ​រកា កាល​ពី​ថ្ងៃ​ទី២៥ ឧសភា។
រថយន្ត​នាយ​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា លោក យ៉ាន់ ប៊ុនសឿន ពីរ​បាំង​កន្លះ ដែល​ក្រុម​យុវជន​ចោទ​ថា បម្រុង​បុក​គំរាម​ពួក​គេ ដែល​បម្រុង​ចូល​ព្រៃ​ព្រះ​រកា កាល​ពី​ថ្ងៃ​ទី២៥ ឧសភា។
រូប៖ ក្រុម​យុវជន

ព្រះសង្ឃ និង​ក្រុម​យុវជន​ ចោទ​នាយក​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា ​លោក យ៉ាន់ ប៊ុនសឿន ថា បើក​រថយន្ត​បម្រុង​បុក​ពួក​គាត់​នៅ​ពេល​ពួក​គាត់​ព្យាយាម ចូល​ក្នុ​ងដែន​ជម្រក​សត្វ​ព្រៃ​មួយ​នេះ។​ ក្រុម​និស្សិត ​និង​ព្រះសង្ឃ ​ចាត់​ទុក​ទង្វើ​នេះ ​ជា​ការ​គំរាម​កំហែង និង​រាំង​ខ្ទប់​ការ​រួម​ចំណែក​ធន​ធាន​ធម្មជាតិ​របស់​ពលរដ្ឋ​។

និស្សិត ៤នាក់ និង​ព្រះសង្ឃ ​១​អង្គ ​មក​ពី​សកល​វិទ្យាល័យ​នានា​ ក្នុង​រាជធានី​ភ្នំពេញ ​សម្ដែង​ការ​ខកចិត្ត ​ចំពោះ​ការ​រឹតត្បិត​ ការ​ឃ្លាំមើល ​និង​ការ​គំរាម​កំហែង​ពួកគេ​ មិន​ឱ្យ​ចូល​ព្រៃ​ព្រះ​រកា ​ពី​សំណាក់​មន្ត្រី​ឧទ្យានុរក្ស​របស់​ក្រសួង​បរិស្ថាន​នៅ ​ខេត្ត​ព្រះវិហារ។

ព្រះតេជព្រះគុណ នុត វាសនា មាន​ថេរ​ដីកា​ថា នាយក​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា ​លោក យ៉ាន់ ប៊ុនសឿន និង​សហការី ២នាក់​ទៀត ​មាន​ចេតនា​បើក​រថយន្ត​យ៉ាង​លឿន ​បម្រុង​បុក​ក្រុម​យុវជន​ និង​ព្រះសង្ឃ ​ដែល​កំពុង​ធ្វើ​ដំណើរ​ថ្មើរ​ជើង​តាម​ផ្លូវ​លំ​ក្នុង​ភូមិ ប៉ុន្តែ​មិន​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​នោះ​ទេ ​គ្រាន់​តែ ​ប្រឡាក់​ភក់ ​និង​ទឹក ​ដោយសារ​រថយន្ត​សាច​ដាក់។

ព្រះអង្គ​មាន​ថេរ​ដីកា​បន្ថែម​ថា ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន​ និង ​នគរបាល​ឃុំ​ប្រមេរ​ បាន​ឃ្លាំមើល ​និង​ថត​រូបភាព​របស់​ក្រុម​យុវជន​ និង​ព្រះសង្ឃ ​គ្រប់​សកម្មភាព ​និង​និយាយ​ចោទ​ប្រកាន់​ថា ការ​ប៉ុនប៉ង​ចូល​ព្រៃ​ព្រះ​រកា​នេះ ​ជា​ទង្វើ​ល្មើស​ច្បាប់៖ «គាត់​និយាយ​ថា ​មិន​មាន​មន្ត្រី​ជូន​យើង​ចូលព្រៃ ​ប៉ុន្តែ​គាត់​មាន​ពេល​វេលា​តាមដាន ​យើង​រហូត​ចាប់​តាំង​ពី​ថ្ងៃ​ទី២២ រហូត​ដល់​ថ្ងៃ​ទី២៥ ហ្នឹង។ ឡាន​ដែល​គាត់​បើក ​គឺ​ប្រភេទ​ឡាន​អត់​ស្លាក​លេខ​ហើយ យ៉ាន់ ប៊ុនសឿន​ហ្នឹង​គាត់​បើក​ឡាន ​បម្រុង​បុក​យុវជន ​ប៉ុន្តែ​អាត្មា​គិត​ថា ​គាត់​ធ្វើ​ឱ្យ​ពួក​យើង​ភ័យ​​ទេ​។ នៅ​ពេល​ដែល​ព្រះសង្ឃ​លោក ​ឈាន​ ពីរ​ជំហាន​ថយ​ទៅ ​បាន​ត្រឹមតែ​សាច​ទឹក​ដាក់​ព្រះសង្ឃ ​តែ​បើ​មិន​ថយ​ អាច​កិន​ជើង វា​កៀក​មែន​ទែន»

កាល​ពី​ថ្ងៃ​ទី២២ ដល់​ថ្ងៃ​ទី២៦ ខែ​ឧសភា ​ក្រុម​និស្សិត​ទាំង​នោះ ​បាន​ធ្វើ​ដំណើរ​ពី​ភ្នំពេញ ​ឆ្ពោះ​ទៅ​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា ​ឋិត​ក្នុង​ឃុំ​ប្រមេរ ស្រុក​ត្បែង​មាន​ជ័យ ​បំណង​សិក្សា​ពី​ព្រៃឈើ​ និង​ការ​ស្វែង​រក​អនុផល​ព្រៃឈើ​របស់​ពលរដ្ឋ​ ក៏​ប៉ុន្តែ​មន្ត្រី​ឧទ្យានុរក្ស​របស់​ក្រសួង​បរិស្ថាន​ មិន​អនុញ្ញាត​ឱ្យ​ពួក​គេ​ចូល​ព្រៃ​ព្រះ​រកា​នោះ​ទេ ​ដោយ​តម្រូវ​ឱ្យ​សុំ​ច្បាប់​អនុញ្ញាត​ពី​ មន្ទីរ​បរិស្ថាន​ខេត្ត​សិន​។ ក្រុម​យុវជន​ទាំង​នោះ ​បាន​ទៅ​សុំ​ច្បាប់​ពី​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ លោក សុង ច័ន្ទជាតិ ក៏​ប៉ុន្តែ​មន្ត្រី​បរិស្ថាន​រូប​នេះ ​មិន​អនុញ្ញាត​ឱ្យ​ពួកគេ​ចូល​ព្រៃ​ព្រះ​រកា​នោះ​ទេ ដោយ​ប្រាប់​ឱ្យ​ពួកគេ​ ទៅ​សុំ​ច្បាប់​ពី​ក្រសួង​បរិស្ថាន​ជា​មុន​សិន។

និស្សិត​ម្នាក់​ទៀត កញ្ញា យ៉ន ពុទ្ធា ត្អូញ​ត្អែរ​ថា  មន្ត្រី​បរិស្ថាន ​បង្កើត​ភាព​ស្មុគស្មាញ​សាំញ៉ាំ និង​បង្ក​ជា​ឧបសគ្គ​រាំង​ខ្ទប់ មិន​ឱ្យ​ក្រុម​យុវជន ​ចូល​ព្រៃ​អភិរក្ស ​ដោយ​លើក​ហេតុ​ផល​ថា ​ត្រូវ​សុំ​ច្បាប់​ពី​ក្រសួង​បរិស្ថាន​សិន។ កញ្ញា​បន្ថែម​ថា ​ក្រុម​យុវជន​បាន​ស្នើ​សុំ​កិច្ច​សហការ​ ពី​មន្ត្រី​ឧទ្យានុរក្ស​ នៅ​តំបន់​នោះ​ដែរ​ ប៉ុន្តែ​មន្ត្រី​ទាំង​នោះ​មិន​ស្វាគមន៍​នោះ​ទេ៖ «ដំបូង​ពេល​ដែល​ឃើញ​ឡាន ​គាត់​តាម​ហ្នឹង​មាន​អារម្មណ៍​ថា ​ភ័យ​ខ្លាច​ដែរ​ ប៉ុន្តែ​គិត​យូរៗ ទៅ ​ធ្វើ​ឱ្យ​ពួក​ខ្ញុំ​គិត​ថា ​ធ្វើ​ឱ្យ​ពួក​ខ្ញុំ​គិត​ថា ​ពួក​គាត់​ខ្លាច​ពួក​ខ្ញុំ​វិញ។ ខ្ញុំ​គិត​ថា ​ពួក​គាត់​ខ្លាច​ពួក​ខ្ញុំ​ចូល​ព្រៃ​ខ្លាំង ខ្លាច​ពួក​ខ្ញុំ​ទៅ ​អាច​នឹង​ជួប​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​ហ្នឹង ​ព្រោះ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ជា​ច្រើន»

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង ​នាយក​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា ​លោក យ៉ាន់ ប៊ុនសឿន​ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ តែ​ប៉ុន្តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​គ្មាន​អ្នក​ទទួល នៅ​ថ្ងៃ​ទី២៧ ឧសភា។

ចំណែក​ប្រធាន​ស្ដីទី ​នៃ​មន្ទីរ​បរិស្ថាន ខេត្ត​ព្រះវិហារ សុង ច័ន្ទជាតិ បដិសេធ​មិន​អធិប្បាយ​រឿង​នេះ​ទេ៖ «សុំ​ទោស ​ខ្ញុំ​មិន​អាច​ផ្ដល់​ជូន​បង​បាន​ទេ អរគុណ»

រីឯ​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភត្ត្រា  មិន​បក​ស្រាយ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ក្រុម​យុវជន​លើ​លោក យ៉ាន់ ប៊ុនសឿន ទេ ដោយ​លោក​គ្រាន់​តែ ​បញ្ជាក់​យ៉ាង​ខ្លី​ថា​ មន្ត្រី​ឧទ្យានុរក្ស​នៃ​ក្រសួង​បរិស្ថាន​បំពេញ​តួនាទី​របស់​ខ្លួន​ស្រប​តាម​ច្បាប់​ជា​ធរមាន ​ជា​ពិសេស​គឺ​ ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ខេត្ត​ព្រះវិហារ ​លោក ​ឡោ ចាន់ ​ចាត់​ទុក​ ការ​ហាម​ក្រុម​យុវជន​មិន​ឱ្យ​ចូល​ព្រៃ​ព្រះ​រកា ពី​សំណាក់​មន្ត្រី​បរិស្ថាន ​ជា​ទង្វើ​រំលោភ​លើ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ។ លោក​ពន្យល់​ថា ប្រសិន​បើ​មន្ត្រី​បរិស្ថាន​ទាំង​នោះ ​មាន​ចេតនា​បើក​រថយន្ត​ បម្រុង​នឹង​បុក​ក្រុម​យុវជន ​គឺ​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ​ ៖ «ការ​ការពារ ​ការ​តាម​ដាន​ និង​ឃ្លាំមើល ​ទោះ​បី​ជា​ពលរដ្ឋ​យើង​ធម្មតា ​ក៏​គាត់​មាន​សិទ្ធិ​ចូល​ព្រៃ​ដើម្បី​តាម​ដាន ​ឃ្លាំ​មើល​ដែរ។ អា​ហ្នឹង​បទ​ល្មើស​នរណា​ក៏​មាន​សិទ្ធិ​ដើម្បី​ឃាត់​។ ​បើ​យើង​ចូល​ព្រៃ​ជា​សិទ្ធិ​សេរីភាព​ របស់​យើង​ហ្នឹង​។ ​ពុំ​មាន​ច្បាប់​ចែង​ថា ​ជន​ទាំង​ឡាយ​ណា ​ចូល​ព្រៃ​ព្រះ​រកា ឬ​ព្រៃ​ឡង់ ត្រូវ​សុំ​ច្បាប់​អនុញ្ញាត​ពី​មន្ទីរ​បរិស្ថាន ឬ​មន្ទីរ​នេះ ​នោះ ​វា​អត់​មាន​ច្បាប់​ចែង»

ក្រុម​ជនជាតិ​ដើម​ភាគ​តិច​កួយ  រាប់ពាន់​គ្រួសារ​រស់​នៅ​ជុំវិញ​តំបន់​ព្រៃ​ព្រះ​រកា និង​បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ព្រះ ​ខេត្ត​ព្រះវិហារ​ ត្អូញត្អែរ​ថា  ពួក​គេ​ខក​ខាន​ចុះ​ល្បាត​ព្រៃ​ព្រះ​រកា​ ប្រមាណ ២ខែ​មក​ហើយ ​ដោយ​សារ​មន្ត្រី​ឧទ្យានុរក្ស​ របស់​ក្រសួង​បរិស្ថាន​រារាំង ​និង​តម្រូវ​ឱ្យ​សុំ​ច្បាប់ ​អនុញ្ញាត​ពី​មន្ទីរ​បរិស្ថាន ​និង​ក្រសួង​បរិស្ថាន​ជា​មុន​សិន។​ ពួកគេ​ចាត់​ទុក​បញ្ហា​នេះ ​ជា​ការ​រួម​ចំណែក​បំផ្លាញ​ព្រៃ​ព្រះ​រកា​ដែល​នៅ​សល់​ចុង​ក្រោយ​ ព្រោះ​បទ​ល្មើស​ព្រៃឈើ ​នៅតែ​កើត​មាន​ច្រើន ​គ្មាន​ការ​អនុវត្ត​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល