អ្នក​ដំណើរ​នៅ​ក្នុង​នាវា​​ដែល​មាន​ផ្ទុក​ជំងឺ​កូវីដ​-១៩ ត្រូវ​បាន​ដាក់​ឱ្យ​ស្នាក់​នៅ​​រួម​គ្នា​នៅ​កំពង់ចាម

ដោយ ហេង រស្មី
2020-03-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
​នាវា វីគីង គ្រូសជ្យូណី (Viking Cruise Journey) ដឹកអ្នក​ទេសចរ​ពី​ប្រទេស​វៀតណាម មក​សំចត នៅ​ខេត្ត​កំពង់ចាម។
​នាវា វីគីង គ្រូសជ្យូណី (Viking Cruise Journey) ដឹកអ្នក​ទេសចរ​ពី​ប្រទេស​វៀតណាម មក​សំចត នៅ​ខេត្ត​កំពង់ចាម។
រូប​ពី​ហ្វេសប៊ុក​ក្រសួង​សុខាភីបាល

អ្នក​ដំណើរ​នៅ​លើ​នាវា​ទេសចរណ៍​មួយ​គ្រឿង​ឈ្មោះ វ៉ាយឃីង គូ្រស ជ្យូណី (Viking Cruise Journey)​ បាន​ដាក់​ឱ្យ​នៅ​ក្នុង​សណ្ឋាគារ​មួយ​រួម​គ្នា​នៅ​ក្នុង​ខេត្ត​កំពង់ចាម ក្រោយ​ពី​បាន​រក​ឃើញ​ជនជាតិ​អង់គ្លេស​បី​នាក់​មាន​ផ្ទុក​ជំងឺ​កូវីត១៩។

អ្នក​សម្របសម្រួល​អង្គការ​អាដហុក (Adhoc) ប្រចាំ​ខេត្ត​កំពង់ចាម​អ្នកស្រី ធីម ណារីន​ ប្រាប់​អាស៊ីសេរី​ថា អ្នក​ដំណើរ និង​បុគ្គលិក​បម្រើ​ការ​នៅ​ក្នុង​នាវា​ទេសចរណ៍​សរុប​ទាំងអស់​ចំនួន​ជាង ៦០នាក់​បាន​ដាក់​ឱ្យ​ស្នាក់​នៅ​រួមគ្នា​ក្នុង​សណ្ឋាគារ​មេគង្គ ដែល​មាន​ទីតាំង​នៅ​តាម​បណ្ដោយ​មាត់​ទន្លេ ក្នុង​ក្រុង​កំពង់ចាម ក្រោយ​ពី​មាន​អ្នក​ទេសចរ​ចំនួន​បី​នាក់​បាន​រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​កូវីដ១៩៖ «តាម​ព័ត៌មាន​ម្សិលមិញ​ប្រាប់​មក​ថា មាន​ពីរ​នាក់​ទៀត ប៉ុន្តែ​អត់​ទាន់​មាន​អ្នក​ណា​អះអាង​ច្បាស់​លាស់​ទេ​ តែ​ព័ត៌មាន​ចេញ​មក​ថា គេ​រក​ឃើញ​ពីរ​នាក់​ទៀត​ត្រូវ​បាន​គេ​លាក់ ហើយ​គេ​អត់​ឱ្យ​យើង​និយាយ​ទៀត»

កាល​ពី​ថ្ងៃ​ទី​១២ មីនា ម្សិលមិញ ក្រសួង​សុខាភិបាល រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ពីរ​ករណី​បន្ថែម​ទៀត ​ក្នុង​ចំណោម​អ្នក​ដំណើរ និង​បុគ្គលិក​បម្រើ​ការងារ​លើ​នាវា​នេះ​ចំនួន ៦៤នាក់ ដែល​ធ្វើ​ដំណើរ​តាម​នាវា​ទេសចរណ៍​មួយ​គ្រឿង​ឈ្មោះ វ៉ាយឃីង គូ្រស ជ្យូណី (Viking Cruise Journey) ដែល​ចាក​ចេញ​ពី​ប្រទេស​វៀតណាម ហើយ​បាន​ចូល​ចត​នៅ​ទី​រួម​ខេត្ត​កំពង់ចាម។ អ្នក​ជំងឺ​ទាំង​ពីរ​នាក់​នោះ​ជា​ជន​ជាតិ​អង់គ្លេស និង​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ នៅ​ថ្ងៃ​ទី១២ ខែ​មីនា ឱ្យ​ដឹង​ថា អ្នក​ជំងឺ​ជា​ប្តី មាន​អាយុ ៧៣ឆ្នាំ និង​ប្រពន្ធ​មាន​អាយុ ៦៩ឆ្នាំ ។ ការ​រក​ឃើញ​ជំងឺ​ផ្លូវ​ដង្ហើម​កូវីដ-១៩ បន្ថែម​ទៀត​នេះ បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ បាន​យក​សំណាក​វត្ថុវិភាគ​របស់​អ្នក​ដំណើរ​លើ​នាវា វ៉ាយឃីង គូ្រស ជ្យូណី ចំនួន ៥៩នាក់ ទៅ​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ ហើយ ជា​លទ្ធផល​គេ​រក​ឃើញ​មាន​វិជ្ជមាន​មេរោគ​កូរ៉ូណា​ថ្មី​ពី​នាក់​ប្ដី​ប្រពន្ធ​នេះ​បន្ថែម​ទៀត​។ បច្ចុប្បន្ន​អ្នក​ជំងឺ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែក​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់ចាម ដើម្បី​តាម​ដាន​សុខភាព​បន្ត ​ទៀត។ សរុប មាន​ជនជាតិ​អង់គ្លេស ៣នាក់ ហើយ​តាម​នាវា​ទេសចរណ៍​មួយ​នេះ ត្រូវ​បាន​រក​ឃើញ​ថា​មាន​ជំងឺកូវីដ-១៩។

អ្នកស្រី ឱ វណ្ណឌីន​ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​មាន​ប្រសាសន៍​ថា ក្នុង​ករណី​ដោយ​ឡែក​មួយ​ទៀត អ្នក​ដំណើរ​ពីរ​នាក់​ផ្សេង​ទៀត មាន​ជនជាតិ​អង់គ្លេស​ម្នាក់​ និង​ជនជាតិ​ចិន​ម្នាក់​ដែល​បាន​មក​ទស្សនា​នៅ​សារមន្ទីរ​ទួលស្លែង ។មិន​ទាន់​រក​ឃើញ​ថា មាន​ជំងឺ​កូវិត​១៩ នៅ​ឡើយ​ទេ ហើយ​ក្រសួង​សុខាភិបាល​កំពុង​តាម​ដាន​នៅ​ឡើយ។

តាមរយះការស្កែនកំដៅនេះក៏បានរកឃើញថាបុរសជនជាតិអង់គ្លេសអាយុ៣២ឆ្នាំដែលជាអ្នកទេសចរណ៍រូបនោះមានកំដៅ៣៨អង្សារសេ ហើយ​បុរស​នោះ​មិន​មាន​រោគ​សញ្ញា​អ្វី​ផ្សេង​ក្រៅ​ពី​ការ​វាស់​កម្ដៅ​ទៅ​ឃើញ​ថា កម្ដៅ​កើន​ឡើង​មាន​ចំនួន ៣៨អង្សា។

មក​ដល់​ថ្ងៃ​ទី​១៣​ មីនា នេះ ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​អ្នក​ផ្ទុក​ជំងីកូវីដ១៩ចំនួន ៥​នាក់​ហើយ គឺ​ម្នាក់​ជា​ជនជាតិ​ចិន​ ជនជាតិ​ខ្មែរ​ម្នាក់ នៅ​សៀមរាប និង ជនជាតិ​អង់គ្លេស​ ៣ នាក់  ដែល​ជា​អ្នក​ដំណើរ​លើ​នាវា​ទេសចរណ៍ វ៉ាយឃីង គូ្រស ជ្យូណី Viking Cruise Journey 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល