ស្ថានភាព​ពលករ​និង​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ ក្នុង​អំឡុង​វិបត្តិ​ជំងឺ​រាតត្បាត​កូវីដ ១៩

ដោយ ខែ សុណង
2020-04-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ និង​ឯកអគ្គរាជទូតខ្មែរ​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ លោក ឡុង ឌីម៉ង់ នៅ​ក្នុង​ពិធី​សម្ពោធ​គម្រោង​ការពារ​ទឹក​ជំនន់ និង​កែលំអ​ប្រព័ន្ធ​លូ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
អតីត​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ និង​ឯកអគ្គរាជទូតខ្មែរ​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ លោក ឡុង ឌីម៉ង់ នៅ​ក្នុង​ពិធី​សម្ពោធ​គម្រោង​ការពារ​ទឹក​ជំនន់ និង​កែលំអ​ប្រព័ន្ធ​លូ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
RFA

ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ធ្វើការ រៀន​សូត្រ និង​មាន​ក្រុម​គ្រួសារ​ជា​ជនជាតិ​កូរ៉េ (South Korea) បាន​បន្ត​ស្នាក់នៅ​និង​បំពេញការងារ​ជា​ធម្មតា ប៉ុន្តែ​ពួកគេ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ខ្លាច​ឆ្លង​មេរោគ​ដ៏​កាច​សាហាវ​នេះ​។ រីឯ​គ្រួសារ​ខ្មែរ​ដែល​មាន​សមាជិក ៣​នាក់ កើត​ជំងឺ​នេះ កំពុង​បន្ត​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នៅឡើយ។

ពលករ​ផ្នែក​ឧស្សាហកម្ម​នៅ​ទីក្រុង​ផ្ចង់ថេក (Pyeongtaekc) យុវជន ឃ្លោក លាប ថ្លែង​ថា លោក​បន្ត​ធ្វើការ​ជា​រៀងរាល់ថ្ងៃ​ដោយ​ថៅកែ​រោងចក្រ​មិន​បាន​ផ្អាក​ការងារ​ទេ​។ លោក​ថា ថៅកែ​រោងចក្រ​បាន​ចូលរួម​រឹត​បណ្ដឹង​វិធានការ​របស់​អាជ្ញាធរ និង​បាន​ចែក​ម៉ាស់ និង​អាល់កុល​លាងដៃ​សម្លាប់​មេរោគ​ដល់​បុគ្គលិក រួម​ទាំង​ភ្ជាប់​នូវ​វិន័យ​មួយ​ចំនួន​ឱ្យ​បុគ្គលិក​អនុវត្ត ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​នេះ​។ យុវជន​ដដែល​បន្ត​ថា ថ្វីបើ​វិធានការ​តឹងរ៉ឹង បូករួម​និង​ការ​ប្រយ័ត្នប្រយែង​ខ្លួន​របស់​លោក​ក្ដី ប៉ុន្តែ​ក្ដី​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ​នេះ​នៅ​តែ​មាន៖ «គេ​ទទួលខុសត្រូវ​គ្រប់បែប​យ៉ាង​ដាក់​ចង់​១០​កន្លែង បើសិនជា​យើង​ប្រញាប់​អត់​លាង​គេ​យក​មក​ដាក់​ឱ្យ​នៅមុខ​តុ​ហូបបាយ​ទៀត។ នឹក​ឃើញ​ថា កូរ៉េ​ឱ​! លោក​អើយ​លោក គេ​ស្រលាញ់​ជីវិត​យើង​គេ​ការពារ​ជីវិត​គេ​ដែរ។ បើ​និយាយ​រួម​ទៅ​មាន​តែ​ស្រលាញ់​ការពារ​អាយុជីវិត​ខ្លួនឯង​ទេ ថៅកែ​គ្រាន់តែ​បម្រាម​អ៊ីចឹង បើសិនជា​យើង​នៅតែ​ប្រហែស នៅ​ចង់​ដើរលេង​សប្បាយ​អរ​ទៅ​ថត​ទៅ​ដើរលេង​ពពាក់ពពួន​គ្នា វា​ជា​រឿង​គ្រោះថ្នាក់»

រីឯ​ពលការិនី​ម្នាក់ទៀត​ដែល​ធ្វើការ​ផ្នែក​ឧស្សាហកម្ម​ដែរ​នៅ​ទីក្រុង​ថេគូ (Teagu) អ្នកនាង ហៀន សុខនីន មាន​មតិ​ថា រោងចក្រ​គាត់​ថ្វី​បើជា​រោងចក្រ​បែប​លក្ខណៈ​គ្រួសារ​ក្ដី ប៉ុន្តែ​គាត់​បាន​ទទួល​ការ​យកចិត្តទុកដាក់​ខ្លាំង​ពី​ថៅកែ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​ថ្មី​នេះ​។ ចំណែក​ឯ​ម៉ាស់ និង​អាល់កុល​លាងដៃ ក៏​ថៅកែ​ចែក​ឱ្យ​ប្រើ​ដោយ​មិន​ចាំបាច់​ចំណាយ​ថវិកា​ទិញ​ឡើយ៖ «ពួក​ខ្ញុំ​ធ្វើការ​ធម្មតា​តែ​តាំងពី​ផ្ទុះ​ជំងឺ​នេះ​មក​ថៅកែ​បិទ​ការ​ចេញ​ចូល​អត់​ឱ្យ​ពួក​ខ្ញុំ​ចេញ​ប្រាស្រ័យ​គ្នា​ជាមួយ​អ្នក​ខាងក្រៅ​ទាំងអស់ នៅ​ក្នុង​រង្វង់​ការងារ​ពួក​ខ្ញុំ​អត់​មាន​ចំណូល​ថ្មី​ទេ គេ​អនុវត្ត​បាន​ល្អ​អត់​ឱ្យ​ពួក​ខ្ញុំ​ចេញ​ទំនាក់ទំនង​ខាងក្រៅ​ដាច់ខាត​តាំងពី​ផ្ទុះ​មេរោគ​នេះ​មក​គឺ​ថៅកែ​ដាក់​លក្ខខណ្ឌ បើ​នរណា​ចេញ​ក្រៅ​អត់​ឱ្យ​ចូល​រោងចក្រ​វិញ​ទេ​។ និយាយ​ទៅ​កក់​ក្ដៅ​ណាស់ ខ្ញុំ​ចង់បាន​បែប​ហ្នឹង។

ចំពោះ​ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លង​ជំងឺ covid-19​នេះ ស្ត្រី​ខ្មែរ​រៀបការ​ស្វាមី​កូរ៉េ ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ ពី​ស្វាមី​បានជា​សះស្បើយ​ហើយ ខណៈ​កូន​តូច និង​ម្ដាយ​របស់​គាត់​នៅ​មាន​ផ្ទុក​មេរោគ​នេះ​នៅ​ឡើយ បន្ទាប់​ពី​ធ្វើតេស្ត​ឡើងវិញ​ចំនួន​៣​លើក​រួចមក។

ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សាធារណរដ្ឋ​កូរ៉េ លោក ឡុង ឌីម៉ង់ ឱ្យ​ដឹង​ថា ស្ត្រី​ខ្មែរ​វ័យ ២៣​ឆ្នាំ ដែល​រៀបការ​ស្វាមី​កូរ៉េ បាន​ឆ្លង​ជំងឺ​កូវីដ​១៩ ពី​ស្វាមី​ឥឡូវនេះ​បាន​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជាង​៣​សប្ដាហ៍​ហើយ បន្ទាប់ពី​ធ្វើតេស្ត​បញ្ជាក់​ចំនួន ៣ ឃើញ​ថា ស្ត្រី​ជា​ម្ដាយ​ទារក​ពុំ​មាន​ផ្ទុក​ជំងឺ​នេះ​ទៀត​ទេ​។ ប៉ុន្តែ​កូន​តូច​អាយុ​៣​ខែ និង​គាត់​ម្ដាយ​របស់​គាត់​វ័យ​ជាង​៤០​ឆ្នាំ នៅ​មាន​ផ្ទុក​វីរុស​ថ្មី​នេះ​នៅឡើយ ដែល​តម្រូវ​ឱ្យ​ពួកគាត់​ត្រូវ​បន្ត​ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ ដើម្បី​តាមដាន​និង​ព្យាបាល​សុខភាព​បន្ត​ទៀត៖ «គាត់​អត់​មាន​បញ្ហា​ផ្លូវ​ដង្ហើម​រាករូស​អី​គឺ​អត់​ទេ គឺ​សឹងតែ​សព្វថ្ងៃ​នេះ​គាត់​ថា ខ្ញុំ​ដូចជា​មនុស្ស​ដែល​អត់​មាន​បញ្ហា​អី​សោះ​ហើយ​គេ​ឱ្យ​នៅ​សម្រាក​និង​ហូបចុក​ក្នុង​ពេទ្យ​អ៊ីចឹង​។ យើង​ឃើញ​ថា ស្ថានភាព​គាត់​អត់​មាន​បញ្ហា​អី​ទេ សរុប​មក​គាត់​នៅតែ​មិន​អាច​ចេញទៅ​វិញ​បាន អ៊ីចឹង​ត្រូវ​នៅ​ជាមួយ​កូន​ដដែល​។ អ៊ីចឹង​ទេ​ឥឡូវ​គេ​ធ្វើតេស្ត ១០​ថ្ងៃ​ម្ដង ៤​ថ្ងៃ​ម្ដង ហើយ​ប្រហែល​ប៉ុន្មាន​ថ្ងៃ​ទៅ​មុខ​ទៀត​គេ​នឹង​ធ្វើ​តេស្ត​២​ថ្ងៃ​ម្ដង ដើម្បី​តាមដាន​ស្ថានភាព​របស់​មីង​ជា​ម្ដាយ​និង​ទារក​ទៀត​បាទ!»

លោក ឡុង ឌីម៉ង់ បន្ត​ថា ដោយឡែក​ស្វាមី​ជា​ជនជាតិ​កូរ៉េ​បានជា​សះស្បើយ​ហើយ ដោយ​អាជ្ញាធរ​សុខាភិបាល​បាន​អនុញ្ញាត​ឱ្យ​គាត់​ចេញពី​មន្ទីរពេទ្យ​និង​វិលត្រឡប់​ទៅផ្ទះ​វិញ​ដែល​ស្ថិតនៅ​ទីក្រុង​ប៊ូឆុន (Bucheon) ជាយ​ទីក្រុង​សេអ៊ូល (Seoul) ដែល​មាន​ចម្ងាយ​ពី​គ្នា​ប្រមាណ​ជា​២០​គីឡូម៉ែត្រ​។ លោក​ថា ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ ជាង​៦​ម៉ឺន​នាក់ រស់​នៅ រៀន​សូត្រ និង​ធ្វើការ​ក្នុង​ប្រទេស​កូរ៉េ​មានតែ​សមាជិក​គ្រួសារ​ខ្មែរ​ចំនួន ៣​នាក់​ប៉ុណ្ណោះ​ដែល​ឆ្លង​មេរោគ​នេះ។

សហគមន៍​ខ្មែរ​នៅ​ប្រទេស​កូរ៉េ សរុប​មាន​ជាង ៦​ម៉ឺន​នាក់ ដែល​ក្នុង​នោះ​មាន​ពលករ​ប្រមាណ​ជា ៤​ម៉ឺន ៨​ពាន់​នាក់ ស្ត្រី និង​បុរស​ខ្មែរ​រៀបការ​ជាមួយ​ភរិយា​ស្វាមី​កូរ៉េ​មាន​ប្រមាណ ៨​ពាន់​នាក់ និង​និស្សិត​ជាង ៤​រយ​នាក់​។ ក្នុង​គ្រា​ឆ្លង​រាលដាល​ជំងឺ​នេះ នៅ​ប្រទេស​កូរ៉េ​ក៏ដូចជា​ប្រទេស​ដទៃ​ដែរ អាជ្ញាធរ​កូរ៉េ​បាន​ប្រើ​វិធានការ​បិទ​សាលារៀន គ្រឹះស្ថាន​អប់រំ ដោយ​ឱ្យ​សិស្ស​និស្សិត​រៀន​តាម​អន​ឡាយ ចំណែក​ពលករ​ធ្វើការ​ក្នុង​វិស័យ​កសិកម្ម​នៅ​បន្ត​ធ្វើការ​ជា​ធម្មតា និង​រោងចក្រ​បម្រើ​ឱ្យ​វិស័យ​ឧស្សាហកម្ម​ខ្លះ​ក៏​នៅ​បន្ត​ដំណើរ​ការ​ដែរ៕

 

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល