ក្រសួង​ប្រកាស​បើក​​សាលា​ទាំង​រដ្ឋ និង​ឯកជន​វិញ ក្រោយ​បិទ​បញ្ចប់​ព្រឹត្តិការណ៍​ដែល​ហៅ​ថា ៣ វិច្ឆិកា

ដោយ ហេង រស្មី
2020-11-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួនណារ៉ុន ថ្លែង​ក្នុង​ពិធីសម្ពោធ​សមាគម​ធនធាន​មនុស្ស នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៥។
រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួនណារ៉ុន ថ្លែង​ក្នុង​ពិធីសម្ពោធ​សមាគម​ធនធាន​មនុស្ស នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Yang Chandara

ក្រសួង​អប់រំ​ប្រកាស​បើក​គ្រឹះស្ថានសិក្សា​ទាំង​រដ្ឋ និង​ឯកជន​ឡើងវិញ ក្រោយ​បិទ​បញ្ចប់​ព្រឹត្តិការណ៍ ០៣​វិច្ឆិកា ព្រមទាំង​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​នូវ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ឡើងវិញ ចាប់ពី​ថ្ងៃ​ទី​២៣ វិច្ឆិកា ។ មន្ត្រី​សង្គម​ស៊ីវិល​សាទរ​ចំពោះ​ការ​បើក​សាលារៀន​ឡើងវិញ ប៉ុន្តែ​ស្នើ​ឲ្យ​ក្រសួង​ត្រូវ​មាន​វិធានការ​បន្ថែម ដើម្បី​កុំ​ឲ្យ​មាន​ផ្ទុះឡើង​ជាថ្មី នូវ​ជំងឺ​កូវីដ​-១៩។

រដ្ឋមន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​លោក ហង់ ជួនណារ៉ុន ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ វិច្ឆិកា ថា ក្រសួង​នឹង​បើក​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន នៅ​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា​ឡើងវិញ ដោយ​អនុវត្ត​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​របស់​ក្រសួង​សុខាភិបាល ដោយ​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​បុគ្គល ព្រមទាំង​ត្រូវ​ពាក់​ម៉ាស់​ការពារ​ក្នុង​បរិវេណ​សិក្សា។ លោក​បន្ត​ថា ការ​បើក​សាលា​ឡើងវិញ គឺ​ដើម្បី​ឲ្យ​សិស្សានុសិស្ស​បាន​ចូលរៀន បំប៉ន​បន្ថែម ជាពិសេស​ដើម្បី​ឱ្យ​សិស្ស​ថ្នាក់​ទី​៩ និង​ទី​១២ បាន​ត្រៀមខ្លួន​សម្រាប់​ការ​ប្រឡង​នៅ​ពេល​ឆាប់ៗ​ខាងមុខ៖ «ក្រសួង​តម្រូវ​ឲ្យ​គ្រឹះស្ថានសិក្សា​អនុវត្ត​កម្មវិធីសិក្សា​ឲ្យ​បាន​ពេញលេញ ហើយក៏​យើង​ផ្ដល់​រយៈពេល​ចំនួន​៣​ខែ​ឲ្យ​គាត់​រៀន​បន្ថែម​ទៀត​។ ថ្វីត្បិតតែ​ក្រសួង​នឹង​ត្រូវ​ធ្វើការ​វាយតម្លៃ​ការ​អនុវត្ត​កម្មសិក្សា ក៏​យើង​ឃើញ​ថា អ្វី​ដែល​យើង​ផ្តល់​ជូន​ពេលវេលា​បន្ថែម​នេះ គឺ​គ្រប់គ្រាន់​សម្រាប់​សិស្ស​នៅ​ក្នុង​ការ​រៀន​។ អញ្ចឹង គឺ​យើង​នៅ​រក្សា​ស្តង់ដារ​ដដែល ព្រោះ​អ្វី​? យើង​ចង់​ឲ្យ​សិស្ស​យើង​មាន​សមត្ថភាព​ខ្ពស់ ទោះបីជា​កូវីដ​ក្តី មិន​កូវីដ​ក្តី គាត់​ចេញទៅ​គឺ​អាច​រក​ការងារ​ធ្វើ​បាន អាច​រៀន​បន្ត​បាន ហើយ​នឹង​មិន​មាន​ការ​រើសអើង​ទេ​នៅ​ក្នុង​សង្គម​យើង»

ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​បឋមភូមិ ឬ​ឌីប្លូម នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ចំណែក​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប ធ្វើឡើង​នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២០ នេះ​។​

ក្រសួង​អប់រំ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​កុំ​រើសអើង​កម្រិត​គុណភាព​សញ្ញាប័ត្រ​របស់​សិស្ស​ក្នុងអំឡុងពេល​មាន​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩។

ក្រៅពីនោះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក៏បាន​ជូនដំណឹង​ឲ្យ​គ្រឹះស្ថាន​អប់រំ បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ទាំងអស់ នៅ​រាជធានី​ភ្នំពេញ និង​ទី​រួម​ខេត្ត​កណ្តាល ត្រូវ​បើក​ដំណើរការ​ឡើងវិញ ចាប់ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា នេះ​ផង​ដែរ។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី ថ្លែង​ថា នេះ​ជា​រឿង​ល្អ​ដែល​រដ្ឋាភិបាល​បើក​សាលារៀន​ឡើងវិញ ដើម្បី​ឲ្យ​សិស្សានុសិស្ស​បាន​ចូលរៀន​ឡើងវិញ ដោយសារ​ពួកគេ​រង​ផល​ប៉ះពាល់​ខ្លាំង​លើ​ការសិក្សា​ក្នុងអំឡុងពេល​ជំងឺ​កូវីដ-១៩​។ លោកស្រី​បន្ត​ថា ការ​ផ្តល់​ការ​សិក្សា​តាមរយៈ​អនឡាញ សិស្សានុសិស្ស​ពុំ​មាន​ពេលវេលា​គ្រប់គ្រាន់ និង​យល់​ច្បាស់​ដូច​ការ​សួរដេញដោល​នៅ​តាម​សាលារៀន​នោះ​ទេ​។ ទោះជា​យ៉ាងណា លោកស្រី​នៅតែ​បារម្ភ​ពី​ការគ្រប់គ្រង និង​ការអនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាល​នៅ​តាម​គ្រឹះស្ថាន​អប់រំ​នានា​នៅឡើយ​។ លោកស្រី​ស្នើ​ឲ្យ​រដ្ឋាភិបាល​គួរ​យកចិត្តទុកដាក់​ឲ្យ​បាន​ម៉ត់ចត់ ដោយ​មិន​ត្រូវ​ធ្វេសប្រហែស​ចំពោះ​ការ​រាលដាល​ជំងឺ​កូវីដ​-១៩ នោះ​ឡើយ៖ «ខ្ញុំ​គិត​ថា សុំ​ឲ្យ​ក្រសួងសុខាភិបាល​កុំ​លាក់​ព័ត៌មាន គួរតែ​បញ្ចេញ​ព័ត៌មាន​ពី​បញ្ហា​កូវីដ​នេះ​ឲ្យ​ច្បាស់ ដើម្បី​ងាយស្រួល​ក្នុង​ការ​បង្ការ​ទាំងអស់​គ្នា ងាយស្រួល​ក្នុង​ការ​ទប់ស្កាត់ និង​ការពារ​ខ្លួន​កុំ​ឲ្យ​យើង​លាក់​ព័ត៌មាន បាន​ន័យថា ដូចជា​សម្លាប់​រាស្ត្រ​ទាំង​ប្រទេស​អ៊ីចឹង​។ អ៊ីចឹង​គួរតែ​បញ្ចេញ​ព័ត៌មាន​ពិតៗ បើជា​ឲ្យ​ដឹង​ជា នៅ​ឲ្យ​ដឹង​នៅ ដូច្នេះ​ធ្វើ​ឲ្យ​យើង​ទាំងអស់​គ្នា រាស្ត្រ​ទាំងអស់​គ្នា​ទុកចិត្ត​ហើយ​ជឿជាក់ និង​ការពារ​ខ្លួន​តាម​អ្វី​ដែល​ក្រសួង​សុខាភិបាល​បាន​ចាត់វិធានការ ក៏ដូចជា​ដាក់​វិធានការ​ដែរ»

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​សារ​ជា​សំឡេង​មួយ កាលពី​ថ្ងៃ​ទី​១៨ វិច្ឆិកា ដោយ​ប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍​៣ វិច្ឆិកា សម្រាប់​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៩ វិច្ឆិកា ចំណែក​តាម​បណ្ដា​ខេត្ត​នានា នឹង​បិទ​បញ្ចប់​បន្តបន្ទាប់​គ្នា រហូតដល់​ថ្ងៃ​ទី​២៥ វិច្ឆិកា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ត្រឡប់​ទៅ​រស់នៅ​ធម្មតា​វិញ​។ លោក​បញ្ជា​ឱ្យ​គ្រប់​ស្ថាប័នរដ្ឋ​បើក​ដំណើរការ​ឡើងវិញ​ទីតាំង​ដែល​ខ្លួន​គ្រប់គ្រង ដូចជា ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក រោង​ភាព និង​សារមន្ទីរ ជាដើម​។ លោក ហ៊ុន សែន ក៏​អនុញ្ញាត​ឱ្យ​មាន​ការ​រៀប​ចំ​ពិធី​ដែល​ប្រមូល​ផ្តុំ​មនុស្ស​ច្រើន ដូចជា ការ​រៀប​អាពាហ៍ពិពាហ៍ ជាដើម​ផង​ដែរ ក្រោម​ហេតុផល​ថា រក្សា​ប្រពៃណី៖ «ខ្ញុំ​ក៏បាន​ណែនាំ​ឯកឧត្ដម ម៉ម ប៊ុនហេង ហើយ​ឲ្យ​បើក​ឡើងវិញ​នូវ​សារមន្ទីរ និង​រោងភាពយន្ត​អី​ជាដើម ប៉ុន្តែ​ត្រូវ​អនុវត្ត​នូវ​ការណែនាំ​របស់​សុខាភិបាល​ដូច​មុន​ថ្ងៃ​០៣​វិច្ឆិកា កន្លង​ទៅ​នេះ អ៊ីចឹង​សូម​ឲ្យ​គ្រប់​ទីកន្លែង​ទាំងអស់​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​ចលនា​របស់​ប្រជាពលរដ្ឋ​ទៅតាម​របៀប​ថ្មី​ដែល​មិន​មានការ​កកកុញ ប្រមូល​ផ្តុំ​ច្រើន​ហួស រក្សា​គម្លាត​ឲ្យ​បាន​ល្អ គឺ​នេះ​ជា​ដំណើរការ​មួយ​ដែល​យើង​ហៅថា ប្រើ​ជីវិត​ធម្មតា​តាម​របៀប​ថ្មី»

ទោះជា​បែបនេះ​ក្តី ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង ស្វាគមន៍​ការ​បើក​សាលារៀន និង​ទីតាំង​មួយ​ចំនួន​ឡើងវិញ ប៉ុន្តែ​ទទូច​ឲ្យ​រដ្ឋាភិបាល​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ជាង​មុន ដើម្បី​បង្ការ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូល​ក្នុង​សហគមន៍​។ លោក​លើកឡើង​ថា កម្ពុជា​ធ្លាប់​មាន​មេរៀន​ម្តង​រួចមក​ហើយពី​ករណី​នៃ​ការ​រីក​រាលដាល​នេះ ដូច្នេះ មិន​គួរ​ឲ្យ​មាន​ទៀត​នោះ​ទេ៖ «​ឲ្យ​តែ​អ្នក​នៅ​ធ្វើ​ចត្តាឡឺស័ក មិនទាន់​បាន​ចេញ​អស់ មិន​ទាន់​បាន​បញ្ចប់​អស់ អាហ្នឹង​នៅតែ​មាន​ការ​ព្រួយ​បារម្ភ​អ៊ីចឹង​។ ទន្ទឹម​នឹង​ការ​ព្រួយ​បារម្ភ​ហ្នឹង ត្រូវតែ​មាន​វិធានការ​ដោយ​បុគ្គល​ម្នាក់ៗ​ជាទូទៅ​នៅ​ក្នុង​ការ​ធ្វើការ​ទប់ស្កាត់​តាមរយៈ​ការ​ពាក់​ម៉ាស់ ពាក់​អី​ហ្នឹង ហើយ​អាជ្ញាធរ​រដ្ឋ​ក៏ត្រូវ​តែ​មាន​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ហើយ​បណ្ដាញ​ផ្សព្វផ្សាយ​ទាំង​ជាតិ និង​អន្តរជាតិ​ដែរ ក៏​គួរតែ​មាន​ការចូលរួម​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ដែរ នៅ​ក្នុង​ការ​វិធានការ​បង្ការ ហើយ​នឹង​ការពារ​កូវីដ​-១៩​ហ្នឹង»

គិត​ត្រឹម​ថ្ងៃទី​១៩ វិច្ឆិកា អ្នក​កើត​កូវីដ​-១៩ សរុប​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន ៣០៤​នាក់ ក្នុង​នោះ​ជាសះស្បើយ​ចំនួន ២៩១​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន ១៣​នាក់ ដោយ​មិន​ទាន់​មាន​ករណី​ស្លាប់​នៅឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល