អាមេរិក​រក​ឃើញ​ថា ជំងឺ​កូវីដ-១៩ អាច​ឆ្លង​ស្ងាត់ៗ​តាម​មនុស្ស​ដែល​គ្មាន​រោគ​សញ្ញា ឬ​អត់​ឈឺ​សោះ

ដោយ មាន ឫទ្ធិ
2020-03-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូប​តំណាង​មេរោគ ​កូរ៉ូណាវីរុស (Coronavirus) ឬ​ហៅ​ម្យ៉ាង​ទៀត​ថា វីរុស សារស៊ីអូវី-២ (SARS-Cov-2)
រូប​តំណាង​មេរោគ ​កូរ៉ូណាវីរុស (Coronavirus) ឬ​ហៅ​ម្យ៉ាង​ទៀត​ថា វីរុស សារស៊ីអូវី-២ (SARS-Cov-2)
AFP

ការសិក្សា​ចុងក្រោយ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ និង​អ្នក​ជំនាញ​វេជ្ជសាស្ត្រ ដើម្បី​ស្វែងយល់​អំពី​ជំងឺ រាតត្បាត​កូវីដ-១៩ រក​ឃើញ​ថា មេរោគ SARS-CoV-2 ដែល​អាច​បង្ក​ឱ្យ​កើត​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូ​វីត​១៩ អាច​ចម្លង​ស្ងាត់ៗ​ពី​មនុស្ស​ដែល​គ្មាន​បង្ហាញ​រោគសញ្ញា​ទាល់តែសោះ ឬ​ដែល​គេ​ហៅថា Silent Transmission​។ ក្រុម​អ្នកវិទ្យាសាស្ត្រ​ក៏​រកឃើញ​ដែរ​ថា មេរោគ​ដ៏​កាច​សាហាវ​មួយ​នេះ អាច​រស់​ក្នុង​ខ្យល់ និង​នៅ​តាម​ទីកន្លែង​សាធារណៈ ឬ​ផ្ទៃ​នានា​បានជា​ច្រើន​ម៉ោង ឬ​ច្រើន​ថ្ងៃ ដែល​អាច​បង្ក​ការ​ចម្លង​ដល់​មនុស្ស​ទាំងឡាយ​ណា​ដែល​បាន​ប៉ះពាល់​វា​ដោយ​ផ្ទាល់។

ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ដោយ​អ្នកស្រាវជ្រាវ​ផ្នែក​ជំងឺឆ្លង​នៃ​សាកលវិទ្យាល័យ កូឡុំប៊ី (Columbia University) បោះពុម្ពផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​វិទ្យាសាស្ត្រ Science Magazine កាលពី​ថ្ងៃ​ទី​១៦ មីនា រក​ឃើញ​ថា ការ​ចម្លង​ដោយ​ស្ងាត់ៗ​ពី​មនុស្ស​ដែល​គ្មាន​បង្ហាញ​រោគសញ្ញា គឺ​រឿង​ពិត ហើយក៏​ជា​កត្តា​សំខាន់​មួយ​ក្នុង​ការ​បណ្ដាល​ឱ្យ​មាន​ការ​រីក​រាលដាល នៃ​ជំងឺ​កូវីដ-១៩​នេះ​ផង​។ ការណ៍​នេះ បណ្ដាល​ឱ្យ​មេរោគ​នេះ អាច​រីក​រាលដាល​បាន​យ៉ាង​ឆាប់រហ័ស ដោយ​គ្មាន​ការ​ដឹង​មុន ហើយ​ដែល​ភាគច្រើន​ត្រូវ​​គេ​មើល​រំលង។

តាមរយៈ​ការសិក្សា​នេះ ក្រុម​អ្នកវិទ្យាសាស្ត្រ​ខាង​ផ្នែក​ជំងឺឆ្លង Epidemiologists បាន​ពិនិត្យ លើ​ករណី​ឆ្លង​ចំនួន ៩១ ករណី​នៅ​ក្នុង​ប្រទេស​សិង្ហបុរី។ ពួកគេ​រកឃើញ​ថា ៤៨%​នៃ​មនុស្ស​ដែល​ឆ្លង​ជំងឺ​កូវីដ-១៩ បាន​កើត​ជំងឺ​នេះ ដោយសារ​ការ​ឆ្លង​ពី​មនុស្ស ដែល​ពុំ​ធ្លាប់​ឈឺ ឬ​គ្មាន​រោគសញ្ញា​អ្វី​ទាល់តែសោះ​។ ដូចគ្នា​នេះ​ដែរ ការ​សិក្សា​ទៅលើ​ករណី​ឆ្លង​ចំនួន ១៣៥​ករណី នៅ​ខេត្ត ធៀនជិន (Tianjin) ប្រទេស​ចិន រក​ឃើញ​ថា ៦២% នៃ​អ្នក​កើត​ជំងឺ​នេះ ទំនងជា​ឆ្លង​ជំងឺ​នេះ មក​ពី​មនុស្ស​ដែល​ពុំ​មាន​រោគសញ្ញា​ឈឺ​ទាល់តែសោះ។

បើ​ទោះ​ជា​មាន​លទ្ធផល​បញ្ជា​ក់​យ៉ាង​ដូច្នេះ​ក៏ដោយ ក៏​អ្នកវិទ្យាសាស្ត្រ​ថា របក​គំហើញ​នេះ នៅ​ជា​របក​គំហើញ​បឋម​នៅឡើយ ខណៈ​មេរោគ​នេះ​កំពុង​វិវឌ្ឍ និង​មាន​រឿងរ៉ាវ អាថ៌កំបាំង​ជាច្រើន​ដែល​ក្រុម​អ្នក​វិទ្យាសាស្ត្រ នៅ​មិន​ទាន់​បាន​សិក្សា​ស្វែងយល់ អស់ពី​មេរោគ​នេះ​នៅ​ឡើយ។

ជា​ដំណោះស្រាយ ការសិក្សា​នេះ ផ្ដល់​ដំបូន្មាន​ថា ការ​​ធ្វើតេស្ត​រក​មេរោគ​នេះ គឺជា​រឿង​សំខាន់ ដើម្បី​បញ្ចៀស​ក្តី​មន្ទិល​នានា​។ ដូច​គ្នា​នេះ​ដែរ វិធានការ​តម្រូវ​ឱ្យ​អ្នកជំងឺ​នៅ​ដាច់ដោយឡែក ពី​គេ និង​ការអនុវត្ត​ការ​នៅ​ឆ្ងាយ​ពី​គ្នា​ក្នុង​សង្គម ដោយ​ឱ្យ​មនុស្ស​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន ជៀសវាង​ការ​ប្រមូល​ផ្តុំ​គ្នា​ច្រើន​នៅ​តាម​កន្លែង​សាធារណៈ ដូចជា​ភោជនីយដ្ឋាន ផ្សារ កន្លែងធ្វើការ​ជាដើម ឬ​ដែល​គេ​ហៅថា Social Distancing អាច​ចូលរួម​ជួយ​កាត់បន្ថយ ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីត-១៩​នេះ​បាន​ច្រើន។

ទន្ទឹមគ្នា​នេះ ដែរ ការ​សិក្សា​ស្រាវជ្រាវ​ចុងក្រោយ​មួយទៀត ទើប​នឹង​ចុះផ្សាយ​ដោយ​ព្រឹត្តិបត្រ វេជ្ជសាស្ត្រ The New England Journal of Medicine របស់​អាមេរិក កាលពី​ថ្ងៃ​ទី​១៧ ខែ​មីនា រកឃើញ​ថា មេរោគ SARS-CoV-2 អាច​រស់​នៅ​បាន​នៅ​ក្នុង​ខ្យល់ និង​នៅ​តាម​ទីកន្លែង​សាធារណៈ ឬ​ផ្ទៃ​នានា​បានជា​ច្រើន​ម៉ោង ឬ​ច្រើន​ថ្ងៃ។ ការសិក្សា​បញ្ជាក់​ថា មេរោគ​ដែល​អាច​បង្ក​ឱ្យ កើត​ជំងឺ​កូវីដ-​១៩​នេះ អាច​រស់​ក្នុង​ខ្យល់​បាន​រយៈពេល​ដល់​ទៅ ៣​ម៉ោង។ ដោយឡែក​ចំពោះ សារធាតុ​ប្លាស្ទិក ឬ​ជ័រ និង​ដែក​ដែល​មិន​ច្រេះ មេរោគ​នេះ អាច​រស់​បាន​ដល់​ទៅ ៧២​ម៉ោង ឬ​ប្រមាណ​៣​ថ្ងៃ ខណៈ​នៅ​លើ​កេស ឬ​ក្រដាស​កាតុង មេរោគ​នេះ អាច​រស់​បាន​មិន​លើស​ពី ២៤​ម៉ោង ឬមួយ​ថ្ងៃ​។ ការសិក្សា​នេះ ធ្វើឡើង​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី វិទ្យាស្ថាន​ជាតិ​សុខាភិបាល ឬ National Institutes of Health (NIH) សហការ​ជាមួយ មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង CDC សាកលវិទ្យាល័យ UCLA និង​សាកលវិទ្យាល័យ Princeton របស់​អាមេរិក ដែល​អាច​ផ្ដល់​ជា​ការ​ណែនាំ​ចុងក្រោយ ឱ្យ​មនុស្ស​ទូទៅ​មានការ​ប្រុង ប្រយ័ត្ន​ខ្ពស់ ជៀសវាង​ការ​ប៉ះពាល់​វត្ថុ​ទាំងនេះ​ដោយ​ផ្ទាល់​នៅ​តាម​ទី​សាធារណៈ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល