ក្រុម​យុវជន​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​វាយ​កម្ទេច​សំណង់​កាស៊ីណូ​ខុស​ច្បាប់​នៅ​កោះ​រ៉ុង​សន្លឹម

ដោយ ថន ថារ៉ូ
2019-09-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មជន​មាតា​ធម្មជាតិ ១៤រូប ថត​នៅ​មុខ​អគារ​កាស៊ីណូ​ចិន​យីហោ ជីនទីង (Jingding) ថ្ងៃ​ទី២២ ខែ​កញ្ញា ឆ្នាំ២០១៩ ដែល​សកម្មជន​អះអាង​ថា សង់​ល្មើស​លើ​ដី​ឆ្នេរ​កោះ​រ៉ុង​សន្លឹម។
សកម្មជន​មាតា​ធម្មជាតិ ១៤រូប ថត​នៅ​មុខ​អគារ​កាស៊ីណូ​ចិន​យីហោ ជីនទីង (Jingding) ថ្ងៃ​ទី២២ ខែ​កញ្ញា ឆ្នាំ២០១៩ ដែល​សកម្មជន​អះអាង​ថា សង់​ល្មើស​លើ​ដី​ឆ្នេរ​កោះ​រ៉ុង​សន្លឹម។
រូប៖ អង្គការ​មាតា​ធម្មជាតិ

ក្រុម​យុវជន​ទាម​ទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​វាយ​កម្ទេច​សំណង់​កាស៊ីណូ​ចិន​ខុស​ច្បាប់​មួយ​កន្លែង​នៅ​លើ​កោះ​រ៉ុង​សន្លឹម។ អាជ្ញាធរ​ខេត្ត​មិន​ទាន់​សម្រេច​ថា យ៉ាងណា​នៅឡើយ​ទេ​ចំពោះ​សំណើ​របស់​ក្រុម​យុវជន​នេះ។

សកម្មជន​មាតា​ធម្មជាតិ ១៤រូប រួម​គ្នា​ដាក់​ញត្តិ​ទៅ​សាលាខេត្ត​ព្រះសីហនុ ដើម្បី​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ចុះ​រុះរើ​សំណង់​កាស៊ីណូ​ចិន​យីហោ ជីនទីង (Jingding) ដែល​ត្រូវ​បាន​សាងសង់​រំលោភ​លើ​ដី​ឆ្នេរ​កោះ​រ៉ុង​សន្លឹម។ ​ក្រុម​យុវជន​ធ្វើ​យុទ្ធនាការ​នេះ ដោយ​សារ​ពួក​គេ​បារម្ភ​ថា សណ្ឋាគារ និង​កាស៊ីណូ ជីនទីង អាច​នឹង​ត្រូវ​បើក​ឱ្យ​ដំណើរការ​វិញ ប្រសិន​បើ​គ្មាន​ការ​វាយ​កម្ទេច​សំណង់​អគារ​នេះ​ចោល​ទេ​នោះ។

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បាន​ចុះ​បិទ​អាជីវកម្ម​មជ្ឈមណ្ឌល​កម្សាន្ត ជីនទីង (Jingding) កាល​ពី​ចុង​ខែ​ឧសភា កន្លង​ទៅ បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា ទីតាំង​កម្សាន្ត​នោះ​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ជាច្រើន​ចំណុច។ សកម្មភាព​ល្មើស​ច្បាប់​ទាំងនោះ រួម​មាន ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ក្នុង​​សមុទ្រ​ដោយ​មិន​បាន​ឆ្លង​កាត់​ការ​ចម្រោះ ការ​សាងសង់​ទីតាំង​កាស៊ីណូ​រំលោភ​លើ​ដីឆ្នេរ​សមុទ្រ ​ការ​ដាក់​ម៉ាស៊ីន​ភ្លើង​នៅ​លើ​ផែ​ធ្វើ​ឱ្យ​មាន​ប្រេង​ហូរ​ចូល​សមុទ្រ​ប៉ះពាល់​ដល់​បរិស្ថាន និង​ការ​ចាក់​ធុងបាស​ខ្លាំង​បង្ក​ការ​រំខាន​ដល់​ពលរដ្ឋ​ និង​ភ្ញៀវ​ទេសចរ។

ក្រោយ​ចុះ​បិទ​អាជីវកម្ម​ អាជ្ញាធរ​ខេត្ត​បាន​បញ្ជាក់​ថា សំណង់​ខុស​ច្បាប់​របស់​មជ្ឈមណ្ឌល​ចិន​មួយ​កន្លែង​នោះ នឹង​ត្រូវ​រុះរើ​ចេញ ក៏​ប៉ុន្តែ​ជាច្រើន​ខែ​មក​នេះ អាជ្ញាធរ​មិន​ទាន់​ចុះ​ធ្វើ​សកម្ម​ភាព​នៅ​ឡើយ​ទេ។

អ្នក​នាំ​ពាក្យ​​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ ថ្លែង​ថា អាជ្ញាធរ​ខេត្ត​មិន​ទាន់​បាន​កំណត់​ពេល​វេលា​ជាក់​លាក់​ក្នុង​ការ​ចុះ​រុះរើ​ទីតាំង​នោះ​ទេ ដោយ​រង់​ចាំ​ការ​សម្រេច​ពី​មន្ត្រី​ជំនាញ​ជាមុន​សិន។ លោក​បន្ត​ថា ខាង​សាលាខេត្ត​ទទួល​បាន​ញត្តិ​របស់​ក្រុម​យុវជន​មាតា​ធម្មជាតិ​ហើយ កាល​ពី​ថ្ងៃ​ទី២៣ កញ្ញា ក៏​ប៉ុន្តែ​លោក​ថា ការ​ឆ្លើយ​តប​បែប​ណា​នោះ អាស្រ័យ​លើ​ថ្នាក់​ដឹកនាំ​ខេត្ត៖ «កាស៊ីណូ​ហ្នឹង​តាំង​ពី​ថ្ងៃ​ដែល​រដ្ឋបាល​ខេត្ត​បាន​ចុះ​ទៅ​​បិទ គឺ​អត់​មាន​ធ្វើ​សកម្មភាព​អ្វី​ទាំង​អស់​ មានន័យ​ថា មក​ទល់​ពេល​នេះ​ក៏​អត់​មាន​ធ្វើ​សកម្មភាព​​អ្វី​ដែរ អ៊ីចឹង​ចំពោះ​ការ​រុះ​រើ​​អី្វ​យ៉ាង​ណា អា​ហ្នឹង​គឺ​យើង​ទុក​លទ្ធភាព​នេះ​ឱ្យ​ស្ថាប័ន​ជំនាញ​ធ្វើ​ការ»

សកម្មជន​បរិស្ថាន​ទទួល​ស្គាល់​ថា មជ្ឈមណ្ឌល​​កម្សាន្ត ជីនទីង (Jingding) ពិត​ជា​លែង​មាន​សកម្មភាព​អាជីវកម្ម​មែន ក៏​ប៉ុន្តែ​សំណង់​អគារ និង​សម្ភារៈ​ផ្សេងៗ នៅ​តែ​ស្ថិត​លើ​ទីតាំង​ដដែល។

សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ កញ្ញា ឡុង គន្ធា រិះគន់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ថា មាន​ភាព​យឺតយ៉ាវ និង​គ្មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ចុះ​អនុវត្ត​ច្បាប់។ កញ្ញា​ថា អាជ្ញាធរ​មិន​ត្រូវ​អូស​បន្លាយ​រឿង​នេះ​ទៀត​ឡើយ ព្រោះ​អាជ្ញាធរ​បាន​រក​ឃើញ​កំហុស និង​បទ​ល្មើស​ចេញ​ពី​ទីតាំង​កម្សាន្ត​នោះ​រួច​ហើយ។ កញ្ញា​ទទូច​ដល់​អាជ្ញាធរ​ឱ្យ​វាយ​កម្ទេច​សំណង់​កាស៊ីណូ ជីនទីង នោះ​ចោល ហើយ​និង​នាំ​ខ្លួន​ម្ចាស់​ទីតាំង​នោះ​យក​មក​ទទួលខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់៖ «ខ្ញុំ​យល់​ថា ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​ហាក់​មាន​លក្ខណៈ​ធូរ​រលុង​ ហើយ​មួយ​ទៀត​មានការ​យឺត​យ៉ាវ​មែន​ទែន​ ព្រោះ​តាំង​ពី​ខែ​ឧសភា​រហូត​មក​ដល់​ខែ​កញ្ញា គ្រាន់​តែ​កាស៊ីណូ​ប៉ុណ្ណឹង គាត់​មិន​អាច​នឹង​រុះរើ​ហើយ ហើយ​នៅ​​តែ​លើក​ឡើង​ថា ចាំ​មន្ត្រី​ជំនាញ​។ តើ​​ចាំ​ដល់​ពេល​ណា​ទៀត

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ធ្លាប់​អះអាង​កាល​​ពី​ពេល​ថ្មីៗនេះ​ថា ក្នុង​ចំណោម​សំណង់​ជាង ៥០០​កន្លែង នៅ​ក្នុង​ខេត្ត​នេះ អាជ្ញាធរ​បាន​រក​ឃើញ​ការដ្ឋាន​សំណង់​គ្មាន​គុណភាព​ចំនួន ១៤កន្លែង ដែល​ត្រូវ​វាយ​កម្ទេច​ចោល​។ ចំណាត់​ការ​របស់​អាជ្ញាធរ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ហេតុការណ៍​បាក់​រលំ​អាគារ ​៧ជាន់​របស់​ក្រុមហ៊ុន​ចិន នៅ​ខេត្ត​ព្រះសីហនុ កាល​ពី​ខែ​មិថុនា​កន្លងទៅ ដែល​បណ្ដាល​ឱ្យ​កម្មករ​ខ្មែរ​ស្លាប់​ ២៨​នាក់ និង​រង​របួស​ចំនួន ​២៦​នាក់។

សកម្មជន​មាតា​ធម្មជាតិ​​ កញ្ញា ឡុង គន្ធា អះអាង​ថា ប្រសិន​បើ​ការ​ដាក់​ញត្តិ​លើក​នេះ អាជ្ញាធរ​នៅ​តែ​មិន​ព្រម​វាយ​កម្ទេច​សំណង់​មជ្ឈមណ្ឌល​កម្សាន្ត​ ជីនទីង ទៀត​នោះ​ ក្រុម​យុវជន​នឹង​នាំគ្នា​ដើរ​ដង្ហែ​ក្បួន​នៅ​ទីរួមខេត្ត​ព្រះសីហនុ ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​អនុវត្ត​តួនាទី​របស់​ខ្លួន​ឱ្យ​បាន​​ត្រឹម​ត្រូវ៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល