​ការ​ឆ្លង​មេរោគ​បង្ក​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី ហៅ​ថា កូវីដ-១៩ នៅ​​​តែ​មាន​សន្ទុះ​នៅ​ឡើយ​ទេ

ដោយ សុជីវី
2020-02-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបតំណាង​មេរោគបង្ក​ជំងឺ កូវីដ១៩
រូបតំណាង​មេរោគបង្ក​ជំងឺ កូវីដ១៩
AFP

សភាព​វឹកវរ​នៃ​ការ​ឆ្លង​រាតត្បាត​មេរោគ​បង្ក​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី ហៅ​ថា កូវីដ-១៩ នៅ​មិន​ទាន់​ថមថយ​សន្ទុះ​នៅ​ឡើយ​ទេ នៅ​លើ​ពិភព​លោក​យើង​នេះ។

គិត​មក​ដល់​ល្ងាច​​ថ្ងៃ​ទី១៧ ខែ​កុម្ភៈ​នេះ អ្នក​ឆ្លង​មេរោគ​បង្ក​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី ហៅ​ថា កូវីដ-១៩ នៅ​ទូទាំង​ពិភពលោក បាន​កើន​ឡើង​ចំនួន​ជាង ២ពាន់ ៥រយ​នាក់ (.៥៤៣នាក់) ថែម​ទៀត។ តួលេខ​នេះ គឺ​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ទូទាំង​ពិភព​លោក ឡើង​ដល់​ជាង ៧ម៉ឺន ១ពាន់​នាក់ (៧១.៨១០-៦៩.២៦៧)។ ទន្ទឹម​គ្នា​នឹង​ការ​ឆ្លង​នៅ​ឡើង ចំនួន​អ្នក​ស្លាប់ ក៏​ឡើង​ដល់​ជាង ១ពាន់ ៧រយ​នាក់ (.៧៧៥​នាក់) ដែរ ក្នុង​រយៈ​ពេល ២៤​ម៉ោង​កន្លង​មក។ ចំនួន​នេះ គឺ​កើន​លើស​តួលេខ​ពី​ថ្ងៃ​ម្សិលមិញ​ចំនួន ១០៥នាក់។ រីឯ​អ្នក​ជំងឺ​ដែល​បាន​ព្យាបាល​ជា​សះ​ស្បើយ​វិញ មាន​ចំនួន​ជាង ១ម៉ឺន ១ពាន់​នាក់​ដែរ (១១.២៥៨​នាក់) គឺ​លើស​ថ្ងៃ​ម្សិលមិញ​ចំនួន​ជិត ១ពាន់ ៤រយ​នាក់ (.៣៩៤​នាក់)

មេរោគ​បង្ក​ជំងឺ កូវីដ-១៩ បន្ត​រាលដាល​ខ្លាំង​នៅ​ប្រទេស​ចិន ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ឆ្លង​ថ្មី​ចេះ​តែ​កើន​ឡើង​ជា​លំដាប់។ ក្រៅ​ពី​ប្រទេស​ចិន មាន​ប្រទេស​យ៉ាង​ហោច ៤ទៀត គឺ​ប្រទេស​សិង្ហបុរី ជប៉ុន ថៃ និង​កូរ៉េ​ខាង​ត្បូង ក៏​មាន​អ្នក​ឆ្លង​ថ្មី​ចន្លោះ​ពី​ម្នាក់ ទៅ ៨នាក់​ដែរ។ ដោយ​ឡែក​នៅ​លើ​កប៉ាល់​ឈ្មោះ ដាយមិនដ៍ ព្រិនសេស (Diamond Princess) ដែល​ចូល​ចត​នៅ​កំពង់ផែ នា​ទីក្រុង​យូកូហាម៉ា (Yokoham) ប្រទេស​ជប៉ុន​វិញ តួលេខ​អ្នក​ឆ្លង​មេរោគ​បង្ក​ជំងឺ កូវីដ-១៩ បាន​ឡើង​ចំនួន​ដល់ ៣៦៩នាក់។

ទាក់ទង​នឹង​​ប្រទេស​កម្ពុជា នៅ​មិន​ទាន់​​មាន​សេចក្ដីរាយការណ៍​អំពី​ករណី​ឆ្លង​ថ្មី​ទេ បន្ទាប់​ពី​ករណី​ចុង​ក្រោយ​មួយ ដែល​អាជ្ញាធរ​សុខាភិបាល​ម៉ាឡេស៊ី​រក​ឃើញ​លើ​ជនជាតិ​អាមេរិកាំង​ម្នាក់ ធ្វើ​ដំណើរ​តាម​កប៉ាល់ Westerdam ហើយ​ក្រោយ​មក ហោះ​ចេញ​ពី​កម្ពុជា កាល​ពី​ថ្ងៃ​ទី១៥ កុម្ភៈ​នោះ។ ក្រោយ​ពី​មាន​ករណី​នេះ មាន​អ្នក​ជំនាញ​សុខាភិបាល និង​អ្នក​វិភាគ​សង្គម​មួយ​ចំនួន មាន​មន្ទិល​លើ​ប្រព័ន្ធ​ពិនិត្យ​សុខភាព​របស់​កម្ពុជា ក្នុង​ការ​រក​មេរោគ​បង្ក​ជំងឺ កូវីដ-១៩ នេះ។ ជា​ពិសេស អ្នក​ដំណើរ​នៅ​កប៉ាល់ Westerdam ដែល​កម្ពុជា​ឱ្យ​ចូល​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ។

ការ​មាន​មន្ទិល​ចំពោះ​អ្នក​ដំណើរ​លើ​កប៉ាល់ Westerdam នេះ ត្រូវ​បាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​កម្ពុជា បញ្ជាក់​ថា ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​វីរុស​បង្ក​ជំងឺ កូវីដ១៩ នេះ ត្រូវ​បាន​វាយ​តម្លៃ​ថា មាន​កម្រិត​ទាប ព្រោះ​ទី១ ភ្ញៀវ​ទេសចរ ដែល​បាន​ធ្វើ​ដំណើរ​ពី​ចិន​ដី​គោក ហុងកុង ម៉ាកាវ ឬ​ឆ្លងកាត់​ ឬ​បាន​ប៉ះពាល់​ជា​មួយ​ករណី​សង្ស័យ ឬ​ករណី​បញ្ជាក់​ពី​មន្ទីរ​ពិសោធ​ថា មាន​វីរុស​កូរ៉ូណា ២០១៩ ដែល​បច្ចុប្បន្ន​ហៅ​ថា ជំងឺ​កូវីដ១៩ (COVID-19) ឬ​អ្នក​ដែល​កំពុង​ស្ថិត​ក្រោម​ការ​តាម​ដាន​រក​វីរុស​នេះ ក្នុង​អំឡុង​ពេល ១៤ថ្ងៃ​មុន មុន​ពេល​កប៉ាល់​ចេញ​ដំណើរ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឡើង​ជិះ​លើ​កប៉ាល់​នេះ​ឡើយ។ ម្យ៉ាង​ទៀត វិញ្ញាបនបត្រ​សុខភាព​សមុទ្រ ដែល​អាជ្ញាធរ​កំពង់ផែ​បាន​ទទួល ចង្អុល​បង្ហាញ​ថា មាន​មនុស្ស​ចំនួន ២០នាក់ មាន​រោគសញ្ញា​ផ្លូវ​ដង្ហើម​ស្រាល ឬ​រោគ​សញ្ញា​នៃ​ជំងឺ​ក្រពះ​ពោះ​វៀន។ ដូច្នោះ​ហើយ ក្រសួង​សុខាភិបាល​បាន​សម្រេច​ចិត្ត​ធ្វើតេស្ត​វត្ថុ​វិភាគ​ភ្លាមៗ សម្រាប់​អ្នក​ទាំង ២០នាក់​នោះ។ លទ្ធផល​ធ្វើតេស្ត​ពី​មន្ទីរ​ពិសោធន៍ សម្រាប់​មនុស្ស​ទាំង ២០នាក់​នេះ គឺ​អវិជ្ជមាន។ ចំណុច​មួយ​ទៀត ទម្រង់​បែបបទ​ប្រកាស​សុខភាព ដែល​ប្រមូល​បាន​ពី​អ្នក​ដំណើរ និង​នាវិក​ទាំង​អស់ មិន​បាន​រក​ឃើញ​ថា មាន​អ្នក​ឈឺ​ផ្សេង​ទៀត​ទេ។ មុន​ពេល​ឱ្យ​អ្នក​ដំណើរ​ចាក​ចេញ​ពី​កប៉ាល់ មាន​ការ​ត្រួត​ពិនិត្យ និង​យក​សីតុណ្ហភាព និង​មិន​មាន​អ្នក​ដំណើរ​ណា​មួយ​មាន​គ្រុន​ក្ដៅ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល