"ការ​រើសអើង​អ្នក​រស់​នៅ​ជាមួយ​មេរោគ​អេដស៍​ថយ​ចុះ​ខ្លាំង"

ដោយ ម៉ៅ សុធានី
2019-08-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​នាំ​គ្នា​មក​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍​នៅ​មណ្ឌល​សុខភាព រកា ស្ថិត​ក្នុង​ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៤។
ពលរដ្ឋ​នាំ​គ្នា​មក​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍​នៅ​មណ្ឌល​សុខភាព រកា ស្ថិត​ក្នុង​ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៤។
Photo: RFA

ការ​សិក្សា​មួយ​បង្ហាញ​ថា អត្រា​រើសអើង​ចំពោះ​អ្នក​ឆ្លង​មេរោគ​អេច្ឆ អាយ វី (HIV) នាំ​ឱ្យ​កើត​ជំងឺ​អេដស៍ (AIDS) បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។

ប្រធាន​អាជ្ញាធរ​ជាតិ​ទប់ស្កាត់ និង​ប្រឆាំង​ជំងឺ​អេដស៍ លោក អៀង មូលី បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន រដ្ឋ​ចិន​ស៊ិនហួរ (Xinhua) ថា លទ្ធផល​នៃ​ការ​ស្ទាបស្ទង់​មតិ​ចុង​ក្រោយនេះ គឺ​ធ្វើ​ឡើង កាល​ពី​អំឡុង​២០១៨ ដោយ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៨ សីហា ដែល​បាន​ជួប​សម្ភាសន៍​ផ្ទាល់ ជាមួយ​អ្នក​កើត​និង​ផ្ទុក​ជំងឺ​អេដស៍ ចំនួន ជាង ១​ពាន់ (.២២២) នាក់ នៅ​តាម​ខេត្ត​ចំនួន​៦ ក្នុង​​នោះ​មាន​ស្ត្រី ៧៤៦​នាក់ និង​បុរស ៤៧៦​នាក់​។ លោក​បន្ត​ថា នេះ​ជា​ការស្ទង់មតិ លើក​ទី​២​ហើយ បន្ទាប់ពី​បាន​ធ្វើ​ជា​ដំបូង កាលពី​ឆ្នាំ​២០១០។

លទ្ធផល​ស្រាវជ្រាវ​ចុងក្រោយ​នេះ បង្ហាញ​ថា អត្រា​រើសអើង​ការងារ និង​ការបាត់បង់​ចំណូល​របស់​អ្នក​កើត​និង​ផ្ទុក ជំងឺ​អេដស៍ បាន​ចុះថយ​ពី ៤៦% មក​២% ខណៈ​ដែល​ការ​ប្រើ​ពាក្យ​សម្ដី​មាក់ងាយ និង​មិន​រាប់អាន​អ្នក​កើត​ជំងឺ​អេដស៍ គឺ​បាន​ចុះ​ពី ១៤% មក ៣%​។ ចំណែក​ការរើសអើង និង​មាក់ងាយ​ពី​ដៃគូ​ស្នេហា និង​ពី​ប្តី ឬ​ប្រពន្ធ​វិញ គឺ​បាន​ធ្លាក់​ចុះ​ពី ៥% មក​២,%

ស្ថិតិ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នៅ​កម្ពុជា មាន​អ្នក​ផ្ទុក​មេរោគ​HIV នាំ​ឱ្យ​កើត​អេដស៍ (AIDS) ចំនួន​ប្រហែល ៧​ម៉ឺន​៣​ពាន់​នាក់ ក្នុង​នោះ ប្រមាណ​ជាង ៦​ម៉ឺន​នាក់ បាន​ទទួល​ថ្នាំ​ពន្យារ​ជីវិត។

លោក អៀង មូលី បន្ត​ថា ចាប់ពី​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០ រហូតមកដល់​សព្វថ្ងៃ មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​អេដស៍ ចំនួន​ជិត ១០​ម៉ឺន​នាក់​។ រយៈពេល​២០​ឆ្នាំ កន្លង​មក​កម្ពុជា​បាន​ចំណាយ​ប្រាក់ ប្រមាណ ៨​រយ​លាន​ដុល្លារ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​មួយ​នេះ។ ជា​លទ្ធផល កម្ពុជា​ទទួល​បាន ជោគជ័យ​ក្នុង​ការ​ទប់ស្កាត់​ប្រជាពលរដ្ឋ ជាង ៩​សែន​នាក់ មិន​ឱ្យ​ឆ្លង​រាលដាល​នៃ​ជំងឺ​អេដស៍។ លោក អៀង មូលី សង្ឃឹមថា កម្ពុជា​ប្ដេជ្ញា​លុបបំបាត់​ឱ្យ​អស់​ការ​ឆ្លង​មេរោគ​HIV នាំ​ឱ្យ​កើត​អេដស៍ (AIDS) នៅ​ឆ្នាំ​២០២៥​ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល