អ្នក​វិភាគ​ថា ការ​ផ្ដល់​ជំនួយ​បរិក្ខារ​វេជ្ជសាស្ត្រ​ពី​ប្រទេស​ចិន​គឺ​ដើម្បី​លួង​ចិត្ត​ពលរដ្ឋ​កម្ពុជា

ដោយ អូន ភាព
2020-04-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(ពី​ឆ្វេង) អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ និង​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ចូលរួម​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៧។
(ពី​ឆ្វេង) អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ និង​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ចូលរួម​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៧។
Photo: RFA

អ្នកវិភាគ​លើក​ឡើង​ថា សម្ភារ​: និង​បរិក្ខារ​វេជ្ជសាស្ត្រ​របស់​ចិន ដែល​បាន​ផ្តល់​ជា​ជំនួយ​ដល់​កម្ពុជា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង ជំងឺ​កូវីដ-១៩ (Covid-19) គ្រាន់តែ​បន្លំ​ភ្នែក​មតិ​សាធារណៈ ដើម្បី​ជា​ការ​លាក់បាំង​កំហុស​របស់​ខ្លួន ដែល​ដំបូង​ឡើយ​បាន​លាក់បាំង​ការពិត បណ្ដាល​ឱ្យ​ពិភពលោក​ទាំងមូល​ជួប​គ្រាះ​ថ្នាក់ និង​បណ្ដាល​ឱ្យ​មនុស្ស​រាប់​ម៉ឺន​នាក់​ស្លាប់។ អ្នកវិភាគ​ថា បន្ថែម​លើ​នេះ​ទៅទៀត សម្ភារៈ​សុខាភិបាល​មិន​សូវ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បង្ការ​វីរុស​កូរ៉ូណា (Coronavirus)​ទេ​។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ចិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ទប់ស្កាត់​និង​ព្យាបាល​ប្រជាពលរដ្ឋ​របស់​ខ្លួន​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ-១៩ (Covid-19)

អ្នក​ជំនាញ​ខ្លះ​លើកឡើង​ថា ប្រទេស​ចិន​អាច​បង្កប់​ហេតុផល​នយោបាយ ក្នុង​ជំនួយ​មនុស្សធម៌ ដើម្បី​លាង​ជម្រះ​រូបភាព​មិនល្អ​របស់​ខ្លួន ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ-១៩ (Covid-19) នេះ នៅ​លើ​ឆាក​អន្តរជាតិ។

អ្នកវិភាគ បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ចិន​ជួយ​កម្ពុជា​ក្នុង​គោល​បំណង​នយោបាយ ហើយ​ទំនាក់ទំនង​ជាមួយ​ចិន​កាន់តែ​ស្អិត​រមួត​នេះ បង្ក​ក្តី​ព្រួយបារម្ភ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ព្រោះ​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ​ធ្លាប់​គាំទ្រ​របប​ខ្មែរក្រហម ដែល​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជិត ៣​លាន​នាក់​បាត់បង់​ជីវិត ក្នុង​កំឡុង​ឆ្នាំ​១៩៧៥-១៩៧៩៖ «យើង​ដឹង​ហើយ​ថា សម្រាប់​វត្តមាន​ចិន​នេះ​ដូចជា​ពិបាក​នៅ​ក្នុង​ការ​លួងលោម​ពលរដ្ឋ​ខ្មែរ​បន្តិច សម្រាប់​យក​ចិន​មក​ធ្វើ​ទំនាក់ទំនង​សំខាន់​ជាមួយ​កម្ពុជា​ហ្នឹង គឺ​ខ្ញុំ​គិត​ថា រដ្ឋាភិបាល​មិន​បាន​ទទួល​នូវ​ការ​គាំទ្រ​ពី​ពលរដ្ឋ​ខ្មែរ​ប៉ុន្មាន​ទេ ហើយ​រឿង​សំខាន់​គឺ​បទពិសោធន៍​ជាមួយ​ខ្មែរក្រហម​ហ្នឹង​តែម្ដង​ដែល​ធ្វើ​ឱ្យ​ខ្មែរ​ឆ្អែត​ជាមួយ​នឹង​ចិន»

ចំណែក​អ្នកវិភាគ​នយោបាយ​និង​សង្គម​លោក គឹម សុខ ដែល​ហ៊ាន​រិះ​គុណ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឥត​សំចៃ​មាត់ ប្រាប់​អាស៊ីសេរី​ថា ប្រទេស​ចិន​បាន​ផ្តល់​ជំនួយ​វេជ្ជសាស្ត្រ​បន្តិចបន្តួច​ដល់​កម្ពុជា ក្នុង​ស្ថានភាព​ការ​ឆ្លង​រីក​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូវីដ-១៩ ហើយ​ជំនួយ​នេះ​ហាក់ដូច​ជា មិនបាន​បង្ហាញ​ការ​ពេញចិត្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទេ។

លោក​ថា ចិន​គ្រាន់តែ​ចង់​រក្សា​ទំនាក់ទំនង​ជាមួយ​លោក ហ៊ុន សែន ទាំង​ផ្នែក​ការ​ទូត និង​យោធា​ឱ្យ​នៅ​ដដែល​ប៉ុណ្ណោះ ប៉ុន្តែ​ចិន​មាន​នយោបាយ​វែងឆ្ងាយ គឺ​ការ​សម្លឹង​ឃើញ​ប្រយោជន៍​ពី​ប្រទេស​កម្ពុជា ទៅ​ថ្ងៃ​អនាគត៖ «ជា​ធម្មតា​ទំនាក់ទំនង​ចិន​ជាមួយ​ប្រទេស​ណា​ក៏​ដោយ​អត់​ខ្វល់​អំពី​ស្ថានភាព​នៃ​ជំហរ​នយោបាយ​របស់​មេ​ដឹកនាំ​ទេ​។ ចិន​ខ្វល់​តែ​អំពី​ប្រយោជន៍​របស់​ខ្លួន​ក្នុង​ទំនាក់ទំនង​ជាមួយ​ប្រទេស​នោះ ដូច្នេះ​ហើយ​កា​រព្យាយាម​លួង​ចិត្ត​បន្តិចបន្តួច ដែល​ចិន​បាន​ផ្តល់​ឱ្យ​ទៅ​ក្រុម​លោក ហ៊ុន សែន នៅ​ក្នុង​ខណៈ​នេះ វា​គ្រាន់តែ​ជា​ការ​លួង​ចិត្ត​ដៃគូ​របស់​ខ្លួន​តែ​ប៉ុណ្ណឹង​ទេ»

ចំណែក​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា ចិន​បាន​ផ្តល់​ជំនួយ​ជា​សម្ភារៈ និង​បរិក្ខារ​វេជ្ជសាស្ត្រ ដល់​ប្រទេស​ទាំងឡាយ​ណា​ដែល​មាន​ប្រវត្តិ​ទំនាក់ទំនង​ល្អជា​មួយ​ខ្លួន មុននឹង​ឈាន​ទៅ​ផ្តល់​ជំនួយ​សុខាភិបាល​ទាំងនេះ ដល់​បណ្ដា​ប្រទេស​ផ្សេងៗ​ដែល​មាន​ទំនាក់ទំនង​ធម្មតា។

លោក ឯម សុវណ្ណរ៉ា អ្នកជំនាញខាងវិទ្យាសាស្រ្ត​នយោបាយ។ RFA
លោក ឯម សុវណ្ណរ៉ា អ្នកជំនាញខាងវិទ្យាសាស្រ្ត​នយោបាយ។ RFA

លោក​ថា ចិន​ចង់​បង្ហាញ​ឱ្យ​ឃើញ​ពី​ទឹកចិត្ត សប្បុរសធម៌ ព្រមទាំង​ចង់​បង្ហាញ​ឱ្យ​ឃើញ​ពី​សកម្មភាព​របស់​ខ្លួន​ដើម្បី​ពង្រីក​ឥទ្ធិពល នៅ​លើ​ឆាក​អន្តរជាតិ​ក្នុងពេលដែល​ពិភពលោក​ជួប​ហានិភ័យ​ទាំងអស់​គ្នា។

ក្រៅពី​ការ​ផ្ដល់​ជំនួយ​មិន​ស្មោះត្រង់ អ្នកវិភាគ​ថា ជំនួយ​ទាំងនោះ​គ្មាន​លុយ​ទៀត​ផង។

លោក​បណ្ឌិត មាស នី មានប្រសាសន៍ថា សម្ភារ​:​សុខាភិបាល​ដែល​យក​មក​ពី​ចិន មិន​សូវ​មាន​គុណភាព ក្នុង​ការ​បង្ការ និង​ព្យាបាល​អ្នក​កើត​ជំងឺ​កូវីដ​១៩ (Covid-19) នៅ​កម្ពុជា។

លោក​បញ្ជាក់​ថា មិន​មែនតែ​កម្ពុជា​មួយ​ទេ សូម្បី​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់ ដូចជា​ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន និង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​នានា​ក្នុង​ពិភពលោក ក៏​ទទួល​បាន​ជំនួយ​វេជ្ជសាស្ត្រ របស់​ចិន​ផង​ដែរ ហើយ​ប្រទេស​ទាំងនេះ បាន​ប្រមូល​សម្ភារ​:​និង​បរិក្ខារ​ពេទ្យ ដែល​ទទួល​បាន​ពី​ចិន​ចូល​ទៅ​ក្នុង​ឃ្លាំង​វិញ​អស់​ហើយ ដោយសារ​មិន​ទុកចិត្ត​គុណភាព៖ «ខ្ញុំ​ក៍៏​មិន​ដឹង​ថា តើ​របស់​ដែល​យក​មក​ហ្នឹង​វា​មានគុណ​ភាព​បាន​ប៉ុណ្ណា​អត់​ដឹង​ដែរ​ទេ យើង​គ្រាន់តែ​ឃើញ​ប្រទេស​មួយ​ចំនួន​នៅ​ប្រទេស​អឺរ៉ុប​ហ្នឹង គេ​បាន​បដិសេធ និង​ប្រមូល​សម្ភារ​:​ទាំងឡាយ​ដែល​ទិញ​ឬ​ក៏​ឱ្យ​ជួយ​ពី​ចិន​ហ្នឹង​ត្រឡប់​មក​ចូល​ឃ្លាំង​វិញ ដោយសារ​គេ​ពិនិត្យ​ទៅ​គឺ​វា​អត់​អាច​ការពារ​ឱ្យ​បាន​មួយ​រយ​ភាគរយ»

លោក​បណ្ឌិត មាស នី បាន​លើក​ឡើង​បែប​នេះ បន្ទាប់ពី​ចិន​បាន​ផ្តល់​សម្ភារៈ និង​បរិក្ខារ​វេជ្ជសាស្ត្រ ជា​បន្តបន្ទាប់​ដល់​ប្រទេស​កម្ពុជា ក្នុង​នោះ​កាលពី​ថ្ងៃ​ទី១ ខែ​មេសា កន្លង​ទៅ​នេះ ធនាគារ​ចិន (Bank of China) បាន​ផ្តល់​សម្ភារ​:​បរិក្ខារ​វេជ្ជសាស្ត្រ​មួយ​ចំនួន​ដល់​ក្រសួងសុខាភិបាល​កម្ពុជា ដើម្បី​បង្ការ​ជំងឺ​កូវីដ-១៩។

ប្រទេស​ចិន​ថ្មីៗ​នេះ​ក៏បាន​បញ្ជូន​ក្រុម​គ្រូពេទ្យ​ជំនាញ​នៃ​តំបន់​ស្វយ័ត​ក្វាងស៊ី (Guangxi) ចំនួន ៧​រូប​មក​កម្ពុជា ដើម្បី​ចែករំលែក​បទពិសោធន៍​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ (Covid-19) ផង​ដែរ ព្រោះ ប្រទេស​កុម្មុយនិស្ត​មួយ​នេះ ជា​ប្រភព​ដើម​នៃ​ការ​ចម្លង​មេរោគ​ដ៏​កាច​សាហាវ​នេះ។

គ្រូពេទ្យ​ទាំងនេះ​បាន​នាំមក​ជាមួយ​នូវ​សម្ភារៈ​បរិក្ខារ​ពេទ្យ​មួយ​ចំនួន ដូចជា ស្រោមដៃ​ចំនួន ៧​ពាន់ ម៉ាស់​វះកាត់ ជិត ៦​ម៉ឺន​ម៉ាស់ ម៉ាស​វេជ្ជសាស្ត្រ អិន៩៥ (N95) ចំនួន ៥​ពាន់ សំលៀកបំពាក់​សុវត្ថិភាព​របស់​មន្ត្រី​សុខាភិបាល របាំងមុខ​វេជ្ជសាស្ត្រ ជាច្រើន​ទៀត មក​ប្រគល់​ឱ្យ​កម្ពុជា។

ឆ្លើយតប​ទៅ​នឹង​ការ​លើកឡើង​បែបនេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក ផៃ ស៊ីផាន មាន​ប្រសាសន៍ថា អ្នកវិភាគ​ទាំងនោះ​មាន​និន្នាការ​នយោបាយ ហើយ​ការ​លើកឡើង​មិន​ស្គាល់​ស្ថានភាព​ច្បាស់លាស់​។​

អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៤។ RFA
អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៤។ RFA

លោក​ថា ប្រទេស​ចិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​បញ្ឈប់​ជំងឺ​កូវីដ​១៩ (Covid-19) ហើយ​លោក​ថា​ប្រទេស​កម្ពុជា​ក៍​មិនទាន់​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​នេះ​នៅឡើយ​ទេ គឺ​ដោយសារតែ​ការប្រើប្រាស់​សម្ភារ​:​និង​បរិក្ខារ​វេជ្ជសាស្ត្រ​របស់​ចិន​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់ មិន​អន់​ជាង​ប្រទេស​មហាអំណាច​ឡើយ៖ «យើង​អាច​គ្រប់គ្រង​បាន​។ ដូច្នេះ​អ្វី​ដែល​យើង​ទទួល​បាន​សម្ភារៈ ទទួល​បាន​បច្ចេកវិទ្យា​ពី​ចិន យើង​ឱ្យ​តម្លៃ​ទៅ​ចិន ពីព្រោះ​គេ​ឱ្យ​យើង ជាជាង​យើង​អត់»

លោក​បន្ត​ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​ចិន​ក្នុង​ពេល​បច្ចុប្បន្ន មិន​ដូច​ទៅ​នឹង​របប​ខ្មែរក្រហម​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ចិន​នៅ​ពេល​នោះ​ទេ​។ លោក​ថា ពេលនេះ​ជា​វគ្គ​សម័យថ្មី មេដឹកនាំ​ប្រទេស​ទាំង​ពីរ​បាន​បំភ្លេច​ចោល​នូវ​ស្រមោល​អតីតកាល​យូរ​មក​ហើយ ដូច្នេះ​ការដឹកនាំ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​មិន​អាច​ប្រៀបប្រដូច​ទៅ​នឹង​របប​វាល​ពិឃាដ​បាន​ទេ។

រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​អះអាង​ថា អ្នកស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩ (Covid-19) មាន​ចំនួន​ជាង ៣.៣០០​នាក់ និង​មាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ចំនួន​ជាង ៨​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស​ចិន​។ មក​ទល់​ពេល​នេះ ប្រទេស​មួយ​ចំនួន​រួមមាន​អាមេរិក​ផង​ដែរ មិនទាន់​ជឿជាក់​ព័ត៌មាន អំពី​តួលេខ​នៃ​ចំនួន​មនុស្ស​ស្លាប់ និង​អ្នក​ឈឺ​នៅ​ចិន​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល