លោក ហ៊ុន សែន ប្រាប់​ឱ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ពី​ការ​រីក​រាលដាល​និង​ឆ្លង​មេរោគ​អេដស៍

ដោយ មាន ឫទ្ធិ
2018-05-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​នាំ​គ្នា​មក​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍​នៅ​មណ្ឌល​សុខភាព រកា ស្ថិត​ក្នុង​ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៤។
ពលរដ្ឋ​នាំ​គ្នា​មក​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍​នៅ​មណ្ឌល​សុខភាព រកា ស្ថិត​ក្នុង​ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៤។
Photo: RFA

លោក ហ៊ុន សែន បាន​សម្ដែង​ក្តី​បារម្ភ និង​ថ្លែង​ទទួលស្គាល់​អំពី​ការ​កម្រើក​ឡើងវិញ​នៃ​ការ​រីក​រាលដាល និង​ការ​ឆ្លង​មេរោគ​អេដស៍ ជំងឺ​អេដស៍​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ។ ថ្លែង​ទៅកាន់​កម្មករ​និយោជិក ប្រមាណ ២​ម៉ឺន​នាក់ នៅ​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២៣ ឧសភា លោក​ថា ប្រទេស​កម្ពុជា​នា​ពេល​កន្លងមក ធ្លាប់​ទទួល​បាន​ជោគជ័យ ក្នុង​ការ​កាត់បន្ថយ​អត្រា​ផ្ទុក​មេរោគ​អេដស៍ និង​ការ​រីក​រាលដាល​នៃ​ជំងឺ​អេដស៍។ ក៏ប៉ុន្តែ លោក​ថា បច្ចុប្បន្ន​នេះ មេរោគ​នេះ ហាក់​កំពុង​ចាប់ផ្ដើម​កម្រើក​ឡើងវិញ​បន្តិច​ហើយ។

ការ​លើកឡើង​ពី​កង្វល់​របស់​​​​លោក ហ៊ុន សែន នេះ គឺ​ស្រប​ពេល​ដែល​របាយការណ៍​របស់​ក្រសួងសុខាភិបាល ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៧ អត្រា​ថ្មី​នៃ​ការ​ឆ្លង​មេរោគ​អេដស៍​មាន​ចំនួន​ជិត ៦​រយ​នាក់។ របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ ឱ្យ​ដឹង​ថា ត្រឹម​ចុង​ឆ្នាំ​២០១៧ អ្នក​កើត​ជំងឺ​អេដស៍​នៅ​កម្ពុជា មាន​សរុប​ចំនួន​ជិត ៦​ម៉ឺន​នាក់ (៥៨.៣២១)

ទិន្នន័យ​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ (UNAIDS) ឱ្យ​ដឹង​ថា តាម​ការ​ប៉ាន់ស្មាន ត្រឹម​ឆ្នាំ​២០១៦ អត្រា​អ្នក​ឆ្លង​មេរោគ​អេដស៍​នៅ​កម្ពុជា ក្នុង​ចំណោម​មនុស្ស​ពេញវ័យ និង​កុមារ មាន​ចំនួន​ជាង ៧​ម៉ឺន​នាក់ (៧១.០០០​នាក់)

លោក ហ៊ុន សែន បាន​ក្រើន​រំឭក​ប្រាប់​កម្មករ​និយោជិក និង​ពលរដ្ឋ​ខ្មែរ ឱ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ឆ្លង និង​ការ​រីក​រាលដាល​នៃ​មេរោគ​នេះ។ លោក​អំពាវនាវ​ដល់​យុវជន​យុវនារី ឱ្យ​មានការ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ជ្រើសរើស​ដៃគូ​ស្នេហា ជាពិសេស​ត្រូវ​ធ្វើតេស្ត​ឈាម​ជា​មុន​សិន ឬ​ប្រើ​វិធី​ការពារ​ផ្សេងៗ ដើម្បី​បង្ការ​ការ​ឆ្លង​មេរោគ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល