អ្នកឃ្លាំមើល​សង្គម​រិះគន់​លោក ហ៊ុន សែន ថា ខ្វះ​វិជ្ជាជីវៈ ក្នុង​ការ​ជួយ​អ្នកដំណើរ​លើ​កប៉ាល់ Westerdam

ដោយ មួង ណារ៉េត
2020-02-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (រូប​កណ្ដាល) ​ពេល​ទៅ​ទទួល​អ្នក​ដំណើរ​ ពី​នាវាទេសចរណ៍​ Westerdam នៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ ឆ្នាំ​២០២០។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (រូប​កណ្ដាល) ​ពេល​ទៅ​ទទួល​អ្នក​ដំណើរ​ ពី​នាវាទេសចរណ៍​ Westerdam នៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ ឆ្នាំ​២០២០។
រូប​ពី​ហ្វេសប៊ុក លោក ហ៊ុន សែន

អ្នកឃ្លាំមើល​សង្គម រិះគន់​លោក ហ៊ុន សែន ថា​ខ្វះ​វិជ្ជាជីវៈ ក្នុង​ការ​ជួយ​អ្នកដំណើរ​លើ​កប៉ាល់​ទេសចរ វ៉េស្ទើដាម (Westerdam) ដែល​អ្នក​លើ​កប៉ាល់​ម្នាក់ ក្នុងចំណោម​ជាង​ពីរ​ពាន់​នាក់ ត្រូវ​បាន​រក​ឃើញ ថា​មាន​ផ្ទុក​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីដ-១៩។

អ្នកឃ្លាំមើល​សង្គម និង​ជា​អតីត​នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ញា មិន​យល់​ទាស់​ទៅ​នឹង​បំណង​មនុស្សធម៌​នោះ​ទេ បើ​បំណង​នោះ​ធ្វើ​ដោយ​ស្មោះ​ស និង​ត្រឹមត្រូវ​ក្នុង​ការ​ជួយសង្គ្រោះ​មនុស្ស​លើ​កប៉ាល់​ទេសចរ​នោះ​មែន​។ ប៉ុន្តែ លោ​កថា​ទង្វើ​របស់​លោក ហ៊ុន សែន ក្នុង​ប្រតិបត្តិ​ការ​ជួយ​អ្នក​លើ​កប៉ាល់​នោះ គឺ​បង្កប់​ចេតនា​នយោបាយ ដើម្បី​ឃោសនា​យក​មុខ​មាត់​ខ្លាំង រហូត​ធ្វើ​ទាំង​ខ្វះ​ការ​ការប្រុងប្រយ័ត្ន និង​ខ្វះ​វិជ្ជាជីវៈ​ក្នុង​ការ​បង្ការ​ជំងឺ​នេះ ព្រោះ​ទាំង​លោក ហ៊ុន សែន និង​មន្ត្រី​របប​នេះ រួម​ទាំង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត មិន​ពាក់​ម៉ាស់​ការពារ​នោះ​ឡើយ ពេល​ដែល​ចុះទៅ​ទទួល​អ្នក​នៅ​លើ​កប៉ាល់​ទាំងនោះ។

លោក គល់ បញ្ញា បន្ថែម​ថា បើ​ទោះ​បី​ជា​លោក ហ៊ុន សែន អះអាង​ថា ហ៊ាន​ពលិកម្ម ដើម្បី​បុព្វ​ហេតុនេះ​ក៏ដោយ ក៏​មិន​ត្រូវ​ធ្វេសប្រហែស​បែបនេះ​នោះ​ទេ៖ «ទោះបី​យើង​អាច​ស្លាប់​ក៏ដោយ ប៉ុន្តែ​វា​អាច​ប៉ះពាល់​អ្នក​ទី​បី​ទៀត​។ អ៊ីចឹង​ហើយ​ការ​ចម្លង​មេរោគ​ហ្នឹង គេ​មាន​ច្បាប់​គេ មិនមែន​ចេះតែ​មាន​ន័យថា យើង​ថា​ខ្ញុំ​មាន​សមត្ថភាព ខ្ញុំ​ដឹង ខ្ញុំ​យល់ថា​គ្មាន​មេរោគ​ទេ ដូច្នេះ​ធ្វើ​អ្វី​តាម​ចិត្ត មិនបាច់​ពាក់​ម៉ាស់ មិនបាច់​ពាក់​ប្រព័ន្ធ ការពារ ដើម្បី​ទៅ​ជួយ​គេ និង​ប្រតិបត្តិការ​ពិនិត្យមើល​អ្នក​ដំណើរ​នោះ​ទេ​។ មិនមែន​ដូច្នេះ​ទេ កាលណា​យើង​ធ្វើ​អ៊ីចឹង គេ​មិន​ទុកចិត្ត​យើង​ទេ»

លោក គល់ បញ្ញា ប្រធាន​អង្គការ​ខុមហ្វ្រែល (Comfrel) ថ្លែង​ទៅ​កាន់​អ្នក​កាសែត នៅ​សណ្ឋាគារ​អ៊ីមភើរៀល រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ២០ មករា ២០១៥។
លោក គល់ បញ្ញា ប្រធាន​អង្គការ​ខុមហ្វ្រែល (Comfrel) ថ្លែង​ទៅ​កាន់​អ្នក​កាសែត នៅ​សណ្ឋាគារ​អ៊ីមភើរៀល រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ២០ មករា ២០១៥។ RFA

លោក គល់ បញ្ញា ថា​វិធានការ​ចម្បង​មួយ ក្នុងចំណោម​វិធានការ​ជាច្រើន ក្នុង​ការ​ទប់ស្កាត់ និង​ការពារ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​នេះ គឺ​ការ​ពាក់​ម៉ាស់​ការពារ​ហ្នឹងឯង ដែល​ខាង​លោក ហ៊ុន សែន ខកខាន​ក្នុង​ការ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​។ ជាង​នេះ​ទៅ​ទៀត ការប្រុងប្រយ័ត្ន​នេះ ត្រូវតែ​មាន​កាន់​ខ្ពស់​ក្នុង​ស្ថានភាព​បែបនេះ ព្រោះ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ដ៏​កាច​សាហាវ​នេះ អាច​សម្ងំ​ក្នុង​ខ្លួន​មនុស្ស​បាន​យូរ ទើប​អាច​រក​ឃើញ​។ ម្យ៉ាងទៀត អ្នក​ដំណើរ​លើ​កប៉ាល់​នោះ បាន​ចាក​ចេញពី​ដែនដី​ហុងកុង នៃ​ប្រទេស​ចិន ដែល​នៅ​ទីក្រុង​ហុងកុង​នេះ មាន​មនុស្ស​ឆ្លង​មេរោគ​នេះ ដំបូង​តាំងពី​ថ្ងៃ​ទី​២២ ខែ​មករា មក​ម្ល៉េះ។ ឥឡូវនេះ អ្នក​ឆ្លង​នៅ​ហុងកុង កើន​ឡើង​ដល់ ៦២​នាក់​ហើយ៖ «មិន​អាច​ទៅ​នាំ​គណៈប្រតិភូ ទៅ​អត់​មាន​ពាក់​ម៉ាស់ ទៅ​ទទួល​អ្នកដំណើរ​ដែល​សង្ស័យ​ថា​អាច​មាន​វីរុស គេ​សង្ស័យ​ប៉ុណ្ណឹង ក៏​គេ​មានការ​ប្រុងប្រយ័ត្ន​ដែរ ដើម្បី​ការពារ​កុំ​ឱ្យ​ឆ្លង​។ ធ្វើ​ម៉េច​ទើប​ដឹង​បាន​មនុស្ស​រាប់ពាន់​នាក់ ទៅ​សន្មត​ថា​អត់​មាន​សោះ​នោះ​? ខាង​កម្ពុជា​យើង​ក៏​សមត្ថភាព ក្នុង​ការ​យល់ដឹង​វីរុស​នេះ នៅ​មាន​កំណត់​ដែរ»

លោក ហ៊ុន សែន និង​មន្ត្រី​របប​លោក កាលពី​ថ្ងៃ​ទី១៤ ខែ កុម្ភៈ បាន​ទៅ​ដល់​កប៉ាល់ Westerdam ដែល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ ដោយ​ឈរ​ទទួល​រាក់ទាក់​ភ្ញៀវ​ម្នាក់​ម្តងៗ ចាប់ដៃ ហុច​ផ្កា ឱប ថើប ថតរូប​ជាមួយ​យ៉ាង​រីករាយ ដោយ​មិន​ពាក់​ម៉ាស់​ការពារ​អ្វី​ទាំងអស់ ទំនងជា​ជឿជាក់​ខ្លាំង ថា មិន​ចាំបាច់​ពាក់​ម៉ាស់​ការពារ​ទេ ព្រោះ​គ្មាន​នរណា​ម្នាក់​មាន​ផ្ទុក​មេរោគ​នេះ​ទេ​។ គ្មាន​សេចក្ដី​រាយការណ៍​ណា ដែល​ថា​ការ​មិន​ពាក់​ម៉ាស់​ទាំងអស់​គ្នា​នេះ ជា​ការ​បញ្ជា​របស់​លោក ហ៊ុន សែន នោះ​ទេ ប៉ុន្តែ​លោក​ធ្លាប់​គំរាម​បណ្ដេញ​អ្នកណា ដែល​ហ៊ាន​ពាក់​ម៉ាស់ ចូល​ក្នុង​សាលសន្និសីទ កាល​នៅ​វិមាន​សន្តិភាព ដោយ​លោក​អះអាង​ថា មិន​គួរ​ណា​ខ្លាច​ជំងឺ​កូរ៉ូណា ឬ​កូវីដ-១៩ នេះ​ជ្រុល​ពេក​នោះ​ទេ​។ លោក​ថា ខ្លា​មិន​ខ្លា ទៅ​ខ្លាច​អាចម៍​ខ្លា។

ទោះបី​ក្រសួងសុខាភិបាល​កម្ពុជា អះអាង​ថា បាន​ពិនិត្យ​សុខភាព​មនុស្ស​ទាំងអស់​លើ​កប៉ាល់ ថា​គ្មាន​មេរោគ​នេះ​ក៏ដោយ ក៏​ក្រោយ​ចាក​ចេញពី​កម្ពុជា ស្ត្រី​ជនជាតិ​អាមេរិក​ម្នាក់ អាយុ ៨៣ ឆ្នាំ ត្រូវ​បាន​ក្រសួងសុខាភិបាល​ប្រទេស​ម៉ាឡេស៊ី រកឃើញ​ថា​មាន​ផ្ទុក​ជំងឺ​រលាក​ផ្លូវ​ដង្ហើម កូវីដ-១៩ នេះ​។

ភ្លាមៗ​ក្រោយ​ក្រសួងសុខាភិបាល​ប្រទេស​ម៉ាឡេស៊ី ប្រកាស​លទ្ធផល​ធ្វើតេស្ត​នោះ ខាង​ភាគី​កម្ពុជា​មិន​សុខចិត្ត ក៏បាន​ស្នើ​ឱ្យ​ក្រសួងសុខាភិបាល​ប្រទេស​ម៉ាឡេស៊ី ធ្វើតេស្ត​នេះ​ឡើងវិញ​។ តាម​សំណូមពរ​នេះ ខាង​ប្រទេស​ម៉ាឡេស៊ី​ធ្វើតេស្ត​ជា​លើក​ទី​ពីរ​។ លទ្ធផល​ទាំង​ពីរ​លើក នៅតែ​បញ្ជាក់​ថា ស្ត្រី​អ្នកដំណើរ​នោះ ពិត​ជា​មាន​មេរោគ​នេះ​ដដែល។

លទ្ធផល​លើក​ទី​ពីរ​នេះ ក៏​ធ្វើ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​សុខាភិបាល​កម្ពុជា នៅតែ​កើតទុក្ខ​មិន​សុខ​ចិត្ត។

ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ ២០១៩ និង​លើក​ទិសដៅ​ឆ្នាំ២០២០ របស់​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ លោក ហ៊ុន សែន នៅតែ​ដាក់​ការ​មន្ទិល​លើ​សមត្ថភាព​លើ​ក្រសួង​សុខាភិបាល​ប្រទេស​សមាជិក​អាស៊ាន​ដូចគ្នា​មួយ​នេះ​។ លោក ហ៊ុន សែន សង្ស័យ​លទ្ធផល​ធ្វើតេស្ត​របស់​ប្រទេស​ម៉ាឡេស៊ី​នេះ រហូតដល់​ដាក់​ក្តី​សង្ឃឹមលើ​អ្នកជំងឺ ដែល​ឆ្លង​មេរោគ​នេះ ជា​អ្នក​ប្រាប់​ការពិត ទើប​អាច​យក​ជា​ការ​បាន​៖ «​ខ្ញុំ​គិត​ថា ប្រហែល​មានតែ​អ្នកជំងឺ​នោះ​តែប៉ុណ្ណោះ បន្ទាប់ពី​គេ​ព្យាបាល​គាត់​ជា​ហើយ គាត់​ទៅ​ប្រទេស​របស់​គាត់ គាត់​នឹង​និយាយ​នូវ​អ្វី​ដែល​គាត់ ចង់​និយាយ ថា តើ​គាត់​ឆ្លង​ពិត ឬ​មិន​ពិត គឺ​ប្រហែលជា​ចំណុះ​លើ​គាត់​និយាយ​ហើយ​។ កម្ពុជា​ខ្លួនឯង​រក​អត់​ឃើញ ទៅដល់​នោះ​ទើប​រក​ឃើញ​។ តើ​ជំងឺ​នេះ វា​កើត​ត្រង់ណា​? ព្រោះ​ជំងឺ​នេះ​ត្រូវ​មាន​រយៈពេល​របស់​វា»

អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​លោក លី សូវ៉ាន់ កាលពី​ថ្ងៃ​ទី​២០ ខែ កុម្ភៈ បាន​ប្រាប់​ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន ថា ការធ្វើតេស្ត​លើក​ទី​ពីរ​នេះ​ទៀតសោត នៅតែ​«​មាន​ភាព​មិន​ប្រក្រតី​» ព្រោះ​លោក​អះអាង​ថា ខាង​ប្រទេស​ម៉ាឡេស៊ី ធ្វើ​មិន​ត្រូវ​តាម​ស្តង់ដារ​អន្តរជាតិ ក្នុង​ការ​ធ្វើតេស្ត​នេះ។

ទោះបីជា​លោក លី សូវ៉ាន់ អះអាង​ថា ខាង​ភាគី​កម្ពុជា​ធ្វើ​ត្រឹមត្រូវ​តាម​ស្តង់​អន្តរជាតិ​ក៏ដោយ ក៏​រយៈពេល​នៃ​ការ​ធ្វើតេស្ត​ដំបូង​នៅ​កម្ពុជា ដោយ​យក​សំណាក​ពី​អ្នកដំណើរ ២០​នាក់ ពីលើ​កប៉ាល់​នោះ គឺ​ធ្វើ​នៅ​ថ្ងៃ​ទី​១៣ ខែ កុម្ភៈ ដែល​ទើបតែ​បាន ១៣​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​កប៉ាល់​នេះ ដឹក​អ្នក​ទាំងនោះ ចេញ​ពី​កំពង់ផែ​ក្រុង​ហុងកុង។

អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​ថា មេរោគ​នេះ អាច​សម្ងំ​លាក់ខ្លួន​នៅ​ក្នុង​ខ្លួន​មនុស្ស​រហូតដល់​ទៅ ១៤ ថ្ងៃ​ទើប​អាច​រក​ឃើញ​វា។ ប៉ុន្តែ ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​ប្រទេស​ចិន បាន​រក​ឃើញ​បន្ថែម​ថា រយៈពេល​សម្ងំ​នេះ អាច​មាន​រហូតដល់ ២៤​ថ្ងៃ​ឯណោះ។

កប៉ាល់​វ៉េស្ទើដាម (Westerdam) ដែល​ដឹក​មនុស្ស​ជាង ២ ពាន់​នាក់ ១.៤៥៥ ជា​អ្នកដំណើរ​ទេសចរ និង ៨០២ នាក់​ជា​បុគ្គលិក​លើ​កប៉ាល់ ចេញពី​កំពង់ផែ​ហុងកុង នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ និង​មក​ចត​នៅ​ក្រុងព្រះសីហនុ នៅ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ​។ បច្ចុប្បន្ន អ្នកទេសចរ​នៅ​លើ​កប៉ាល់​នោះ បាន​ចាក​ចេញពី​កម្ពុជា​អស់ហើយ នៅ​ដើម​សប្ដាហ៍​នេះ ក្រោយពេល​ថ្មីៗ​នេះ សំណាក​អ្នកដំណើរ និង​អ្នកបម្រើ​លើ​កប៉ាល់​ជាង ១ ពាន់​នាក់ ត្រូវ​បាន​ធ្វើ​តេស្ត​ទាំងអស់ ដោយ​ទទួល​​បាន​លទ្ធផល​ថា​គ្មាន​ផ្ទុក​មេរោគ​នេះ​ទេ។

ទោះជា​យ៉ាង​នេះ​ក្តី នៅ​មុន​ពេល​លោក ហ៊ុន សែន និង​មន្ត្រី​របប​នេះ ចុះទៅ​ជួប​អ្នក​នៅ​លើ​កប៉ាល់​នោះ គឺ​មានតែ​សំណាក​អ្នក​លើ​កប៉ាល់ ២០​នាក់​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​ធ្វើតេស្ត និង​រក​មិន​ឃើញ​មេរោគ​នេះ។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នា​វិមាន​សន្តិភាព នៅថ្ងៃទី៣០ ខែ​មករា ឆ្នាំ២០២០។
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នា​វិមាន​សន្តិភាព នៅថ្ងៃទី៣០ ខែ​មករា ឆ្នាំ២០២០។ Photo: RFA

ទោះជា​រង​ការរិះគន់​ជុំ​ទិស​ថា លោក ហ៊ុន សែន ធ្វើជា​ចិត្តល្អ ជួយសង្គ្រោះ​អ្នក​លើ​កប៉ាល់​នេះ ថា ជា​ការ​កេង​ចំណេញ​ប្រយោជន៍​នយោបាយ​យ៉ាង​ណា​ក្តី ក៏​លោក ហ៊ុន សែន នៅតែ​អះអាង​ថា លោក​ធ្វើ​នេះ ដើម្បី​ប្រយោជន៍​មនុស្ស​ធម៌​សុទ្ធសាធ។

លោក គល់ បញ្ញា ថា​លេស​នេះ មិន​គ្រប់គ្រាន់​ក្នុង​បិទបាំង​ការ​កេង​ចំណេញ​ប្រយោជន៍​នយោបាយ​នោះ​ទេ ព្រោះ​រឿង​កប៉ាល់​នេះ មិនមែន​ត្រូវ​ធ្លាក់​មក​លើ​កម្ពុជា​ជា​អ្នកទទួលខុសត្រូវ​ម្នាក់ឯង​ទេ ស្រប​ពេល​ដែល​ប្រទេស​ចំនួន​ប្រាំ រួម​ទាំង​ប្រទេស ហ្វីលីពីន និង​កោះ​ហ្គាំ (Guam) ដែល​ជា​ដែនដី​របស់​សហរដ្ឋអាមេរិក ដែល​សុទ្ធ​តែ​មាន​ពលរដ្ឋ​ខ្លួន​លើ​កប៉ាល់​នោះ​ផង សុទ្ធតែ​បដិសេធ មិន​ឱ្យ​កប៉ាល់​នោះ​ចូល​ចត​។ លោក គល់ បញ្ញា ក៏​មិន​ជឿ​ថា កប៉ាល់​នេះ កំពុង​ជួប​វិបត្តិ​មនុស្សធម៌​នោះ​ដែរ៖ «កប៉ាល់​នោះ​តាម​ពិត គេ​មាន​លទ្ធភាព​ដោះស្រាយ​ហើយ រឿង​ជីវភាព​រស់​នោះ វា​មិនមែន​ជា​បញ្ហា​ទេ​។ កប៉ាល់​ទេសចរ​ធំៗ​បែបនេះ មាន​ទាំង​ទីលាន​ចត​យន្តហោះ សម្រាប់​ដឹក​ចំណី​អាហារ និង​គ្រឿង​ផ្គត់ផ្គង់ មិនមែន​ជា​បញ្ហា​ទេ»

លោក គល់ បញ្ញា ក៏​ចោទសួរ​អំពី​សុចរិត​ភាព នៃ​ការ​បន្ត​ដាក់​ការសង្ស័យ​ទៅលើ​ប្រព័ន្ធ​ត្រួតពិនិត្យ​សុខភាព​របស់​ប្រទេស​ម៉ាឡេស៊ី​នោះ ថា​គ្រាន់តែ​ជា​ការ​បិទបាំង​ភាព​ខ្វះ​វិជ្ជាជីវៈ​របស់​លោក ហ៊ុន សែន និង ភាព​កម្សោយ​នៃ​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា​ប៉ុណ្ណោះ ព្រោះ​កម្ពុជា​មិន​បាន​សង្ស័យ ឬ​ស្នើ​ឱ្យ​ភាគី​ចិន ធ្វើ​ដូច្នេះ​ដែរ​នោះ​ទេ ពេល​ដែល​ជនជាតិ​បី​នាក់ ផ្ទុក​មេរោគ​នេះ​ដែរ ពេល​ត្រឡប់​ពី​កម្ពុជា​ទៅ​ដល់​ចិន​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល