សាសនិក​ឥស្លាម​ដែល​ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មី និង​ក្រុម​គ្រួសារ​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​រើសអើង

ដោយ ជីវិតា
2020-03-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គ្រូពេទ្យ​កំពុង​បូម​ឈាម​អ្នក​ជំងឺ​យក​ទៅ​ធ្វើតេស្ត​រក​មេរោគ​​វីរុស​កូរ៉ូណា ដែល​បង្ក​ជំងឺ​កូវីដ-១៩ (Covid-19)។
គ្រូពេទ្យ​កំពុង​បូម​ឈាម​អ្នក​ជំងឺ​យក​ទៅ​ធ្វើតេស្ត​រក​មេរោគ​​វីរុស​កូរ៉ូណា ដែល​បង្ក​ជំងឺ​កូវីដ-១៩ (Covid-19)។
រូប៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង (CDC)

ខណៈ​វីរុស​កូរ៉ូណា​ថ្មី​កំពុង​រាតត្បាត​នៅ​លើ​ពិភពលោក បញ្ហា​រើសអើង​ជាតិ​សាសន៍​ដោយសារ​មេរោគ​នេះ ក៏​កំពុង​កើន​ឡើង​ដែរ។

នៅ​កម្ពុជា ការ​រាតត្បាត​នៃ​វីរុស​ថ្មី​នេះ កំពុង​ធ្វើ​ឱ្យ​សហគមន៍​អ្នក​កាន់​សាសនា​ឥស្លាម ដែល​មាន​ប្រមាណ​ជិត ២ភាគ​រយ​នៃ​ចំនួន​ប្រជាជន​សរុប រង​ការ​រើសអើង និង​ការ​ប្រមាថ ទាំង​នៅ​លើ​អ៊ីនធើណិត និង​នៅ​តាម​មូលដ្ឋាន។

ក្នុង​តួនាទី​ជា​ប្រធាន​វិហារ នាកម៉ាតុលឡោះ បុរស​វ័យ ៧៥ឆ្នាំ ម្នាក់​បាន​ទៅ​ចូលរួម​ពិធី​សាសនា នៅ​ម៉ាឡេស៊ី និង​មក​ដល់​កម្ពុជា​វិញ កាល​ពី​ថ្ងៃទី៣ មីនា ដោយ​រំពឹង​ថា នឹង​នាំ​មក​នូវ​ធម៌​ល្អៗ ពី​ព្រះ​អាឡោះ​មក​អប់រំ​ដល់​ភូមិឋាន​របស់​លោក ដែល​មាន​អ្នក​កាន់​សាសនា​ឥស្លាម​ជាង ៣០០គ្រួសារ​ស្មើ​នឹង​ជិត​មួយ​ពាន់​ប្រាំ​រយ​នាក់៖ «គេ​និយាយ​ពី​រឿង​វិន័យ​ធម៌ ​ឱ្យ​យើង​​ធ្វើ​ល្អ​ចំពោះ​អាឡោះ ឱ្យ​យើង​ចេះ​ស្រឡាញ់​មនុស្ស​ដូច​គ្នា​។ មិន​ថា​មនុស្ស​សញ្ជាតិ​អី​ក៏​ដោយ​ យើង​ត្រូវ​ស្រឡាញ់​គ្នា​ ដូច​សម្ដេច​នាយក​បាន​និយាយ​ប្រាប់​ថា​ កុំ​ឱ្យ​មើល​ស្រាល​គ្នា។ ​យើង​វា​ជា​មនុស្ស យើង​ទាំងអស់​គ្នា​ត្រូវ​ចេះ​ស្រឡាញ់​គេ យើង​ចេះ​រាប់​អាន​គ្នា​ ចេះ​ជួយ​ទុក្ខ​ធុរៈ​គ្នា​ទៅ​វិញ​ទៅ​មក ទោះ​សាសនា​ណា​ក៏​ដោយ យើង​ជា​មនុស្ស​ទាំងអស់​គ្នា។ ពិសេស​សាសនា​ឥស្លាម ម៉េច​ក៏ដោយ​ឱ្យ​ចេះ​មើល​ការ​ខុស​ត្រូវ​គ្នា​ ចេះ​ជួយ​ទុក្ខ​ធុរៈ​គ្នា​ ពេល​មា​ន​អាសន្ន​ក្រ​មក​យើង​ត្រូវ​ជួយ​គ្នា»

លោក​មិន​បាន​ដឹង​ថា ពេល​ត្រឡប់​មក​វិញ លោក​បាន​នាំ​មក​វិញ​នូវ​ជំងឺ​ផ្លូវ​ដង្ហើម​កូវីដ១៩​​​ ដែល​បណ្ដាល​ឱ្យ​សហគមន៍​លោក​ភ័យ​តក់​ស្លុត​នោះ​ទេ។

មេដឹកនាំ​សាសនា​ឥស្លាម​​ក្នុង​ភូមិ​កំពង់ត្រឡាច​ក្រោម ស្រុក​កំពង់​ត្រឡាច​ ខេត្ត​កំពង់​ឆ្នាំង​រូប​នេះ ត្រូវ​បាន​ក្រសួង​សុខាភិបាល​រក​ឃើញ​ថា មាន​ផ្ទុក​ជំងឺ​កូវីដ១៩ កាល​ពី​ថ្ងៃ​ទី១៧ មីនា។

បុរស​ពីរ​នាក់​នៅ​ភូមិ​ពីរ​ផ្សេង​ទៀត ក្នុង​ស្រុក​កំពង់​ត្រឡាច​​ ដែល​បាន​ទៅ​ចូលរួម​កម្មវិធី​សាសនា​ឥស្លាម​នៅ​ម៉ាឡេស៊ី​ដែរ​នោះ ក៏​ត្រូវ​បាន​រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​នេះ​ដែរ។ បច្ចុប្បន្ន​អ្នក​ទាំង​បី​កំពុង​ស្ថិត​ក្រោម​ការ​តាមដាន​របស់​គ្រូ​ពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់​ត្រឡាច។

ពលរដ្ឋ​​ក្នុង​ភូមិ​កំពង់​ត្រឡាច​ក្រោម ចាប់​ផ្ដើម​​ភ័យ​ខ្លាច​ ក្រោយ​ពេល​ឃើញ​ដំណឹង​នៅ​លើ​បណ្ដាញ​សង្គម​ថា ប្រធាន​វិហារ នាកម៉ាតុលឡោះ មាន​ផ្ទុក​មេរោគ​នេះ។

ពលរដ្ឋ៖ ខ្លាច​ខ្លាំង​តែម្ដង​។ ជំងឺ​ហ្នឹង​វា​ទាន់​ហន់​ពេក។ ពលរដ្ឋ៖ លុយ​ខ្ញុំ ទៅ​មើល! ខ្ញុំ​បាញ់​អាល់កុល​ទទឹក​ជោគ​អស់

ពលរដ្ឋ​ភាគ​ច្រើន​នៅ​តាម​ដង​ផ្លូវ​នាំ​គ្នា​ពាក់​ម៉ាស់ និង​ចាប់​ផ្ដើម​បង្កើន​អនាម័យ​ផ្ទាល់​ខ្លួន៖

«ចែ ប្អូន មុន​ដំបូង​អត់​ភ័យ​ទេ ដល់ពេល​មាន​តា​សង្ឃរាជ​មួយ​ហ្នឹង​គាត់​ឆ្លង​ ពី​ប្រទេស​គេ​មក មាន​អារម្មណ៍​មួយ​ភ័យ​តែម្ដង។ ឧទាហរណ៍​បង​ប្អូន​ចាម​មក​ទិញ​ឥវ៉ាន់​អី​អ៊ីចឹង​ មាន​អារម្មណ៍​មួយ​ភ័យ ហើយ​មាន​អារម្មណ៍​មួយ​ថា ពាក់​ម៉ាស​ ហើយ​ទទួល​លុយ​គេ​ហើយ លាង​ដៃ​នឹង​សាប៊ូ លាង​ដៃ​នឹង​សាប៊ូ​ហើយ​យក​អាកុល។ ហើយ​ដល់​ពេល​ប៉ុណ្ណឹង​ហើយ​ បើ​នៅ​តែ​ឆ្លង​មិន​ដឹង​ធ្វើ​ម៉េច​ទេ»

អារម្មណ៍​​ភ័យ​ខ្លាច​សាសនិក​ឥស្លាម​​ចាប់​ផ្ដើម​កើត​មាន​​ឡើង​ ក្រោយពេល​អ្នក​ចូល​រួម​កម្មវិធី​សាសនា​​ឥស្លាម​នៅ​ប្រទេស​ម៉ាឡេស៊ី​​កាល​ពី​ចុង​ខែ​កុម្ភៈ ​​​ត្រូវ​បាន​ក្រសួង​សុខាភិបាល​ ​ធ្វើ​តេស្ត​រក​​ឃើញ​មេរោគ​វីរុស​កូរ៉ូណា​ថ្មី​ជា​បន្ត​បន្ទាប់​​ និង​ប្រកាស​ជា​សាធារណៈ​​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី១៥ មីនា ដោយ​ហៅ​ពួកគេ​ថា​ «ខ្មែរ​ឥស្លាម»

មនុស្សម្នា​ជា​ច្រើន​ចោទ​ថា សាសនិក​ឥស្លាម​ទាំង​នោះ​ជា​អ្នក​នាំ​មេរោគ ដែល​រាតត្បាត​យ៉ាង​លឿន​នេះ​ចូល​ស្រុក។

ប្រមាណ​មួយ​សប្ដាហ៍​ក្រោយ​មក បន្ទាប់​ពី​រង​ការ​រិះគន់ ចំពោះ​ការ​រំលេច​អត្តសញ្ញាណ​សាសនា​របស់​អ្នក​ជំងឺ ក្រសួង​សុខាភិបាល​បាន​ចាប់​ផ្ដើម​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​បញ្ជាក់​អត្តសញ្ញាណ​របស់​អ្នក​ជំងឺ ដោយ​បាន​កែប្រែ​ពី​ពាក្យ​ថា «ខ្មែរ​ឥស្លាម» មក​ជា​ពាក្យ​ថា «ជន​ជាតិ​ខ្មែរ» វិញ។

ក៏​ប៉ុន្តែ​​ វីដេអូ​ឃ្លីប​មាន​ខ្លឹមសារ​​រើសអើង​ និង​ប្រមាថ​លើ​ក្រុម​អ្នក​កាន់សាសនា​ឥស្លាម ត្រូវ​បាន​បង្ហោះ និង​ចែក​ចាយ​យ៉ាង​លឿន​ ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​(Facebook) បាត់​ទៅ​ហើយ។

ពាក្យ​ពេចន៍​រិះគន់ ជេរ​ប្រមាថ​ជា​ច្រើន​បាន​សំដៅ​ទៅ​លើ​ក្រុម​ជន​ជាតិ​ភាគ​តិច​ចាម ដែល​ភាគ​ច្រើន​កាន់​សាសនា​ឥស្លាម។ ជន​ជាតិ​ចាម និង​ជន​ជាតិ​ខ្មែរ​កាន់​សាសនា​ឥស្លាម​ជា​ច្រើន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត និង​ព្រួយបារម្ភ នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​តាម​សារ​ឯកជន​របស់​ពួក​គេ៖ «អើយ​អញ! អត់​បាយ​ហើយ ដឹង​ថា អត់​បាយ​អត់​លុយ​ចាយ​ហើយ​តែ​ប៉ុណ្ណឹង។ ខ្មែរ និង​ចិន [អ្នក​កាត់​ចិន​រស់​នៅ​លើ​ទឹក​ដី​ខ្មែរ] ស្អប់​ចាម។ ធ្វើ​យ៉ាង​ម៉េច​ទៅ? ផ្អើល​ថា ចាម (ឆ្លង​ជំងឺ​កូវីដ១៩) អ៊ីចឹង​ហើយ ពួក​លក់​ឥវ៉ាន់​ឃើញ​ចាម ខ្ញុំ​ទៅ វា​ពាក់​ម៉ាស ហើយ​យក​កូន​ទៅ​បិទ (ពាក់) ម៉ាស។ ខ្ញុំ​ថា អត់​ចង់​និយាយ​ទេ។ គេ​ថា​ចាម​ដើរ​ចម្លង (ជំងឺកូវីដ១៩) ដល់​គេ។ វា (ពួក​ចាម) កើត តែ​វា​មិន​ឱ្យ​គេ (ពេទ្យ) ពិនិត្យ។ ស្អី​ទេ​ហើយ

អ្នក​ផ្ទុក​វីរុសកូរ៉ូណា​ទាំង ៣នាក់​នៅ​ស្រុក​កំពង់​ត្រឡាច​ សុទ្ធ​តែ​យល់​ថា​ ការ​ចែក​ចាយ​ព័ត៌មាន​​មិន​ពិត​ និង​ពាក្យ​ចចាមអារ៉ាម​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​​យល់​ខុស​ និង​បង្ក​ឱ្យ​មាន​ការ​រើសអើង​ពូជសាសន៍។

អ្នក​ស្និទ្ធ​នឹង​ប្រធាន​វិហារ នាកម៉ាតុលឡោះ លើក​ឡើង​ថា មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​នៅ​ជុំវិញ​ករណី​ប្រធាន​វិហារ​ដែល​ផ្ទុក​មេ​រោគ​នេះ៖ «អ្នក​ខ្លះ​ថា គាត់​ស្លាប់​ហើយ»

កូន​ប្រុស​ម្នាក់​ក្នុង​ចំណោម​កូន ៨នាក់​របស់​ប្រធាន​វិហារ នាកម៉ាតុលឡោះ ថ្លែង​ថា នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កំពង់​ត្រឡាច​បានស្រង់ឈ្មោះសាច់ញាតិជិតដិតចំនួន១៨នាក់របស់ប្រធានវិហារ ក្នុង​នោះ ៥នាក់ បាន​ធ្វើ​តេស្ត ហើយ​លទ្ធផល​បង្ហាញ​ថា អវិជ្ជមាន ប៉ុន្តែ​

ឈ្មោះ​សាច់​ញាតិ​របស់​លោក​ទាំង ១៨នាក់ ត្រូវ​បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុកនៅ​ថ្ងៃ​ទី១៩ ខែ​មីនា បង្ក​ឱ្យ​មាន​ការ​យល់​ច្រឡំ​ថា ពួក​គេ​ក៏​មាន​ផ្ទុក​មេរោគ​នេះ​ដែរ។

លោក​បាន​ទាមទារ​ឱ្យ​អធិការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ធ្វើ​ការ​បក​ស្រាយ​តាម​ទំព័រ​ហ្វេសប៊ុក​ថា ពួក​គេ​ទាំង ១៨នាក់​មិន​មែន​ជា​អ្នក​ផ្ទុក​នោះ​ទេ។

នៅ​ថ្ងៃ​ដដែល ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង​បាន​​ចេញ​ផ្សាយ​សេចក្ដី​ប្រកាស​ព័ត៌មាន​​​ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ ​ដោយ​បក​ស្រាយ​ថា៖ «ព័ត៌មាន​នេះ​ពុំ​មែន​ជា​ព័ត៌មាន​ពិត​នោះ​ទេ គឺ​ជា​ព័ត៌មាន​ក្លែង​ក្លាយ​ ដែល​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​ភ្ញាក់​ផ្អើល​ ភ័យ​ខ្លាច​ និង​ធ្វើ​ឱ្យ​មាន​ភាព​ចលាចល​ក្នុង​មូលដ្ឋាន»

ប៉ុន្តែ​​អ្នក​ភូមិ​មួយ​ចំនួន​នៅ​តែ​ជឿ​ថា សមាជិក​ក្នុង​គ្រួសារ​របស់​លោក​ប្រធាន​វិហារ នាកម៉ាតុលឡោះ មាន​ផ្ទុក​មេរោគ​នេះ ទោះ​ជា​មាន​ការ​បញ្ជាក់​ពី​អាជ្ញាធរ​ក្ដី។

កូន​ប្រុស​​អ្នក​គ្រប់គ្រង​វិហារ នាក់ម៉ាតុលឡោះ រៀបរាប់​ថា ក្រុម​គ្រួសារ​លោក​បាន​រង​ការ​រើសអើង​ និង​ប្រមាថ ក្រោយ​ពេល​​ព័ត៌មាន​ក្លែងក្លាយ​នោះ ត្រូវ​បាន​ផ្សព្វផ្សាយ​​ព្រោងព្រាត​នៅ​លើ​បណ្ដាញ​សង្គម៖ «ពី​មុន​មក ធ្លាប់​ថា សួរនាំ ទិញ​ដូរ​អី ឥឡូវ​យើង​ទៅ​ទិញ គេ​ថា អត់​មាន របស់​ដែល​មាន​គេ​ថា អត់​មាន។ គេ​មិន​លក់​ឱ្យ​យើង​តែ​ម្ដង។ ពេល​ឃើញ​ជន​ជាតិ​ឥស្លាម គេ​ខ្លះ អូ! ជន​ជាតិ​ឥស្លាម​មក​ហើយ យក​ម៉ាស​បិទ»

លោក​ថ្លែង​ថា ការ​រើសអើង​គ្នា​នេះ​ក៏​កើត​ឡើង​រវាង​អ្នក​កាន់​សាសនា​ឥស្លាម​ដូច​គ្នា​ផង​ដែរ។

អាជីវករ​វ័យ ៥០ឆ្នាំ លោក​ គឹម ឆាយ​ហាក់ ដែល​មាន​ជំនឿ​លើ​ពុទ្ធសាសនា​រស់​នៅ​ភូមិ​កំពង់​ត្រឡាច​ក្រោម មាន​ប្រសាសន៍​​​ថា លោក​មិន​រើស​អើង​សាសនិក​ឥស្លាម​ដែល​មក​ទិញ​ទំនិញ​លោក​ទេ​​​ តែ​លោក​ត្រូវ​​បង្កើន​ការ​ប្រុង​ប្រយ័ត្ន៖ «នៅ​តែ​លក់​ធម្មតា។ អត់​មាន​ទៅ​ប្រកាន់​អី​ទេ។ ឱ្យ​តែ​គេ​ទិញ លក់​ធម្មតា»

ថ្លែង​ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២១ មីនា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ប្រាក់ វ៉ុន  បាន​អំពាវនាវ​កុំ​ឱ្យ​ពលរដ្ឋ​រើសអើង​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា និង​ក្រុម​គ្រួសារ​របស់​ពួក​គេ៖ សូម​កុំ​ឱ្យ​មាន​ការ​ភ័យ​ព្រួយ​ ភ័យ​បារម្ភ​ច្រើន​ពេក និង​រើស​អើង​ចំពោះ​អ្នក​ផ្ទុក ឬ​ក៏​ភ័យ​ឆោឡោ​ពេក ពីព្រោះ​ជំងឺ​នេះ​គ្រាន់​តែ​វា​ចម្លង​លឿន។ ប្រជា​ជន​ទាំងអស់​អត់​ចង់​ឈឺ​ទេ។

ប៉ុន្តែ​អ្នក​ជំងឺ​វ័យ ៣៦ឆ្នាំ ដែល​កំពុង​ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​ស្រុក​កំពង់​ត្រឡាច​រៀបរាប់​ថា ការ​រើសអើង​នេះ​បាន​កើត​ឡើង​ក្នុង​មន្ទីរពេទ្យ​តែ​ម្ដង៖ ថ្ងៃ​មុន​នៅ​ក្នុង​មន្ទីរពេទ្យ ក្នុង​នេះ​ផ្ទាល់ ប្រពន្ធ​ខ្ញុំ​មក​ធ្វើ​ការ​ពិនិត្យ​កំហាក ហើយ​ដល់​ពេល​មក មាន​អ្នក​លក់​ទឹក​នៅ​ក្នុង​ហ្នឹង ដល់​ពេល​គាត់​ទៅ គេ​ថា អត់​មាន​លក់​ទេ។ ហើយ​គេ​រង់ចាំ​តាំង​ពី​ម៉ោង ១កន្លះ​រហូត​ដល់​ពិនិត្យ​ហើយ​ជិត​ម៉ោង៥។ ទឹក​មួយ​ដប​ហ្នឹង​គេ​អត់​លក់​ឱ្យ​ទេ។ គេ​សុខ​ចិត្ត​បិទ ដល់​ពេល​អ្នក​ផ្សេងៗ គេ​បើក​លក់»

អាជីវករផ្សារសាលាលេខ៥ក្នុងខេត្តកំពង់ឆ្នាំងម្នាក់ ដែល​ជា​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា បន្ទាប់​ពី​វិល​ត្រឡប់​ពី​ម៉ាឡេស៊ី​ដែរ​នោះ ប្រាប់​ថា លោក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​អ្នក​ផ្ទុក​មេរោគ​នេះ តាំង​ពី​មុន​ពេល​ចេញ​លទ្ធផល​តេស្ត​មក​ម្ល៉េះ៖ «ថ្ងៃ​ដែល​ខ្ញុំ​មក​ធ្វើតេស្ត​ហ្នឹង មាន​អ្នក​យក​រូប​ខ្ញុំ​ទៅ​បំផុស​បំផុល​បាត់​ហើយ។ ការ​ដែល​ខ្ញុំ​អត់​ទាន់​លទ្ធផល​អ៊ីចឹង។ កាល​ដែល​លទ្ធផល​គេ​អត់​ទាន់​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​មាន​ផ្ទុក​ឬ​ក៏​អត់ ពេល​ដែល​ខ្ញុំ​ពិនិត្យ​ហើយ ប្រហែល​ជា​មួយ​ម៉ោង​រូប​ខ្ញុំ ដែល​កំពុង​អង្គុយ​ឱ្យ​គេ​ពិនិត្យ​ហ្នឹង គេ​លួច​ថត​ពី​ក្នុង​បង្អួច​ហ្នឹង​យក​ទៅ​បង្ហោះ​យក​ទៅ បាញ់​ចូលgroupអី​ឱ្យ​គេ​មើល​តៗ ថា ក្មេង​ម្នាក់​ហ្នឹង មាន​ផ្ទុក។ ខ្ញុំ​វា​ល្បី​តាំង​ពី​មុន​ចេញ​លទ្ធផល​បាត់​ទៅ​ហើយ។

បុរស​វ័យ ២៨ឆ្នាំ​រូប​នេះ ស្នើ​ឱ្យ​ពលរដ្ឋ​បញ្ឈប់​ការ​សន្និដ្ឋាន​ទុក​ជា​មុន​លើ​ស្ថានភាព​សុខភាព​របស់​អ្នក​ជំងឺ​ និង​ស្នើ​សុំ​ឱ្យ​បញ្ឈប់​ការ​រើសអើង​ចំពោះ​​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​ពួកគេ៖ គាត់​មិន​មែន​រើសអើង (ត្រឹមតែ) បុគ្គល​ដូច​ជា​ខ្ញុំ ដែល​មាន​ផ្ទុក​ទេ។ គាត់​រើសអើង​ទាំង​អ្នក​ដែល​គេ​អត់​ដឹង​អី​សោះ។ អ្នក​ដែល​នៅ​ភូមិ​ជា​មួយ​ខ្ញុំ​អ្នក​នៅ​ក្បែរ​ខ្ញុំ អ្នក​ដែល​គ្រួសារ​គេ​អត់​មាន​បញ្ហា​អី​សោះ​ក៏​គាត់​រើសអើង​ដែរ។ ខ្ញុំ​មាន​អារម្មណ៍​សង្គម​ខ្មែរ​យើង ដូច​វា​ជ្រុល​ពេក វា​ភ័យ​ខ្លាច​ជ្រុល​ពេក។ បើ​គាត់​ភ័យ​ខ្លាច គាត់​ការពារ​ចុះ។ គាត់​សម្អាត​ខ្លួន​ប្រាណ​គាត់។ គាត់​ប្រើ​ម៉ាស​ប្រើ​អី ពេល​ដែល​គាត់​ទៅ​ណា​អី គាត់​ការពារ​ក្រុម​គ្រួសារ​គាត់​ទៅ តែ​សូម​កុំ​រើសអើង»

ក្រុម​មេ​ដឹក​នាំ​រដ្ឋាភិបាល បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចៀសវាង​ការ​ស្អប់​ខ្ពើម​អ្នក​កាន់​សាសនា​ឥស្លាម ក្រោយ​មាន​ការ​វាយ​ប្រហារ​ជា​ពាក្យ​សម្ដី លើ​សាសនិក​ឥស្លាម​នៅ​កម្ពុជា​ជា​បន្តបន្ទាប់៖ «សម្ដេច​តេជា​បាន​ណែនាំ​តាំង​ពី​ដើម​មក​ថា យើង​មិន​ត្រូវ​បែង​ចែក​ខ្មែរឥស្លាម ខ្មែរ​នេះ​ខ្មែរ​នោះ​ទេ គឺ​បង​ប្អូន​ខ្មែរ ហើយ​យើង​បាន​ផ្សាយ​អ៊ីចឹង​ហើយ។ ក្នុង​សេចក្ដី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​ទៅ​ខេត្ត​ហ្នឹង ក៏​បាន​បញ្ជាក់​ចំណុច​នេះ​ផង​ដែរ គឺ​ថា​មិន​ត្រូវ​រើសអើង​នោះ​ទេ ហើយ​មិន​មែន​ត្រឹមតែ​ខ្មែរ​ឥស្លាម​ទេ ជន​ជាតិ​ណា​ក៏​ដោយ ដែល​មក​ដល់​កម្ពុជា ហើយ​ជួប​បញ្ហា​ហ្នឹង យើង​ក៏​មិន​ត្រូវ​រើសអើង​ដែរ»

រដ្ឋាភិបាល​ក៏​បាន​បង្កើន​ការ​រឹតត្បិត​លើ​បណ្ដាញ​សង្គម​ចំពោះ​ការ​ចែកចាយ​ព័ត៌មាន​ណា ដែល​ពួក​គេ​ចាត់​ទុក​ថា​ជា​ព័ត៌មាន «មិន​ពិត» ពាក់ព័ន្ធ​នឹង​ការ​រាតត្បាត​មេរោគ​កូរ៉ូណា​ថ្មី​ផង​ដែរ សូម្បីតែ​សារ​នោះ​ជា​សារ​ឆ្លើយ​ឆ្លង​ឯកជន​ក៏​ដោយ។

គិត​ត្រឹម​ថ្ងៃ​ទី២៣ មីនា ការ​បង្ក្រាប​បែប​នេះ​មាន​យ៉ាង​តិច ១៦ករណី​ហើយ យោង​តាម​ការ​តាមដាន​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ។

ពី​បន្ទប់​ព្យាបាល​នៃ​មន្ទីរពេទ្យ​ស្រុក​កំពង់ត្រឡាច ប្រធាន​វិហារ នាកម៉ាតុលឡោះ ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា តាំង​ពី​ពេល​លោក​វិល​ត្រឡប់​ពី​ម៉ាឡេស៊ី​នៅ​ថ្ងៃ​ទី៣ ខែ​មីនា រហូត​មក​ដល់​ពេល​នេះ សុខភាព​លោក​មាន​ភាព​ប្រក្រតី៖ «សុខភាព​មិន[អី]ទេ សុខសប្បាយ​ទេ​ អត់​មាន​អី​ទេ អត់​មាន​ឈឺ​អី​ទេ​ អត់​មាន​ឈឺ​អី​ទេ អត់​ទេ។ ធម្មតា​ហ្នឹង​ហើយ ស៊ីបាយ​ម្ង៉ៃ​ពីរបី​ពេល​។ ស៊ី​បាយ​រួច​ដេក ស៊ីបាយ​ឡើង​គីឡូ​អស់​ហើយ អត់​មាន​អី​ទេ​ឥឡូវ​ហ្នឹង​។ គេ​មាន​ក្ដៅ​មាន​ត្រជាក់​ មាន​រងា​មាន​ឈឺ​ចាប់​មាន​​អី។ ឡិន (ខ្ញុំ) ទទេ អត់​មាន​អី​ទេ។ ឡិន​មិន​​ដឹង​ដែរ​។ សួរ​ថា​​មក​ធ្វើ​តេស្ត​ឡិន​ម្ដង​ទៀត​ទេ គេ​ថា​ អត់​ធ្វើ​ទេ គេ​ធ្វើ​តែម្ដង​ហើយ។ គេ​គ្រាន់​តែ​តាមដាន​យើង​ទៅ ថ្ងៃ​ណា​ស្រួល គេ​ឱ្យ​​យើង​ទៅ​ផ្ទះ​វិញ​ហើយ​ហ្នឹង»

អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​ពីរ​នាក់​ផ្សេងទៀត​ ប្រាប់​ថា ពួកគេ​ក៏​​មិន​ឃើញ​​មាន​អាការៈ​អ្វី​គួរ​ឱ្យ​កត់​សម្គាល់​ទេ ចាប់​តាំង​ពី​វិល​ត្រឡប់​ពី​ពិធី​សាសនា​នៅ​ម៉ាឡេស៊ី​មក​​កម្ពុជា​វិញ។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់​ឆ្នាំ​ង ​លោក ប្រាក់ វ៉ុន ប្រាប់​អាស៊ី​សេរី​​ថា អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ទាំង​បី​នាក់​​នៅ​ខេត្ត​កំពង់ឆ្នាំង​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ​ពី​ពេទ្យ​នៅ​ពេល​ណា​លទ្ធផល​តេស្ត​បង្ហាញ​ថា ពួក​គេ​លែង​មាន​ផ្ទុក​មេរោគ​នេះ។

ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ស្ដីពី​ផល​ប៉ះពាល់​នៃ​ជំងឺ​កូវីដ ១៩ លើ​សហគមន៍​ខ្មែរ​ឥស្លាម នៅថ្ងៃទី២១ មីនា ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស លោក អូស្មាន ហាស្សាន់ មាន​ប្រសាសន៍​ថា  ខ្មែរ​ឥស្លាម​ដែល​បាន​ទៅ​ចូលរួម​ពិធី​សាសនា នៅ​ប្រទេស​ម៉ាឡេស៊ី​ចំនួន ៧៩នាក់មកពី ៩ រាជធានី-ខេត្ត​នោះ បាន​ទៅ​ធ្វើ​តេស្ត​រួចរាល់​អស់​ហើយ  ហើយ​ក្នុងចំណោមអ្នកទាំង៧៩ មាន​មនុស្ស ២៣នាក់ បាន​ឆ្លង​ជំងឺកូវីដ១៩ ហើយបានចម្លងទៅមនុស្ស៥នាក់ទៀត។

ទោះ​មាន​ការ​អំពាវ​នាវ​ឱ្យ​បញ្ឈប់​ការ​រើសអើង​សាសនិក​ឥស្លាម និង​ជនជាតិ​ចាម​ក្ដី ភាព​ភ័យ​ខ្លាច​របស់​ពលរដ្ឋ​ក្នុង​សហគមន៍​ហាក់​មិន​ងាយ​នឹង​រសាយ​ទៅ​វិញ​ឡើយ នៅ​ពេល​នេះ​ ត្បិត​ជំងឺកូវីដ១៩ នៅ​តែ​បន្ត​រាតត្បាត។

សម្រាប់​អ្នក​ភូមិ​កំពង់​ត្រឡាច​ក្រោម ដែល​មាន​ផ្ទះ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​វិហារ នាកម៉ាតុលឡោះ គ្មាន​អ្នក​ណា​ដឹង​ថា ពេល​ណា​ពួក​គេ​អាច​មាន​អារម្មណ៍​សុវត្ថិភាព​វិញ​ឡើយ។

អ្នក​ភូមិ​ស្នើ​ឱ្យ​​អាជ្ញាធរ​មូលដ្ឋាន ​ចុះ​បាញ់​ថ្នាំ​សម្រាប់​មេរោគ​ក្នុង​ភូមិ​ដែល​មាន​អ្នក​ជំងឺ​កូវីដ១៩ បន្ថែម​ពីលើ​ការ​ចុះ​អប់រំ​ផ្សព្វផ្សាយ​ពី​បញ្ហា​អនាម័យ ដើម្បី​កាត់​បន្ថយ​​អារម្មណ៍​ភ័យ​ខ្លាច។

គឹម ឆាយហាក់៖ រដ្ឋាភិបាល​គួរ​យក​ចិត្ត​ទុក​ដាក់​ជួយ​បញ្ជូន​ពេទ្យ​ចុះ​មក ឬ​ក៏​បាញ់​ថ្នាំ​ការពារ។ មុន​ហ្នឹង​ឃើញ​ឡាន​មន្ទីរពេទ្យ​បង្អែក​ស្រុក​ចុះ​មក គាត់​បាន​ប្រកាស​តាម​មេក្រូ​ពី​អនាម័យ ១០ចំណុច​ឃើញ​អ៊ីចឹង។ អត់​ឃើញ​អី​ទៀត ព្រោះ​ខ្ញុំ​ឮ​សូរ​តែ​ប៉ុណ្ណឹង។ ចង់​ឱ្យ​មាន​ការ​ចុះ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​តាម​ភូមិ ដែល​ផ្ទុះ​ជំងឺ​ហ្នឹង

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល