កម្ពុជា​រក​ឃើញ​អ្នកជំងឺ​កូវីដ ជា​ជនជាតិ​ខ្មែរ ២៦នាក់​ទៀត វិល​មក​ពី​បរទេស និង​អ្នក​ជា​សះស្បើយ ៤នាក់

ដោយ ទីន ហ្សាការីយ៉ា
2020-07-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មេរោគ​វីរុស កូរ៉ូណា
មេរោគ​វីរុស កូរ៉ូណា
ក្រសួងសុខាភិបាល

ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី២១ ខែកក្កដា ប្រកាស រក​ឃើញ​អ្នក​ឆ្លង​កូវីដ-១៩ ថ្មី​ចំនួន ២៦នាក់​បន្ថែម​ទៀត ដែល​ជនជាតិ​ខ្មែរ ទើប​វិល​ត្រឡប់​មក​ពី​ប្រទេស​អេហ្ស៊ីប រុស្សី និង​កូរ៉េ​ខាងត្បូង។ ចំណែក​អ្នក​ដែល​បាន​ជា​សះស្បើយ​មាន​ចំនួន ៤នាក់ ដែល​ជា​ជនជាតិ​ខ្មែរ និង​ជា​អ្នក​ទើប​វិល​មក​ពី​ប្រទេស អារ៉ាប៊ី​សាអូឌីត និង​ឥណ្ឌូណេស៊ី។

សេចក្ដី​ប្រកាស​របស់ក្រ​សួង​សុខាភិបាល​បង្ហាញ​ថា បុរស​ខ្មែរ​ទាំង ២៦នាក់ ដែល​ឆ្លង​កូវីដ១៩ នេះ មាន​យុវជន​ចំនួន ៥នាក់ វិល​មក​ប្រទេស​អេហ្ស៊ីប យុវជន​ចំនួន ២០នាក់​វិល​មក​ពី​ប្រទេស​រុស្សី រួម​និង​បុរស​វ័យ ៦៥ ឆ្នាំ​ម្នាក់​ទៀត​ វិល​មក​ពី​កូរ៉េ​ខាង​ត្បូង។ អ្នក​ទាំងនេះ​មកដល់​កម្ពុជា​នៅ​ថ្ងៃ​ទី១៩ កក្កដា។

បច្ចុប្បន្ន អ្នកជំងឺ​កូវីដ​ទាំង ២៦នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌលសុខភាព​ចាក់​អង្រែ ទីក្រុង​ភ្នំពេញ។

ចំណែក​អ្នក​រួម​ដំណើរ​ជាមួយ​អ្នក​ជំងឺ​កូវីដ​ទាំង ២៦នាក់ សរុប ២២៨នាក់ ក្នុង​ជើង​យន្តហោះ​ទាំងពីរ គឺ​ជើង​យន្តហោះ​មក​ពី​ប្រទេស​អេហ្ស៊ីប និង​រុស្សី ដែល​ឆ្លង​កាត់​ប្រទេស​ម៉ាឡេស៊ី និង​ជើង​យន្តហោះ​ហោះ​ត្រង់​មក​ពី​កូរ៉េ​ខាងត្បូង ត្រូវ​បាន​ក្រសួង​កំពុង​ដាក់ឲ្យ​ធ្វើ​ចត្តាឡីស័ក ចំនួន ១៤ថ្ងៃ​នៅ​មណ្ឌល​ចត្តាឡីស័ក ចំនួន​ពីរ​ក្នុង​ទីក្រុង​ភ្នំពេញ។

គិត​មកដល់​ថ្ងៃ​ទី២១ ខែកក្កដា​នេះ​កម្ពុជា​មាន​អ្នក​ឆ្លង​កូវីដ-១៩ សរុប​ចំនួន ១៩៧នាក់ ក្នុង​នោះ​មាន​អ្នកជា​សះស្បើយ​ចំនួន ១៤០នាក់​និង​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​រដ្ឋ​មាន​ចំនួន ៥៥នាក់ និង​ព្យាបាល​ឯកជន​ក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ជា​ស្ត្រីជន​ជាតិ​អាមេរិក ចំនួន ២នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល