ពលរដ្ឋ​ប្រមាណ​ជាង ៩០នាក់ នៅ​ភូមិ​ចំនួន៣ នៃ​សង្កាត់​ប៉ោយប៉ែត ធ្លាក់​ខ្លួន​ឈឺ​ចម្លែក

ដោយ វ៉ែន សុមេធ
2020-07-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៩០នាក់ ស្ថិត​ក្នុង​ភូមិ​ចំនួន៣ នៃ​សង្កាត់​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កើត​មាន​បញ្ហា​ជំងឺ​សើស្បែក​ដោយ​មិន​ដឹង​មូលហេតុ ដែល​មាន​អាការ​ក្ដៅខ្លួន ចេញ​កន្ទួល​រមាស់ ឈឺ​ចាប់​សាច់ដុំ និង​ឈឺ​សន្លាក់​ដៃជើង​ជាដើម។

ក្រុម​គ្រូពេទ្យ​ឆ្លើយតប​បន្ទាន់​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ស្រាវជ្រាវ​ករណី​នេះ​នៅ​ភូមិ​ក្បាល​កោះ ភូមិ​ប៉ោយប៉ែត និង​ភូមិ​ព្រៃគប់ ក្នុង​សង្កាត់​ប៉ោយប៉ែត​កាលពី​ថ្ងៃ​ទី២០ ខែ​កក្កដា ឲ្យដឹង​ថា ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ចំនួន ៩២នាក់ ដែល​ពួក​គេ​បាន​ពិនិត្យ​បឋម គឺ​មិន​មាន​សញ្ញា​ណា ថា​មាន​គ្រោះថ្នាក់​ដល់អាយុ​ជីវិត​នោះ​ទេ។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ ផ្សាយ​កាលពី​ថ្ងៃ​ទី២១ កក្កដា​ឲ្យ​ដឹង​ថា មន្ទីរ​គឺ​ត្រូវ​រង់ចាំ​លទ្ធផល​ធ្វើ​តេស្ដ​ការ​វិភាគ​ឈាម​ដោយ​វិទ្យា​ស្ថាន​ប៉ាស័្ទរ ឬ​វិទ្យា​ស្ថាន​ស្រាវជ្រាវ​សុខភាព​សាធារណៈ​ជា​មុន​សិន ទើប​មន្ទីរ​សុខាភិបាល​ខេត្ត និង​ផ្ដល់​ព័ត៌មាន​ជូន​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​ជ្រាប់​តាម​ក្រោយ។

ទាក់ទង​និង​ករណី​ផ្ទុះ​ជំងឺ​នៅ​សង្កាត់​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​នេះ កាលពី​ថ្ងៃ​ទី២១ ខែកក្កដា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល អ្នកស្រី​ឱ វណ្ណ​ឌីន ប្រាប់​អ្នក​សា​ព័ត៌មាន​ក្នុង​ស្រុក​ថា ក្រុម​គ្រូពេទ្យ​កំពុង​ពិនិត្យមើល​លើ​ពលរដ្ឋ​ដែល​មាន​អាការ​ក្ដៅខ្លួន ឡើង​កម្ដៅ ចេញ​ស្នាម​កន្ទួល​រមាស់ ឈឺ​សន្លាក់​ដៃជើង និង​ឈឺ​ក និង​សិក្សា​នូវ​ហេតុការណ៍​បញ្ហា​សុខភាព​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ឲ្យ​ច្បាស់លាស់ និង​ធ្វើការ​អប់រំ​សុខភាព​ដល់​ប្រជាពលរដ្ឋ​អំពី​ការរស់នៅ​ស្អាត អនាម័យ​ខ្លួនប្រាណ ការ​ហូបចុក និង​សម្អាត​ជុំវិញ​ផ្ទះ ដើម្បី​ថែរក្សា​សុខភាព​ពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល