ចិន​មិន​អនុញ្ញាត​ឲ្យ​យន្តហោះ​ដឹក​ជន​ជាតិ​ចិន ១៤៦នាក់​ចេញ​កម្ពុជា ចូល​ដែន​អាកាស​របស់​ខ្លួន

ដោយ មួង ណារ៉េត
2020-03-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
យន្តហោះ​​របស់​ក្រុមហ៊ុន ជេស៊ី អ៊ិនធើណេសិនណល់ អែរឡាញ (JC International Airline) ដែល​ចត​នៅ​អាកាសយនដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៣ ខែ​មីនា ឆ្នាំ២០២០។
យន្តហោះ​​របស់​ក្រុមហ៊ុន ជេស៊ី អ៊ិនធើណេសិនណល់ អែរឡាញ (JC International Airline) ដែល​ចត​នៅ​អាកាសយនដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៣ ខែ​មីនា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ

អាជ្ញាធរ​ចិន មិន​អនុញ្ញាត​ឲ្យ​យន្ត​ហោះ​ដែល​ដឹក​ជន​ជាតិ​ចិន​ចំនួន ១៤៦នាក់ ចេញ​ពី​ទីក្រុង​ភ្នំពេញ​ចូល​ក្នុង​ដែន​អាកាស​របស់​ខ្លួន​នោះ​ទេ កាល​ពី​ថ្ងៃ​ទី២៩ ខែ​មីនា ហើយ​បាន​បញ្ជា​ឲ្យ​យន្តហោះ​នោះ​បត់​ក្បាល​ត្រឡប់​មក​កម្ពុជា​វិញ​ភ្លាមៗ។ មន្ត្រី​សង្គម​ស៊ីវិល​យល់ថា វិធានការ​របស់​អាជ្ញាធរ​ចិន​នេះ ប្រហែល​ជា​ដើម្បី​បង្ការ​ជំងឺ​កូវីដ​កុំ​ឲ្យ​ឆ្លង​ក្នុង​ប្រទេស​របស់​ខ្លួន និង​មិន​ខ្លាច​ប៉ះ​ពាល់​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ដូច​ដែល​មេ​ដឹក​នាំ​កម្ពុជា តែងតែ​លើក​ឡើង​នោះ​ឡើយ។

ជើង​ហោះ​ហើរ​ពី​ទីក្រុង​ភ្នំពេញ ដែល​ដឹក​ជន​ជាតិ​ចិន ១៤៦នាក់​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ឆេងឌូ (Chengdu) ប្រទេស​ចិន ត្រូវ​បាន​បង្ខំ​ចិត្ត​ហោះ​ត្រឡប់​មក​កម្ពុជា​វិញ​ភ្លាមៗ កាល​ពី​ព្រឹក​ថ្ងៃ​ទី២៩ ខែ​មីនា ខណៈ​យន្តហោះ​កំពុង​ហោះ​ស្ថិត​នៅ​លើ​ដែន​អាកាស​ប្រទេស​ឡាវ។

សារព័ត៌មាន ស៊ីអិនអ៊ី (CNE) ដែល​ចុះ​ផ្សាយ​ជា​ភាសា​អង់គ្លេស នៅ​ព្រឹក​ថ្ងៃ​ទី៣០ ខែ​មីនា បាន​ស្រង់​សម្ដី​អ្នក​ដំណើរ​នៅ​លើ​យន្តហោះ​នោះ​ថា មូលហេតុ​ដែល​យន្តហោះ​បង្ខំ​ចិត្ត​ត្រឡប់​ក្រោយ​នេះ​ព្រោះ​​អាជ្ញាធរ​ចិន​មិន​អនុញ្ញាត​ឲ្យ​ហោះ​ចូល​ដែន​អាកាស​របស់​ខ្លួន​នោះ​ទេ ដោយសារ​ចិន​បាន​ដាក់​វិធានការ​បង្ការ និង​ទប់​ស្កាត់​កុំឲ្យ​មាន​ការ​នាំ​ចូល​ជំងឺ​កូវីដ-១៩។

សារ​ព័ត៌មាន​នេះ​ចុះ​ផ្សាយ​ថា មាន​អ្នក​ដំណើរ​ចំនួន ១៤៦នាក់​សុទ្ធតែ​ជា​ជន​ជាតិ​ចិន បាន​ធ្វើ​ដំណើរ តាម​ជើង​ហោះហើរ​លេខ QD738A របស់​ក្រុមហ៊ុន​អាកាសចរណ៍ ជេស៊ី (JC Airline ) ចាក​ចេញ​ពី​ភ្នំ ពេញ​នៅ​ម៉ោង១១ និង ១០នាទី​ពេល​ព្រឹក​ថ្ងៃ​ទី២៩ ខែ​មីនា។ ក្នុង​ចំណោម​អ្នក​ដំណើរ ១៤៦នាក់​នេះ គឺ​មាន​ជន​ជាតិ​ចិន​ពី ៥០ ទៅ ៦០នាក់ ទើប​តែ​ធ្វើដំណើរ​មក​ប្រទេស​ហ្វីលីពីន និង​មាន​និស្សិត​ចិន ៣៥នាក់​ទៀត មក​ពី​ប្រទេស​អង់គ្លេស និង​ជន​ជាតិ​ចិន​មួយ​ចំនួន​ទៀត គឺ​ជា​អ្នក​ធ្លាប់​រស់​នៅ​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ។

អាស៊ី​សេរី​បាន​ព្យាយាម​ទូរស័ព្ទ​ទៅ​អ្នក​នាំ​ពាក្យ​រដ្ឋលេខាធិការដ្ឋាន​នៃ​អាកាសចរណ៍​ស៊ីវិល លោក ជា អូន អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក អាត់ បូនី និង​លោក កែវ វណ្ណថន ព្រម ទាំង​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ជាច្រើនលើកនៅថ្ងៃទី៣០ ខែ​មីនា ដើម្បី​បញ្ជាក់​រឿង​នេះ ប៉ុន្តែ​ពុំ​មាន​អ្នក​ទទួល​នោះ​ទេ។ រីឯ​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន និង​លោក លី សូវ៉ាន់ ព្រម​ទាំង​អ្នក​នាំ​ពាក្យ​ក្រសួង​បរទេស លោក កុយ គួង ក៏​មិន​ទទួល​ទូរស័ព្ទ។

ក៏​ប៉ុន្តែ​នៅ​ល្ងាច​ថ្ងៃ​ទី៣០ មីនា ​អគ្គនាយករង​បច្ចេកទាស និង​ជា​អ្នក​នាំ​ពាក្យ​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល គឺ​លោក ស៊ីនចាន់សិរីវត្ថា ត្រូវ​បាន​ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន ស្រង់​ប្រសាសន៍​​ថា ការ​ពិត​ដែល​ចិន​មិន​ឱ្យ​យន្តហោះរបស់​ក្រុមហ៊ុន​អាកាសចរណ៍ ជេស៊ី អ៊ិនធើណេសិនណល អ៊ែរឡាញ (JC International Airline) ចូល​ប្រទេស​នេះ គឺ​ដោយសារ​តែ​ចិន​បាន​បិទ​ជើង​ហោះហើរ​ពី​កម្ពុជាហើយ ហើយ​ទុក​តែ​មួយ​ជើង​ទេ ក្នុង​មួយ​សប្ដាហ៍។ ក៏​ប៉ុន្តែ​លោក​អះអាង​ថា យន្តហោះ​ក្រុមហ៊ុន​​ ជេស៊ី អ៊ិនធើណេសិនណល អ៊ែរឡាញ នេះ​បំពាន​បម្រាម​របស់​អាជ្ញាធរ​ចិន ទើប​ចិន​បញ្ជា​ឱ្យ​ហោះ​ត្រឡប់​វិញ ពេល​ទៅ​ដល់​ពាក់​កណ្ដាល​ផ្លូវ។ លោក​អះអាង​ទៀត​ថា ការណ៍​​ដែល​ចិន​មិន​ឱ្យ​ចូល​នេះ គឺ​មិន​មែន​ដោយសារ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ-១៩ ទេ។

គេហទំព័រ​សារ​ព័ត៌មាន ស៊ីអិនអ៊ី (CNE) សរសេរ​បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​ទី៣០ ខែ​មីនា មាន​អ្នក​ដំណើរ ៤នាក់ បាន​ស្នើសុំ​លុយ​ត្រឡប់​មក​វិញ ដើម្បី​រក​ទិញ​សំបុត្រ​យន្តហោះ​ដោយ​ខ្លួន​ឯង ចំណែក ២១នាក់​ទៀត បាន​ធ្វើ​ដំណើរ​តាម​ជើង​ហោះហើរ​លេខ CZ324 ពី​ភ្នំពេញ​ទៅ​ក្វាងចូវ (Guangzhou)។ រីឯ​អ្នក​ដំណើរ ១២១នាក់​ទៀត នៅ​តែ​រង់ចាំ​ធ្វើ​ដំណើរ​ជាមួយ​ជើង​ហោះហើរ​ពី​ភ្នំពេញ​ទៅ​ទីក្រុង​ឆេងឌូ​ដដែល។

ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង មាន​ប្រសាសន៍ ថា ប្រសិន​បើ​ករណី​នេះ គឺ​ជា​ការ​ពិត គឺ​ប្រហែល​ជា​អាជ្ញាធរ​ចិន មិន​ទុក​ចិត្ត​អ្នក​ដំណើរ​ពី​កម្ពុជា​ខ្លាច នាំ​មេរោគ​ចូល​ប្រទេស​របស់​ខ្លួន។ លោក​បន្ថែម​ថា ករណី​នេះ ក៏​ជា​ការ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ប្រឹងប្រែង​បន្ថែម​ទៀត​ក្នុង​វិធានការ​បង្ការ​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩ និង​ការ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ​នេះ​លើ មនុស្ស​ឲ្យ​បាន​ច្រើន​បំផុត ដើម្បី​ឲ្យ​ប្រទេស​នានា មាន​ទំនុក​ចិត្ត​ឡើង​វិញ៖ «ខ្ញុំ​យល់​ថា ការ​ដែល​គេ​ព្រួយ​បារម្ភ​ដោយសារ​គេ​អត់​ទាន់​មាន​ព័ត៌មាន​គ្រប់​គ្រាន់​អំពី​ការ​រីក​រាល​ដាល ឬ​មិន​រីក​រាល​ដាល ឬ​កម្រិត​នៃ​ការ​រីក​រាល​ដាល​នៃ​មេរោគ កូវីដ​នេះ​ច្បាស់លាស់​នៅ​កម្ពុជា។ បើ​គេ​ដឹង​អំពី​បញ្ហា​នេះ​ច្បាស់លាស់​នេះ​ប្រហែល​មិន​មាន​បញ្ហា​ទេ។ រឿង​ទី២ អាច​ថា ចិន​មាន​អ្នក ដែល​នាំ​ចូល​មេរោគ​នោះ​ជា​បន្ត​បន្ទាប់ ដួច្នេះ ហើយ​ប្រហែល​ជា​ចិន​ចង់​បិទ​លែង​ឲ្យ​មាន​ការ​នាំ​ចូល​មេរោគ​នេះ ដើម្បី​បង្ហាញ​ថា ចិន​លែង​មាន​អ្នក​ឆ្លង​ត​ទៅ​ទៀត​ហើយ»

ដោយឡែក​នៅ​ថ្ងៃ​ដដែល​នេះ ក្រសួង​សុខាភិបាល​កម្ពុជា ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ចំនួន ៤នាក់​បន្ថែម​ទៀត នៅ​ថ្ងៃ​ទី៣០ មីនា។ តួលេខ​នេះ ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ដល់ ១០៧នាក់ ខណៈ​អ្នក​ជា​សះ​ស្បើយ បាន​កើន​ឡើង​ដល់ ២៣នាក់។

សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ​បញ្ជាក់​ថា អ្នក​ឆ្លងថ្មីទាំង៤នាក់នោះ គឺ​មាន​បុរស​ជន​ជាតិ​ខ្មែរ អាយុ៣០ឆ្នាំ រស់នៅ​សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយប៉ែត ជា​បុគ្គលិក​នៅ​កាស៊ីណូ និង​ខារ៉ាអូខេ​មួយ​នៅ​ច្រក​ប៉ោយប៉ែត។ បុរស​រូប​នេះ ត្រូវ​បាន​ដាក់​ឲ្យ​ព្យាបាល​នៅ​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយ​មានជ័យ។ ករណី​មួយ​ទៀត គឺ​ជា​បុរស​ជន​ជាតិ​ខ្មែរ អាយុ៣៦ឆ្នាំ នៅ​ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្ត​កំពង់ចាម ដែល​ជា​អ្នក​ដំណើរ​ត្រឡប់​មក​ពី​ប្រទេស​ជប៉ុន មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី២៨ មីនា ឆ្នាំ២០២០។ បុរស​រូប​នេះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

ចំណែក​ករណី​ទី៣ គឺជា​ស្ត្រី​ខ្មែរ​អាយុ ២០ឆ្នាំ​ម្នាក់​ទៀត នៅ​សង្កាត់​អូរឫស្សី១ ខណ្ឌ៧មករា រាជធានី ភ្នំពេញ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។ ស្ត្រី​រូប​នេះ ជា​និស្សិត ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​អង់គ្លេស ដែល​មក​ដល់​កម្ពុជា នៅថ្ងៃទី២៨ មីនា។ ករណី​ទី៤ គឺ​ជា​បុរស​ជន​ជាតិ​បារាំង អាយុ៦១ឆ្នាំ នៅ​ទួល​ទំពូង ដែល​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ហ្គុយយ៉ាណា (Guyana )មកដល់​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី២២ ខែ​មីនា។ បច្ចុប្បន្ន បុរស​ជន​ជាតិ​បារាំង​រូប​នេះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។ ក្រសួង​ប្រកាស​ថា នឹង​បន្ត​ថា តាម​រក​អ្នក ពាក់​ព័ន្ធ​បន្ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល