កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូវីដ-១៩​ថ្មី​មួយ​ករណី​ទៀត​ជា​ខ្មែរ​ទើប​មក​ពី​ម៉ាឡេស៊ី

ដោយ អាស៊ីសេរី
2020-06-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
វេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល
វេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល
រូប៖ ហ្វេសប៊ុក​​​ក្រសួង​សុខាភិបាល

ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​១៨ មិថុនា បាន​រក​ឃើញ​ករណី​ឆ្លង​កូវីដ-១៩​ថ្មី​មួយ​ករណី​ទៀត​លើ​បុរស​ជនជាតិ​ខ្មែរ​ដែល​មាន​ស្រុកកំណើត​នៅ​ភូមិ​ស្រែអំបិល ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្ត​កោះកុង។

អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល លោកស្រី ឱ វណ្ណឌីន លើកឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា បុរស​ជនជាតិ​ខ្មែរ​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​-១៩​ថ្មី​នេះ មាន​អាយុ​២១​ឆ្នាំ បាន​ធ្វើ​ដំណើរ​វិល​ត្រលប់​មក​ពី​ប្រទេស​ម៉ាឡេស៊ី​តាម​ជើង​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី មក​ដល់​កម្ពុជា កាលពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា និង​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​យក​សំណាក​ទៅ​វិភាគ ហើយ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​វីរុស​កូវីដ-១៩ កាលពី​ថ្ងៃ​ទី​១៧ មិថុនា។ បច្ចុប្បន្ន​បុរស​រូប​នេះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត។

ពលរដ្ឋ និង​និស្សិត ដែល​បាន​ជិះ​យន្តហោះ​ជាមួយ​បុរស​រូប​នេះ សរុប​ចំនួន ២០៤​នាក់ ត្រូវ​បាន​ក្រសួងសុខាភិបាល​ដាក់​ឱ្យ​ធ្វើ​ចត្តាឡឺស័ក​ចំនួន​១៤​ថ្ងៃ មុននឹង​បញ្ជូន​ពួកគេ​ឱ្យ​ត្រលប់​ទៅផ្ទះ​ជួបជុំ​គ្រួសារ​វិញ។

គិត​ត្រឹម​ថ្ងៃ​ទី​១៨ មិថុនា ចំនួន​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ សរុប​ទូទាំង​ប្រទេស​កើន​ដល់​ចំនួន ១២៩​នាក់ ក្នុង​នោះ​អ្នកជា​សះស្បើយ ១២៦​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​មាន​ចំនួន ៣​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល