អ្នក​ជំងឺ​កូវីដ-១៩ នៅ​កម្ពុជា ជា​សះ​ស្បើយ ៤នាក់

ដោយ សុជីវី
2020-07-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ជំនាញ​សុខាភិបាល​កំពុង​បំពេញ​ការងារ​ក្នុង​មន្ទីរ​ពិសោធន៍​ជីវសាស្ត្រ។
អ្នក​ជំនាញ​សុខាភិបាល​កំពុង​បំពេញ​ការងារ​ក្នុង​មន្ទីរ​ពិសោធន៍​ជីវសាស្ត្រ។
រូប៖ ក្រសួង​សុខាភិបាល

ក្រសួងសុខាភិបាល ប្រកាស​ថា អ្នកជំងឺ​កូវីដ-១៩ ចំនួន​បួន​នាក់ ដែល​សម្រាក​ព្យាបាល​នៅ​មណ្ឌលសុខភាព​ចាក់​អង្រែ និង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត បាន​ជាសះស្បើយ ស្រប​ពេល​កម្ពុជា​ពុំ​ទាន់​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩ ថ្មី​ទេ នៅ​ថ្ងៃ​ទី២៧ កក្កដា។

ក្រសួងសុខាភិបាល​បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី២៧ កក្កដា​ថា អ្នកជា​សះស្បើយ​ថ្មី ៤នាក់​នេះ គឺជា​បុរស​ជនជាតិ​ខ្មែរ អាយុ​ចន្លោះ​ពី ២៣ឆ្នាំ ទៅ ៣០ឆ្នាំ ជា​អ្នកធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌូណេស៊ី​ម្នាក់ និង​ប្រទេស​អារ៉ាប់ប៊ី​សាអូឌីត ៣នាក់។ បុរស​ទាំង ៤រូប​នោះ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ហើយ បន្ទាប់ពី​ទទួល​បាន​លទ្ធផល​តេស្ត​អវិជ្ជមាន​ជំងឺ​កូវីដ-១៩ ចំនួន ២ដង កាល​ពី​ថ្ងៃ​ទី២៦ កក្កដា។

ជាមួយគ្នា​នេះ ក្រសួងសុខាភិបាល នៅតែ​បន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​បន្ត​អនុវត្ត​ការ​ការពារ​ការ​ចម្លង​ជំងឺ​កូវីដ-១៩ ឱ្យ​បាន​ខ្ជាប់ខ្ជួន ជាពិសេស​ក្នុង​ពេលឈប់សម្រាក​សង​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ ៥ថ្ងៃ ចាប់ពី​ថ្ងទី១៧ ដល់​ថ្ងៃ​ទី២១ ខែសីហា ខាងមុខ​ដើម្បី​ការពារ​ការ​ចម្លង​ជំងឺ​កូវីដ-១៩ ពី​បុគ្គល​ទៅ​បុគ្គល និង​ចូល​ក្នុង​សហគមន៍។ ក្រសួង​សុខាភិបាល​ណែនាំ​ថា ប្រជាពលរដ្ឋ​ត្រូវ​ជ្រើសរើស​ការ​ជួបជុំ​គ្រួសារ ឬ​ដំណើរ​កម្សាន្ត ប្រកបដោយ​សុវត្ថិភាព​មិន​មានការ​ចម្លងជំងឺ ជ្រើសរើស​មធ្យោបាយ​ធ្វើដំណើរ និង​កន្លែង​ស្នាក់នៅ ព្រមទាំង​ជ្រើសរើស​ការ​ទទួលទាន​អាហារ​ប្រកបដោយ​សុវត្ថិភាព ត្រូវ​រក្សា​អនាម័យ លាងដៃ​ឱ្យ​បាន​ញឹក​ញាប់​ជាមួយ​សាប៊ូ ទឹក​អាល់កុល ឬ​ជែល​សាង​ដៃ ពាក់​ម៉ាស់ និង​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ឲ្យ​បាន​ត្រឹមត្រូវ។

គិត​ត្រឹម​ថ្ងៃ​ទី២៧ ខែ​កក្កដា​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ នៅ​ទូទាំង​ប្រទេស​សរុប​ចំនួន ២២៥នាក់​ហើយ ក្នុង​នោះ ១៤៧នាក់ បាន​ជាសះស្បើយ និង ៧៨នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល